ភ្នំពេញៈ រដ្ឋបាល​រាជធានី​ភ្នំពេញ​ក្រើនរំឭក​ដល់​អ្នកជំងឺ​កូវីដ​ ១៩ ​កម្រិត​ស្រាល ដែល​កំពុង​សម្រាក​ព្យាបាល​នៅតាម​ផ្ទះ ត្រូវ​ទុកដាក់​សំរាម​ឱ្យបាន​ត្រឹមត្រូវ មុននឹង​បញ្ចេញ​ទៅខាង​ក្រៅ ខណៈ​អ្នកជំងឺ​កូវីដ​ភាគច្រើន បាននិង​កំពុង​សម្រាក​ព្យាបាល ថែទាំ​នៅតាម​ផ្ទះ​។

លោក​ ឃួង ស្រេង អភិបាល​រាជធានី-ភ្នំពេញ​បាន​ក្រើនរំឭក​ដូចនេះ​កាលពី​ថ្ងៃទី​ ២ វិច្ឆិកា បន្ទាប់ពី​ថ្មីៗ​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ​សង្កេតឃើញ​មាន​ប្រជាពលរដ្ឋ​មួយចំនួន​ធំ អនុវត្ត​តាម​ការណែនាំ​របស់​រដ្ឋបាល​រាជធានី-ភ្នំពេញ​បានល្អ​ប្រសើរ ប៉ុន្តែ​នៅមាន​ពលរដ្ឋ​មួយចំនួន​តូច​ទៀត នៅ​ពុំទាន់​អនុវត្ត​បានល្អ​នៅឡើយ​។

លោក​បញ្ជាក់ថា​៖ «​រដ្ឋបាល​រាជធានី-ភ្នំពេញ​សូម​ធ្វើការ​ក្រើនរំឭក​ជាថ្មី​ម្តងទៀត​ដល់​អ្នកជំងឺ​កូវីដ​ ១៩ កម្រិត​ស្រាល ដែល​សម្រាក​ព្យាបាល ថែទាំ នៅតាម​ផ្ទះ ត្រូវ​ទុកដាក់​សំរាម​នៅក្នុង​ស្បោង​ឱ្យ​បាន​ត្រឹមត្រូវ និង​ដាច់​ដោយឡែក​ពី​សំរាម​របស់​អ្នក​ផ្សេងទៀត​»​។

លោក​ ឃួង ស្រេង បាន​បន្ថែមថា ត្រូវធ្វើ​ការបាញ់​ថ្នាំ ឬ​អាល់កុល​សម្លាប់​មេរោគ​កូវីដ​ ១៩ នៅលើ​សំរាម​ទាំង​ក្នុង និង​ខាងក្រៅ​ស្បោង ហើយ​ត្រូវ​ទុកដាក់​សំរាម​ដាច់ដោយឡែក​លើស​ពី​ ៧២ ​ម៉ោង ទើប​អាច​បញ្ចេញ​មក​ខាងក្រៅ​បាន​។

មួយវិញ​ទៀត សំរាម​របស់​អ្នកជំងឺ​កូវីដ​ ១៩ ត្រូវដាក់​ក្នុង​ស្បោង​ពណ៌លឿង ឬ​សរសេរ​ស្លាក​សញ្ញា​បញ្ជាក់​នៅលើ​ស្បោង​ ដើម្បី​ងាយស្រួល​ក្នុង​ការប្រមូល ហើយ​ត្រូវ​ប្រើប្រាស់​ស្បោង​សំរាម​ដែល​មាន​ចំណុះ​ ១៥ ​គីឡូក្រាម ដើម្បី​ផ្ទុក​បរិមាណ​សំរាម​ឱ្យ​បាន​រយៈពេល​ ៥ ​ថ្ងៃ​យ៉ាងតិច ដើម្បី​ចៀសវាង​បញ្ចេញ​សំរាម​រៀងរាល់ថ្ងៃ​។

លោក​អភិបាល​បញ្ជាក់ថា​៖ «​ក្នុងករណី​ដែល​អ្នកជំងឺ​មិន​សហការ និង​មិន​អនុវត្តតាម​ការណែនាំ​នេះ ហើយ​បង្កឱ្យមាន​ការឆ្លង​ជំងឺ​កូវីដ​ ១៩ ​ដល់​អ្នកដទៃ បុគ្គល​ដែល​ប្រព្រឹត្ត​ត្រូវ​ទទួល​ខុសត្រូវ​តាម​មាត្រា​ទី​ ៩ នៃ​ច្បាប់​ស្តីពី​វិធានការ​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូវីដ​ ១៩ និង​ជំងឺ​កាចសាហាវ និង​ប្រកប​ដោយ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ផ្សេងទៀត​»​។

មាត្រា​ ៩ ​នៃ​ច្បាប់​នេះ​បាន​ចែងថា អំពើ​ចម្លង​ដោយ​ចេតនា​នូវ​ជំងឺ​កូវីដ​ ១៩ ​ដល់​អ្នកដទៃ​តាម​គ្រប់​មធ្យោបាយ​ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី​ ៥ ​ឆ្នាំ ទៅ​ ១០ ​ឆ្នាំ និង​លិខិតបទដ្ឋាន​ពាក់ព័ន្ធ ដែល​មាន​ជា​ធរមាន​។

ដោយឡែក​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បានលើកឡើង​នៅ​ថ្ងៃទី​ ១ ខែវិច្ឆិកា​ថា អ្នកជំងឺ​កូវីដ​ ១៩ ​កម្រិត​ស្រាល​ដែល​សម្រាក​ព្យាបាល​នៅតាម​ផ្ទះ​មាន​ច្រើនជាង​សម្រាក​ព្យាបាល​នៅតាម​មន្ទីរពេទ្យ​។

លោក​លើកឡើង​ពី​ស្ថានភាព​នៃ​ជំងឺ​ឆ្លង​រាលដាល​កូវីដ​ ១៩ ថា ទិន្នន័យ​នៃ​អ្នកជំងឺ​កូវីដ​ ១៩ ​ចូល​ថ្មី ដែល​បាន​ចុះ​បញ្ជី​រាយការណ៍ ដោយ​អាជ្ញាធរ​មាន​សមត្ថកិច្ច សរុប​មាន​ការកើនឡើង​ជា​មធ្យម ៧៧% ក្នុងអំឡុងពេល​ប្រមាណ ១២ ​ថ្ងៃ ក្រោយពី​ភ្ជុំបិណ្ឌ​។

លោក​បញ្ជាក់ថា​៖ «​ប៉ុន្តែ​ការកើនឡើង​នេះ​បាន​ថយ​ចុះមក​នៅត្រឹម​ជា​មធ្យម ២៥% នៅក្នុង​អំឡុងពេល ៥ ​ថ្ងៃ​ចុងក្រោយ ដែល​ក្នុងនោះ​មួយចំនួន​អ្នកចូល​ថ្មី ដែល​សម្រាក​ព្យាបាល​នៅផ្ទះ​បាន​កើនឡើង​ពី ១៤% ដល់ ២៣%​។ អ៊ីចឹង​បាន​សេចក្ដី​ថា ចំនួន​វា​ឆ្លង ក៏ប៉ុន្តែ​ការចូល​ព្យាបាល​នៅ​ពេទ្យ​តិច ក៏ប៉ុន្តែ​អ្នក​ព្យាបាល​នៅតាម​ផ្ទះ​ច្រើន​»​។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បន្ថែមថា ចំនួន​អ្នក​ចូល​ថ្មី​ដែល​សម្រាក​ព្យាបាល​នៅតាម​មណ្ឌល​ព្យាបាល​បាន​ថយចុះ​ពី​ ៥៩% មក​នៅ ៥២%​។ ចំណែក អ្នកជំងឺ​ថ្មី ដែល​ចូល​សម្រាក​ព្យាបាល​នៅតាម​មន្ទីរពេទ្យ​បាន​ថយចុះ​ពី​ ២៧% មក ២៥% នៃ​ចំនួន​អ្នកជំងឺ​អ្នក​ចូលថ្មី​សរុប​នៅ​ទូទាំងប្រទេស​។

លោក​ថ្លែងថា​៖ «​អ៊ីចឹង​បានសេចក្ដីថា អត្រា​អ្នក​ព្យាបាល​នៅតាម​ផ្ទះ​កើន អ្នក​ចូល​មន្ទីរពេទ្យ​ថយ​»​។

ជាមួយ​គ្នា​នេះ​លោក​ ហ៊ុន សែន ក៏បាន​ណែនាំ​ឱ្យមាន​ការពង្រឹង​សមត្ថភាព​ព្យាបាល​កូវីដ ដើម្បី​កាត់បន្ថយ​ចំនួន​អ្នកស្លាប់​ដោយ​ត្រូវ​ពង្រឹងសមត្ថភាព​មន្ទីរពេទ្យ​ខេត្ត និង​មន្ទីរពេទ្យ​តាម​ភូមិភាគ​។

លោក​បញ្ជាក់ថា​៖ «​យើង​បញ្ចេញ​កម្លាំង ទាំង​ក្រសួង​សុខាភិបាល ទាំង​បង្កើតឡើង​នូវ​អនុគណៈកម្មការ ដើម្បី​ជួយ​សាងសង់ រៀបចំ​កន្លែង​សម្រាក​ព្យាបាល​រហូតដល់​មាន​កន្លែង​ផលិត​អុកស៊ីហ្ស៊ែន​នៅតាម​ខេត្ត​ទៀត​។ ប៉ុន្តែ កុំ​ផ្អែក​ទៅ​លើ​ថា ដោយសារ​កន្លែង​ពេទ្យ​មាន​ច្រើន បែរជា​នាំគ្នា​ខ្វះ​ការប្រយ័ត្ន ធ្វេសប្រហែស​លើ​វិធានការ ៣​កុំ ៣​ការពារ​ឱ្យសោះ​»​។

ទាក់ទង​នឹង​ការពង្រឹង​សមត្ថភាព​ពេទ្យ​នេះដែរ លោកស្រី​ ឱ វណ្ណឌីន អ្នកនាំពាក្យ​ក្រសួងសុខាភិបាល និង​ជា​ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ចចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ​ក្នុង​ក្របខ័ណ្ឌ​ទូទាំង​ប្រទេស​បាន​ថ្លែង​កាលពី​ថ្ងៃទី​ ២ វិច្ឆិកា​ថា ការពង្រឹង​សមត្ថភាព​ព្យាបាល​បន្ថែមទៀត​នៅតាម​មន្ទីរពេទ្យ ពិសេស​ផ្នែក​សង្គ្រោះបន្ទាន់​ក្នុង​ពេល​បើក​ប្រទេស​ឡើងវិញ​នេះ គឺជា​ការចាំបាច់​បំផុត​។

លោកស្រី​ថ្លែងថា​៖ «​អ្វីដែល​សម្តេចតេជោ​លើកឡើង​នេះ​គឺ​ល្អឥតខ្ចោះ និង​ចំ​ចំណុច​បច្ចេកទេស​ដែល​ចាំបាច់​ណាស់​ក្នុង​ដំណាក់កាល​នេះ​ដែល​យើង​ត្រូវតែ​ពង្រឹង​បន្ថែមទៀត​នូវ​សមត្ថភាព​របស់​គ្រូពេទ្យ​របស់​យើង​ ដើម្បី​ជួយសង្គ្រោះ​បងប្អូន​ប្រជាពលរដ្ឋ​នៅពេល​ដែល​គាត់​ឆ្លង​ជំងឺ​កូវីដ​ ១៩»៕