ភ្នំពេញៈ កម្លាំង​ជំនាញ​កងរាជ​អាវុធហត្ថ​ខេត្ត​សៀមរាប​ កំពុង​បន្ត​នីតិវិធី​ស៊ើបសួរ​លោក​ អាង សែន ​នាយ​ការិយាល័យ​ប្រឆាំង​ការជួញ​ដូរ​មនុស្ស​នៃ​កងរាជ​អាវុធហត្ថ​ខេត្ត​សៀមរាប ​ករណី​ផ្ទុះ​អាវុធ​ក្នុង​ទំនាស់​ពាក្យសម្ដី​មួយ​កាល​ពីយប់​ថ្ងៃទី ១ ​វិច្ឆិកា​ បង្កឱ្យ​គូ​ទំនាស់​ម្នាក់​ជាអាជីវករ​ រងរបួស​ក្រោម​ត្របក​ភ្នែក​ខាង​ស្ដាំ។ នេះ​បើ​តាម​លោក​អេង ហ៊ី ​អ្នកនាំ​ពាក្យ​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស។

លោក​បន្តថា ​ក្រោយពី​មាន​ករណី​នេះ​កើតឡើង ​កម្លាំង​ជំនាញ​កងរាជ​អាវុធហត្ថ​ខេត្ត​សៀមរាប ​បានចុះ​ស៊ើបអង្កេត​ប្រមូល​វត្ថុ​តាង ​និង​បាននាំ​ខ្លួន​លោក ​អាង សែន ​បញ្ជូន​មក​ទីបញ្ជាការ​កងរាជ​អាវុធហត្ថ​ខេត្ត​សៀមរាប ​ដើម្បី​បន្ត​ធ្វើការស្រាវ​ជ្រាវ ​និង​អនុវត្ត​នីតិវិធី។

លោក​ អេង ហ៊ី ​បញ្ជាក់ថា​៖ «កងរាជ​អាវុធហត្ថ ​នឹង​បន្ត​ធ្វើការ​ស៊ើបអង្កេត​ ស្រាវជ្រាវ​រក​ភ័ស្តុតាង ​និង​បុគ្គល ​ដែល​ពាក់​ព័ន្ធ​នឹង​អំពើ​ល្មើស​នេះ ​ដោយ​ភាពយុត្តិធម៌ ​និង​ម៉ឺងម៉ាត់​បំផុត»។

លោក​បន្តថា​៖ «ទន្ទឹម​នឹង​នេះ ​កងរាជ​អាវុធហត្ថ​សូម​អភ័យទោស​ជាសាធារណៈ​ ចំពោះ​ទង្វើ ​របស់​យោធិន​នៃ​កងរាជ​អាវុធ​ហត្ថ​ខាងលើ ​ក៏ដូចជា​យោធិន​ចំនួន​ ២ រូប ​នៃ​កងរាជ​អាវុធហត្ថ​ខេត្ត​ក្រចេះ​ដែលបាន​ប្រព្រឹត្ត​នាពេល​កន្លង​ទៅ​ផង​ដែរ»។

បើ​តាម​លោក ​អេង ហ៊ី ​នៅពេល​នេះ ​លោក​ អាង សែន ​កំពុង​ស្ថិត​ក្រោម​ការសួរ​ចម្លើយ​ពី​ក្រុម​មន្ត្រី​ជំនាញ​នៃ​កងរាជ​អាវុធ​ហត្ថ​ខេត្ត​សៀមរាប​នៅ​ឡើយ។

យោង​តាម​របាយ​ការណ៍​របស់​កងរាជ​អាវុធហត្ថ​ខេត្ត​សៀមរាប ​នៅយប់​ថ្ងៃ​កើត​ហេតុ ​លោក​ អាង សែន ​នាយ​ការិយា​ល័យ​ប្រឆាំង​ការជួញ​ដូរ​មនុស្ស​កងរាជ​អាវុធហត្ថ​ខេត្ត​សៀមរាប ​បាន​មាន​ទំនាស់​ពាក្យសម្តី​គ្នា​ជាមួយ​បុរស​ជា​អាជីវករ​ វ័យ​ ៣៧ ឆ្នាំ​ម្នាក់ ​ឈ្មោះ​ ហាត សុភា ​មាន​ទីលំ​នៅភូមិ​ឃុនមោគ ​ឃុំ​កណ្តែក​ស្រុក​ប្រាសាទ​បាគង ​ខេត្ត​សៀមរាប។

តាម​របាយការណ៍​ដដែល​នោះ​លោក ​ប៉ោ វណ្ណនិត ​មេបញ្ជាការ​កងរាជ​អាវុធហត្ថ​ខេត្ត​សៀមរាប ​បញ្ជាក់​ថា​៖ «ក្នុង​ជម្លោះ​ពាក្យ​សម្ដី​នោះ​លោក​ អាង សែន ​បានយក​កាំភ្លើង​ខ្លីម៉ាក ​CF98​ ដែល​មាន​បណ្ណ​សម្គាល់​អាវុធ​ខ្លី​សមូហភាព​ចុះបញ្ជី​បខ.​២៩៤៧៤​ កពជ ​លេខ​អាវុធ ​015892 ​មក​បាញ់ ​[ភ្ញច់]​ ដី​ចំនួន​ ១ គ្រាប់ ​ហើយ​បាន​ខ្ទាត​បំណែក​ថ្ម​ត្រូវ​ឈ្មោះ​ ហាត សុភា ​បណ្តាល​ឱ្យ​របួស​ស្រាល ​ដោយ​រលាត់​ក្រោម​ត្របក​ភ្នែក​ខាង​ស្តាំ»។

លោក​បន្ថែមថា​៖ «បន្ទាប់​មក​ភាគី​ម្ខាង​ទៀត​របស់​ឈ្មោះ ​ហាត សុភា ​បាន​នាំ​គ្នីគ្នា​ (មិន​ស្គាល់​ឈ្មោះ) ​មកជា​បន្តបន្ទាប់ ​រួចក៏​បាន​បាញ់​ចំនួន ​២ គ្រាប់ ​ដោយ​អាវុ​ធខ្លី​ មិន​ស្គាល់​ម៉ាក ​តែ​មិន​បណ្តាល​ឱ្យ​មាន​របួស​នោះ​ទេ»៕