ភ្នំពេញៈ លោក ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន និង​កីឡា នៅ​ថ្ងៃទី ៣ វិច្ឆិកា បានស្នើ​ដល់​គណៈ​គ្រប់គ្រង​គ្រឹះស្ថានសិ​ស្សា​ទាំងអស់ ​ត្រួតពិនិត្យ​បណ្ណ​ចាក់​វ៉ាក់សាំង របស់​សិស្សានុសិស្ស​តែ​ម្តងគត់ គឺ​នៅ​ថ្ងៃ​ចូលរៀន​ដំបូង​ បន្ទាប់ពី​គ្រឹះស្ថានសិក្សា​បើក​ដំណើរការ​ឡើងវិញ។

ការស្នើនេះ​ធ្វើឡើង បន្ទាប់ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​សារ​ពិសេស នៅ​ថ្ងៃទី ២ វិច្ឆិកា សូម​ឱ្យ​ក្រសួង​អប់រំ មាន ការ​ពិចារណា ចំពោះ​ការប្រើប្រាស់​បណ្ណ​ចាក់​វ៉ាក់សាំង​ថតចម្លង ហើយ​រក្សា​បណ្ណ​ច្បាប់ដើម​ទុក​នៅផ្ទះឱ្យមាន​​សុវត្ថិភាព ចំណែក​បណ្ណ​ថតចម្លង​ គឺ​សម្រាប់​ឱ្យ​សិស្សានុ​សិស្ស​យកទៅ​បង្ហាញ​នៅពេល​ចូលរៀន។ ការធ្វើ​ដូច​ច្នេះ ​ដើម្បី​ចៀស​​វាង​ការបាត់បង់​ ឬ​ខូចខាត​បណ្ណ ។

លោកនាយក​រដ្ឋមន្ត្រី​ថ្លែងថា៖ «យើង​អាច​ថតចម្លង​ជាស​ខ្មៅ ឬ​ជា​ពណ៌ ដោយ​សូមឱ្យ​លោកគ្រូ​អ្នកគ្រូ សាលានីមួយៗជួយ​រៀបចំ​ថតចម្លង គ្រួសារ​នីមួយៗ ដែលមាន​លទ្ធភាព​ថត ក៏​សូម​ថត ហើយ​ក្នុងករណី ដែល​គ្រួសារ​ពុំមាន​លទ្ធភាព​ថ​ត​ទេ អាច​ឱ្យសាលា​ជួយ​ថត​សម្រាប់​ឱ្យ​សិស្ស​ប្រើប្រាស់​នូវ​កាត​ចាក់​វ៉ាក់សាំង​នេះ»។

លិខិត​របស់ លោក ហង់​ជួន ណា​រ៉ុន បាន​ប្រាប់​​ប្រធាន​មន្ទីរអប់រំ យុវជន និង​កីឡា រាជធានី​-ខេត្ត នៅ​ថ្ងៃទី ៣ វិច្ឆិកាថា ចាប់ពី​ថ្ងៃទី ១ វិច្ឆិកា ឆ្នាំ ២០២១ តទៅ ក្រសួង​បានអនុញ្ញាតឱ្យ​បើក​ដំណើរការ​ឡើងវិញ គ្រឹះស្ថានសិក្សា​ចំណេះ​ទូទៅ​គ្រប់​កម្រិត គ្រឹះស្ថាន ឧ​ត្ត​មសិ​ក្សា ទាំង​សាធារណៈ និ​ងឯក​ជន។

ដោយ​សង្កេតឃើញថា នៅតាម​គ្រឹះស្ថានសិក្សា មួយចំនួន​ បាន​តម្រូវ​ឱ្យ​សិស្សានុសិស្ស ​ដាក់​តាម​ខ្លួន នូវ​បណ្ណ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ ១៩ ជាពិសេស​កុមារតូចៗ ដែល​មិនទាន់​ចេះ ថែទាំ​បណ្ណ ជាហេតុ​អាច​បណ្តាល​ឱ្យ​ខូចខាត ឬ​បាត់បង់​បណ្ណ។

លោក​​ថ្លែងថា៖ «ក្រសួង​ស្នើ​គណៈ​គ្រប់គ្រង​គ្រឹះស្ថាន​សិ​ស្សា​ទាំងអស់ ត្រួតពិនិត្យ​បណ្ណ​ចាក់​វ៉ាក់សាំង របស់​សិស្សានុសិស្ស តែម្តង​គត់​ នៅ​ថ្ងៃ​ចូលរៀន​ដំបូង​ បន្ទាប់ពី​គ្រឹះស្ថានសិក្សា​ បើក​ដំណើ​រការ​ឡើងវិញ។ នៅ​ថ្ងៃ​បន្តបន្ទាប់ មិនចាំបាច់​ត្រួត​ពិនិត្យ ឬ​តម្រូវ​ឱ្យ​សិស្សានុសិស្ស បង្ហាញ​បណ្ណ​ចាក់​វ៉ាក់សាំង​ទៀត​ទេ លើកលែង​ករណី ចាំបាច់ សិស្សានុសិស្ស​អាច​បង្ហាញ ច្បាប់​ចម្លង​ជាការ​ស្រេច» ។

ជាមួយគ្នានេះ​ លោក​​រដ្ឋមន្ត្រីក្រសួង​អប់រំ​បញ្ជាក់ថា ត្រូវ​ណែនាំ​ដល់​សិស្សានុសិស្ស ឱ្យ​ចេះ​ថែរក្សា​បណ្ណ​ចាក់​វ៉ាក់សាំង ឱ្យបាន​ត្រឹមត្រូវ​នៅតាម គេហដ្ឋានរៀងៗខ្លួន ហើយ​​ត្រូវ​ថតចម្លង​បណ្ណ​ចាក់​វ៉ាក់សាំង​មួយ​សន្លឹក​ដាក់​តាម​ខ្លួន​ជាប្រចាំ។

លោក​បញ្ជាក់​ថា៖ «សូម​លោក លោកស្រី ប្រធាន​មេត្តា​ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំទូលាយ​ ដល់​គ្រឹះស្ថានសិក្សា​សាធារណៈ និង​ឯកជន ក្នុងការ​ណែនាំ សិស្សានុសិស្ស ឱ្យ​ចេះ​ថែរក្សា និង​ប្រើប្រាស់​បណ្ណ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ ១៩ តាម​ការគួរ» ៕