បាត់ដំបងៈ នគរបាល​ស្រុក​កំរៀង គ្រោង​នឹង​បញ្ជូន​ស្ត្រី​សង្ស័យ​ដែលជា​មេកន្ទុយលេខ​ចំនួន​ ៧ ​នាក់​ ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​នៅ​ថ្ងៃទី​ ៣ ​វិច្ឆិកា បន្ទាប់ពី​បាន​ចាប់​ឃាត់ខ្លួន នៅ​ឃុំ​ចំនួន​ ២ ក្នុងស្រុក​កំរៀង​។

លោក វេត គឹមចត់ អធិការនគរបាល​ស្រុក​កំរៀង​ឱ្យដឹង​នៅ​ថ្ងៃទី​ ២ ​វិច្ឆិកា​ថា ស្ត្រី​សង្ស័យ​ទាំងនោះ​មានឈ្មោះ​ទី​១- ​ប៉ ហ៊ួង អាយុ ៤២ ឆ្នាំ រស់នៅ​ភូមិ អូរអន្លក់ ឃុំ តាសែន ស្រុក កំរៀង ទី​២- ឃឹម ភីន អាយុ ៣២ ឆ្នាំ រស់នៅ​ភូមិ អូរអន្លក់ ឃុំ​តាសែន ស្រុក​កំរៀង ទី​៣- ​ស៊ូ ចាន់ណា ភេទ​ស្រី អាយុ​ ៣៥ ​ឆ្នាំ​រស់នៅ ភូមិ អូរអន្លក់ ឃុំ​តាសែន ស្រុក កំរៀង​ទី​៤- ​សន់ ឃុន ណា រី ​អាយុ ៣០ ឆ្នាំ រស់នៅ​ភូមិ ដីក្រហម ឃុំ តា សែន ស្រុក កំរៀង​ទី​៥- សែម ស្រីមុំ អាយុ ៣៣ ឆ្នាំ រស់នៅ​ភូមិ​ដីក្រហម ឃុំ​តាសែន ស្រុក​កំរៀង ទី​៦- ​ស៊ូត ព្រេស៊ីល អាយុ​ ១៨ ​ឆ្នាំ​រស់នៅ​ភូមិ​ស្វាយវែង ឃុំ​កំរៀង ស្រុក កំរៀង និង​ទី​៧- សំ សៀកម៉ី អាយុ​ ២០ ​ឆ្នាំ រស់នៅ ភូមិ​ស្វាយវែង ឃុំ​កំរៀង ស្រុក​កំរៀង​។

លោក​បន្តថា​៖ «​ពួកគេ​ត្រូវ​បញ្ជូនទៅ​ខេត្ត​បន្ត ហើយ​បើ​មិន​ល្ងាច​នេះ​ (​ថ្ងៃទី​ ២ វិច្ឆិកា​) ​ឬ​ថ្ងៃស្អែក​ (​ថ្ងៃទី​ ៣ វិច្ឆិកា​)»​។

លោក​ ឈឿង គឹមសុង នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​ឱ្យដឹង​នៅ​ថ្ងៃទី​ ២ ​វិច្ឆិកា​ថា នីតិវិធី​នៅពេល​ដែល​ខាង​នគរបាល​ស្រុក​បញ្ជូន​ជនសង្ស័យ​ដល់​ការិយាល័យ​របស់លោក គឺ​ត្រូវតែ​ធ្វើការ​សាកសួរ​បន្ថែមទៀត ដើម្បី​បំពេញ​របាយការណ៍​ពី​ស្រុក ពីព្រោះ​ពេល​នៅ​នគរបាល​មូលដ្ឋាន​គឺ​គាត់​អត់​ឆ្លើយ​ត្រង់​ទេ ដល់​មក​ខេត្ត​ទើប​គាត់​ឆ្លើយ​។

លោក​បញ្ជាក់ថា​៖ «​ជួនកាល​គាត់​ថា មិនមែន​មេឆ្នោត​គ្រាន់តែ​អ្នកលេង តែ​ដល់​តុលាការ​គាត់​ឆ្លើយ​ថា គាត់​ជា​មេឆ្នោត​។ អ៊ីចឹង​យើង​នៅ​ផ្ទៀងផ្ទាត់​ចម្លើយ​គាត់​ទៀត​»៕