ភ្នំពេញៈ គណៈ​កម្មាធិ​ការ​ជាតិ​រៀបចំ​ការបោះ​ឆ្នោតហៅ​កាត់​ថា (គ.ជ.ប)​ បានប្រកាស​ថា​ ការចុះឈ្មោះ​បោះឆ្នោត​ថ្មី​ក្នុង​ឆ្នាំ ២០២១ ​មាន​ប្រមាណ​ជាង ២៤ ម៉ឺន​នាក់ ខណៈ​អ្នកដែល​ត្រូវបាន​លុបឈ្មោះ​មាន​ជាង ១២ ម៉ឺន​នាក់ ក្រោយ​បញ្ចប់​ការ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះ​ឈ្មោះ​បោះ​ឆ្នោត ឆ្នាំ​ ២០២១​ រយៈ​ពេល ២១ ថ្ងៃ​ទូទាំង​ប្រទេស​។

សេច​ក្តី​ប្រកាស​ព័ត៌មានស្ដីពី​លទ្ធ​ផល​បណ្ដោះអា​សន្ន​រយៈពេល ​២១ ​ថ្ងៃ នៃ​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត​ ឆ្នាំ ២០២១ របស់ (គ.ជ.ប​) ចេញ​ផ្សាយ​នៅ​ថ្ងៃទី ៣ វិច្ឆិកា ​បាន​ដឹង​ថា​ លទ្ធ​ផល​ដែល​ត្រូវ​បាន​ពិនិត្យ​និង​ចុះឈ្មោះ​ថ្មី​នេះ​ គឺ​យក​ចេញពី​ឃុំ​សង្កាត់​ចំនួន​ ១ ៤៥៩ នៅ​ទូទាំង​ប្រទេស​។

គ.ជ.ប ​បាន​បញ្ជាក់​ថា ​«សរុប​រយៈ​ពេល ២១ ថ្ងៃ​ លទ្ធផ​ល​នៃ​ការពិនិត្យ​បញ្ជី​ឈ្មោះ​ និង​ការចុះ​ឈ្មោះ​ទទួលបាន​ដោយ​ប្រជា​ពលរដ្ឋ​ដែល​បាន​អ​ញ្ជើញ​មក​ចុះឈ្មោះ​បោះឆ្នោត​ថ្មី​សរុប ២៤២ ៩០៦ នាក់់។ អ្នក​ដែល​នឹងត្រូវ​លុប​ឈ្មោះ​ចេញពី​បញ្ជី​បោះឆ្នោត​ថ្មី​សរុប​មាន​ចំនួន ១២០ ៩៥៨ នាក់»​។

បន្ថែម​ពីនេះ ​(គ.ជ.ប)​ ក៏​បាន​ឲ្យ​ដឹង​ទៀតថា ​ក្នុង​រយៈពេល ២១ ថ្ងៃនេះ អ្នក​ដែល​ត្រូវបា​ន​កែតម្រូវ​ទិន្ន​ន័យ​ពី​បញ្ជី​ឈ្មោះ​បោះឆ្នោត​ថ្មី​សរុប​មាន​ចំនួន ៨២ ៣៧៣ នាក់ ខណៈ​អ្នក​ដែល​បាន​ផ្ទេរ​លំនៅ​ចូល​ឃុំ​សង្កាត់​ថ្មី​ មាន​ចំនួន ៧២ ៤៨៨ នាក់។

ក្រៅពី​ប្រកាស​លទ្ធផល​នេះ ​(គ.ជ.ប) ​ក៏បាន​អំពាវនាវ​ដល់​ប្រជា​ពលរដ្ឋ​ដែល​មាន​សិទ្ធិ​បោះ​ឆ្នោត​ឲ្យ​ទៅពិនិត្យ​បញ្ជី​ឈ្មោះនិង​ចុះ​ឈ្មោះ​បោះឆ្នោត ​ខណៈ​ដែល​ការ​ពិនិត្យ និង​ចុះឈ្មោះ​បោះ​ឆ្នោតប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃទី ១២ ខែ​តុលា ដល់​ថ្ងៃទី ៣០ វិច្ឆិកា គិត​ទាំង​ថ្ងៃ​សៅរ៍និង​ថ្ងៃអា​ទិត្យ។

លោក កន សាវា​ង្ស អ្នក​សម្រប​សម្រួល​ផ្នែក​អង្កេត និង​តស៊ូ​មតិ​របស់​អង្គការ​ឃ្លាំមើល​ការបោះ​ឆ្នោត ខុម​ហ្វ្រែល​បានលើក​ឡើង​ថា បើ​គិតពី​ចំនួន​នៃ​ការ​ចុះឈ្មោះ​នេះ​ គឺ​មិនទាន់​​គ្រប់​គ្រាន់​នោះទេ​បើ​ធៀប​នឹង​ចំនួន​អ្នកមាន​សិទ្ធិ​បោះឆ្នោត​ថ្មី​ដែលមាន​ប្រមាណ​ជាង ១ លាន​នាក់ក្នុង​អាណត្តិ​ថ្មី។

លោក​បានបន្ត​ថា បើ​យោងតាម​តួលេខ​អ្នកមាន​សិទ្ធិ​បោះឆ្នោត​ថ្មី​នេះ​គឺ​ក្នុង ​១ ថ្ងៃ (​គ.ជ.ប)​ ត្រូវ​ចុះឈ្មោះ​ឲ្យ​បាន ៣ ម៉ឺន​នាក់ តែ​ជាក់ស្តែង​ក្នុង​រយៈ​ពេល ២១ ថ្ងៃ​ ទើបតែ​បាន​ជាង ២៤ ម៉ឺន​នាក់។

លោកបាន​បន្ថែម​ថា៖ «បើយើង​ពិ​និត្យទៅលើ​ការផ្លាស់​ប្តូរ និង​លុប​ឈ្មោះវិញ​គឺប្រហាក់​ប្រហែល​គ្នាហើយ​ចំនួននេះ​គឺជាចំ​នួនមួយច្រើ​នណាស់​ ដោយ​សារ​តែនី​តិវិធីខ្លះក៏​មានការ​បន្ធូរ​បន្ថយ​និង​សម្រួល​ទៅដល់​អ្នកបោះ​ឆ្នោតដែរ។ ជាពិសេស​គឺកា​រ​ប្រើប្រាស់ App ដើម្បី​ងាយ​ស្រួល​ពិនិត្យ​ឈ្មោះ​»។

​យ៉ាង​ណាក្ដី ​លោក​ កន ​សាវាង្ស បា​នមើ​លឃើ​ញ​ពីបញ្ហាដែ​លបណ្តា​លឲ្យមា​នការរាំ​ងស្ទះដល់​ដំណើរ​ការចុះឈ្មោះថ្មី ​គឺដោយសា​រតែនី​តិវិធីនិ​ងឧប​ករណ៍​ប្រើប្រាស់​នៅមាន​កម្រិត​នៅ​ឡើយ ដោយ​លោក​ថា វិបត្តិ​នៃជំ​ងឺកូវីដ​ ១៩​ គឺមិនមែន​ជា​ឧបសគ្គ​នៃដំណើ​រការ​ចុះឈ្មោះនិ​ងការ​បោះឆ្នោត​នោះទេ​។

សូម​ជម្រាប​ថា ​តាម​ប្រតិ​ទិន​ការងារ​បិ​ទការិ​យា​ល័យ​ចុះ​ឈ្មោះ​បោះ​ឆ្នោត ដើម្បី​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ប្រជុំ​វាយត​ម្លៃការ​ងារ​ជាមួយក្រុ​មចុះ​ឈ្មោះ​បោះ​ឆ្នោ​ត ត្រូវធ្វើ​ឡើង​នៅ​ថ្ងៃទី ១០ ខែវិច្ឆិកា និងថ្ងៃទី​ ២៥ ខែ វិច្ឆិកា ឆ្នាំ ២០២១។ នេះ​បើតាម​ការអះ​អាង​ របស់​ គ.ជ.ប៕