ភ្នំពេញៈលោក​ឧបនា​យករ​ដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​បានស្នើ​ឲ្យ​ក្រសួង​ប្រៃស​ណីយ៍ ​និង​ទូរគម​នាគមន៍​​ផ្ដល់​សេវា​អ៊ីន​ធឺ​ណិ​ត​តាម​ខ្សែ​កា​ប ដើម្បី​ត​ភ្ជាប់​ឧបករណ៍​ត្រួត​ពិនិត្យ​ល្បឿន​អចល័ត​ចំនួន​ ២០ ​គ្រឿងនៅលើ​ទីតាំង​ចំនួន ១០ ​ស្ថិតនៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ ​៣ ចាប់ពី​រង្វង់​មូល​ចោម​ចៅ​ដល់​ក្រុង​កំពត។

យោង​តាម​លិខិត​ជម្រាបជូន លោក ជា វ៉ាន់ដេ​ត រដ្ឋមន្ត្រីក្រ​សួងប្រៃ​សណីយ៍ ​និង​ទូរគមនា​គមន៍​ចុះ​ថ្ងៃទី ២៦ ខែ​ តុលា ឆ្នាំ២០២១ ដែល​ភ្នំពេញ​ប៉ុស្តិ៍​ទទួល​បាន​នៅ​ថ្ងៃទី ៣ ខែ វិច្ឆិកា ឆ្នាំ ២០២១ លោក​ ស ខេង បាន​បញ្ជាក់ថា ដើម្បី​រួមចំ​ណែក​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​​ផ្លូវគោកដែល​បង្កដោយ​ការបើកបរ​ល្មើស​ល្បឿន​កំណត់ អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ​សហការ​ជាមួយ​ក្រសួង​សាធារណ​ការ និង​ដឹកជញ្ជូន​កំពុង​បំពាក់​ឧបករណ៍​​ត្រួតពិនិត្យ​ល្បឿន​អចល័ត​ចំនួន ២០ គ្រឿ​ង លើ ១០​ ទីតាំង តាម​បណ្តោយ​ផ្លូវជាតិ​លេខ​ ៣ ចាប់ពី​រង្វង់​មូល​ចោមចៅ ដល់​ក្រុង​កំពត ​ដែល​ស្ថិតនៅ​ចំណុច​គីឡូម៉ែត្ រ​១៨ គីឡូ​ម៉ែត្រ​៣៣ គីឡូ​ម៉ែត្រ ៤​៣ គីឡូ​ម៉ែត្រ ៧៤ គីឡូម៉ែត្រ ៨៦ គីឡូម៉ែត្រ ១០២ គីឡូម៉ែត្រ ១០៩ គីឡូ​ម៉ែត្រ ១៣៤ គីឡូ​ម៉ែត្រ​ ១៥១ ​និង​គីឡូ​ម៉ែត្រ​ ១៦។​

លោក​បាន​បញ្ជាក់​ថា៖ «ឧប​ករណ៍​ត្រួតពិនិត្យ​ល្បឿន​​អចល័ត​ទាំងនេះ ​ត្រូវការ​ជា​ចាំបាច់​នូ​វ​សេវា INTERNET ដើម្បី​ធ្វើការ​បញ្ជូន​រូបភាព​យាន​យន្ត​ល្មើស​ដែល​ថត​បាន​នៅតាម​ទីតាំងនី​មួយៗ​មកកាន់​មជ្ឈមណ្ឌល​បញ្ហា​តាំងនៅ​អគ្គស្នង​ការដ្ឋាន​នគរ​បាល​ជាតិ ដើម្បី​ចាត់​ការ​បន្ត​តាម​នីតិ​វិធី​ច្បាប់»​។

យោង​តាម​របាយ​ការណ៍​របស់​គណៈ​កម្មាធិ​ការ​ជាតិ​សុវត្ថិ​ភាព​ចរាចរ​ណ៍​ផ្លូវគោក ​ដែល​បានចេញ​ផ្សាយ​កាល​ពីពេលថ្មី​ៗនេះ​ បាន​បង្ហាញ​ថា គ្រោះថ្នាក់​ចរាចរ​ណ៍​ទូទាំង​ប្រទេស​ក្នុង​ខែតុលា​ឆ្នាំ ២០២១​ នេះ បាន​កើត​ឡើង​ចំនួន​ ២៤៣ លើក​ បើ​ធៀប​ទៅ​នឹង​ខែ​កញ្ញា​ មាន​ការ​កើន​ឡើង​ចំនួន​ ២៣ ​លើក​ស្មើនឹង ១​០ ភាគរយ។ស្រដៀង​គ្នា​នេះ​ចំនួន​អ្នករង​របួស​មាន​ចំនួន៣៤០នាក់​កើនឡើ​ង​ជាង​ខែកញ្ញា​ចំនួន ៦៦ នាក់​ ស្មើនឹង ២៤ ភាគរយ និងអ្ន​កស្លាប់​មាន​ចំនួន​ ១៤០ ​នាក់ កើនឡើង​ជាង​ខែកញ្ញា​ចំនួន២១​នាក់​ស្មើនឹង​ ១៨ ភា​គរយ​។

ក្នុង​របាយ​ការណ៍​នោះ មន្ត្រី​នគរ​បាល​ជំនាញ​ផ្នែក​ប្រតិ​បត្តិ​បាន​កត់​សម្គាល់ថា​ កំណើន​គ្រោះថ្នាក់​ចរាច​រណ៍​ កំណើន​អ្នករង​របួស​និង​អ្នក​ស្លាប់​នា​ខែតុលា​ កន្លង​មកនេះ ​គឺ​ដោយ​សារ​កំណើន​សម្ទុះ​ធ្វើចរាចរ​ណ៍ឡើងវិញ​ ​បន្ទាប់ពី​សភាព​ធូរស្រាល​នៃ​ជំងឺកូ​វីដ ១៩ ហើយ​មូល​ហេតុ​កំណើន​គ្រោះថ្នាក់​​ស្លាប់​និង​របួស​នេះ គឺ​បណ្តាល​មកពី​ការបើក​បរ​លឿន​មាន​ចំនួន ៣៨​ ភាគរ​យ ការមិន​គោរព​សិទ្ធិ មាន​ចំនួន​ ២៧​ ភាគរយ​ ការមិន​ប្រកាន់​ស្តាំ​មាន​ចំនួន​ ១៦​ ភាគរយ ​ជាមួយ​ការបត់ កា​រ​ជែង​និង​ការបើ​កបរ​ក្នុងស្ថា​នភាព​​ស្រវឹង។

ទោះជា​យ៉ាង​ណាក៏ដោយ​ ​អត្រា​គ្រោះថ្នាក់​ចរាចរណ៍​ក្នុ​ង​ខែតុលា​ ឆ្នាំ ២០២១ នេះ​ បើ​ប្រៀបធៀប​​ទៅនឹង​ខែតុលា ​ឆ្នាំ​ ២០២០ គឺមាន​ការ​ថយ​ចុះ​តិចតួច ​ប៉ុន្តែ​ចំនួន​អ្នក​ស្លាប់​បាន​កើន​ឡើង ​២៩ នា​ក់​ស្មើ​នឹង​ ២៦​ ភាគរយ៕