បន្ទាយ​មាន​ជ័យៈ យ៉ាង​ហោច​ណាស់​មាន​ពល​ករ​ខ្មែរ ៤ នាក់​ស្លាប់ និង ៨ នាក់​ទៀត​រង​របួស ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ក្រឡាប់​រថយន្ត​នៅ​ស្រុក ​Wang Sombun ខេត្ត​ Sa Keao ប្រទេស​ថៃ​ កាលពី​យប់​ថ្ងៃទី ០២ វិច្ឆិកា ឆ្នាំ ២០២១។

លោក យ៉ា​ល់ ប៊ុន​ពៅ មន្ត្រី​ទំនាក់ទំនង​ កិច្ចការ​ព្រំដែន​កម្ពុជា-ថៃ ប្រចាំ​ភូមិភាគ​ខេត្ត​បន្ទាយ​មាន​ជ័យ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ ថា អាជ្ញាធរ​ថៃ ប្រចាំខេត្ត​ស្រះកែវ នៅ​ព្រឹក​ថ្ងៃទី ០៣ វិច្ឆិកា បានផ្ដល់​របាយ​ការណ៍​ព័ត៌មាន​បឋម​មួយ​ មក​អង្គភាព​របស់​លោក​ថា នៅ​វេលា​ម៉ោង ៨: ៥០ នាទី​យប់ ថ្ងៃ​ទី ០២ វិច្ឆិកា មាន​រថយន្ត​ដឹក​ពលករ​បរទេស​ ឆ្លង​ដែន​ខុសច្បាប់​មួយគ្រឿង​ពី​កម្ពុជា បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ក្រឡាប់​ជាច្រើន​ត្រឡប់ នៅ​ចំណុច​ផ្លូវ​បំបែក​រង្វង់​មូល​បាន​កុង​យ៉ៃ​អ៊ី​ន ស្ថិត​ក្នុង​ភូមិ​៣ ឃុំ​ Wang Thung ស្រុក​Wang Sombun បណ្ដាល​ឲ្យ​មនុស្ស៥នាក់​ស្លាប់ នៅ​នឹង​កន្លែង និង​ ៨​ នាក់​ទៀត​រងរបួស​ធ្ងន់ និង​ស្រាល។

លោក​ ប៊ុន​ពៅ ​ថ្លែងថា៖ «ក្នុង​របាយ​ការណ៍​បឋម ដែល​អាជ្ញាធរ​ថៃ​ បាន​បញ្ជូនមក​នោះ បាន​បញ្ជាក់ថា ក្នុងចំណោម​ជនរង​គ្រោះ​ទាំង​អស់ មានតែ​ម្នាក់​ប៉ុណ្ណោះ​ ជា​ជនជាតិ​ថៃ ​គឺជា​អ្នកបើក​បរបាន​ស្លាប់ ​នៅនឹង​កន្លែង​កើតហេតុ ក្រៅពីនោះ​គឺជា​ជន​ជាតិ​ខ្មែរ»។

លោក​បាន​បញ្ជាក់​ថា៖ «តាមរយៈ​របាយ​ការណ៍​នោះ អាជ្ញាធរ​ថៃ​ បានសម្រេច​បូជាសព​ជនរងគ្រោះ​ទាំង៥នាក់​នោះ នៅ​ថ្ងៃទី ០៣ ខែវិច្ឆិកា បន្ទាប់ពី​រកឃើញ​វិជ្ជមាន​ជំងឺ​កូ​វីដ ១៩ លើ​ព​ពលករ​​ខ្មែរ​យើង​ម្នាក់។ ចំណែក​ជនរងគ្រោះ​ទាំង ៨ នាក់ ត្រូវ​បាន​ក្រុម​ជួយសង្គ្រោះ​បញ្ជូន​ទៅកាន់ មន្ទីរពេទ្យ​ Somdej Phra Yupparat ក្នុង​ខេត្ត Sa Kaeo ដើម្បី​ពិនិត្យ​និង​ព្យាបាល​របួស»។

នៅក្នុង​របាយ​ការណ៍​ព័ត៌មាន​បឋម​នោះ អាជ្ញាធរ​ថៃ មិនបាន​បញ្ជាក់​អំពី​អត្តសញ្ញាណ​នៃ​ជនរង​គ្រោះ​នោះទេ ប៉ុន្តែ​បាន​បញ្ជាក់​​​ពី​មូលហេតុ​នៃ​គ្រោះថ្នាក់​ចរាច​ណ៍​នោះ​ថា​ បណ្ដាលមកពី​រថយន្ត​បែក​កង់ និង​បើកបរ​ក្នុង​ល្បឿន​លឿន ខ្វះ​ការប្រុង​ប្រយ័ត្ន។

ជុំវិញ​ករណីនេះ​ផង​ដែរ បណ្ដាញ​សារព័ត៌មាន​ក្នុងប្រទេស​​ថៃ បាន​រាយការណ៍​ថា ពលករ​បរទេស [ខ្មែរ] រងគ្រោះ​ទាំងនោះ បានធ្វើ​ដំណើរ​ពី​ស្រុក​បាណន់ ខេត្តបាត់ដំបង តាមរយៈ​មេខ្យល់​ជា​ជនជាតិខ្មែរ​ម្នាក់ ដែលមាន​ទំនាក់​ទំនង​ជាមួយ​អ្នក​បើក​បរ​​រថយ​ន្ត​ជនជាតិ​ថៃ​ឈ្មោះ Pravit Chansawang អាយុ​៣៩​ឆ្នាំ​នៅ​ខេត្ត Chhayaphum ដែល​បាន​ស្លាប់​នៅក្នុង​ហេតុ​ការណ៍​គ្រោះថ្នាក់​ចរា​ចរណ៍​នេះ។

បណ្ដាញ​សារ​ព័ត៌មាន​​​ថៃ​ទាំង​នោះ បាន​អះអាងថា ពលករ​ខ្មែរ​ម្នាក់​ ក្នុងចំណោម ៨ នាក់ ដែល​រងរបួស​នោះ បាន​និយាយ​ថា ពួកគេ​បាន​លួច​ឆ្លងដែន​ដោយ​ខុសច្បាប់​ ចូលមកក្នុង​ប្រទេស​ថៃ តាមរយៈ​មេខ្យល់​ម្នាក់​ជា​ជនជាតិខ្មែរ ដើម្បី​ទៅធ្វើ​ការ​នៅ​ខេត្ត Chachoengsao, ខេត្ត Chonburi, ខេត្ត​ Rayong និង ក្នុង​ទីក្រុង​ Bangkok។ ករណីនេះ អាជ្ញាធរខេត្ត​ស្រះកែវ កំពុង​បន្តធ្វើ​ការស្រាវជ្រាវ​បន្ត។

ក្រុមការងារ​អគ្គ​កុងស៊ុល​ខ្មែរ​ប្រចាំខេត្ត Sakeao ប្រទេស​ថៃ មិនអាច​ទាក់ទង​ស្នើសុំ​ការអត្ថា​ធិប្បាយ​បានទេ​នៅ​​ល្ងាច​ថ្ងៃទី ​០៣ ខែវិច្ឆិកា៕