ភ្នំពេញៈ អាជ្ញាធរ​ស្រុក​បទុបសាគរ ​នៅ​ថ្ងៃទី ២ ​វិច្ឆិកា ​បំភ្លឺថា ​មិនមាន​ការកាប់​រាន​ដីព្រៃ​ចំរុង​ស្មាច់​នៅ​ចំណុច​ក្បែរ​ត្រពំាងធំ ​និង​ត្រពាំង​ប្រិយ ​ជាង​ ១០០ ​ហិកតា​នោះ​ទេ ​ព្រោះ​លទ្ធ​ផល​ការចុះពិនិត្យ​ជាក់ស្តែង​ឃើញ​មាន​ការកាប់​ទន្ទ្រាន​ដីព្រៃ​ប្រហែល ​០.៣ ហិកតា ​ប៉ុណ្ណោះ ​ហើយ​ស្ថិត​ក្នុង​តំបន់​កាត់​ឆ្វៀល​ទៀត​ផង។

ការស្រាយ​បំភ្លឺ​របស់​អាជ្ញាធរ​ស្រុក​បទុមសាគរ​ ធ្វើឡើង​បន្ទាប់ពី​សារព័ត៌មាន​ MY Freedom News ​បានចុះ​ផ្សាយ​កាលពី​ថ្ងៃទី ២ ​ខែវិច្ឆិកា​ នោះ​ដែរ​ថា ​ដីព្រៃ​ចំរុងស្មាច់ ​ចាប់ពី​ចំណុច​ក្បែរ​ត្រពាំងធំ ​និង​ត្រពាំងប្រិយ ​ឃុំ​អណ្តូង​ទឹក​ជាង​ ១០០ ហិកតា ​កំពុង​រង​ការកាប់​បំផ្លាញ​ពី​ប្រជា​ពល​រដ្ឋ ​និង​មាន​ឈ្មួញ​ចាំទទួល​ទិញ ​ព្រមទាំង​មិនមាន​ការហាមឃាត់​ពី​អាជ្ញាធរ​នោះ​ទេ។

លោក​ ហាក់ ឡេង ​អភិបាល​ស្រុក​បទុមសាគរ​ ថ្លែង​នៅ​ថ្ងៃទី ៣ ​ខែវិច្ឆិកា​ថា ​ការផ្សាយ​របស់​សារព័ត៌មាន​នោះ ​គឺជា​រឿង​ហួសហេតុ ​ដែលនាំ​ឱ្យ​មហាជន​មាន​ការយល់​ច្រឡំ។ លោក​ថា ​ការកាប់​ទន្ទ្រាន​ដីព្រៃ​នៅ​ចំណុច​នេះ ​អាជ្ញាធរ​ស្រុក ​ឃុំ ​និង​អង្គភាព​ពាក់ព័ន្ធ ​បានចុះ​ស្រាវជ្រាវ ​និង​ពិនិត្យ​មើល​ជាច្រើន​លើក​មក​ហើយ។

លោក​បញ្ជាក់ថា​៖«អាជ្ញាធរ​មិនដែល​អើត​មើល​យ៉ាងម៉េច? ​ងាប់​ហើយ ​អត់មាន​មើល​ហ្វេសប៊ុក​អាជ្ញាធរ​ទេ ​អាជ្ញាធរ​ចុះ​ចុះ​ចង់​ ១០ ដង​ជាង​ហើយ​នៅ​កន្លែង​ហ្នឹង» ។

លិខិត​បំភ្លឺ​របស់​រដ្ឋបាល​ស្រុក​បទុមសាគរ​ចេញ​ថ្ងៃទី ២ ​ខែវិច្ឆិកា ​បញ្ជាក់ថា ​ដី​ដែល​បានកាត់​ចេញ ​គឺ​នៅ​ក្នុង​អនុក្រឹត្យ​លេខ ​៤៦ ​ចុះ​ថ្ងៃទី ២៤​ ខែ មិនា ​ឆ្នាំ ២០២១ ​និង​អនុក្រឹត្យ​លេខ​ ៣០ ​ចុះ​ថ្ងៃទី ២ ​ខែ មិនា ​ឆ្នាំ ២០២១។​ ក្រុម​ការងារ​ដី​រដ្ឋ​ថ្នាក់​ស្រុក​បាន​ធ្វើការ​ផ្សព្វផ្សាយ​ដល់​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់​ និង​អ្នក​ពាក់ព័ន្ធ ​នៅក្នុង​អង្គប្រជុំ ​និង​បាន​លើកឡើង​ថា ​ដី​ដែល​កាត់ឆ្វៀល​ហើយ​នោះ ​នៅពេល​ប្រជាពលរដ្ឋ​ចង់​ធ្វើការ​បញ្ជាក់​ដី​ ផ្ទេរ​សិទ្ធិ​អចលនវត្ថុ​ ដែល​មិនទាន់​ចុះ​បញ្ជី​និង​ចង់​អភិវឌ្ឍ​ដី ​ត្រូវ​ធ្វើ​លិខិត​ស្នើសុំ​ទៅ​គណៈកម្មាធិការ​គ្រប់គ្រង​ដី​រដ្ឋ​ថ្នាក់​ខេត្ត​ តាមរយៈ​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់​ ដើម្បី​ធ្វើការ​ពិនិត្យ​សម្រេច។

ដោយ​ឡែក​នៅ​ថ្ងៃទី ១ ​ខែវិច្ឆិកា​ អាជ្ញាធរ​ស្រុក ​សហការ​ជាមួយ​រដ្ឋបាល​ព្រៃឈើ​អណ្តូងទឹក​ ចុះ​ពិនិត្យ​មើល​ទីតាំង​ដី​នៅ​ចំណុច​ត្រពាំង​ធំ ​និង​ត្រពាំង​ប្រិយ។ ជាលទ្ធផល​ឃើញ​មាន​ការកាប់​ទន្ទ្រាន​ដីព្រៃ​ប្រហែល​ ០.៣ ហិកតា ​ក្នុង​តំបន់​កាត់ឆ្វៀល ​និង​បាន​ពន្យល់​ណែនាំ​ដល់​អ្នក​ដែល​អះអាងថា ​ជាម្ចាស់​ដី ​សូម​ធ្វើ​លិខិត​ស្នើសុំ​ទៅ​គណៈកម្មាធិការ​ដី​រដ្ឋ​ថ្នាក់​ខេត្ត​តាមរយៈ​អាជ្ញាធរ​ឃុំ ​ស្រុក។

ក្នុង​លិខិតរដ្ឋបាល​ស្រុក​សរសេរថា​៖ «ករណី​រដ្ឋបាល​ស្រុក​បានទទួល​ការស្នើសុំ​សហការ​ពី​អាជ្ញាធរ​ជំនាញ​មាន​សមត្ថកិច្ច ​ឬ​របាយការណ៍​ថា ​មាន​ករណី​ទន្ទ្រាន​ដីព្រៃ ​ក្នុង​តំបន់​ណា​ក៏ដោយ ​នោះ​រដ្ឋបាល​ស្រុក ​ឃុំ ​និង​ចុះ​ពិនិត្យ​ភ្លាម»។

លិខិត​ដដែល​ឱ្យដឹងថា ​កាលពី​ថ្ងៃទី ១៥ ​ខែ កក្កដា ​ឆ្នាំ ២០២១ ​លោក ​សាង ស៊ីណេត ​អភិបាលរង​ស្រុក​បទុមសាគរ​ បានដឹកនាំ​ក្រុម​ការងារ​ សហការ​ជាមួយ​រដ្ឋបាល​ព្រៃឈើ​អណ្តូងទឹក ​បានចុះ​ពិនិត្យ​ការទន្ទ្រាន​ដីព្រៃ ​ព្រមទាំង​បានឃាត់​ប្រជាពលរដ្ឋ​ចំនួន​ ៦ នាក់ ​យក​មក​ធ្វើការ​ណែ​នាំ​ និង​កិច្ចសន្យា​កុំឱ្យ​មាន​ការកាប់​ទន្ទ្រាន​ដី​តទៅ​ទៀត។

ក្រៅពី​នោះ ​ក្រុម​ការងារ​ដី​រដ្ឋ​ថ្នាក់ស្រុក ​បាន​សហការ​ជាមួយ​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ ​មន្ត្រី​រដ្ឋបាល​ព្រៃឈើ ​និង​មន្ត្រី​បរិស្ថាន ​ចុះ​ធ្វើការ​បោះ​បង្គោល​ព្រំប្រទល់​រវាង​តំបន់​កាត់ឆ្វៀល ​និង​តំបន់​ការពារ​តាម​អនុក្រឹត្យ​លេខ ​៤៦ ​និង​អនុក្រឹត្យ​លេខ ​៣០ ​បានរួចរាល់​ជាច្រើន​ទីតាំង​ផង​ដែរ។

លោក​ តាំង សុផាន់ណារិទ្ធ ​នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​អណ្តូងទឹក ​ថ្លែង​នៅ​ថ្ងៃទី ៣ ​ខែវិច្ឆិកា​ថា ​តំបន់​ដែល​មាន​ការកាប់​ទន្ទ្រាន​នោះ​ស្ថិតក្នុង​តំបន់​កាត់ឆ្វៀល ​និង​តំបន់​ដែល​មិន​កាត់​ឆ្វៀល។ តំបន់​កាត់ឆ្វៀល​ពលរដ្ឋ​ត្រូវ​ស្នើសុំ​គណៈកម្មាធិការ​គ្រប់គ្រង​ដី​រដ្ឋ​ថ្នាក់​ខេត្ត​តាមរយៈ​ក្រុមការងារ​ស្រុក​ បើ​ចង់​អភិវឌ្ឍ​ដី​ឬ​ធ្វើ​អ្វី​មួយ​លើ​ដី​នោះ។ ចំណែក ​តំបន់​មិន​កាត់ឆ្វៀល ​ស្ថិតនៅ​ក្រោម​ការគ្រប់គ្រង​របស់​រដ្ឋបាល​ព្រៃឈើ ​ហេតុនេះ​បើសិន​ពលរដ្ឋ​ចូល​កាប់​ទន្ទ្រាន​នោះ ​នឹង​ត្រូវ​ប្រឈម​មុខ​នឹង​ផ្លូវ​ច្បាប់។​

លោក​បញ្ជាក់ថា​ មាន​ការកាប់​រាន​មួយចំនួន​បាន​ចូល​ដល់​ដី ​ដែល​គ្រប់គ្រង ​ដោយ​រដ្ឋបាល​ព្រៃឈើ ​ហើយ​លោក​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​រួច​ហើយ។

លោក​ថ្លែងថា​៖«កន្លែង​ដែល​ពលរដ្ឋ​លួច​កាប់​នៅ​ក្រៅ​តំបន់​កាត់ឆ្វៀល​ហ្នឹង​ខ្ញុំ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ហើយ ​ចំនួន​៥០ហិកតា​ ដោយ​ឡែក​ការកាប់​រាន​រប៉េះរប៉ោះ​នោះ ​គឺ​ស្ថិត​នៅ​ក្នុង​តំបន់​កាត់ឆ្វៀល ​ដែល​គ្មាន​ការអនុញ្ញាត​ពី​រដ្ឋបាល​ខេត្ត ​គាត់​លួច​ទៅ​កាប់​រាន»។

លោក​ ទូ សាវុធ ​អភិបាល​រង​ខេត្ត​កោះកុង ​ថ្លែង​នៅ​ថ្ងៃទី ៣ ​វិច្ឆិកា​ថា ​ចំពោះ​ករណី​ដែលមាន​ព័ត៌មាន​ផ្សាយថា ​មាន​ការកាប់​ទន្ទ្រាន​ដី​នៅ​ចំណុច​ត្រពាំង​ធំ ​និង​ត្រពាំង​ប្រិយ​នេះ ​លោក​មិនទាន់​អាច​ផ្តល់​ព័ត៌មាន​បាន​ទេ ​ដោយសារតែ​មិនទាន់​បានទទួល​របាយការណ៍​ពី​ក្រុមការងារ​ដែលបាន​ចុះ​ទៅ​ពិនិត្យ​នៅ​ទី​នោះ។

លោក​ថ្លែងថា​៖ «យើង​មិនទាន់​សន្និដ្ឋាន​ថា​ មាន​ការកាប់​មែន​ ឬ​អត់​ ហើយ​ការកាប់​នោះ​ តើ​កាប់​លើ​ដី​គេ​ហាមឃាត់​ ឬ​មួយក៏​កាប់​ដី​ដែល​ពលរដ្ឋ​អាស្រ័យ​ផល​នោះ​ទេ។ យើង​អត់​ទាន់​ច្បាស់​ចំណុច​ហ្នឹង ​យើង​អត់​ហ៊ាន​និយាយ»។

លោក​ អ៊ូ ម៉ឹង ​ប្រជាពលរដ្ឋ​នៅ​ឃុំ​អណ្តូង​ទឹក​ បានឱ្យ​ដឹង​នៅ​ថ្ងៃទី ២ ​ខែវិច្ឆិកា​ថា ​ដី​នៅ​ទីនោះ ​គឺ​វាល​ស្រាប់ ​ហើយ​ប្រជាពលរដ្ឋ​បាន​កាប់ឆ្ការ​ព្រៃ​ខ្លះៗ​ប៉ុណ្ណោះ។ ហេតុ​នេះ ​ការកាប់​រាន​រហូត​ដល់​រាប់រយ​ហិកតា​នោះ ​គឺ​មិនមាន​ទេ។

ពាក់ព័ន្ធ​នឹង​ការបញ្ជូន​សំណុំរឿង​ដីធ្លី​ទៅ​តុលាការ​នេះ ​លោក​ វ៉ៃ ភីរម្យ ​អ្នកនាំពាក្យ​អយ្យការ​អមសាលា​ដំបូង​ខេត្ត​កោះកុង ​មិន​អាច​ទំនាក់​ទំនង​សុំ​ការបំភ្លឺ​បាន​ទេ ​នៅ​ថ្ងៃ​ទី ៣ ​ខែវិច្ឆិកា៕