ប៉ៃលិនៈ លោក​ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធាន​ទី​១ ​អាជ្ញាធរ​មីន​បាន​អំពាវនាវ​ឱ្យ​អាជ្ញាធរ​ដែនដី និង​សមត្ថកិច្ច​ពាក់ព័ន្ធ​បន្ត​ផ្សព្វផ្សាយ​ការអប់រំ​យល់ដឹង​អំពី​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ឱ្យបាន​ទូលាយ​នៅ​គ្រប់​ពិធី​សំណេះសំណាល និង​គ្រប់​វេទិកា​ជាមួយ​ប្រជាពលរដ្ឋ​។

ការអំពាវនាវ​របស់​លោក លី ធុជ ដូចនេះ​បាន​ធ្វើឡើង​ក្នុងពេល​លោក​ចុះ​ដំឡើង​ផ្ទាំង​ប៉ាណូ​ផ្សព្វផ្សាយ​ការអប់រំ ការយល់ដឹង​អំពី​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​តាម​ខេត្ដ​ជាប់​ព្រំដែន​កម្ពុជា-ថៃ​នៅ​ឃុំ​ស្ទឹងកាច់ ស្រុក​សាលាក្រៅ ខេត្ត​ប៉ៃលិន នា​ថ្ងៃទី​ ២ ខែវិច្ឆិកា ឆ្នាំនេះ ដោយមាន​ការចូលរួម​ពី​លោក​ ហែម ឫទ្ធី អភិបាលរង​ខេត្ត​ប៉ៃលិន អាជ្ញាធរ​ដែនដី កងកម្លាំង​មាន​សមត្ថកិច្ច​ និង​ប្រជាពលរដ្ឋ​ផងដែរ​។

លោក​បាន​ថ្លែងថា​៖ «​ក្នុងនាម​សម្តេចតេជោ​ [​ហ៊ុន សែន​] នាយករដ្ឋមន្ត្រី​ខ្ញុំ​សូម​អំពាវនាវ​ឱ្យ​អាជ្ញាធរ​ដែនដី និង​អាជ្ញាធរ​មាន​សមត្ថកិច្ច​បន្ត​ផ្សព្វផ្សាយ​ការអប់រំ​យល់ដឹង​អំពី​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ឱ្យបាន​ទូលំទូលាយ​នៅ​គ្រប់​ពិធី​សំណេះសំណាល និង​គ្រប់​វេទិកា​ទាំងអស់​ជាមួយ​ប្រជាពលរដ្ឋ​»​។

លោក​បន្តថា​៖ «​ជាពិសេស​ត្រូវធ្វើ​សេចក្តី​រាយការណ៍​ជាប្រចាំ​ជូន​ចំពោះ​ដល់​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត-ក្រុង-ស្រុក-ឃុំ-សង្កាត់ អំពី​ស្ថានភាព​គ្រោះថ្នាក់ និង​បញ្ហា​មីន​នៅតាម​មូលដ្ឋាន​ ដើម្បី​មាន​ការណែនាំ​ និង​មាន​ចំណាត់ការ​បន្ថែម​»​។

ជាមួយ​នេះ​ដែរ លោក លី ធុជ បាន​ជំរុញ​ឱ្យ​មន្ត្រីនគរបាល​ប៉ុស្តិ៍​នៅតាម​ព្រំដែន​បន្ត​ជួយ​ផ្សព្វផ្សាយ​ជូន​ពលរដ្ឋ កុំឱ្យ​ប្រថុយប្រថាន​ចូលក្នុង​តំបន់​ដែល​មិន​ស្គាល់​ភូមិសាស្ត្រ​ច្បាស់លាស់​។

លោក​បន្តថា​៖ «​បើ​ប្រជាពលរដ្ឋ​បានឃើញ​គ្រាប់មីន​ ឬ​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ត្រូវ​រាយការណ៍​​ជូន​អាជ្ញាធរ​មូលដ្ឋាន មេឃុំ-មេភូមិ ប្រតិបត្តិករ​បោសសម្អាត​មីន​​ ឬ​សមត្ថកិច្ច​នគរបាល​ជាបន្ទាន់ ពី​កន្លែង​មាន​មីន សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​នេះ​»​។

ក្រៅពីនេះ ​លោក លី ធុជ បាន​ពាំ​នាំនូវ​សេចក្តី​សោកស្តាយ និង​ការអាណិត​អាសូរ​របស់​លោកនាយក​រដ្ឋមន្ត្រី និង​ភរិយា ចំពោះ​ករណី​គ្រោះថ្នាក់​ដោយសារ​គ្រាប់មីន​រហូត​ដល់​ពិការ ដោយសារ​ការលេង​ និង​គប់​គ្រាប់មីន​របស់​កុមារ​ចំនួន​ ៤ ​នាក់​កាលពី​ថ្ងៃទី​ ៣០ ​ខែតុលា​ថ្មីៗ​នេះ​។ ​ក្នុងនោះ​កុមារ​រស់នៅ​ស្រុក​បទុមសាគរ ខេត្ត​កោះកុង​ចំនួន​ ៣ ​នាក់​ និង​ស្រុក​ភ្នំក្រវាញ ខេត្ត​ពោធិ៍សាត់​ម្នាក់​។

លោក​បាន​បន្តថា​៖ «​ខ្ញុំ​សូម​ស្នើសុំ​ឱ្យ​អាណាព្យាបាល​ទាំងអស់​ត្រូវ​បន្ត​យកចិត្ត​ទុកដាក់​ខ្ពស់​ចំពោះ​សុខ​សុវត្ថិភាព​របស់​កូនៗ ដោយ​ត្រូវ​ណែនាំ​ឱ្យមាន​ការប្រុងប្រយ័ត្ន និង​ត្រូវ​ស្ថិតនៅ​​ឱ្យ​ឆ្ងាយ​ពី​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ និង​តំបន់​សង្ស័យថា​មាន​មីន​​ និង​គ្រាប់​» ។

បើតាម​អាជ្ញាធរមីន​នៅ​ថ្ងៃទី​ ២-៣ ខែវិច្ឆិកា​នេះ លោក លី ធុជ កំពុង​បំពេញ​បេសកកម្ម ចុះទៅ​ខេត្ត​ប៉ៃលិន បាត់ដំបង និង បន្ទាយមានជ័យ ដើម្បី​ដំឡើង​ផ្ទាំង​ប៉ាណូ និង​ផ្តល់​សារ​អប់រំ​យល់ដឹង​អំពី​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ដល់​អាជ្ញាធរ​ និង​ប្រជាពលរដ្ឋ​បន្ថែម​​ទៀត​នៅតាម​បណ្ដា​ខេត្ត​ដែល​​មាន​គ្រោះទឹកជំនន់ ស្រប​ពេលដែល​មានការ​កើនឡើង​នូវ​ជន​​រងគ្រោះ​ជា​កុមារ ដោយសារ​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​។

គិត​ត្រឹម​ខែកញ្ញា​ឆ្នាំនេះ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលាក្រៅ ខេត្ត​ប៉ៃលិន​មាន​ផ្ទៃដី​បោសសម្អាត​រួច​បាន​ប្រមាណ​ ១៤,៥ គីឡូម៉ែត្រការ៉េ រកឃើញ និង​កម្ទេច​​ចោល​មីន​ប្រឆាំង​មនុស្ស​ចំនួន ២៤ ៧៩០ ​គ្រាប់ មីនតោន​ចំនួន ៧៣ ​គ្រាប់ និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ចំនួន ៨ ៩៣០ ​គ្រាប់ និង​ផ្ទៃដី​ដែល​នៅសល់​ប្រមាណ​ជាង​ ១,៦ ​គីឡូម៉ែត្រ​ការ៉េ​។ នេះ បើតាម​អាជ្ញាធរ​មីន​។

យោងតាម​ទិន្នន័យ​របស់​អាជ្ញាធរ​មីន​ចាប់ពី​ឆ្នាំ​ ១៩៧៩ ​ដល់​ខែតុលា ឆ្នាំ​ ២០២១ ជន​រងគ្រោះថ្នាក់​ដោយសារ​មីន​ និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ក្នុង​ឃុំ​ស្ទឹង​កាច់​សរុប​មាន​ ៤៤៦ ​នាក់​ស្មើនឹង​ ៣១% ​នៃ​ជនរងគ្រោះ​ទូទាំង​ខេត្ត​ប៉ៃលិន​ដែលមាន​ ១ ៤២៦ ​នាក់​ក្នុង​នោះ​រងគ្រោះ​ដោយសារ​មីន​ចំនួន ៣៨៩ ​នាក់ និង​គ្រាប់ ៥៧ ​នាក់​៕