ភ្នំពេញៈ អគ្គស្នង​ការដ្ឋាន​​គរ​បាល​ជាតិ និង​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជាបាន​ជួប​ពិភាក្សា​គ្នា​ពី​គម្រោង​​​សហកា​រ​ ​ក្នុងការ​បណ្តុះបណ្តាល​​​សុនខ​ហិត​រក​គ្រឿង​ញៀន និងបណ្តុះ​បណ្តាល​​មន្ត្រី​នគរ​បាល​ជាតិ​​ នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ដើម្បី​បង្កើន​សមត្ថ​ភាព​ ក្នុង​ការ​ស្វែង​រក​នឹង​បង្ក្រាប​បទល្មើស​​គ្រឿង​ញៀន​។

កាលពី​ថ្ងៃទី​ ០១ ខែវិច្ឆិកា លោក ម៉ក់ ជី​តូ អគ្គស្នងការ​រង​ គរ​បាល​ជាតិ ទទួល​ផែន​ប្រឆាំង​គ្រឿងញៀន បាន​ជួបពិភាក្សា​ជាមួយ​មន្ត្រី​នៃ​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីន​កម្ពុជា ជុំវិញ​គម្រោង​ផែនការ​ផ្តល់​សុនខ​ជំនាញ​ហិត​គ្រឿង​ញៀន​ ដល់​មន្ទីរ​ប្រឆាំង​គ្រឿងញៀន និង​ត្រៀម​បើក​វគ្គ​បណ្តុះបណ្តាល​ជំនាញ​គ្រប់​គ្រង​សុនខ​ ដល់​មន្ត្រី​នគរបាលជាតិ នា​​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ភ្នំពេញ។

លោក ម៉ក់ ជី​តូ បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ នៅ​ថ្ងៃទី ២ វិច្ឆិកា​ថា CMAC គឺមាន​កិច្ចការងារ​ជាច្រើន​ ក្នុងការ​បង្ហាត់​បង្រៀន​សុខន ដើម្បី​ស្វែងរក​អាវុធ​គ្រឿង​ផ្ទុះ បង្ក្រាបភេរ​វក​ម្ម ចុះ​ល្បាត និង​ការ​ហិត​រក​មេរោគ​កូ​វីដ ១៩ ហើយ​ក្នុង​នោះ ក៏មាន​ការ​បណ្តុះ​បណ្តាល​ហិត​រក​គ្រឿងញៀន​ផងដែរ។

ដោយ​សារ​តែ​បែបនេះ​ហើយ ទើប​ស្ថាប័ន​ទាំង ២ បាន​ជួប​ពិភាក្សាគ្នា​ ដើម្បី​ស្វែងរក​លទ្ធភាព​ពាក់ព័ន្ធ​ក្នុងការ​បង្ហាត់​បង្រៀន​ស​ត្វ​សុខន ដើម្បី​ហិត​រក​គ្រឿង​ញៀន និង​បណ្តុះ​បណ្តាល​ដល់​មន្ទីរ​ប្រឆាំង​គ្រឿង​ញៀន ​ខណៈដែល​បច្ចុប្បន្ន អគ្គស្នង​ការ មាន​សុខន​ហិត​គ្រឿងញៀន​ចំនួន ២ ក្បាល​ប៉ុណ្ណោះ កំពុង​បំពេញ​ការងារ ស្រប​ពេល​ល​ដែល​ពួកវា មាន​វ័យចាស់​ណាស់​ទៅ ហើយ។

លោក​បញ្ជាក់​ថា៖ «គោលដៅ​របស់​យើង គឺ​ធ្វើ​ម៉ិច​ឱ្យ​គាត់ បណ្តុះ​បណ្តាល ២​ ចំណុច​មកកាន់​យើង គឺ​ទី១ ការ​បណ្តុះ​បណ្តាល​ឆ្កែ ឲ្យ​ចេះ​រក​គ្រឿង​ញៀន ជាមួយការ​​សហការ​ជាមួយ​មន្ទីរ​ប្រឆាំង​គ្រឿង​ញៀន ដើម្បី​ដឹងថា គ្រឿង​ញៀន ​មាន​ប៉ុន្មាន​ប្រភេទ ឱ្យឆ្កែ​វា​ចេះ​ហិត​។ ចំណែក​ទី២ គឺ​បង្ហាត់​​មន្ត្រី​របស់​យើង​»។

យ៉ាងណាក្តី​​ ស្ថាប័ន​ទាំង ២ កំពុង​ពិចារណា​បន្ត និង​ត្រូវការ​ពេល​សិក្សា​បន្ថែម​ទៀត ​ពី​គម្រោង​នេះ ដើម្បីឱ្យ​ប្រាកដ​ថា នៅពេល​គម្រោង​នេះ លិច​ជា​រូបរាង ​នឹង​ទទួល​បាន​ជោគ​ជ័យ ក្នុងការ​ទទួល​បាន​មន្ត្រី​ជំនាញ និង​សុខន ដែល​អាច​បម្រើ​ដល់​វិស័យ​នេះ​។

លោក​​រៀបរាប់​ទៀតថា៖«ឆ្កែ​ដែល​យើង​បាន​ពី CMAC អាច​ថា ល្អ ព្រោះ​សុំា​នឹង​អាកាស​ធាតុ។ ល្អ​មួយ​ទៀត ព្រោះ​បើ​យើង​បាន​ប្រើប្រាស់​ឆ្កែ​ជួយ​ក្នុង​កិច្ចការងារ​នេះ ជា​ពិសេស​នៅតាម​ព្រលាន​យន្តហោះ​អី ហើយ​ពេល​ខ្លះ​យើង​ឆែក​តាម​អ៊ី​សា​រ៉េ មិនឃើញ​ទេ។ ប៉ុន្តែ​សម្រាប់​ឆ្កែ គឺ​វា​ដឹង ព្រោះ​វា​ពូកែ​នឹង​ច្រមុះ​ហិត​ក្លិន»។

តាម​គម្រោង មន្ត្រី​ដែល​បញ្ចូនទៅ​រៀន គឺ​ចេញពី​មន្ត្រី​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ ហើយ​សុ​ខនដែល​ត្រូវបាន​ជ្រើស​រើស​ ដើម្បី​ទទួល​បាន​ការបង្ហាត់បង្រៀន​នេះ គឺ​ផ្តល់​ឱ្យ​ដោយ​ CMAC ខណៈដែល​លទ្ធផល​នៃ​ការបង្ហាត់​ដែល​ទទួលបាន​ជោគជ័យ​ប៉ុន្មាន​ក្បាល នឹងត្រូវ​ប្រគល់ឱ្យ​អគ្គ​ស្នងការ​​ដ្ឋាន​នគរបាល​ជាតិ​ ដើម្បី​យក​មក​បំពេញ​ការងារ​។ នេះ​បើតាម​លោក​ម៉ក់ ជី​តូ។

តាម​គេហទំព័រ​អគ្គ​ស្នងការ​ដ្ឋាន​នគរ​បាល​ជាតិ​ ដែល​បាន​ដកស្រង់​​សម្តី​លោក ប្រាក់ សុ​ម៉ា​ធី ប្រធាន​គ្រប់គ្រង​សុខន នៃ​ CMAC នៅក្នុង​កិច្ច​ប្រជុំ ដោយបាន​រាយ​ការណ៍​ជូន​អំពី​បច្ចេកទេស​នៃ​ការបង្ហាត់​សុនខ​ហិត​គ្រឿង​ញៀន និង​ការ​បណ្តុះ​បណ្តាល​មន្ត្រី​ជំនាញ។

លោក ប្រាក់ សុ​ម៉ា​ធី បាន​​ថ្លែង​ថា គម្រោង​នេះ គឺមាន​បំណង​ផ្ដល់​សុនខ​ហិត​គ្រឿង​ញៀន​ដល់​មន្ទីរ​ប្រឆាំង​គ្រឿង​ញៀន ដើម្បី​រួម​ចំណែក​បង្ការ ទប់​ស្តា​ត់​បទ​ល្មើស​គ្រឿង​ញៀន​ ។

លោក ហង្ស ពិ​ទូរ ប្រធាន​រដ្ឋបាល មណ្ឌល​ស្តារនីតិ​សម្បទា ព្យា​បាល អ្នកញៀន​គ្រឿង​ញៀន-ឌី​ធី​អេ បាន​លើក​ឡើង​ថា ការ​ដែល​មាន​សត្វ​សុនខ​ដែល​មាន​សមត្ថ​ភាព​ហិត​គ្រឿង​ញៀន​គឺជា​ការ​ចូល​រួម​ចំណែក​​មួយ​របស់​កំលាំង​សមត្ថ​កិច្ច ក្នុង​ការ​បង្ក្រាប​បទ​ល្មើស​គ្រឿង​ញៀន​។

បើសិន​ជា​ធនធាន​ទាំង​នេះ មាន​កាន់តែ​តែ​ច្រើន នោះ​ប្រសិទ្ធ​ភាព​ការងារ ​ក្នុង​ការ​បង្ក្រាប​បទល្មើស​គ្រឿង​ញៀន ក៏មាន​លក្ខណៈ​ល្អប្រសើរ​ជាង​មុន​ផងដែរ ខណៈ​ប​ច្ចុ​ប្ប​ន្ន សុខន​ដែល​មាន​សមត្ថ​ភាព​បែបនេះ នៅ​ក្នុង​ប្រទេសកម្ពុជា​ គឺមាន​ចំនួន​តិច។

លោក ​បញ្ជាក់​ថា៖«សម្រាប់​ធនធាន​សព្វថ្ងៃ​នេះ គឺ​តិច​មែន​ទែន ការដែល​យើង​ត្រូវ​គ្រប់​គ្រង ​ច្រក​ចេញ​ចូល​ចរា​ចរណ៍ គឺមាន​ច្រើន។ ធម្មតា​ទេ បើសិន​ជាមាន​ធនធាន​សុនខ​គ្រប់​គ្រាន់ គឺ​វា​នឹង​ល្អ ដោយ​អាច​ប្រើ​ប្រាស់​បាន​ច្រើន ចំណេញ​ពេល​វេលា ព្រោះថា សុនខ គឺ​ធ្វើ​ឱ្យ​ប្រសិទ្ធភាព​នៃ​ការឆែក​ឆេរ ​មាន​ប្រសិទ្ធ​ភាព​ខ្ពស់​ច្បាស់​លាស់»៕