ភ្នំពេញៈ​ មន្ត្រី​ក្រសួងបរិស្ថាន​បាន​ឲ្យ​ដឹងថា ​សត្វ​រមាំង​នៅ​កម្ពុ​ជាកំពុ​ងមាន​ការធ្លាក់​ចុះ​ចំនួន​ជា​បន្ត​បន្ទាប់ ​ដោយ​សារ​តែ​កត្តា​គំរាមកំហែង​ផ្សេងៗ​ដូច​ជា ការ​បរបាញ់ អន្ទាក់ និង​ការ​បាត់​បង់​ទីជម្រក។ វា​ជាស​ត្វ​កម្រ​នៅលើ​ពិភព​លោក​ស្ថិត​ក្នុង​បញ្ជី​ឧប​សម្ព័ន្ធ​ទី១ ​នៃ​អនុសញ្ញា​សាយ​តេស​ និង​ក្នុង​បញ្ជី​ក្រហម​របស់​អង្គការ IUCN ជា​ប្រភេទ​សត្វ​រង​គ្រោះ​ថ្នាក់​ជិត​ពូជ​។

លោក នេត្រ ភក្ត្រា មន្ត្រី​នាំពាក្យ​ក្រសួង​បរិស្ថាន​បាន​ឲ្យ​ដឹង​តាមរយៈ​ហ្វេ​ស​ប៊ុ​កនៅ​ថ្ងៃទី ៣​ ខែវិច្ឆិកា​ថា បច្ចុប្បន្ន​នេះមិន​មាន​ទិន្ន​ន័យ​ច្បាស់​លាស់​ថាមាន​សត្វ​រមាំង​ប៉ុន្មាន​ឡើយ។​ ប៉ុន្តែសត្វ​នេះ​ត្រូវបាន​គេ​ជឿថា​នៅ​មាន​តែ​ក្នុង​ប្រទេស​កម្ពុជា​និង​ប្រទេស​ឡាវ​ប៉ុណ្ណោះ ចំណែក​ប្រទេស​ចិន​ ប្រទេស​ថៃ​ និង​ប្រទេស​វៀត​ណាម​ ត្រូវ​បាន​គេ​ជឿថា​ផុត​ពូជ​ពី​ធម្មជាតិ​បាត់​ទៅហើយ​។

លោក​បញ្ជា​ក់ថា៖ «នៅ​កម្ពុជា​ត្រូវបាន​គេ​ស្គាល់​ថា​ជា​ប្រទេស​ដែល​ធ្លាប់​មាន​សត្វ​រមាំង​ប្រភេទ Cervus Siamensis ច្រើន​កាល​ពីមុន តែ​ប្រភេទ​សត្វ​នេះ​បាន​ធ្លាក់​ចុះ​ចំនួន​ជា​បន្ត​បន្ទាប់ ​ដោយ​សារតែ​កត្តា​គំរាម​កំហែង​ផ្សេងៗដូច​ជា ការ​បរបាញ់ អន្ទាក់​ និង​ការ​បាត់​បង់​ទី​ជម្រក»​ ។

យោង​តាម​ទិន្នន័យ​ដែល​ផ្សាយ​ដោយ​អង្គការ​ IUCN ចេញផ្សាយ​នៅ​ឆ្នាំ​ ២០១៥ ស​ត្វ​រមាំង​នៅ​ប្រទេស​កម្ពុ​ជាមាន​ចំនួន​តិច​ជាង ៧០០​ ក្បាល ​ដែល​កំពុង​រស់​នៅ​ក្នុង​តំបន់​ការពារ​ធម្មជាតិ​របស់​កម្ពុជា ។ចំនួន​នេះ​អាច​មាន​ការថយ​ចុះ​ថែម​ទៀត​នាពេល​បច្ចុប្បន្ន​នេះ។

បើ​តាម​លោក​ នេត្រ ភក្ត្រា ចំពោះ​ក្រុម​ប្រភេទ​របស់​រមាំង Cervus Siamensis បច្ចុប្បន្ន​មាន​ចំនួន​ច្រើន​ជាង​គេ​នៅ​ក្នុង​ប្រទេស​កម្ពុជា ​បើ​ប្រៀប​ធៀប​នឹង​បណ្តា​ប្រទេស​ជិត​ខាង។ ចំនួន​ទាំងនេះ​មាន​នៅ​ក្នុង​ខេត្ត​ស្ទឹង​ត្រែង​ មណ្ឌល​គិរី រតនគិរី​ ក្រចេះ កំពង់​ស្ពឺ​ បន្ទាយមាន​ជ័យ​ ពោធិ៍​សាត់ ឧ​ត្ត​រ​មាន​ជ័យ និង​ខេត្ត​សៀមរាប​ ជា​ពិសេស​នៅ​ខេត្ត​ព្រះវិហារ​ ក្នុង​ស្រុក​ឆែប ជាំ​ក្សាន្ត គូលែន​និង​សង្គម​ថ្មី​។

លោក​ថា ​រមាំង​ជា​ថនិក​សត្វ​តិ​ណាសី ដែល​មាន​មាឌ​តូច​ជាង​ប្រើស​ និង​ធំ​ជាង​សត្វ​ឈ្លូស​បន្តិច។​ ស្នែង​របស់​វា​មាន​លក្ខណៈ​ខុសពី​ស្នែង​សត្វ​ប្រើស​ដោយ​នៅ​ផ្នែក​គល់​នៃ​ស្នែង​មាន​បែក​ខ្នែង ​២ មួយ​ស្រួច​ដុះគ្រប​លើ​ចិ​ញ្ចើម​លយ​ទៅ​មុខ ​និង​មួយ​ទៀត​ដុះ​ឡើង​ទៅលើ​រួច​ពេន​ចេញ​មកក្រៅ​ ហើយ​កោង​ខុប​ទៅ​មុខ ហើយ​នៅ​ខាង​ចុង​ស្នែង​របស់​វា​មាន​រាង​សំប៉ែត​បែក​ជា​ចម្ពាម​។

ជាទូទៅ​វា​មាន​សម្បុរ​លឿង​ស្រអាប់​ ឬ​លឿង​ក្រ​មៅចាស់​មានអុចៗស​នៅ​ផ្នែក​ចំហៀង​ខ្លួន ឯ​ផ្នែក​ក្រោម​ពោះនិង​ក មាន​ពណ៌​ស ប៉ុន្តែ​សម្បុរ​នេះ​អាច​ប្រែ​ប្រួល​ទៅ​តាម​រដូវ​កាល។នៅ​រដូវ​ជម្រុះ​ស្នែង វា​មាន​រោមវែងៗរុំ​ជិត​ចម្រុះ​ពណ៌​ប្រផេះ ​ក្រហម ​និង​លឿង​ក្រ​មៅ​ភ្ជាប់​នឹង​គល់​ក​ដែល​មាន​រោម​ប្រែង​មើល​ទៅគួរ​ឱ្យ​គយ​គន់​។

ចំពោះ​លក្ខណៈ​ជីវ​សាស្ត្រ រមាំង​ជាស​ត្វ​មិនសូវ​ផ្អើល វា​រស់នៅ​ជា​ហ្វូង​ពី ១០ ​ទៅ ១៥ ក្បាល។ វា​ចូលចិត្ត​រស់នៅ​តាម​វាល​ទំនាប​ដែល​សម្បូរទៅ​ដោយ​ថ្លុក ឬ​ត្រពាំង វាលស្រែ​និង​ព្រៃ​របោះ។ ចំណី​របស់​វា​មានដូច​ជា ​ស្មៅ ស្បូវ ព្រេច ល្បះ​រុក្ខជាតិ ស្រូវ និង​ផ្លែ​ឈើ។ វា​ជម្រុះ​ស្នែង​រាល់​ឆ្នាំ​នៅ​អំឡុង​ខែមិថុនា​ដែលជា​រដូវ​កាល​សម្បូ​រចំណី​សម្រាប់​ការលូ​តលាស់​ស្នែង​របស់​វា។ រមាំង​ញី​បន្ត​ពូជ​នៅ​ចន្លោះ​ខែមីនា ឧសភា ហើយ​កើត​កូន​ម្តងៗបាន​១ក្បាល បន្ទាប់ពី​ពពោះ​ចន្លោះ​ពី ៦ ទៅ ៨ ខែ​។

កាល​ពី​ខែមេសា ​ឆ្នាំ ២០២១ រូបភាព​ដែល​បង្ហាញ​វត្តមាន​របស់​សត្វ​រមាំង (Rucervuseldii) យ៉ាង​ហោច​ណាស់​ចំនួន​ ៧ ​ក្បាល ត្រូវបាន​បញ្ជូន​មកពី​ដែន​ជម្រក​សត្វ​ព្រៃ​សំបូរ ​ក្នុង​ខេត្តក្រចេះ ដោយ​ក្រុម​អ្នកស្រាវ​ជ្រាវ​សត្វព្រៃ​របស់​មន្ទីរ​បរិ​ស្ថាន​នៃ​ក្រសួង​បរិស្ថាន និង​អង្គការ​ WWF។ នេះ​បើ​តាម​ការ​បញ្ជាក់​បន្ថែម​ពីលោក​ នេត្រ​ ភក្ត្រា​។

លោក​​ថា រូប​ភាព​ដែល​ថត​ដោយ​ម៉ាស៊ីន​ថត​ស្វ័យ​ប្រវត្តិ​ទាំងនេះ​ជា​ភ័ស្តុ​តាង​នៃ​ការរ​ស់រាន​របស់​សត្វ​ដ៏​សំខាន់​មួយ​ប្រភេទ​នេះ​ និង​បាន​បង្ហាញ​ថា​ ហ្វូង​សត្វ​នេះ​កំពុង​មាន​លទ្ធ​ភាព​បន្ត​ពូជ​នៅក្នុង​តំបន់​ការពារ​នៃ​ដែន​ជម្រក​សត្វ​ព្រៃ​សំបូរ​។

លោ​ក​បាន​បញ្ជាក់ថា៖ «ភ័ស្តុ​តាង​នៃ​ការបន្ត​ពូជ​នេះ​បាន​ស្តែង​ចេញ​យ៉ាង​ច្បាស់​តាមរយៈ​រូបភាព​រាប់រយ​សន្លឹក​ដែល​ក្រុម​អ្នក​ស្រាវជ្រាវ​សត្វព្រៃ​បាន​ពិនិត្យ​យ៉ាង​ហ្មត់​ចត់​ និង​បាន​កត់ត្រា​ទុក​នូវ​វត្តមាន​របស់​សត្វ​រមាំង​ពេញ​វ័យ​មាន​ញី​ និង​ឈ្មោល​សរុប​ចំនួន​ ៤​ ក្បាល សត្វ​វ័យ​ជំទង់ មាន​ញី​ និង​ឈ្មោល ចំនួន ២ ​ក្បាល ព្រមទាំង​កូន​សត្វ​រមាំង​ចំនួន ១​ ក្បាល»៕

វីដេអូ៖