
មន្ត្រី RAC រៀបចំសិក្ខាសាលាស្តីពីសទ្ទានុក្រមខ្មែរ ពីថ្ងៃទី ១ វិច្ឆិកា។ រូបថត RAC
ភ្នំពេញៈ ក្រុមប្រឹក្សាជាតិភាសាខ្មែរ (ក.ជ.ភ.ខ.) នៃរាជបណ្ឌិត្យសភាកម្ពុជានៅថ្ងៃទី ១ ខែវិច្ឆិកា បានផ្សព្វផ្សាយដាក់ឱ្យប្រើប្រាស់សូហ្វវែរសទ្ទានុក្រមបច្ចេកសព្ទខ្មែរ អនឡាញនៅលើវេបសាយ App Store និង Play Store ដើម្បីផ្ដល់ភាពងាយស្រួលដល់សាធារណជនក្នុងការប្រើប្រាស់ក្នុងសម័យឌីជីថលនេះ។
ការផ្សព្វផ្សាយដាក់ឱ្យប្រើប្រាស់សូហ្វវែរសទ្ទានុក្រម បច្ចេកសព្ទខ្មែរ អនឡាញ ធ្វើឡើងក្រោម អធិបតីភាពលោក សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងមានការចូលរួមពីលោក ហ៊ាន សុខុម ប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ លោកសន ពៅ អនុប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ និងសមាជិកនៃក្រុមប្រឹក្សាជាតិភាសាខ្មែរមួយចំនួនទៀត។
លោក ហ៊ាន សុខុម ប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរបង្ហាញពីការវិវឌ្ឍនៃការបង្កើតវចនសព្ទភាសាខ្មែរថា វចនសព្ទនេះ ប្រព្រឹត្ដទៅជាច្រើនដំណាក់កាល មិនបានជាប់លាប់ទេ គឺមានការរអាក់រអួលទៅតាមប្រវត្ដិសាស្ដ្រនៃកម្ពុជា។
លោកថ្លែងថា៖ «ក្រុមប្រឹក្សាជាតិភាសាខ្មែរ មកដល់សព្វថ្ងៃ ក៏មានមោទនភាពក្នុងការចូលរួមអភិវឌ្ឍភាសាខ្មែរ តាមរយៈឌីជីថលនីយកម្មផងដែរ ដើម្បីឱ្យស្របទៅនឹងយុគសម័យ ដូចជាការកសាងទិន្នន័យភាសាខ្មែរ សម្រាប់វចនានុក្រមតទៅអនាគត ក៏ដូចជាការបង្កើតសូហ្វវែរសទ្ទានុក្រមសម្រាប់ផ្សព្វផ្សាយពាក្យពេចន៍ បច្ចេកសព្ទដែលយើងបានបង្កើតកន្លងមក»។
លោកបន្តថា៖ «ក៏ប៉ុន្ដែក៏មានចំណុចខ្វះខាតខ្លះដែរ ដោយសារកត្ដាធនធានមនុស្ស និងធនធានហិរញ្ញវត្ថុមានកម្រិត ដូច្នេះល្បឿនក្នុងការបង្កើតពាក្យថ្មី មិនអាចធ្វើឱ្យទាន់ភាពជឿនលឿននៃវិទ្យាសាស្ត្រ និងបច្ចេកទេសបានទេ»។
លោក សន ពៅ អនុប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ បង្ហាញទិដ្ឋភាពទូទៅនៃដំណើរការការងារនៃក្រុមប្រឹក្សាជាតិភាសាខ្មែរ និងប្រវត្តិនៃសទ្ទានុក្រមថា ក្រុមប្រឹក្សាជាតិភាសាខ្មែរ គឺជាសេនាធិការដ៏សំខាន់សម្រាប់រាជបណ្ឌិត្យសភាកម្ពុជា ទាក់ទងនឹងការអភិរក្ស និងការអភិវឌ្ឍអក្សរ និងភាសាខ្មែរ។ ក្រុមប្រឹក្សាជាតិភាសាខ្មែរ សម្រេចបានសមិទ្ធផលជាច្រើនមាន ព្រឹត្តិបត្រ សទ្ទានុក្រមបច្ចេកសព្ទ សៀវភៅ វេយ្យាករណ៍ភាសាខ្មែរ បង្កើតទិន្នន័យពាក្យដែលមានក្នុងវចនានុក្រមខ្មែរ បង្កើតសូហ្វវែរកំណែតម្រូវភាសាខ្មែរ ការផ្សព្វផ្សាយ និងមានសមិទ្ធផលផ្សេងៗជាច្រើនទៀត។
លោកបន្តថា សមិទ្ធផលដែលបានបោះពុម្ពទាំងព្រឹត្ដិបត្រ ទាំងសទ្ទានុក្រម នៅមានកំណត់នាំឱ្យការផ្សព្វផ្សាយជូនស្ថាប័នរដ្ឋ និងឯកជននៅមានកម្រិតនៅឡើយ។ ហេតុនេះដើម្បីឱ្យការផ្សព្វផ្សាយបានទូលំទូលាយ លេខាធិការដ្ឋាន បានយកបច្ចេកសព្ទ ដែលក្រុមប្រឹក្សាជាតិភាសាខ្មែរសម្រេចបានមានចំនួន ៣ ៧៦៦ ពាក្យបង្កើតជា «សូហ្វវែរសទ្ទានុក្រមអនឡាញ» នេះឡើង ដោយមិនគិតពីបច្ចេកសព្ទដែលស្នើឡើងដោយស្ថាប័នរដ្ឋ និងឯកជនទេ។
លោកបញ្ជាក់ថា៖ «សូហ្វវែរសទ្ទានុក្រមអនឡាញ គឺយើងបានប្រើរយៈពេលចំនួន ១១ ខែបន្តទៅទៀត ក្រៅអំពីការងារពិនិត្យបច្ចេកសព្ទរបស់គណៈកម្មការបច្ចេកទេសនានា រួមទាំងសំណើពីក្រសួង និងស្ថាប័នរដ្ឋ ឯកជនផងទាក់ទងនឹងការប្រើភាសាខ្មែរ ក្រុមប្រឹក្សាជាតិភាសាខ្មែរ បានបំពេញការងារជាប្រវត្ដិសាស្ដ្រ ក្នុងក្របខ័ណ្ឌចំនួន ២ ដែលប្រមុខរាជរដ្ឋាភិបាលបានប្រគល់ជូន គឺការរៀបចំគោលនយោបាយជាតិស្ដីពីភាសាខ្មែរ និងការធ្វើវចនានុក្រមភាសាខ្មែរ»។
បើតាមលោក សន ពៅ បច្ចេកសព្ទដែលមាននោះ គឺកសិកម្មមាន ១៧៥ ពាក្យ គណិតវិទ្យា មាន ២៧៨ ពាក្យ គីមីវិទ្យា មាន ២៥៤ ពាក្យ ឈ្មោះប្រទេស និងរាជធានី មាន ៣៩០ ពាក្យ ទស្សនវិជ្ជា មាន ២១៦ ពាក្យ បច្ចេកវិទ្យាព័ត៌មាន មាន ២១៣ ពាក្យ ប្រវត្ដិវិទ្យា ១៣៥ ពាក្យ ភាសាវិទ្យា មាន ១៣៩ ពាក្យ ភូមិវិទ្យា មាន ៤៥១ ពាក្យ រូបវិទ្យា ៨៦ ពាក្យ វប្បធម៌ ១៦២ ពាក្យ វិចិត្រសិល្បៈ ២៨៤ ពាក្យ វិទ្យាសាស្ដ្រនយោបាយ និងកាទូតមាន ១១៥ ពាក្យ វិទ្យាសាស្ដ្រសេដ្ឋកិច្ច ២៤៤ ពាក្យ វេជ្ជសាស្ដ្រ ៣៣២ ពាក្យ អក្សរសិល្ប៍ ២៩២ ពាក្យ។
លោក ឈិត វណ្ណឫទ្ធិ សមាជិកនៃក្រុមប្រឹក្សាជាតិភាសាខ្មែរបង្ហាញថា សម័យនេះ គឺជាសម័យដែលបច្ចេកវិទ្យាឌីជីថល រីកសុសសាយចូលដល់ជីវភាពរស់នៅរបស់មនុស្សគ្រប់គ្នា។ ជាពិសេសក្នុងសម័យកាលនៃការរីករាលដាលជំងឺកូវីដ ១៩ បានធ្វើឱ្យបច្ចេកវិទ្យាកាន់តែមានការរីកចម្រើនថែមទៀត ដោយក្នុងនោះសិស្ស និស្សិត និងការប្រជុំផ្សេងៗ គឺសុទ្ធតែធ្វើទៅតាមប្រព័ន្ធអ៊ីនធឺណិត។
លោកថ្លែងថា៖ «ព្រឹត្តិបត្ររបស់ក្រុមប្រឹក្សាជាតិភាសាខ្មែរកន្លងមកយើងធ្វើនៅលើក្រដាស ហើយការរកពាក្យនីមួយៗគឺមានការលំបាកនៅក្នុងការស្វែងរក។ ដូច្នេះការធ្វើទៅជាទ្រង់ទ្រាយឌីជីថល គឺជាវិធីសាស្ដ្រមួយដើម្បីផ្ដល់ភាពងាយស្រួលដល់សាធារណជនទូទៅ ដើម្បីប្រើប្រាស់»។
បើតាមលោក វណ្ណឫទ្ធិ ការដាក់បញ្ចូលកម្មវិធីក្នុងទូរស័ព្ទ និងការប្រើប្រាស់នៅលើវេបក្នុងនោះការប្រើនៅលើវេបចូលទៅកាន់តំណភ្ជាប់ rac-app.com/keadic។ រីឯការប្រើលើទូរស័ព្ទ ចូលទៅកាន់ App Store ឬ Play Store ហើយស្វែងរកឈ្មោះ Lexicon KH ដែលជាឈ្មោះ «សូហ្វវែរសទ្ទានុក្រមអនឡាញ» ដើម្បីដំឡើងក្នុងការប្រើប្រាស់ជាការស្រេច៕