មណ្ឌលគិរីៈ ក្រុមការងារ​ជំនាញ​ក្រសួងបរិស្ថាន បាន​បញ្ចប់​​បេសកកម្ម​ចុះ​ពិនិត្យ​ផ្ទៃដី​ជាង​ ១ ​ម៉ឺនហិកតា នៅ​ខេត្ត​មណ្ឌលគិរី ប៉ុន្តែ​នៅ​សិក្សា​ផ្នែក​បច្ចេកទេស​បន្តទៀត មុននឹង​ជូន​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​ពិនិត្យ និង​សម្រេច​ចុះបញ្ជី​លក្ខណៈ​ជា​ប្រព័ន្ធ​ជូន​ពលរដ្ឋ​ដែល​កំពុង​រស់នៅ​អាស្រ័យផល​ឱ្យមាន​សិទ្ធិ​កាន់កាប់​ស្របច្បាប់​។

កាលពី​ថ្ងៃទី​ ១៤ ​តុលា ក្រសួង​​បរិស្ថាន​បាន​ចាត់​ឱ្យ​លោក ​សូខន ឫទ្ធីគុណ រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​ដឹកនាំ​ក្រុម​ការងារ​ជំនាញ​ចុះ​ពិនិត្យ​សំណើ​ទាំង​ ៦ ​ចំណុច​របស់​រដ្ឋបាលខេត្ត​នេះ ដែលមាន​ផ្ទៃដី​សរុប​ជាង​ ១ ​ម៉ឺន​ហិកតា​ចាប់ពី​ថ្ងៃទី​ ១៨ ដល់​ថ្ងៃទី​ ២២ ខែតុលា​។

លោក នេត្រ ភក្ត្រា អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ២ វិច្ឆិកា​ថា ក្រុមការងារ​បរិស្ថាន​បាន​ចុះអនុវត្ត​ការងារ​តាម​ផែនការ​រួចហើយ ដោយបាន​ពិនិត្យ​ និង​ប្រមូល​ព័ត៌មាន​មួយចំនួន​លើ​ផ្ទៃដី​ទាំងនេះ​ដើម្បី​ពិនិត្យ​ជា​លក្ខណៈ​បច្ចេកទេស​បន្ថែមទៀត​។

លោក​បាន​បន្តថា​៖ «​ក្រោយ​ពីនេះ​ក្រុមការងារ​បាន​ពិនិត្យ​ចប់សព្វគ្រប់​នឹងដាក់​របាយការណ៍​​ទាំងនេះ​ទៅ​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ដើម្បី​សម្រេច​តាម​សំណើ​របស់​រដ្ឋបាលខេត្ត​មណ្ឌលគិរី​ដែល​បានស្នើ​មក​ក្រសួង​»​។

តាម​លិខិត​បេសកកម្ម​របស់​ក្រសួងបរិស្ថាន​បានឱ្យដឹងថា​ទីតាំង​ដី​ទាំង​ ៥ ​ទីតាំង​នេះ គឺ​មាន​ករណី​ផ្ទៃដី​ទំហំ​ ៦០០ ​ហិកតា​ដោះស្រាយ​ផលប៉ះពាល់​ជូន​ប្រជាពលរដ្ឋ​ពី​គម្រោង​អាកាសយានដ្ឋាន ករណី​ផ្ទៃដី​ទំហំ ១ ៧៨៩,៤៨ ​ហិកតា ភូមិ​ពូឆប ឃុំ​ដាក់ដាំ ស្រុក​អូររាំង​។

ចំណែក​ករណី​ផ្ទៃដី​ទំហំ​ ៥ ០៧៥,៤៩ ​ហិកតា នៅ​ភូមិ​ពូលូង ឃុំ​រមនា ក្រុង​សែនមនោរម្យ ករណី​ផ្ទៃដី​ទំហំ​ ៥៦៩៦,៥០ ​ហិកតា នៅ​ភូមិ​ពូហ្សាម ឃុំ​សែនមនោរម្យ ស្រុក​អូរាំង និង​ករណី​ទីតាំង​កាត់​ឆ្វៀល​ដី​ចំនួន​ ៤ ​ប្លង់​ស្ថិត​ក្នុងភូមិ​ពូក្រូច ឃុំ​ស្រែអំពូម ស្រុក​ពេជ្រាដា ខេត្តមណ្ឌលគិរី​។ ​នេះ​បើ​យោងតាម​លិខិត​ខាងលើ​។

លោក ស៊ន សារុន អ្នកនាំពាក្យ​សាលាខេត្ត​មណ្ឌលគិរី​បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍ ​នៅ​ថ្ងៃទី​ ២ វិច្ឆិកា​ថា ការចុះ​របស់​មន្ត្រី​ក្រសួងបរិស្ថាន គឺធ្វើឡើង​តាមរយៈ​រដ្ឋបាលខេត្ត ហើយក៏​បាន​បំពេញបេសកកម្ម​ចប់​រួចរាល់​លើ​ទីតាំង​ដី​ដែល​បានស្នើ​ចុះ​​មក​ពិនិត្យ​រួចរាល់​ផងដែរ​។

សម្រាប់​កិច្ចការ​បន្ត​របស់​រដ្ឋបាល​ខេត្ត លោក ស៊ន សារុន បាន​អះអាងថា ថ្នាក់​ខេត្ត​នៅតែ​រង់ចាំ​លទ្ធផល​ដែល​សម្រេច​ពី​ក្រសួងបរិស្ថាន ដើម្បី​បន្ត​កិច្ចការ​តាម​នីតិវិធី​រដ្ឋបាល​តែប៉ុណ្ណោះ ដោយ​លោក​អះអាងថា បើ​មានការ​សម្រេច​ក្នុង​កម្រិត​ណាមួយ រដ្ឋបាលខេត្ត​នឹង​​អនុវត្ត​ក្នុង​កម្រិត​នោះ ហើយ​បន្ត​អនុវត្តតាម​នីតិវិធី​នៃ​ការចង្អុលបង្ហាញ​នៅ​ចំពោះមុខ​ដែល​​ក្រសួងបរិស្ថាន​បានដាក់​ចេញ​។

លោក​បាន​បញ្ជាក់ថា​៖ «​យើង​មិនទាន់​ថា ការសម្រេច​របស់គាត់​ជាក់លាក់ មិន​ជាក់លាក់​កម្រិតណា ព្រោះ​ស្ថិតក្នុង​ដែន​សមត្ថកិច្ច​របស់គាត់​។ ប៉ុន្តែ​ដោយសារ​តែ​យើង​យល់ថា ការងារ​នេះ​គឺ​បម្រើឱ្យ​ផលប្រយោជន៍​រួម​​បាន​យើង​ស្នើ​ឡើងទៅ ជាពិសេស​សម្រាប់​ប្រជាពលរដ្ឋ​ដែល​​គាត់​មាន​វិសាលភាព​ធំ​ជាង​»​។

សូមជម្រាបថា ការ​កាត់​ផ្ទៃដី​ជាង​ ១ ​ម៉ឺន​ហិកតា​នេះ គឺ​ក្រៅពី​ស្នើឱ្យ​ក្រសួង​ចុះមក​ពិនិត្យ​វាយតម្លៃ​ដើម្បី​សម្រេច​ក៏មាន​តំបន់​ខ្លះ​ត្រូវ​ស្នើ​ទៅ​ក្រសួង​ពាក់ព័ន្ធ​ដទៃទៀត​ដើម្បី​ចុះ​សិក្សា​ជាក់ស្តែង​ផងដែរ ព្រោះ​តំបន់​មួយចំនួន​ស្ថិតក្រោម​ដែន​សមត្ថកិច្ច​ខុសៗ​គ្នា​។ នេះ​បើតាម​ការអះអាង​របស់​លោក ស៊ន សារុន​៕