ស្ទឹងត្រែងៈ នគរបាល​ព្រហ្មទណ្ឌ​ខេត្តស្ទឹងត្រែង​ នៅ​ថ្ងៃទី​ ៣​ វិច្ឆិកា​ កំពុង​ស្រាវជ្រាវ​កំណត់​អត្តសញ្ញាណ​ជនល្មើស​ ក្រោយពីបាន​វាយ​សម្លាប់​បុរស​ម្នាក់​នៅ​ភូមិ​កោះ​កី ឃុំ​កោះ​ស្នែង​ ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ ខេត្តស្ទឹងត្រែង​។

លោក ​វ៉ា សុផាន់ ស្នងការរង​ទទួល​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ស្តឺ​ង​ត្រែង​ឱ្យ​ ភ្នំពេញ​ ប៉ុស្តិ៍ ​ដឹង​នៅ​រសៀល​ថ្ងៃទី​៣​វិច្ឆិកា​ថា ​បុរសរងគ្រោះ​ឈ្មោះ ភី​ម លៀន អាយុ ៥០ ឆ្នាំ មាន​លំនៅ​ក្នុង ភូមិ​កោះ​កី ឃុំកោះ​ស្នែង ស្រុកបុរី​អូរ​ស្វាយ​សែន​ជ័យ។

លោកបាន​អះអាងដោយយោង​តាម​ការពិនិត្យ​ពី​សំណាក់​នគរបាល​បច្ចេក​ទេស​វិទ្យាសាស្ត្រ​របស់លោក​បង្ហាញ​ថា ​ការស្លាប់​របស់​ជនរងគ្រោះ​ជា​ករណី​ឃាតកម្ម​។

លោក​ប្រាប់ថា​៖ «​យើង​កំពុង​ស្រាវជ្រាវ​ដើម្បី​រកមុខ​សញ្ញា​ជនសង្ស័យ​ហើយ​»​។

លោក​បញ្ជាក់ថា ​ជនរងគ្រោះ​មាន​ស្លាកស្នាម​ផុង​ថ្ងាស​ហើយ​នៅ​ផ្នែក​ខ្នង​មាន​ស្នាម​ជាំ​ដោយ​ជនសង្ស័យ​ប្រើ​វត្ថុ​ដែលមាន​មុខ​ទាល​។​ ចំពោះ​ទ្រព្យសម្បត្តិ​ដែល​ជនរងគ្រោះ​បាត់បង់​វិញ​មាន​ម៉ូតូ​វ៉េវ​អាល់​ហ្វា​ចាស់ ​១ ​គ្រឿង​។

លោក ​សុផាន់​ បញ្ជាក់ថា​ បើតាម​កា​រ​ស៊ើបអង្កេត​បឋម​លើ​អង្គហេតុ​ក្នុង​សំណុំ​រឿងនេះ ​គឺ​បង្ហាញថា ​ជនរងគ្រោះ​អាច​ត្រូវគេ​ប្លន់​សម្លាប់​យក​ម៉ូតូ​ ​ព្រោះ​ក្រុមគ្រួសារ​របស់​ជនរងគ្រោះ​ប្រាប់​សមត្ថកិច្ច​លោក​ថា ​កាលពី​ថ្ងៃទី​ ៣១ ​ខែ តុលា ​ឆ្នាំ​ ២០២១​ គឺ​ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​វ៉េវ​អាល់​ហ្វា​ចាស់ ​១​ គ្រឿង​ចេញពីផ្ទះ​។

លោក​បានថ្លែងដោយយោង​តាម​សម្តី​ក្រុមគ្រួសារ​ជនរងគ្រោះ​ថា​ ចាប់តាំងពី​ថ្ងៃទី ​៣១ ​តុ​លា មក​បាត់​ជនរងគ្រោះ​មិនឃើញ​ត្រឡប់ទៅផ្ទះ​វិញ​ទេ​។ ​លុះដល់​ថ្ងៃទី ​២ ​វិច្ឆិកា ​ក៏ត្រូវ​បាន​ពលរដ្ឋ​ប្រទះឃើញ​ជនរងគ្រោះ​ស្លាប់​នៅក្នុង​ព្រៃ​ហើយ​រាយការណ៍​ប្រាប់​សមត្ថកិច្ច​មូលដ្ឋាន​តែម្តង​។ ​រឿងនេះ​មុនដំបូង​សមត្ថកិច្ច​សន្និដ្ឋានថា ​ជា​ករណី​ប្លន់​សម្លាប់​ទេ​ព្រោះ​ជនរងគ្រោះ​បាត់​ម៉ូតូ​។

​តែ​ក្រោយមក​សមត្ថកិច្ច​សន្និដ្ឋាន​ថា ​ម៉ូតូ​ជនរងគ្រោះ​ចាស់​ទោះជា​ចោរ​យកទៅលក់​ក៏​មិនបាន​ដែរ​ ​ដូច្នេះ​ការដែល​ជនសង្ស័យ​សម្លាប់​ជនរងគ្រោះ​អាចជា​រឿង​គំនុំ​ច្រើនជាង​។ ​ប៉ុន្តែ​ដោយសារ​ជនល្មើស​ចង់​បង្វែងដាន​ឬ​បង្វែរ​បទល្មើស​ក៏​ធ្វើបែបនេះ​៕​