ភ្នំពេញៈ សហគមន៍នេសាទ និងអង្គការសង្គមស៊ីវិល សម្តែងការព្រួយបារម្ភជាខ្លាំង ចំពោះការបន្តបាត់បង់ព្រៃកោងកាងនៅតាមតំបន់ឆ្នេរដែលកំពុងទទួលរងការកាប់បំផ្លាញទន្ទ្រានកាន់កាប់ពីសំណាក់ជនខិលខូចមួយចំនួន និងកំពុងរងផលប៉ះពាល់ ដោយសារតែគម្រោងអភិវឌ្ឍន៍នៅតាមឆ្នេរសមុទ្រដែលទាមទារឱ្យមានការជួយអន្តរាគមន៍ពីអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់។
លោក សុខ សុខុម ប្រធានអង្គការស្រាវជ្រាវជាតិកម្ពុជា ថ្លែងនៅថ្ងៃទី ១ វិច្ឆិកាថា ប្រជាសហគមន៍លើកឡើងបែបនេះ ក្នុងសន្និសីទថ្នាក់តំបន់ស្តីពីអភិបាលកិច្ចដីធ្លី និងធនធានធម្មជាតិនៅតំបន់ឆ្នេរ ដែលធ្វើឡើងនៅខេត្តព្រះសីហនុ កំពត កែប កោះកុង និងរាជធានីភ្នំពេញដែលរៀបចំឡើងដោយអង្គការសង្គមស៊ីវិលកាលពីចុងខែតុលាដោយមានអ្នកចូលរួមប្រមាណជិត ២០០ នាក់។
លោក សុខ សុខុម បានឱ្យដឹងថា ការបាត់បង់ព្រៃកោងកាង គឺបាត់បង់ធនធានធម្មជាតិជីវចម្រុះ ព្រោះព្រៃកោងកាងគឺជាមន្ទីរសម្ភពនៃការកកើតធនធានជីវចម្រុះសមុទ្រ ហើយព្រៃកោងកាង គឺជាវីរជនជួរមុខ សម្រាប់ការពារឆ្នេរសមុទ្រ មិនឱ្យហូរបាក់ និងច្រោះ។ ជីវចម្រុះមានមឹក ងាវ ក្តាម ខ្យងបានកកើតឡើងពីព្រៃកោងកាង ហើយទើបពួកវាទម្លាក់ខ្លួនចុះទៅក្នុងសមុទ្រ ហេតុនេះព្រៃកោងកាង ជាកន្លែងជម្រករបស់វា បើកាប់បំផ្លាញអស់នោះ មច្ឆជាតិសមុទ្រគ្មានប្រភពសម្រាប់កកើតបានទៀតឡើយ។
លោក សុខុម បានលើកឡើងពីសារប្រយោជន៍ព្រៃកោងកាងទៀតថា ក្រៅពីការកកើតនៃជីវចម្រុះព្រៃកោងកាងក៏មានប្រយោជន៍ជាច្រើនទៀត ដូចជា បង្កើតអុកស៊ីហ្ស៊ែន រក្សាកាបូន កាត់បន្ថយជាតិពុល។
លោកថ្លែងថា៖ «បើយើងរួមគ្នាអភិវឌ្ឍទៅធ្វើឱ្យសម្បូរធនធានសមុទ្រ ហើយធ្វើឱ្យប្រជានេសាទ មានជីវភាពធូរធារឡើង ហើយព្រៃកោងកាងដែលជាតំបន់ឆ្នេរវាមាននិរន្តរភាពទៅមុខទៀត និងទាក់ទាញទាំងភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលមកលេងកម្សាន្ត តំបន់ឆ្នេរ គឺមានទាំងព្រៃកោងកាងធម្មជាតិ មានទាំងឆ្នេរសមុទ្រផងដែរ»។
អ្នកស្រី សេន ស៊ីន ប្រធានសហគមន៍តំបន់ការពារធម្មជាតិត្រពាំងចម្ការក្រោម ខេត្តកោះកុង ថ្លែងនៅថ្ងៃទី ១ តុលាថា ព្រៃកោងកាង ព្រៃស្មាច់នៅក្នុងសហគមន៍របស់អ្នកស្រី កំពុងរងការលួចចូលកាប់រានទន្ទ្រានអស់ជាច្រើនហិកតា ទោះបីប្រជាសហគមន៍ព្យាយាមដើរល្បាតយ៉ាងណាក៏ទប់មិនឈ្នះដែរ ជាពិសេសជនខិលខូចបានឆ្លៀតឱកាសពេលមានបញ្ហាកូវីដ ១៩ ដែលប្រជាសហគមន៍មិនបានចេញល្បាត។
អ្នកស្រីថ្លែងថា៖ «គេលួចចូលមកកាប់នៅឱកាសដែលយើងមានកូវីដខ្លាំងហ្នឹង យើងអត់ហ៊ានដើរទៅណាគេឆក់ពេលវេលាហ្នឹងកាប់រានតែម្តង។ អ៊ីចឹងគណៈកម្មការខ្ញុំហ្នឹង កំពុងតែបារម្ភមិនដឹងថា មានចំណាត់ការអីដើម្បីវែកមុខជនខិលខូចហ្នឹង»។
យោងតាមរបាយការណ៍លទ្ធផលកិច្ចពិភាក្សាក្នុងអង្គសន្និសីទថ្នាក់តំបន់ស្តីពីអភិបាលកិច្ចដីធ្លី និងធនធានធម្មជាតិឆ្នាំ ២០២១ ឱ្យដឹងថា ព្រៃកោងកាង ត្រូវបានបាត់បង់ដោយសារសកម្មភាពចម្បងៗចំនួន ៦ ដែលរួមមាន ការទន្ទ្រានយកដីព្រៃកោងកាង ធ្វើជាកម្មសិទ្ធិឯកជនខុសច្បាប់ ការសាងសង់សំណង់អនាធិបតេយ្យ ការផ្តល់សម្បទានដីជូនក្រុមហ៊ុនអភិវឌ្ឍន៍តំបន់ឆ្នេរ ការកាប់ព្រៃកោងកាង ដើម្បីប្រើប្រាស់ជាគ្រឿងផ្ទះ សំណង់ ឬដុតធ្យូង ការកាត់ដែនសហគមន៍នេសាទទៅឱ្យឯកជន និងការផ្តល់អាជ្ញាប័ណ្ណអេកូទេសចរណ៍លើដីព្រៃកោងកាង។ «សកម្មភាពទាំងនេះ បានផ្តល់ផលប៉ះពាល់ដល់សង្គម និងបរិស្ថានដូចជា បាត់បង់ជម្រកមច្ឆាសមុទ្រ និងជីវចម្រុះ បាត់បង់ប្រព័ន្ធអេកូឡូស៊ី និងលំនឹងសមុទ្រ បង្កឱ្យមានការហូរច្រោះដី បាត់របាំងការពារខ្យល់ដែលអាចនាំឱ្យមានគ្រោះធម្មជាតិ និងប៉ះពាល់ដល់ការរកប្រាក់ចំណូលរបស់ប្រជាពលរដ្ឋមូលដ្ឋាន»។
ជាមួយគ្នានេះរបាយការណ៍លើកឡើងថា ផ្ទៃដីព្រៃកោងកាងសរុបចំនួន ៥២២ ហិកតារបស់សហគមន៍តំបន់ការពារធម្មជាតិជ្រោយស្វាយ ដែលមាន ៦ ភូមិស្ថិតក្នុងឃុំជ្រោយស្វាយ ខេត្តកោះកុងត្រូវបានគេកាប់រានយកដីធ្វើកម្មសិទ្ធិ អស់ប្រមាណ ៥០ ហិកតា។ បញ្ហានេះបានបណ្តាលឱ្យមានផលប៉ះពាល់ដល់អភិបាលកិច្ចព្រៃឈើ ធនធានធម្មជាតិ និងជីវចម្រុះ ព្រមទាំងប៉ះពាល់ដល់សេដ្ឋកិច្ចប្រជាសហគមន៍មូលដ្ឋានដែលធ្លាប់អាស្រ័យផលពីធនធានធម្មជាតិ និងអេកូទេសចរណ៍ទាំងនេះ។
លោក សុខ សុខុម បញ្ជាក់ទៀតថាអាជ្ញាធរនៃរដ្ឋបាលខេត្តចំនួន ៣ ដែលមានខេត្តកំពត កែប និងកោះកុងបានទទួលយកសំណើរបស់ប្រជាពលរដ្ឋ ហើយប្តេជ្ញាថា នឹងដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ ជាពិសេសចូលរួមថែរក្សា ធនធានធម្មជាតិទាក់ទង និងព្រៃកោងកាងនៅតាមតំបន់ឆ្នេរ។ «ខេត្តទាំង ៣ គាត់ក៏ថ្លែងអំណរគុណដែលសហគមន៍នេសាទ បានផ្តល់ព័ត៌មានជូនពួកគាត់ ប៉ុន្តែគាត់ថា គម្រោងអភិវឌ្ឍន៍ អាហ្នឹងគាត់ថា ហួសពីសមត្ថកិច្ចរបស់គាត់ តែគាត់នៅតែព្យាយាមសម្របសម្រួលអន្តរាគមន៍ជូនពលរដ្ឋផងដែរ»។
លោក វ៉ៅ សុខា អភិបាលរង ខេត្តកែបថ្លែងនៅថ្ងៃទី ២ វិច្ឆិកាថា ដើម្បីការពារព្រៃកោងកាងឱ្យនៅគង់វង្សបន្តទៀត អាជ្ញាធរខេត្តបានសហការជាមួយរដ្ឋបាលជលផល ដោយផ្តោតសំខាន់លើការបោះបង្គោលព្រំប្រទល់ការពារព្រៃកោងកាង នៅតំបន់ណាដែលមានបញ្ហាប្រឈម និងដាក់កម្លាំងល្បាតការពារដោយសហការជាមួយអាជ្ញាធរក្រុង ស្រុក ភូមិ ឃុំ។
លោកថ្លែងថា៖ «យើងត្រៀមបោះបង្គោល។ ប៉ុន្តែកន្លែងណាដែលមានព្រំប្រទល់ជាផ្លូវ ជាអូរហើយអាហ្នឹងមិនអីទេ យើងមានក្រុមល្បាតរបស់យើងការពារ តែកន្លែងណាដែលមិនទាន់មានព្រំប្រទល់ច្បាស់លាស់ អាចថា វានៅចន្លោះដីឯកជន និងដីរដ្ឋ ដែលជាព្រៃកោងកាង អាហ្នឹងយើងនឹងបោះបង្គោលការពារ»៕
វីដេអូ៖