ភ្នំពេញៈចាប់ពី​ចុង​សប្ដាហ៍​នេះ​ទៅ​អាកាស​ធាតុ​នៅ​កម្ពុជា​នឹង​ចាប់ផ្ដើម​ចុះ​អ័​ព្ទនៅ​ពេល​ព្រឹក និង​មាន​ខ្យល់​ត្រជាក់​បក់​ពី​ទិសឦ​សាននៃ​តំបន់​ស៊ី​បេរី​ ដែល​ស្ថាន​ភាព​បែប​នេះ​នឹងធ្វើ​ឲ្យ​សីតុណ្ហភាព​ ធ្លាក់​ចុះមក​ក្នុង​រង្វង់​ពី ២០-២២ អង្សា​សេ​ ហើយ​បណ្ដា​ខេត្ត​នៅ​ជាប់​ព្រំដែន​ប្រទេស​វៀតណា​ម អាច​នឹងមាន​ភ្លៀង​ធ្លាក់​លាយ​ឡំ​ផ្គរ​រន្ទះ​ក្នុង​កម្រិត​ពី​តិច​ទៅ​ច្រើន។នេះ​បើតាម​លោក ​ចាន់ យុ​ត្ថា អ្នក​នាំ​ពាក្យ​ក្រសួង​ធនធាន​ទឹក​និង​ឧតុ​និយម​កាលពី​ថ្ងៃទី ២ ​ខែ វិច្ឆិកា ឆ្នាំ​ ២០២១​​។

លោក​បាន​ថ្លែង​ថា យោងតាម​ស្ថានភាព​វិ​វត្ត​នៃ​អាកាស​ធាតុ​នាពេល​បច្ចុប្បន្ន ប្រ​ទេស​កម្ពុជា​ នឹង​ទទួលរង​នូវ​ឥទ្ធិ​ពល​ទ្រនុង​សម្ពាធ​ខ្ពស់​ចិន ឥទ្ធិ​ពល​ជ្រលង​សម្ពាធ​ទាប​ប៉ាស៊ី​ហ្វិក និង​ឥទ្ធិពល​ខ្យល់​មូសុង​ឦសាន ដែល​​នឹង​កើត​ឡើងជា​បន្ត​បន្ទាប់​ពេញ​​ ១​ សប្ដាហ៍​ចាប់​ពី​ថ្ងៃទី ៣-៩ ខែវិច្ឆិកា​ ខាង​មុខ​នេះ​។

លោក​បាន​បញ្ជាក់​ថា៖​ «តាមរយៈ​ឥទ្ធិពល​នៃ​អាកាស​ធាតុ​ទាំង ៣ នេះ​នឹងធ្វើ​ឲ្យ​សីតុណ្ហភា​ព​នៅ​កម្ពុជាមាន​ធ្លាក់​ចុះមក​នៅក្នុង​រង្វង់​ពី ២០-២២​ អង្សា​សេ។ បន្ទាប់ពី​សប្ដាហ៍​ទី២ នៃ​ខែវិច្ឆិកា​នេះ​ទៅ មេឃ​ក៏​ចាប់ផ្ដើម​រាំងភ្លៀង​ផង​ដែរ ​ដូច្នេះ​អ្នក​ដែល​មាន​ដីស្រែ​នៅ​ផ្នែក​ខាងលើ​នៃ​តំបន់​ដាច់​ស្រ​យាល ​គប្បី​រូតរះ​ទប់ទឹក​រក្សា​ទុក​ឲ្យ​បាន​ល្អ សម្រាប់​ប្រើ​ប្រាស់ និង​ស្រោច​ស្រព​លើដី​ស្រែ​ចម្ការ​របស់​ខ្លួន​នា​រដូវ​ប្រាំង​ខាង​មុខ​នេះ»​។

លោក​បាន​បន្ថែម​ថា យ៉ាង​ណាក៏​ដោយ​ នៅក្នុង​សប្ដាហ៍​នេះបណ្ដា​ខេត្ត​នៅ​ភាគ​ខាង​ត្បូង ​និង​ខាងកើ​តជាប់​ព្រំប្រទល់​ប្រទេស​វៀតណាម នឹងមាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ពី​តិច​ទៅ​ច្រើន ដែល​អាចធ្វើ​ឲ្យ​តំបន់​ដែល​ជួប​ប្រឈម​គ្រោះ​ជំនន់​ទឹក​ភ្លៀង​នាពេល​កន្ល​ងម​កអាច​ជន់​លិច​ជាថ្មី​ម្ដង​ទៀត ពិសេស​អ្នក​ដែល​រស់​នៅតាម​តំបន់​វាលទំនា​ប​ជាប់មាត់​ទឹក។

ដោយ​សារ​របប​ខ្យល់មូ​សុង​ឦសាន​ដែល​បក់​មកពី​មណ្ឌល​សម្ពាធ​ខ្ពស់​ស៊ី​បេ​រីបាន​នាំមក​នូវ​អាកា​សធាតុ​ត្រជា​ក់ និង​មាន​សន្សើម​ធ្លាក់​ច្រើន​នៅពេល​យប់​ព្រម​ទាំង​មាន​ចុះ​អ័​ព្ទនៅពេល​ព្រឹក​ផង​នោះ លោក​ ចាន់ យុ​ត្ថា ក៏​បាន​អំពា​វនាវ​ឲ្យ​ប្រជា​ពលរដ្ឋ​បង្កើន​ការ​យកចិត្ត​ទុក​ដាក់​អំ​ពី​សុខភាព​កុមារតូ​ចៗនិង​មនុស្ស​ចាស់ជរា​ ព្រោះ​ជាទូទៅនៅពេល​​មាន​ការ​ផ្លាស់​ប្ដូរ​ខ្យល់​រដូវ​ម្ដងៗ​កុមារ​តូចៗ​និង​មនុស្ស​ចាស់​ជរា​តែង​តែ​ប្រឈម​កើត​មាន​ជំងឺ​គ្រុន​ផ្ដាសាយ ​ឈឺភ្នែ​ក និង​ក្អក។

ពាក់​ព័ន្ធ​បញ្ហា​នេះ​អ្នក​ស្រី អឿ វ​ណ្ណី អាយុ ៣១ ​ឆ្នាំ ដែលមាន​កូនតូច​អាយុ​ ៩ ខែ ដែល​ទើប​វិល​ត្រ​ឡប់​ពី​ទីទួល​សុវត្ថិ​ភាព​ទៅ​លំនៅឋាន​របស់​ខ្លួន​វិញនៅ​ក្នុង​ភូមិ​ខ្វិត សង្កាត់​សាក់​សំពៅ​ខណ្ឌ​ដង្កោ ​រាជធានី​ភ្នំពេញ​ បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ថា ​ពេល​នេះ​នៅ​ភូមិ​របស់​អ្នក​ស្រីទឹ​ក​នៅ​មិន​ទាន់​ស្រក​ផុត​អស់​នៅ​ឡើយ​ទេ។ ប្រសិន​បើមាន​ភ្លៀង​ធ្លាក់​ខ្លាំង​បន្ថែម​ទៀត​នោះ ​ផ្ទះ​របស់​អ្នក​ស្រីនិង​អ្នកភូមិ​ផ្សេង​ទៀត​នឹងត្រូវ​លិច​ជាថ្មី​ម្ដង​ទៀត ហើយ​បើ​មាន​អាកាសធាតុ​​ត្រជាក់​ធ្លាក់​មកទៀត​នោះ គឺ​ពួក​គាត់​នឹងមាន​បញ្ហា​ប្រឈម​កាន់​តែ​ធ្ងន់​ធ្ងរ​ជាង​នេះ​។

អ្នកស្រី​បាន​និយាយ​ថា៖​ «ខ្ញុំ​មិន​ទាន់​បាន​ត្រៀម​អ្វី​សម្រាប់​រដូវ​រងា​នេះ​ទេ ព្រោះ​រវល់​រឿង​ផ្ទះ​លិច​ទឹក។ ខ្ញុំ​ទើប​ត្រឡប់​ពី​ទួល​សុវត្ថិ​ភាព​កាលពី​ ១ ​ថ្ងៃមុន​ហ្នឹង​ទេ។ ខ្ញុំ​មិនដឹង​ថា​ត្រូវធ្វើ​អ្វី​បន្ថែម​ទេ ប្រសិនបើ​​មាន​ភ្លៀង​ធ្លាក់​បង្ក​ជន់​លិច​ផ្ទះ​ជាថ្មី​នោះ គឺ​មាន​តែ​ត្រឡប់​ទៅ​ទីទួល​សុវត្ថិ​ភាព​វិញ ហើយ​រស់នៅ​ក្រោម​ដំបូល​តង់​បន្ត​ទៀត​ប៉ុណ្ណោះ»​៕

វីដេអូ៖