ភ្នំពេញៈ ​កិច្ចប្រជុំ​វិសាមញ្ញ​នីតិកាល​ទី​៤ របស់​ព្រឹទ្ធសភា នៅ​ថ្ងៃទី​ ២ វិច្ឆិកា បានសម្រេច​អនុម័ត​ទាំងស្រុង​លើ​សេចក្ដី​ព្រាង​ច្បាប់​ចំនួន​ ៣ ដោយ​សំឡេងគាំទ្រ ៥៧ លើ ៦២ សំឡេង នៃ​សមាជិក​ព្រឹទ្ធសភា​ទាំងមូល ចំពោះ​វិសោធនកម្ម​នៃ​ច្បាប់​ធម្មនុញ្ញ ដែល​កំណត់​សញ្ជាតិ​ខ្មែរ​តែ​ ១ សម្រាប់​ថ្នាក់ដឹកនាំ​កំពូល​របស់​ជាតិ ច្បាប់​ទាក់ទង​សាលាក្តី​ខ្មែរក្រហម និង​ច្បាប់​ស្តីពី​ភាពជា​ដៃគូ​រវាង​រដ្ឋ និង​ឯកជន​។

លោក​ ម៉ម ប៊ុននាង ​អ្នកនាំពាក្យ​ព្រឹទ្ធសភា​បាន​ថ្លែងប្រាប់ ​ភ្នំពេញ ​ប៉ុស្ដិ៍​ថា នៅ​ថ្ងៃទី​ ២ វិច្ឆិកា ព្រឹទ្ធសភា​បាន​បើក​សម័យ​ប្រជុំ​វិសាមញ្ញ នីតិកាល​ទី​ ៤ ដើម្បី​ពិនិត្យ និង​ឱ្យយោបល់​លើ​សេចក្តី​ព្រាងច្បាប់​សំខាន់ៗ​ចំនួន ៣ ក្រោម​អធិបតីភាព លោក សាយ ឈុំ ប្រធានព្រឹទ្ធសភា រួម​នឹង​សមាជិក​ព្រឹទ្ធសភា ចំនួន ៦២ រូប​។

លោក​ថ្លែងថា​៖ «​យើង​បានសម្រេច​អនុម័ត​ទាំងស្រុង​លើ​សេចក្ដី​ព្រាង​ច្បាប់​ទាំង​ ៣ ដោយ​សំឡេង​គាំទ្រ​ ៥៧ ​លើ ៦២ ​សំឡេង លើសពី​ ២ ​ភាគ​ ៣ នៃ​សមាជិក​ព្រឹទ្ធសភា​ទាំងមូល​។ សេចក្ដីព្រាងច្បាប់​ទាំង​ ៣ ​នេះ គឺ​ទី​១ ​ច្បាប់​សញ្ជាតិ ទី​២ ​គឺ​ច្បាប់​ខ្មែរក្រហម ច្បាប់​ទី​៣ គឺ​ច្បាប់ ស្តីពី​ភាពជា​ដៃគូ​វាង​រដ្ឋ​ និង​ឯកជន​»​។

ក្រោយពី​ព្រឹទ្ធសភា​បាន​អនុម័ត​ច្បាប់​ទាំងនេះ​រួចហើយ​នឹង​បញ្ជូនទៅ​រដ្ឋសភា​វិញ ដើម្បី​រដ្ឋសភា​រៀបចំ​ច្បាប់​នេះ​ដាក់ថ្វាយ​ព្រះមហាក្សត្រ ឡាយព្រះហស្ត​លេខា​ដើម្បី​ដាក់ឱ្យ​ប្រើប្រាស់​។

សេចក្ដី​ព្រាងច្បាប់​ទាំង​ ៣ ​ដែល​ព្រឹទ្ធសភា​បានសម្រេច​អនុម័ត​នោះ​រួមមាន សេចក្តី​ព្រាងច្បាប់​ធម្មនុញ្ញ​ស្តីពី​វិសោធនកម្ម​មាត្រា ១៩ ថ្មី មាត្រា ៨២ ថ្មី មាត្រា ១០៦ ថ្មី (​មួយ​) មាត្រា ១១៩ ថ្មី និង​មាត្រា​ ១៣៧ ​ថ្មី​នៃ​រដ្ឋធម្មនុញ្ញ និង​មាត្រា​ ៣ និង​មាត្រា​ ៤ នៃ​ច្បាប់​ធម្មនុញ្ញ​បន្ថែម សំដៅ​ធានា​នូវ​ដំណើរការ​ជា​ប្រក្រតី​នៃ​ស្ថាប័ន​ជាតិ​។

សេចក្តី​ព្រាងច្បាប់​ទី​២ ស្តីពី​ការអនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​បន្ថែម​ទៅលើ​កិច្ចព្រមព្រៀង​រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​អង្គការ​សហប្រជាជាតិ ទាក់ទង​ទៅនឹង​ការកាត់​សេចក្តី​នៅក្រោម​ច្បាប់​កម្ពុជា​នូវ​ឧក្រិដ្ឋកម្ម ដែល​ប្រព្រឹត្ត​ឡើង​នៅក្នុង​រយៈកាល​នៃ​កម្ពុជា​ប្រជាធិបតេយ្យ ស្តីពី​ការរៀបចំ​ក្នុងពេល​អន្តរកាល និង​ការបញ្ចប់​ការងារ​របស់​អង្គ​ជំនុំជម្រះ​វិសាមញ្ញ​។ ចំណែក​សេចក្ដី​ព្រាង​ច្បាប់​ទី​៣ ស្តីពី​ភាពជា​ដៃគូ​រវាង​រដ្ឋ និង​ឯកជន​។

លោក ម៉ម ប៊ុននាង ​បញ្ជាក់ថា សេចក្ដី​ព្រាង​ច្បាប់​ធម្មនុញ្ញ​ស្តីពី​វិសោធនកម្ម មាត្រាមួយ​ចំនួន គឺ​ពិតជា​មាន​សារៈសំខាន់ និង​ចាំបាច់​បំផុត​ក្នុង​ការធានា​ទាំង​ខាង​ផ្លូវច្បាប់ ទាំង​ខាង​នយោបាយ ចំពោះ​គោលជំហរ និង​ការប្ដេជ្ញាចិត្ត​ស្មោះត្រង់​ឥតងាករេ​ចំពោះ​ជាតិ មាតុភូមិ និង​ប្រជាជន​កម្ពុជា នៅ​គ្រប់​កាលៈទេសៈ និង​ដើម្បី​ធានា​ការពារ​ឧត្តម​ប្រយោជន៍​របស់​ជាតិ និង​ប្រជាជន​ពី​ការជ្រៀតជ្រែក​ពី​បរទេស​ចូលក្នុង​កិច្ចការ​ផ្ទៃក្នុង​របស់​ជាតិ​។

លោក​បន្តថា​៖ «​តាមរយៈ​ការកំណត់​ឱ្យ​ប្រធានរដ្ឋសភា​ប្រធានព្រឹទ្ធសភា​នាយក​រដ្ឋមន្ដ្រី និង​ប្រធាន​ក្រុមប្រឹក្សាធម្មនុញ្ញ ត្រូវតែ​ជា​ឥស្សរជន ដែល​មាន​សញ្ជាតិ​ខ្មែរ​តែមួយគត់​»​។

លោក​បន្ថែមថា សេចក្ដី​ព្រាង​ច្បាប់​នេះ​បាន​តាក់តែង​ឡើង​ស្របតាម​មាត្រា ១០៧ ​ថ្មី មាត្រា ១១៣ ​ថ្មី មាត្រា ១៤៣ ​ថ្មី​និង​មាត្រា ១៥៣ ​ថ្មី (​ពីរ​) នៃ​រដ្ឋធម្មនុញ្ញ​។ សេចក្ដី​ព្រាងច្បាប់​នេះ​មាន​លក្ខណៈ​ត្រឹមត្រូវ​តាម​ទម្រង់​ច្បាប់ និង​គតិ​ច្បាប់​។

រដ្ឋសភា​បានអនុម័ត​ជា​ឯកច្ឆន្ទ​លើ​សេចក្តី​ព្រាងច្បាប់​ទាំង​ ៣ ​ខាងលើ​នៅក្នុង​សម័យប្រជុំ​លើក​ទី​៦ នីតិកាល​ទី​៦ នា​ព្រឹក​ថ្ងៃទី​ ២៥ ខែ​ តុលា ឆ្នាំ​ ២០២១ ដោយមាន​ការចូលរួម​ពី​សមាជិក​ចំនួន ១១១ រូប​៕