ភ្នំពេញៈ និស្សិត​ខ្មែរ ៤ ​រូប ​ទទួលបាន​អាហារូបករណ៍​សិក្សា​រយៈពេល ៥ ​ឆ្នាំ​លើ​មុខវិជ្ជា​មេកានិច​យន្តហោះ នៅ​ប្រទេស​រុស្ស៊ី ហើយ​គ្រោង​នឹងធ្វើ​ដំណើរ​ទៅ​បន្ត​ការសិក្សា​នៅ​ចុង​ឆ្នាំនេះ ខណៈ​លេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល​សម្លឹង​ឃើញថា ពួកគេ គឺជា​ធនធាន​កម្រ​ក្នុង​ការចូលរួម​អភិវឌ្ឍ​វិស័យ​អាកាសចរណ៍​នៅ​កម្ពុជា ដែល​កំពុង​ខ្វះខាត​។

កាលពី​ថ្ងៃទី​ ២ វិច្ឆិកា លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រី​ទទួល​បន្ទុក​រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល បាន​ជួបពិភាក្សា​ជាមួយ​តំណាង​សមាគមនិស្សិត​ខ្មែរ​ប្រចាំ​ប្រទេស​រុស្ស៊ី និង​និស្សិត​ទាំង​ ៤ ​រូប​ ដែល​ទើបបាន​ទទួល​អាហារូបករណ៍​លើ​មុខវិជ្ជា​មេកានិច​យន្តហោះ​ (​សំដៅលើ​តួ និង​ម៉ាស៊ីន​យន្តហោះ​)​។

លោក ម៉ៅ ហាវណ្ណាល់ បាន​ចែករំលែក​បទពិសោធ និង​ធ្វើ​ការណែនាំ​ដល់​និស្សិត​ទាំងអស់​ឱ្យ​ខិតខំ​សិក្សា សង្វាត​រៀនសូត្រ និង​ក្រេបជញ្ជក់​នូវ​ចំណេះវិជ្ជា​ក្នុង​វិស័យ​អាកាសចរ​ស៊ីវិល​នេះ ជាពិសេស​ចាប់​ឱ្យបាន​នូវ​បច្ចេកវិទ្យា​ថ្មីៗ​ដែល​ទើបតែ​រកឃើញ ក៏ដូចជា​ការខិតខំ​រៀន​ភាសា​អង់គ្លេស ដែលជា​ភាសា​ទី​ ២ ​ឱ្យបាន​ស្ទាត់ជំនាញ​។

លោក​ក៏បាន​ណែនាំ​ដែរ​ថា នៅពេល​បញ្ចប់​ការសិក្សា​បរិញ្ញាបត្រ​ផ្នែក​មេកានិច​យន្តហោះ​នេះ ដើម្បី​ធ្វើការ​ជាមួយ​ក្រុមហ៊ុន​អាកាសចរណ៍ ឬ​ជាមួយ​រដ្ឋ​បាន​និស្សិត​ទាំងអស់​ត្រូវ​សិក្សា​បន្ថែម​យក Type Rating​។ ឧទាហរណ៍​ប្រសិនបើ​គាត់​ធ្វើការ​ជាមួយ​ក្រុមហ៊ុន​ដែល​ប្រើប្រាស់​យន្តហោះ Boeing គាត់​ត្រូវ​រៀន​យក Type Rating របស់ Boeing​។ «​បច្ចុប្បន្ននេះ​រដ្ឋ​យើង​ក៏​ត្រូវការ​អ្នកជំនាញ​ទាំងអស់​នោះមក​ធ្វើការ​ឱ្យ​រដ្ឋ​ផងដែរ ព្រមទាំង​បង្កលក្ខណៈ​ងាយស្រួល​ឱ្យ​គាត់​ឆ្លៀតពេល​ធ្វើការ នៅ​ក្រុមហ៊ុន​អាកាសចរណ៍​នានា តាម​លទ្ធភាព​»​។

លោក​ ស៊ិន ចាន់សេរីវុត្ថា អ្នកនាំពាក្យ​លេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ៣ វិច្ឆិកា​ថា តាម​គម្រោង​និស្សិត​ខ្មែរ ៣ ​រូប​នឹង​ចេញទៅ​បន្ត​ការសិក្សា​នៅ​រុស្ស៊ី នៅ​ចុង​ឆ្នាំនេះ ហើយ​និស្សិត​ ១ ​រូប​ទៀត​នឹង​ចេញទៅ នៅ​ឆ្នាំ​បន្ទាប់​។

លោក​ថា​៖ «​ជា​ការពិត​ណាស់ អាហារូបករណ៍​នេះ​គឺ​ឆ្លងកាត់​ការប្រកួតប្រជែង និង​ការប្រឡងប្រណាំង អ៊ីចឹង​សិស្ស​និស្សិត​ដែល​បាន​ជាប់​នេះ​គឺ​សុទ្ធសឹង​ជ្រើស​ចេញពី​សាលា​ពហុបច្ចេកវិទ្យា​ទាំងអស់ ដែល​ពួកគាត់​មាន​ជំនាញ​ជា​មូលដ្ឋាន​ផ្នែក​មេកានិច​នេះ​។ ម្យ៉ាងទៀត ពួកគាត់ មាន​លក្ខណសម្បត្តិ​ល្អ ទាំង​កាយសម្បទា និង​បញ្ញា​»​។

លោក​បន្តថា​៖ «​កន្លងមក​យើង​ខ្វះ​ធនធាន​មនុស្ស​ដែលមាន​ជំនាញ​ក្នុង​ផ្នែក​មេកានិច​យន្តហោះ​នេះ​។ កន្លងមក យើង​មាន​កម្រិត​ត្រឹម​បរិញ្ញាបត្ររង និង​បរិញ្ញាបត្រ​តិចតួច​ដូច្នេះ​ពួកគាត់​នេះ បើ​បញ្ចប់​ការសិក្សា​មក​យើង​សង្ឃឹមថា មកវិញ​យើង​នឹង​អាច​ទទួលយក​គាត់ មក​បម្រើ​ការងារ​ក្នុង​វិស័យ​យើង នាពេល​អនាគត​»​។

លោក ណោង រិទ្ធី ប្រធាន​សមាគមនិស្សិត​ខ្មែរ​ប្រចាំ​សហព័ន្ធ​រុស្ស៊ី​បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ៣ វិច្ឆិកា​ថា ការទទួលបាន​អាហារូបករណ៍​របស់​និស្សិត​ខ្មែរ ទៅ​សិក្សា​នៅ​ប្រទេស​រុស្ស៊ី គឺ​បញ្ជាក់​ពី​ការខិតខំ​ប្រឹងប្រែង​របស់​សមាគមនិស្សិត​ខ្មែរ និង​ស្ថាប័ន​ពាក់ព័ន្ធ​ជាពិសេស​និស្សិត​ខ្លួនឯង​ផ្ទាល់​។

ដោយសារតែ​ជំនាញ​នេះ គឺ​កំពុងមាន​ការខ្វះខាត​នៅក្នុង​ប្រទេស លោក​ក៏​រំពឹង​ដែរ​ថា​ពួកគេ​អាច​នឹង​ពាំនាំ​បច្ចេកវិទ្យា និង​បច្ចេកទេស​ទំនើប​មក​បម្រើ​ដល់​ប្រទេសជាតិ​វិញ និង​ជំរុញ​ឱ្យ​វិស័យនេះ​ឱ្យមាន​ការរីកចម្រើន​បន្ថែម​ទៀត​។ ​លោក​ថា​៖ «​គាត់​នឹង​អាច​យក​បទពិសោធ​បច្ចេកទេស​ពី​ប្រទេស​មហាអំណាច​ទាំង​បច្ចេកវិទ្យា យោធា និង​នយោបាយ​មក​អភិវឌ្ឍ​ប្រទេស​កម្ពុជា​ដែល​កំពុង​ត្រូវការ​ធនធាន​មនុស្ស​ទាំងអស់នេះ​»៕