ព្រះរាជាណាចក្រ​កម្ពុជា​បាន​ចាត់ទុក​យុវជន​គឺជា​ធនធាន​គន្លឹះ និង​មាន​តម្លៃ​បំផុត​សម្រាប់​ការអភិវឌ្ឍ​សេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ បរិស្ថាន និង​ការរក្សា​សន្តិភាព​ទាំង​បច្ចុប្បន្ន រួមទាំង​អនាគត​។ នៅក្នុង​បរិបទ​សង្គម វប្បធម៌ និង​នយោបាយ​របស់​កម្ពុជា «​យុវជន​» សំដៅ​ដល់ បុរស​ និង​ស្ត្រី​ដែលមាន​សញ្ជាតិ​ខ្មែរ នៅ​លីវ ឬ​រៀបការ និង​មាន​អាយុ​ចាប់ពី ១៥ ​ឆ្នាំ​ដល់ ៣០ ​ឆ្នាំ​។ ខ្លឹមសារ​នៃ​អត្ថបទ​ប្រចាំខែ​វិច្ឆិកា ឆ្នាំ​ ២០២១ នេះ ផ្ដោតលើ​គោលនយោបាយ​ជាតិ​ស្ដីពី​ «​ការអភិវឌ្ឍ​យុវជន​កម្ពុជា​» «​ផែនការ​យុទ្ធសាស្ត្រ​វិស័យ​អប់រំ ២០១៩-២០២៣» និង​លទ្ធផល​ការងារ​ «​អនុវិស័យ​ការអភិវឌ្ឍ​យុវជន​» សម្រាប់​ឆ្នាំ​សិក្សា​ ២០១៩-២០២០​។

ដើម្បី​ចូលរួម​លើកកម្ពស់​សិទ្ធិ និង​ការទទួល​ខុសត្រូវ​របស់​យុវជន​ដែលជា​កម្លាំង​សកម្ម​របស់​ប្រទេសជាតិ ព្រមទាំង​ទប់ស្កាត់ និង​កាត់បន្ថយ​ភាពអសកម្ម​មួយចំនួន ក្រសួង​អប់រំ យុវជន និង​កីឡា​ក្នុង​នាម​ជា​អគ្គលេខាធិការដ្ឋាន​នៃ​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ស្តីពី​ការអភិវឌ្ឍ​យុវជន​បាន​សម្របសម្រួល​រៀបចំ​គោលនយោបាយ​ជាតិ​ស្ដីពី «​ការអភិវឌ្ឍ​យុវជន​កម្ពុជា​» ដោយ​ទទួលបាន​ការឯកភាព​ពី​គណៈរដ្ឋមន្ត្រី​ក្នុងសម័យ​ប្រជុំ​ពេញអង្គ នា​ថ្ងៃទី​ ២៤ ខែមិថុនា ឆ្នាំ​ ២០១១ សំដៅ​ផ្ដល់ឱកាស​ឱ្យ​យុវជន​គ្រប់រូប​អភិវឌ្ឍ​សមត្ថភាព​ប្រកប​ដោយ​ឆន្ទៈ សេចក្ដី​ព្យាយាម និង​មនសិការ​វិជ្ជាជីវៈ​។

គោលនយោបាយ​ជាតិ​ស្ដីពី «​ការអភិវឌ្ឍ​យុវជន​កម្ពុជា​» ​ត្រូវបាន​រៀបចំ​ឡើង​ដោយ​អនុលោម​តាម​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ច្បាប់​ស្ដីពី​ការអប់រំ ច្បាប់​ស្ដីពី​ការងារ យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​ ២ គោលដៅ​អភិវឌ្ឍន៍​សហស្ស​វត្សរ៍​កម្ពុជា ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ និង​ឯកសារ​អន្តរជាតិ​ពាកព័ន្ធ​នានា​ក្នុង​គោលបំណង​អភិវឌ្ឍ​យុវជន​ស្របតាម​បរិបទ​កម្ពុជា​ឱ្យមាន​បុគ្គលិកលក្ខណៈ​ពេញលេញ​លើក​ផ្នែក​រាងកាយ បញ្ញា ស្មារតី សីលធម៌ តម្លៃ និង​បំណិន​ ដើម្បី​ក្លាយជា​ពលរដ្ឋ​ល្អ​ក្នុង​សង្គមជាតិ​។

គោលនយោបាយ​ជាតិ​នេះ​បាន​កំណត់​គោលដៅ​ចំនួន ៦ ដូចជា (១) ការផ្ដល់​ឱកាស​ឱ្យ​យុវជន​ទទួលបាន​ការអប់រំ និង​ការបណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ​ប្រកបដោយ​គុណភាព និង​សមធម៌ (២) ការលើក​ទឹកចិត្ត​យុវជន​ឱ្យមាន​គំនិត​ផ្តួចផ្ដើម គំនិត​ច្នៃប្រឌិត គំនិត​បង្កើត​ថ្មី និង​ស្មារតី​សហគ្រិនភាព (៣) ការលើកកម្ពស់​យេនឌ័រ​ប្រកប​ដោយ​សមធម៌ និង​សមភាព​ដល់​យុវជន​ទាំង​ ២ ​ភេទ ពិសេស​ផ្ដល់​ឱកាស និង​សិទ្ធិអំណាច​ដល់​ស្ត្រី (៤) ការអភិវឌ្ឍ​យុវជន​ឱ្យមាន​កាយសម្បទា ចំណេះដឹង ចំណេះធ្វើ សីលធម៌​រស់នៅ​ល្អ ចេះ​រួមរស់​ជាមួយគ្នា​ដោយ​សន្តិភាព​ និង​សុខដុម ព្រមទាំង​មាន​ស្មារតី​ស្នេហា​ជាតិ ស្នេហា​ប្រជាជន ប្រកប​ដោយ​ជំនឿ​ជាក់​លើ​ខ្លួនឯង សេចក្ដី​ថ្លៃថ្នូរ ភាពជា​អ្នកដឹកនាំ និង​លើកកម្ពស់​ការយល់ដឹង​ទូលំទូលាយ​អំពី​សង្គម (៥) ការបង្ក​ឱកាស​ឱ្យ​យុវជន​បាន​ចូលរួម​បញ្ចេញមតិ ទស្សនៈ និង​ធ្វើ​សេចក្ដី​សម្រេចចិត្ត​នានា​ក្នុង​ការអភិវឌ្ឍ​សហគមន៍ និង​សង្គមជាតិ និង (៦) ការប្រមូលផ្ដុំ​កម្លាំង​គ្រប់​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ដៃគូ​អភិវឌ្ឍ អង្គការ​សង្គម​ស៊ីវិល សហគមន៍ មាតាបិតា​ ឬ​អ្នកអាណាព្យាបាល ដើម្បី​អភិវឌ្ឍ​យុវជន​កម្ពុជា​។

ដើម្បី​ធានា​សម្រេច​ឱ្យបាន​នូវ​គោលដៅ​ដែល​បានកំណត់ គោលនយោបាយ​ជាតិ​នេះ​បានដាក់​ចេញ​ជា​យុទ្ធសាស្ត្រ​សំខាន់ៗ​មួយចំនួន​គឺ (១) ការអភិវឌ្ឍ​ក្របខ័ណ្ឌ​ច្បាប់ និង​យន្តការ (២) ការលើក​កម្ពស់​ការអប់រំ ការបណ្ដុះបណ្ដាល និង​ការអភិវឌ្ឍ​សមត្ថភាព (៣) ការបង្កើន​ការអប់រំ ការថែទាំ និង​ការផ្ដល់សេវា​សុខភាព (៤) ការបណ្ដុះ​ស្មារតី​សហគ្រិនភាព និង​ទីផ្សារការងារ (៥) ការលើក​កម្ពស់​កិច្ចការពារ​សុវត្ថិភាព សន្តិសុខ និង​យុត្តិធម៌ (៦) ការបង្កើន​ការចូលរួម​របស់​យុវជន (៧) ការលើកកម្ពស់​ការសម្រាក ការកម្សាន្ត និង​កីឡា (៨) ការលើកកម្ពស់​សិល្បៈ និង​វប្បធម៌ (៩) ការលើកកម្ពស់​ការយល់​ដឹង​ពី​បរិស្ថាន កសិកម្ម ទេសចរណ៍ និង​ធុរកិច្ច (១០) ការបង្កើន​ការងារ​ស្ម័គ្រចិត្ត (១១) ការលើកកម្ពស់​សមភាព​យេនឌ័រ និង (១២) ការទប់ស្កាត់​ការប្រើប្រាស់​គ្រឿងញៀន និង​ស្ដារ​យុវនីតិសម្បទា​។ លើសពី​នេះ​ទៅ​ទៀត ផែនការ​សកម្មភាព​ជាក់លាក់​ត្រូវបាន​ដាក់ឱ្យ​អនុវត្ត ដើម្បី​ធានា​ប្រសិទ្ធភាព និង​ភាពជោគជ័យ​នៃ​គោលបំណង គោលដៅ និង​យុទ្ធសាស្ត្រ​ខាងលើ​។

យុវជន​គឺ​សំដៅទៅ​អ្នក​ដែលមាន​អាយុ​ចាប់ពី​ ១៥ ​ឆ្នាំ ទៅ​ ៣០ ​ឆ្នាំ​។ រូបថត MoEYs

ក្រសួង​អប់រំ យុវជន និង​កីឡា និង​អ្នកពាក់ព័ន្ធ​បាននិង​កំពុង​ជំរុញ​ការអភិវឌ្ឍ​យុវជន​បែប​វិជ្ជមាន និង​ផ្ដល់​ឱកាស​ដល់​យុវជន ដើម្បី​អភិវឌ្ឍ​សក្ដានុពល​របស់ខ្លួន​លើ​ការអប់រំ អាជីព ការសម្រេចចិត្ត និង​ការចូលរួម​ចំណែក​ក្នុង​ការអភិវឌ្ឍ​គ្រួសារ​របស់​ពួកគេ សហគមន៍ ប្រទេសជាតិ និង​សកលលោក​។ ក្នុងន័យនេះ ក្រសួង​អប់រំ យុវជន និង​កីឡា​បាន​ដាក់ចេញ​នូវ​វត្ថុបំណង និង​យុទ្ធសាស្ត្រ​មួយចំនួន​សម្រាប់ «​អនុវិស័យ​ការអភិវឌ្ឍ​យុវជន​» នៅក្នុង​ផែនការ​​យុទ្ធសាស្ត្រ​វិស័យ​អប់រំ ឆ្នាំ​ ២០១៩-២០២៣ ដូចខាងក្រោម​៖

• វត្ថុបំណង​អនុវិស័យ​ទី​ ១ «​អភិវឌ្ឍ​កម្មវិធី​ឌីជីថល សហគ្រិនភាព ភាពជា​អ្នកដឹកនាំ និង​ជំនាញ​ទន់​ផ្សេងៗ​សម្រាប់​ការអភិវឌ្ឍ​យុវជន​» មាន​យុទ្ធសាស្ត្រ​ចំនួន​ ៤ ​គឺ (១) ពង្រឹង​ជំនាញ​ឌីជីថល និង​លើកកម្ពស់​ចំណេះដឹង​អនុវត្ត​នៃ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និង​គណិតវិទ្យា​សម្រាប់​យុវជន ដើម្បី​ឆ្លើយតប​ទៅនឹង​បដិវត្ត​ឧស្សាហកម្ម​ដំណាក់កាល​ទី​ ៤ (២) ពង្រឹង​ទម្លាប់​នៃ​ការគិត​បែប​ច្នៃប្រឌិត​ និង​បង្កើត​ថ្មី​តាមរយៈ​ស្មារតី​សហគ្រិនភាព ការលើកកម្ពស់​ការប្រកបមុខរបរ​ដោយ​ខ្លួនឯង និង​លទ្ធភាព​ទទួលបាន​សេវា​ណែនាំ​អាជីវកម្ម​ និង​ការងារ និង​ព័ត៌មាន​ទីផ្សារការងារ (៣) អភិវឌ្ឍ​យុវជន​ឱ្យបាន​ពេញលេញ និង​អប់រំ​ពួកគេ​ឱ្យ​រស់នៅ​ជាមួយគ្នា​ក្នុង​សន្តិភាព​ និង​សុខដុម​នីយកម្ម ប្រកប​ដោយ​ស្មារតី​សេ្នហា​ជាតិ ស្រឡាញ់​ប្រជាជន ជឿជាក់​ និង​ផ្ដល់​តម្លៃ​ខ្ពស់​ដល់​ខ្លួនឯង មាន​ភាព​ជា​អ្នកដឹកនាំ និង​ការយល់ដឹង​ទូលំទូលាយ​អំពី​សង្គម និង (៤) បង្កើន​ការចូលរួម​របស់​យុវជន​ក្នុង​ការអភិវឌ្ឍ​សហគមន៍ និង​សង្គម​។

• វត្ថុបំណង​អនុវិស័យ​ទី​ ២ «​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​សម្រាប់​សកម្មភាព​យុវជន​» មាន​យុទ្ធសាស្ត្រ​ចំនួន​ ១ ​គឺ អភិវឌ្ឍ​មជ្ឈមណ្ឌល​យុវជន​គំរូ​។

• វត្ថុបំណង​អនុវិស័យ​ទី​ ៣ «​ពង្រឹង សមត្ថភាព​ស្ថាប័ន និង​មន្ត្រី​ទទួលបន្ទុក​ការងារ​យុវជន​នៅ​ថ្នាក់ជាតិ និង​ក្រោម​ជាតិ​» មាន​យុទ្ធសាស្ត្រ​ចំនួន ៣ គឺ (១) ពង្រឹងសមត្ថភាព​មន្ត្រី​ទទួល បន្ទុក​ការងារ​យុវជន​នៅ​គ្រប់លំដាប់​ថ្នាក់ (២) ពង្រឹងសមត្ថភាព​ស្ថាប័ន​ស្ដីពី​ការអនុវត្ត​កម្មវិធី​ការអភិវឌ្ឍ​យុវជន និង (៣) កៀរគរ​កិច្ចខិតខំ​ប្រឹងប្រែង​នានា​របស់​ក្រសួង ស្ថាប័ន ដៃគូ​អភិវឌ្ឍន៍ អង្គការ​សង្គម​ស៊ីវិល ដែល​ពាក់ព័ន្ធ សហគមន៍ មាតាបិតា ឬ​អ្នកអាណាព្យាបាល ដើម្បី​អភិវឌ្ឍ​យុវជន​។​

ក្នុងពេល​កន្លងមក អនុវិស័យ​ការអភិវឌ្ឍ​យុវជន សម្រេចបាន​នូវ​លទ្ធផល​វិជ្ជមាន​ប្រកបដោយ​ជោគជ័យ​គួរឱ្យ​កត់សម្គាល់ ជាពិសេស​លើ​ការពង្រឹង​ក្រុមប្រឹក្សា​យុវជន​ និង​កុមារ​កម្ពុជា​នៅតាម​គ្រឹះស្ថានសិក្សា​រដ្ឋ ការបង្កើត​ក្លឹប​សិក្សា​តាម​មុខវិជ្ជា ការបណ្ដុះបណ្ដាល​សហគ្រិនភាព ការងារ​ស្ម័គ្រចិត្ត ភាពជា​អ្នកដឹកនាំ និង​ការបណ្ដុះបណ្ដាល​ជំនាញ​ទន់ និង​ជំនាញ​បច្ចេកទេស​។ យោង​ទៅតាម​ «​របាយការណ៍​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​អប់រំ យុវជន និង​កីឡា​ឆ្នាំ​សិក្សា ២០១៩-២០២០ និង​ទិសដៅ​ឆ្នាំ​សិក្សា ២០២០-២០២១» សម្រាប់​អនុវិស័យ​ការអភិវឌ្ឍ​យុវជន​ក្នុង​ឆ្នាំ​សិក្សា​ ២០១៩-២០២០ ក្រសួង​អប់រំ យុវជន និង​កីឡា សម្រេចបាន​ជោគជ័យ​គួរ​ជា​ទីមោទនៈ​លើ​កិច្ចការ​សំខាន់ៗ​ជាច្រើន​ដូចជា​៖ (១) កម្មវិធី​កូន​ល្អ សិស្ស​ល្អ មិត្ត​ល្អ ដោយបាន​ជំរុញ​ចលនា​ប្រឡងប្រណាំង ៣​ល្អ «​កូន​ល្អ សិស្ស​ល្អ មិត្ត​ល្អ​» ចាប់ពី​បឋមសិក្សា​ដល់​មធ្យមសិក្សា​បឋមភូមិ​នៅ​ថ្នាក់​រាជធានី​ខេត្ត (២) ការងារ​ក្រុមប្រឹក្សា​កុមារ​កម្ពុជា ដែល​អនុវត្ត​ចាប់ពី​បឋមសិក្សា​ដល់​មធ្យមសិក្សា​បឋមភូមិ និង​មាន​ចំនួន​សមាជិក​សរុប ១ ៣៤៧ ៦៥៤ (៥៤,៦២%) (៣) ការងារ​ក្រុមប្រឹក្សា​យុវជន​កម្ពុជា ​ដែល​អនុវត្ត​នៅ​មធ្យមសិក្សា​ទុតិយភូមិ ​និង​មាន​ចំនួន​សមាជិក​សរុប ២៩៦ ៥៩៧ (​ស្រី ១៨៣ ៣៤៣) (៤) ការងារ​កាយរឹទ្ធិ​កម្ម ដែលមាន​សមាជិក​សរុប ១៦៦ ១៣៥ (​ស្រី ៤៩%) (៥) ការងារ​លើកកម្ពស់​ការស្ម័គ្រចិត្ត និង​ការចូលរួម​របស់​យុវជន (៦) ការអប់រំ​សហគ្រិនភាព និង​ភាពជា​អ្នកដឹកនាំ (៧) ការបណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ ជំនាញ​ឌីជីថល និង​ជំនាញ​បច្ចេកទេស​រយៈពេល​ខ្លី (៨) ការលើកកម្ពស់​សុខភាព និង​សុខុមាលភាព​យុវជន (៩) ការប្រកួត​ប្រជែង​សមត្ថភាព​យុវជន (១០) ការបោះជំរំ និង​ទស្សនកិច្ច​សិក្សា (១១) ការផ្សព្វផ្សាយ​សកម្មភាព​កិច្ចការ​យុវជន (១២) ការពង្រឹង​សមាគមនិស្សិត (១៣) កិច្ចសហប្រតិបត្តិការ​ជាមួយ​ដៃគូ​អភិវឌ្ឍ និង​អ្នកពាក់ព័ន្ធ (១៤) ការផ្លាស់ប្ដូរ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ (១៥) ការអភិវឌ្ឍ​សមត្ថភាព​ស្ថាប័ន និង​ហេដ្ឋារចនាសម្ព័ន្ធ​មជ្ឈមណ្ឌល និង (១៦) ការងារ​អគ្គលេខាធិការដ្ឋាន​នៃ​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា ដើម្បី​អភិវឌ្ឍ​យុវជន ដែល​ផ្តោតលើ​កិច្ចការ​សម្របសម្រួលរ​វាង​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​ការងារ​អភិវឌ្ឍ​យុវជន​អន្តរវិស័យ ចក្ខុវិស័យ ការរៀបចំ​គោលនយោបាយ និង សេចក្តី​សម្រេចចិត្ត​ថ្នាក់ជាតិ​នានា​លើ​ការអភិវឌ្ឍ​យុវជន​កម្ពុជា​។

ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​ដែល​បាន​កើតមានឡើង​នៅក្នុង​អនុវិស័យ​ការអភិវឌ្ឍ​យុវជន ក្រសួង​អប់រំ យុវជន និង​កីឡា​បានដាក់​ចេញ​ទិសដៅ​សម្រាប់​ឆ្នាំ​សិក្សា ២០២០-២០២១ ដូចជា​៖ (១) ការ​បន្តធ្វើ​ទំនើបកម្ម​ផែនការ​ប្រតិបត្តិ​ប្រចាំឆ្នាំ ដើម្បី​ជំរុញ​កម្មវិធី​អភិវឌ្ឍ​យុវជន​បែប​ឌីជីថល ឱ្យ​ឆ្លើយតប​ទៅនឹង​ការអប់រំ​បែប​ឌីជីថល និង​ការសិក្សា​ក្នុង​បរិបទ​ថ្មី (២) ការធ្វើ​បច្ចុប្បន្នកម្ម​សេចក្ដី​ណែនាំ និង​សៀវភៅ​ក្រុមប្រឹក្សា​កុមារ​កម្ពុជា និង​ក្រុមប្រឹក្សា​យុវជន​កម្ពុជា ជាពិសេស​សេចក្ដីណែនាំ​ស្ដីពី​ការបង្កើត​ក្លឹប​ជជែក​ដេញដោល​នៅតាម​សាលារៀន​ក្នុង​រាជធានី និង​ការពង្រឹង​ក្លឹប​សិក្សា​នៅតាម​សាលារៀន​រាជធានី ខេត្ត (៣) ការពង្រឹង​យន្តការ​ពិនិត្យ​តាមដាន និង​វាយតម្លៃ តាមរយៈ​ការធ្វើ​បញ្ចប់​សេចក្ដីព្រាង​ក្របខណ្ឌ​ពិនិត្យ​តាមដាន និង​វាយតម្លៃ​អនុវិស័យ​ការអភិវឌ្ឍ​យុវជន (៤) ការបង្កើន​កិច្ចសហប្រតិបត្តិការ​ជាមួយ​អង្គការ​ដៃគូ និង​វិស័យ​ឯកជន ដើម្បី​កៀរគរ​ការគាំទ្រ​កម្មវិធី​បណ្ដុះបណ្ដាល​នៅ​មជ្ឈមណ្ឌល​យុវជន (៥) ការបង្កើន​កិច្ចសហប្រតិបត្តិការ​ជាមួយ​អង្គការ​ពិភពលោក​នៃ​ចលនា​កាយរឹទ្ធិ អង្គការ​ដៃគូ សហគមន៍ និង​វិស័យ​ឯកជន ដើម្បី​កៀរគរ​ការគាំទ្រ​ការពង្រីក​សមាជិកភាព​កាយរឹទ្ធិ និង (៦) ការបន្ត​ពង្រឹង និង​អភិវឌ្ឍ​សមត្ថភាព​មន្ត្រី តាមរយៈ​ការបង្កើត​កម្មវិធីសិក្សា និង​ការបណ្ដុះបណ្ដាល​ផ្ទៃក្នុង​តាមបែប​ឌីជីថល ដោយ​ប្រើប្រាស់​បន្ទប់រៀន​អនឡាញ​លើ​មុខជំនាញ​មួយចំនួន​ដូចជា ការរៀបចំ​ផែនការ​ និង​ការអភិវឌ្ឍ​កម្មវិធី ការអភិវឌ្ឍ​កម្មវិធី​យុវជន​ និង​ការគ្រប់គ្រង​ព្រឹត្តិការណ៍ កិច្ចការរដ្ឋបាល​ និង​របាយការណ៍ កុំព្យូទ័រ​រដ្ឋបាល​ និង​ការិយាល័យ ក្របខណ្ឌ​ពិនិត្យ​តាមដាន​ និង​វាយតម្លៃ ភាពជា​អ្នកដឹកនាំ​ និង​ឥរិយាបទ​គ្រប់គ្រង និង​កិច្ចការ​ហិរញ្ញវត្ថុ​សាធារណៈ​។

ការដាក់ចេញ​នូវ​គោលនយោបាយ​ជាតិ​ស្ដីពី «​ការអភិវឌ្ឍ​យុវជន​កម្ពុជា​» ​វត្ថុបំណង​ និង​យុទ្ធសាស្ត្រ​សម្រាប់​អនុវិស័យ​ការអភិវឌ្ឍ​យុវជន​ដូច​មាន​បញ្ជាក់​យ៉ាងច្បាស់​នៅក្នុង «​ផែនការ​យុទ្ធសាស្ត្រ​វិស័យ​អប់រំ ឆ្នាំ​ ២០១៩-២០២៣» និង​លទ្ធផល​ការងារ ​«​អនុវិស័យ​ការអភិវឌ្ឍ​យុវជន​» សម្រាប់​ឆ្នាំ​សិក្សា​ ២០១៩-២០២០ និង​ទិសដៅ​ឆ្នាំ​សិក្សា​ ២០២០-២០២១ ឆ្លុះបញ្ចាំង​អំពី​កិច្ចខិតខំ​ប្រឹងប្រែង​អស់ពី​កម្លាំងកាយ​ចិត្ត​ប្រកប​ដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់បំផុត​របស់​រាជរដ្ឋាភិបាល ជាពិសេស​ក្រសួង​អប់រំ យុវជន និង​កីឡា​ក្នុង​ការចូលរួម​ដល់​ការអភិវឌ្ឍ​យុវជន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​៕