​ជយលាភី​នេះ​គឺជា​និមិត្តសញ្ញា​ផ្លូវការ​ក្នុងនាម​កម្ពុជា​ធ្វើជា​ប្រធាន​អាស៊ាន​នៅ​ឆ្នាំ ២០២២

ព្រីនស៍​ហូលឌីង​គ្រុប (​ហៅ​កាត់​ថា​ «​ព្រីនស៍​គ្រុប​») ជា​ពហុក្រុមហ៊ុន​មួយ​ក្នុងចំណោម​ពហុក្រុមហ៊ុន​ដែល​ធំជាងគេ និង​រីកចម្រើន​បំផុត​នៅក្នុង​ប្រទេស​កម្ពុជា​ពិតជា​មាន​មោទកភាព​ដែល​កញ្ញា ឈុត ចិន្តា ជា​បុគ្គលិក​សញ្ជាតិ​ខ្មែរ​នៃ​ក្រុមហ៊ុន ព្រីនស៍​រៀលអ៊ីស្ទេត (Prince Real Estate ) បានទទួល​នូវ​ជយលាភី​ចំណាត់ថ្នាក់​លេខ ១ ក្នុង​ការប្រកួត​រចនា​និមិត្តសញ្ញា​នៃ​ការធ្វើជា​ប្រធាន​អាស៊ាន​របស់​កម្ពុជា​ដែល​ការប្រកួតប្រជែង​នេះ​មាន​ការរៀបចំ​ដោយ​ក្រសួង​ការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​របស់​ព្រះរាជាណាចក្រ​កម្ពុជា (​ហៅ​កាត់​ថា «MFAIC») ហើយ កញ្ញា ចិន្តា គឺជា​បុគ្គលិក​មួយរូប​ក្នុង​ចំណោម​បុគ្គលិក​ដែល​បាន​ចូលរួម​ចំនួន ៤ រូប​របស់​ក្រុមហ៊ុន​ព្រីនស៍​។

សម្រាប់​ជយលាភី​នេះ កញ្ញា ចិន្តា ​បានទទួល​នូវ​រង្វាន់​ជា​សាច់ប្រាក់​ចំនួន ១ ពាន់​ដុល្លារ​សហរដ្ឋអាមេរិក​ពី​ក្រសួង​ការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ («MFAIC»)​។ ជាមួយ​គ្នា​នេះដែរ ដើម្បី​ទទួលស្គាល់​ពី​ការខិតខំ​ប្រឹងប្រែង​ និង​ស្នាដៃ​របស់គាត់​ថ្នាក់​គ្រប់គ្រង​នៃ​សម្ព័ន្ធក្រុមហ៊ុនព្រីនស៍គ្រុបបាន​សម្រេច​ផ្តល់ប្រាក់​រង្វាន់​បន្ថែម​ជូន​ដល់​កញ្ញា​ ចិន្តា នូវ​ចំនួន​ដូចគ្នា​ទៅនឹង​ប្រាក់រង្វាន់​ដែល​ក្រសួង​បាន​ផ្តល់ជូន​គាត់​។ ចំណែកឯ​អ្នក​ដែល​បាន​ចូលរួម​ចំនួន ៣ រូប​ផ្សេងទៀត​ក៏បាន​ទទួល​បាន​រង្វាន់​ជា​ការកោតសរសើរ​លើក​ទឹកចិត្ត​ផងដែរ​។

ចំពោះ​និមិត្តសញ្ញា​ដែល​ទទួល​ជយលាភី​ត្រូវ​បាន​ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ («MFAIC») បានប្រកាស​ជា​ផ្លូវការ​នៅ​ថ្ងៃទី ២៨ ខែតុលា​នេះ នៅពេល​ដែល​កម្ពុជា​ធ្វើជា​និមិត្តរូប​នៃ​ការកាន់តំណែង​ជា​ប្រធាន​អាស៊ាន​បន្ត​ពី​ប្រទេស​ប្រ៊ុយណេ​ជា​ផ្លូវការ​។

អាស៊ាន​ដែលមាន​ឈ្មោះ​ជា​ផ្លូវការ​ហៅថា សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ (ASEAN) គឺជា​សហគមន៍​សេដ្ឋកិច្ច​ដ៏លេចធ្លោ​ដែល​ផ្តល់នូវ​អត្ថប្រយោជន៍​ជូន​ដល់​ប្រទេស​ដែល​ជា​សមាជិក​ទាំងឡាយ​។ កិច្ចប្រជុំ​កំពូល​អាស៊ាន​ប្រចាំឆ្នាំ​ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នៅក្នុង​ប្រទេស​កម្ពុជា ក្នុង​ឆ្នាំ​ក្រោយនេះ​នឹង​បង្ហាញ​ពី​ចំណុច​សំខាន់​មួយ​ក្នុង​ការស្តារឡើងវិញ ក្រោយពី​វិបត្តិ​នៃ​ជំងឺ​រាតត្បាត ខណៈ​កិច្ចប្រជុំ​នេះ​នឹង​ត្រូវបាន​សង្កេតមើល​យ៉ាង​យកចិត្ត​ទុកដាក់​ពី​អន្តរជាតិ និង​មាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​មន្ត្រីជាន់ខ្ពស់​ និង​ថ្នាក់ដឹកនាំ​សំខាន់ៗ​មកពី​ប្រទេស​នានា​ជុំវិញ​ពិភពលោក​។

និមិត្ត​សញ្ញា​នេះ​នឹង​ក្លាយជា​រូបភាព​តំណាង​តែមួយគត់​ក្នុង​នាម​កម្ពុជា​ធ្វើជា​ប្រធាន​អាស៊ាន​នៅ​ឆ្នាំ ២០២២ ហើយក៏​នឹង​ក្លាយជា​កេរ្តិ៍ដំណែល​ដ៏យូរអង្វែង​ក្នុង​ប្រវត្តិសាស្ត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​ក្នុង​កំណត់ត្រា​ឯកសារ​របស់​អាស៊ាន​ផងដែរ​។

ការរចនា​និមិត្តសញ្ញា​ដែល​បានទទួល​ជយលាភី​នេះ​បង្ហាញ​ពី​ «​ផ្កាឈូក​ចំនួន ១០ ស្រទាប់​ដែល​ហ៊ុមព័ទ្ធ​ទៅដោយ​រង្វង់​ពណ៌​មាស​ដែលមាន​និមិត្តសញ្ញា​អាស៊ាន​នៅ​ចំ​កណ្តាល​»​។

កញ្ញា ចិន្តា បានធ្វើការ​ពន្យល់ថា គឺ​តំណាងឱ្យ​កិច្ចខិតខំ​ប្រឹងប្រែង​រួមគ្នា​នៃ​ប្រទេស​ជា​សមាជិក​អាស៊ាន​ទាំង ១០ ដែល​ធ្វើការ​ឆ្ពោះទៅរក​គោលដៅ​រួមគ្នា ក្នុង​ដំណើរ​ស្វែងរក​នូវ​សុខសន្តិភាព​របស់​ពួកគេ ដើម្បី​ភាពរុងរឿង​ និង​ភាពសុខដុមរមនា​។ ពណ៌​នៃ​ស្រទាប់​ផ្កាឈូក​ទាំង​ ១០ គឺ​ដកស្រង់​ចេញពី​ពណ៌​ទង់ជាតិ​របស់​ប្រទេស​កម្ពុជា ដែល​តំណាង​ឱ្យ​ប្រទេស​កម្ពុជា​នឹង​ក្លាយជា​ប្រធាន​ហើយក៏​ជា​ប្រទេស​ម្ចាស់ផ្ទះ​អាស៊ាន​នា​ឆ្នាំ ២០២២ ផងដែរ​។

ពិធីប្រគល់បណ្ណសរសើរជូនបុគ្គលិកព្រីនស៍ ដែលបានចូលរួមប្រកួតប្រជែង។

សិ្ថត​ក្នុង​វ័យ ២៩ ឆ្នាំ កញ្ញា ចិន្តា បាន​ចូល​បម្រើ​ការងារ​ក្នុង​ក្រុមហ៊ុន ព្រីនស៍​រៀលអ៊ីស្ទេត (Prince Real Estate ) តាំងពី​ដើមឆ្នាំ ២០២០ បានឱ្យ​ដឹងថា នៅពេល​ទំនេរ​គាត់​ចូលចិត្ត​គូររូប​លេង​ហើយ​ក្រោយមក​ក៏មាន​ការជំរុញ​ឱ្យចូល​រួម​ប្រកួតប្រជែង​ជាមួយ​មិត្ត​រួមការ​ងារ ទើប​ក៏​ដាក់ពាក្យ​ចូលរួម​។

ពេលនោះ​គាត់​ពិតជា​មាន​ការភ្ញាក់ផ្អើល​ជាខ្លាំង​ដោយ​និមិត្តសញ្ញា​របស់គាត់​ទទួលបាន​ជ័យជម្នះ ហើយ​គាត់​ក៏បាន​រំពឹងថា និមិត្តសញ្ញា​នេះ​វា​បង្ហាញ​ពី​ក្តីសង្ឃឹម​របស់គាត់​ថា​ប្រទេស​អាស៊ាន​ទាំង ១០ នឹង​បន្ត​ធ្វើការ​រួមគ្នា ដើម្បី​ជម្នះ​បញ្ហា​ប្រឈម​ដែល​ប្រជាជាតិ​នីមួយៗ​កំពុង​ជួបប្រទះ ហើយ​អាច​សម្រេចបាន​នូវ​ការអភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​នៅក្នុង​អាស៊ាន​ទាំងមូល​ផងដែរ​។

លោក Gabriel Tan នាយក​ជាន់ខ្ពស់​ផ្នែក​ទំនាក់ទំនង​របស់ ព្រីនស៍ ហូលឌីង គ្រុប បាន​មានប្រសាសន៍​ថា​៖ «​នៅ​ក្រុមហ៊ុន​ព្រីនស៍​គ្រុប យើង​តែងតែ​រីករាយ​នៅពេលដែល​ឃើញ​បុគ្គលិក​របស់​យើង​បាន​ចូលរួម​ក្នុង​ការបង្កើត​ស្នាដៃ​ថ្មីៗ​ឱ្យ​កាន់តែ​ទូលំទូលាយ​នៅក្នុង​សហគមន៍ ហើយ​ការរួមចំណែក​របស់​ កញ្ញា ចិន្តា គឺជា​គំរូ​ដ៏ល្អ សម្រាប់​ផ្នត់គំនិត​ក្នុងនាម​ជា​បុគ្គលិក ដែល​អាច​ស្វះ​ស្វែងរក ពានរង្វាន់​សម្រាប់​ស្ថាប័ន​ខ្លួន​បាន​»​។

លោក​ក៏បាន​បន្តទៀត​ថា​៖ «​ពួកយើង​សង្ឃឹម​យ៉ាង​មុតមាំ​ថា​និមិត្តសញ្ញា​ដែល​ទទួលបាន​ជយលាភី​នេះ​នឹង​ក្លាយជា​មោទកភាព​សម្រាប់​ប្រជាជន​កម្ពុជា​ទាំងអស់ ហើយ​ក្នុងនាម​ជា​ក្រុមហ៊ុន​ក្នុងស្រុក យើង​នឹង​បន្តទៀត​ជួយ​គាំទ្រ​ដល់​គំនិត​ផ្តួចផ្តើម​ក្នុង​ការធ្វើ​ជា​ប្រធាន​អាស៊ាន​របស់​កម្ពុជា​នៅ ឆ្នាំ ២០២២ នេះ​»​។

គួរបញ្ជាក់​ផងដែរ​ថា ការធ្វើជា​ប្រធាន​អាស៊ាន​នេះ​ត្រូវបាន​ផ្លាស់ប្តូរ​គ្នា​ជា​រៀងរាល់​ឆ្នាំ​ដោយ​ផ្អែកទៅលើ​លំដាប់​អក្ខរ​របស់​ប្រទេស​ដែល​ជា​សមាជិក​អាស៊ាន​នីមួយៗ​។ កម្ពុជា​បាន​ចូលរួម​ក្នុង​វេទិកា​ថ្នាក់​តំបន់​ក្នុង​ខែមេសា ឆ្នាំ ១៩៩៩ ហើយ​កម្ពុជា បាន​ធ្វើជា​ប្រធាន​អាស៊ាន​លើកចុងក្រោយ​ក្នុង​ឆ្នាំ​ ២០១២​។

សម្ព័ន្ធ​ក្រុមហ៊ុន ព្រីនស៍គ្រុប បានធ្វើ​សកម្មភាព​ជាច្រើន​នៅក្នុង​ប្រទេស​កម្ពុជា ប៉ុន្តែ​កាលពីពេល​ថ្មីៗ​កន្លងទៅនេះ អ្នកឧកញ៉ា​ ចេនហ្ស៊ី (Chen Zhi) ដែលជា​ប្រធាន​នៃ​សម្ព័ន្ធ​ក្រុមហ៊ុន ព្រីនស៍គ្រុប​បាន​បរិច្ចាគ​ថវិការ​ចំនួន ១ លាន​ដុល្លារ​សហរដ្ឋអាមេរិក​ជូន​ដល់​រដ្ឋាភិបាល​ប្រទេស​ឡាវ ដើម្បី​ឆ្លើយតប​នឹង​ការអំពាវនាវ​របស់​អាជ្ញាធរ​មូលដ្ឋាន​ក្នុង​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ក្នុង​ការប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​រាតត្បាត​។

ថ្មីៗ​នេះ​សម្ព័ន្ធ​ក្រុមហ៊ុន ព្រីនស៍គ្រុប ក៏ត្រូវ​បានទទួល​ស្គាល់​ដោយ​សហគ្រាស​អាស៊ី (Enterprise Asia) ចំពោះ​ភាពជា​សហគ្រិន​ដែល​មាន​ទំនួល​ខុសត្រូវ​នៅក្នុង​កម្មវិធី​ពានរង្វាន់​សហគ្រាស​ដែលមាន​ទំនួល​ខុសត្រូវ​ប្រចាំ​នៅ​តំបន់​អាស៊ី​ឆ្នាំ ២០២១ («AREA») ​ផងដែរ​។ ​នេះ​ជា​ពានរង្វាន់​ទី ៦ ហើយ​ដែល​សម្ព័ន្ធ​ក្រុមហ៊ុន ព្រីនស៍គ្រុប​ទទួលបាន​នៅក្នុង​ឆ្នាំនេះ ដោយសារ​តែ​ក្រុម​អ្នក​វិនិច្ឆ័យ​ថ្នាក់​តំបន់​ និង​អន្តរជាតិ​បាន​ទទួលស្គាល់ថា សម្ព័ន្ធ​នេះ​ពិតជា​ក្រុមហ៊ុន​ឈានមុខ​គេ​ក្នុង​វិស័យ​ធុរកិច្ច​ក្នុង​តំបន់​អាស៊ី​ក្នុង​ការជំរុញ​ការអភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​នៅ​កម្ពុជា និង​ទូទាំង​តំបន់​អាស៊ាន​ពិតប្រាកដ​មែន​៕

​អំពី​ក្រុមហ៊ុន ព្រីនស៍ ហូល ឌីង គ្រុប (Prince Holding Group)

ព្រីនស៍ ហូលឌីង គ្រុប (Prince Holding Group) គឺជា​សម្ព័ន្ធ​ក្រុមហ៊ុន​ពហុផលិតផល​ដ៏ធំ​មួយ​នៅ​កម្ពុជា​ដែលមាន​អង្គភាព​ជាច្រើន​ធ្វើការ​ផ្តោតលើ វិស័យ​ស្នូល​ចំនួន ៣ គឺ​ការអភិវឌ្ឍ​វិស័យ អចលនទ្រព្យ សេវា​ហិរញ្ញវត្ថុ និង​សេវា​អតិថិជន​។

អង្គភាព​អាជីវកម្ម​សំខាន់ៗ​របស់​ក្រុមហ៊ុន Prince Holding Group នៅ​កម្ពុជា​រួមមាន​ក្រុមហ៊ុន Prince Real Estate Group ក្រុមហ៊ុន Prince Huan Yu Real Estate Group ធនាគារ Prince Bank ក្រុមហ៊ុន​អាកាសចរណ៍ Cambodia Airways ក្រុមហ៊ុន Belt Road Capital Management ព្រមទាំង​ក្រុមហ៊ុន Awesome Global Investment Group ។

តាមរយៈ​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​របស់ខ្លួន ក្រុមហ៊ុន Prince Holding Group មាន​អាជីវកម្ម​ច្រើនជាង ៨០ នៅក្នុង​ប្រទេស​កម្ពុជា​ដែល​កំពុង​ប្រតិបត្តិការ​លើ​ការអភិវឌ្ឍ​វិស័យ​អចលនទ្រព្យ ធនាគារ ហិរញ្ញវត្ថុ អាកាសចរណ៍ ទេសចរណ៍ ភស្តុភារ បច្ចេកវិទ្យា ម្ហូបអាហារ និង​ភេសជ្ជៈ និង​វិស័យ​ជីវិត​រស់នៅ ។​ល​។

ការកើនឡើង​នូវ​ការវិនិយោគ​ផ្ទាល់​ពី​បរទេស កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​បណ្តា​ប្រទេស​ឈានមុខ និង​ការចូលរួម​នាពេល​អនាគត​នៅក្នុង​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​ក្នុង​តំបន់ ត្រូវ​បាន​រំពឹងថា​នឹង​ដើរតួនាទី​ជា​កត្តា​លីករ​ដ៏សំខាន់​មួយ​ក្នុងការ​ជំរុញ​សេដ្ឋកិច្ចកម្ពុជា ក្រោម​ការគាំទ្រ​ពី​គំនិត​ផ្តួចផ្តើម​គោលនយោបាយ​ទ្រទ្រង់​វិស័យ​ឧស្សាហកម្ម​របស់​រាជរដ្ឋាភិបាល​។

ដោយ​ប្រើ​បណ្តាញ​អ្នកជំនាញ​ផ្នែក​ឧស្សាហកម្ម ពាណិជ្ជកម្ម និង​ហិរញ្ញវត្ថុ​នៅ​ទូទាំង​ទ្វីបអាស៊ី ក្រុមហ៊ុន Prince Holding Group បាន​កសាង​មូលដ្ឋានគ្រឹះ​ជា​ស្ពាន​ចម្លង​ដ៏សំខាន់​សម្រាប់​មូលធន​ក្នុងស្រុក និង​អន្តរជាតិ​។

សម្ព័ន្ធ​នេះ​ប្តេជ្ញា​យ៉ាង​មុតមាំ​ចំពោះ​ការអភិវឌ្ឍ​រយៈពេល​វែង​របស់​ប្រទេស​កម្ពុជា​។ ជា​តួយ៉ាង ក្រុមហ៊ុន Prince Holding Group កំពុងតែ​អភិវឌ្ឍន៍​គម្រោង​ទេសចរណ៍ និង​លំនៅឋាន​ទីក្រុង​រាម​នាពេលខាងមុខ ដែល​នឹង​ក្លាយជា​គម្រោង​អចលនទ្រព្យ​ប្រកប​ដោយ​និរន្តរភាព​ដំបូង​គេ​បង្អស់​នៅ​កម្ពុជា ក្នុង​គោលបំណង​ធានាបាន​នូវ​ការវិនិយោគ​សរុប​ចំនួន ១៦ ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក​នៅ​ក្នុង​តំបន់​។

គម្រោង​នេះ​ស្ថិតនៅ​ទីតាំង​យ៉ាង​ងាយស្រួល​ដោយ​គ្រាន់តែ​ធ្វើដំណើរ​រយៈពេល ១០ នាទី​ពី​អាកាសយានដ្ឋាន​អន្តរជាតិ​ខេត្ត​ព្រះសីហនុ​ប៉ុណ្ណោះ ដែលមាន​គោលបំណង​រួមចំណែក​ដល់​ការស្តារ​សេដ្ឋកិច្ច​របស់​ខេត្ត​ព្រះសីហនុ​។

​សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​៖

​កញ្ញា ចាន់ សុម៉ាល្លីស​

Two Way Public Relations

ទូរសព្ទ​លេខ​៖ +៨៥៥៦៩៥៣៣ ៣៣២

អ៊ីម៉ែល៖ somalis@twowaypr.com