កំពតៈ លោក ម៉ៅ ធនិន អភិបាល​ខេត្តកំពត ​បានប្រកាស​បង្កើត​ក្រុមការងារ​ចុះ​ធ្វើ​បច្ចុប្បន្នភាព​ដល់​ទីតាំង​ដី​ដែលមាន​ជម្លោះ​ប្រមាណ​​ ៤០០ ​គ្រួសារ​ ក្នុង​ចំណុច​វាលវែង ឃុំ​ត្រពាំងភ្លាំង ស្រុក​ឈូក ដើម្បី​សិក្សា​លើ​ទិដ្ឋភាព​ច្បាប់​ក្នុង​ការផ្តល់​សិទ្ធិ​កាន់កាប់​ដីធ្លី​ដែល​មាន​ជម្លោះ​រ៉ាំរ៉ៃ​ជាច្រើន​ឆ្នាំ​។

ការប្រកាស​យ៉ាង​ដូច្នេះ​បាន​ធ្វើឡើង​ក្នុង​ពេល​លោក​បើក​វេទិកាសាធារណៈ​បន្ត​ទទួល​ជួប​ប្រជាពលរដ្ឋ​រាប់រយ​នាក់ នៅ​សាលា​ខេត្តកំពត​កាលពី​​ថ្ងៃទី​​ ១ ខែ ​វិច្ឆិកា ឆ្នាំ​ ២០២១ ​ខណៈ​សំណើ​ដែល​លោក​បាន​ដោះស្រាយ​នាពេលនោះ ​គឺ​សុទ្ធតែ​វិវាទ​ដីធ្លី​រវាង​ពលរដ្ឋ​ជាមួយ​បុគ្គល ឬ​រវាង​ពលរដ្ឋ​ជាមួយ​ក្រុមហ៊ុន​ឯកជន​។

ថ្លែង​ក្នុងឱកាស​នោះ​លោក ម៉ៅ ធនិន បាន​សន្យា​ជាមួយ​ពលរដ្ឋ​ទាំងនោះ​ថា​ នឹង​បង្កើត​គណៈកម្មការ និង​ក្រុម​ការងារ​ចម្រុះ ដើម្បី​ចុះទៅ​ធ្វើ​បច្ចុប្បន្នភាព​នៅ​ទីតាំង​មាន​ជម្លោះ​ដោយផ្ទាល់​ក្នុង​នោះ​ក៏​នឹង​ស្រាវជ្រាវ​បន្ថែម​ជុំវិញ​ប្រវត្តិ​ដី​ដែល​ពលរដ្ឋ​បាន​កាន់កាប់​ផងដែរ​។

លោក​បាន​បញ្ជាក់ថា​៖ «​បងប្អូន​យើង​ទាំងអស់​គ្នា​ខ្ញុំ​នឹង​រៀបចំ​ក្រុមការងារ​មួយ​ចុះទៅ​ធ្វើ​បច្ចុប្បន្នភាព​ដោយផ្ទាល់​លើ​លំនៅ​អចិន្រៃ្តយ៍​ដែល​កំពុង​រស់នៅ​គ្រប់ៗ​គ្នា​។ ខ្ញុំ​នឹង​ឱ្យ​លោក​មេភូមិ លោក​មេឃុំ ចុះទៅ​ជាមួយ​​នឹង​អាជ្ញាធរ​ដែនដី​ខេត្ត និង​ជំនាញ​នៃ​មន្ទីរ​នីមួយៗ​ចុះ​ទៅជា​មួយ​ដោយ​ផ្អែកលើ​លិខិត​ដែល​បាន​ប្រាប់​ខ្ញុំ​ថា​ក្រសួង​បានឱ្យ​ថ្នាក់​​ខេត្ត​ធ្វើការ​ដោះស្រាយ​»​។

ជាមួយ​គ្នា​នេះ លោក ម៉ៅ ធនិន ក៏បាន​ណែនាំ​ដល់​បណ្តា​មន្ទីរ​ដែល​ពាក់ព័ន្ធ​នឹង​ដី​វិវាទ​នីមួយៗ​ចុះ​សហការ​លើ​ការងារ​នេះ ដើម្បី​ប្រមូល​ព័ត៌មាន​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ ងាយ​ស្រួល​លោក​បាន​ជា​មូលដ្ឋាន​ក្នុង​ការដោះស្រាយ​ជូន​ពលរដ្ឋ​ដែល​ស្នើសុំ​ចេញ​ប្លង់​កាន់កាប់​ស្របច្បាប់​។

ទោះជា​យ៉ាងណា​លោក​អភិបាលខេត្ត​បាន​ទទូច​ដល់​ពលរដ្ឋ​ទាំង​ ៤០០ ​គ្រួសារ​នោះ​ឱ្យ​បញ្ឈប់​ការកាប់​ទន្ទ្រាន និង​វាតទី​បន្ថែមទៀត​លើដី​របស់​រដ្ឋ ហើយ​បាន​ក្រើន​រំឭកថា រាល់​ពលរដ្ឋ​ណា​ដែល​បាន​រំលោភបំពាន​ដោយ​ខុសច្បាប់​នឹង​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់​។

លោក ចយ តំណាង​ពលរដ្ឋ​មកពី​ភូមិ​ព្រៃពាយ ឃុំ​ត្រពាំងភ្លាំង បាន​សាទរ និង​បង្ហាញ​ភាពសប្បាយ​រីករាយ ហើយ​បាន​ប្រមូលគ្នា​ត្រឡប់​ទៅវិញ​។ ​ក្រៅពីនោះ លោក ចយ បង្ហាញ​ក្តីសង្ឃឹម និង​ប្រកាសថា ពួកលោក​នឹង​ទន្ទឹងរង់ចាំ​ដំណោះស្រាយ​តាម​ការសន្យា​របស់​អភិបាល​ខេត្ត​។

លោក​បាន​បញ្ជាក់ថា​៖ «​បងប្អូន​ទាំងអស់ យើង​ត្រឡប់​ទៅ​​វិញ គាត់​នឹង​ទៅ​ជួប​យើង​នៅ​កន្លែង​ដី​ (​មាន​ជម្លោះ​)​។ សង្ឃឹមថា គាត់​នឹង​ទៅ​ជួប​យើង​នៅ​កន្លែង​ដី​ហ្នឹង​មែន​។ យើង​សាទរ​គាត់​មួយ​ដើម្បី​ជោគជ័យ​នៃ​ការរស់នៅ​របស់​យើង​មាន​សិទ្ធិ​សេរីភាព​ទាំងអស់គ្នា​»​។

លោក យឹម ផល្លី មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​ (​អាដហុក​) ​ប្រចាំខេត្ត​​កំពត​បាន​លើកឡើងថា ប្រសិនបើ​អភិបាលខេត្ត​អាច​ធ្វើ​បាន​ទៅតាម​ការសន្យា​ក្នុង​ការដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​លើដី​មានទំនាស់​ដ៏រ៉ាំរ៉ៃ​ទាំងនេះ​គឺជា​ការល្អ​បំផុត​។

បន្ថែម​ពីនេះ លោក​បានចាត់ទុក​ការដោះស្រាយ​ជូន​ពលរដ្ឋ​ក្នុង​ពេលនេះ​ថា​ជា​ការចូលរួម​ចំណែក​ជួយ​លើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ​ឱ្យ​កាន់តែ​ប្រសើរ ខណៈ​ពលរដ្ឋ​ភាគច្រើន​ដែល​បានរស់នៅ​អាស្រ័យផល​លើដី​ដែល​គ្រប់គ្រង​ដោយ​ក្រសួង​បរិស្ថាន គម្រប​ព្រៃ ឬ​ប៉ះពាល់​ជាមួយ​ក្រុមហ៊ុន​ឯកជន​នៅ​មិនទាន់​មាន​សិទ្ធិ​ស្របច្បាប់​។

យ៉ាងណា​លោក យឹម ផល្លី បានបញ្ជាក់​ទៀតថា​៖ «​ប្រសិន​បើ​ការធ្វើ​បច្ចុប្បន្នភាព​ឱ្យ​ពលរដ្ឋ​គ្រប់​ជ្រុងជ្រោយ​ហើយ​​សមត្ថកិច្ច​រកឃើញ​ជនខិលខូច​ដែល​ទៅ​បំពាន​ ឬ​អ្នក​ដែល​នៅ​ពីក្រោយ​ខ្នង​ផ្សេងៗ​មួយ​​ចំនួន​ហ្នឹង​គួរតែ​មាន​ការផ្តន្ទាទោស​តាមច្បាប់​ទៅ​។ ការធ្វើ​ដូច្នេះ​គឺ​ដើម្បី​កុំឱ្យ​ជន​មួយចំនួន​ផ្សេងទៀត​នោះ​ចេះតែ​បំពាន​ និង​បង្កើត​វិវាទ​តទៅទៀត​»៕

វីដេអូ៖