ភ្នំពេញៈ នគរបាល​ព្រហ្មទណ្ឌ​រាជធានី​ភ្នំពេញ​កំពុង​ស្រាវជ្រាវ​ស្វែងរក​​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់​ពាក់ព័ន្ធ​ករណី​​បាញ់​គូទំនាស់​ក្នុង​ជម្លោះ​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បណ្ដាល​ឱ្យ​របួសធ្ងន់​​ប្រព្រឹត្ត​កាលពី​យប់​ថ្ងៃទី​ ២៩ តុលា នៅ​កោះពេជ្រ ខណ្ឌចំការមន រាជធានីភ្នំពេញ​។

លោក សាន សុខសីហា អ្នកនាំពាក្យ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ១ វិច្ឆិកា ថា ករណី​ជម្លោះ​គ្រោះថ្នាក់​ចរាចរណ៍​ហើយ​មាន​ការបាញ់ប្រហារ​បណ្តាល​ឱ្យ​គូភាគី​ម្ខាង​របួសធ្ងន់​នោះ​គឺ​រហូតទល់​ពេលនេះ​សមត្ថកិច្ច​ជំនាញ​ព្រហ្មទណ្ឌ​រាជធានី​ភ្នំពេញ​សហការ​ជាមួយ​នគរបាល​ខណ្ឌចំការមន​កំពុងបើក​ការ​ស៊ើបអង្កេត​យ៉ាងសកម្ម​។ ​លោក​ថា​៖ «​ករណីនេះ​សមត្ថកិច្ច​ជំនាញ​កំពុង​ធ្វើការ​ស្រាវជ្រាវ​រក​ជនបង្ក​»​។

ពាក់ព័ន្ធ​នឹង​ករណីនេះ លោក យិន សាន អធិការនគរបាល​ខណ្ឌ​ចំការមន​មិនអាច​សុំ​ការបញ្ជាក់​បន្ថែម​បានទេ​នៅ​ថ្ងៃទី​ ១ វិច្ឆិកា ដោយសារ​ទូរស័ព្ទ​របស់​​លោក​ពុំមាន​អ្នកទទួល​។

ក៏ប៉ុន្តែ​មន្ត្រីនគរបាល​ខណ្ឌចំការមន​ ១ ​រូប​ទៀត​សុំ​មិន​បញ្ជាក់​ឈ្មោះ​បាន​​ឱ្យដឹង​នៅ​ថ្ងៃទី​ ១ វិច្ឆិកា​ថា កាលពី​វេលា​ម៉ោងជាង​ ៨ ​យប់ ថ្ងៃទី​ ២៩ តុលា នៅ​មណ្ឌល​កម្សាន្ត​កោះពេជ្រ​មាន​បុរស​ម្នាក់​បាន​បាញ់​បុរស ឈ្មោះ ស៊ុំ ពិសិដ្ឋ អាយុ​ ៣៨ ​ឆ្នាំ ជា​អ្នកបើករថយន្ត​តាក់ស៊ី​រស់នៅក្នុង​បុរី​ហុកឆេង ស្ថិតនៅក្នុង​សង្កាត់-​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ចំនួន​ ៥ ​គ្រាប់ បណ្តាល​ឱ្យ​ត្រូវ​ចំនួន​ ២ ​គ្រាប់​របួស​ត្រង់​ភ្លៅ​ខាងស្តាំ និង​ក្រលៀន​ខាងឆ្វេង​។ ​ចំណែក​រថយន្ត​របស់​ជនរងគ្រោះ​ម៉ាក​តូយ៉ូតា​ព្រូស​ពណ៌​ទឹកប្រាក់​ពាក់ស្លាក​លេខ​ភ្នំពេញ 2AY 3468 (​ជា​រថយន្ត​តាក់ស៊ី​)​។

មន្ត្រី​រូបនោះ​បាន​បន្តថា រីឯ​ភាគី​ជនបង្ក​វិញ​ប្រើប្រាស់​រថយន្ត​ម៉ាក​តូយ៉ូតា​ព្រូស​ ១ ពណ៌​ទឹកប្រាក់​ដូចគ្នា និង​ពាក់​ស្លាក​លេខ ភ្នំពេញ 2AW1458​។ ប៉ុន្តែ​ក្រោយ​បង្កហេតុ​បុរស​ជនសង្ស័យ​បាន​បើករថយន្ត​គេចខ្លួន​ពី​កន្លែងកើតហេតុ​ហើយ​យកទៅ​ប្លុង​ចោល​ក្នុង​បរិវេណ​កោះពេជ្រ​នោះ​ដដែល​។

ប្រភព​ដដែល​បាន​បញ្ជាក់ថា​៖ «​ជនសង្ស័យ​ប្រហែល​គិតថា មិនអាច​បើកឡាន​គេច​បាន​ក៏​យក​ទៅ​ប្លុង​ចោល​ទៅ​។

បើ​មាន​ភ័ស្តុតាង​ឡាន​ហើយ​ជនបង្ក​ក៏​គេច​មិន​រួច​ពី​ច្បាប់​ដែរ​»​។

លោក​បានឱ្យដឹង​តាម​សាក្សី​ទៀតថា​ដំបូង​ឡើយ​គេ​ឃើញ​រថយន្ត​ជនបង្ក​បាន​បើក​ទៅ​កៀរ​រថយន្ត​របស់​ជនរងគ្រោះ​។ ​បន្ទាប់មក​ក៏មាន​ការទាស់​ពាក្យសម្តី​គ្នា​ហើយ​ជនបង្ក​បាន​បើករថយន្ត​រត់​តែ​ក៏ត្រូវ​ជនរងគ្រោះ​បើករថយន្ត​ដេញ​តាម​។ ​លុះ​ពេល​ជនរងគ្រោះ​ដេញទាន់ ស្រាប់តែ​ជនសង្ស័យ​បើកទ្វារ​រថយន្ត ចុះមក​បាញ់​សំដៅ​ជនរងគ្រោះ​តែម្តង​។

យ៉ាងណាក្ដី ក្រោយ​បង្កហេតុ សមត្ថកិច្ច​ខណ្ឌ​ចំការមន​បាន​យក​ទាំង​រថយន្ត​បង្ក និង​រថយន្ត​របស់​ជនរងគ្រោះ​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ ដើម្បី​ស្រាវជ្រាវ​ស្វែងរក​ជនសង្ស័យ​​បន្តទៀត​៕