The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ក្រសួង​សុខាភិបាល​អនុញ្ញាត​ឱ្យប្រើ​ឱសថ​គ្រាប់​ប្រភេទ​ Molnupiravir ​ប្រឆាំងនឹង​មេរោគ​កូវីដ​ ១៩ ​ក្នុង​លក្ខខណ្ឌ​បន្ទាន់

ក្រសួង​សុខាភិបាល​អនុញ្ញាត​ឱ្យប្រើ​ឱសថ​គ្រាប់​ប្រភេទ​ Molnupiravir ​ប្រឆាំងនឹង​មេរោគ​កូវីដ​ ១៩ ​ក្នុង​លក្ខខណ្ឌ​បន្ទាន់

Content image - Phnom Penh Post
ឱសថ​គ្រាប់​ Molnupiravir ​របស់​អាមេរិក​ប្រើ​តាម​មាត់​ប្រឆាំង​កូវីដ​ ១៩​។ រូបថត Merck

ក្រសួង​សុខាភិបាល​អនុញ្ញាត​ឱ្យប្រើ​ឱសថ​គ្រាប់​ប្រភេទ​ Molnupiravir ​ប្រឆាំងនឹង​មេរោគ​កូវីដ​ ១៩ ​ក្នុង​លក្ខខណ្ឌ​បន្ទាន់

ភ្នំពេញៈ ក្រសួងសុខាភិបាល​កម្ពុជា​បាន​អនុញ្ញាត​ឱ្យប្រើប្រាស់​ក្នុង​លក្ខខណ្ឌ​បន្ទាន់​នូវ​ឱសថ​ប្រភេទ​ Molnupiravir របស់​អាមេរិក ដែលជា​ប្រភេទ​ឱសថ​គ្រាប់​ប្រើ​តាម​មាត់​ប្រឆាំងនឹង​មេរោគ​កូវីដ​ ១៩ (Antiviral) ដែលមាន​សុវត្ថិភាព និង​ប្រសិទ្ធភាព​ខ្ពស់​ សម្រាប់​ព្យាបាល​ជំងឺ​កូវីដ​ ១៩​។

លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​នៅ​ថ្ងៃទី​ ៣ ខែវិច្ឆិកា បានចេញ​វិញ្ញាបនបត្រ​អនុញ្ញាត​ប្រើប្រាស់​ក្នុង​លក្ខខណ្ឌ​បន្ទាន់​ឱ្យមាន​ការប្រើប្រាស់​ឱសថ Molnupiravir របស់​អាមេរិក​។

លោក​បានលើកឡើង​តាមរយៈ​លិខិត​នេះ​ថា​៖ «​លក្ខខណ្ឌ​នៃ​ការប្រើប្រាស់​ឱសថ​នេះ គឺ​ប្រើតែ​ក្នុងអំឡុងពេល​គ្រោះអាសន្ន​សុខភាព​សាធារណៈ​នៃ​ជំងឺ​កូវីដ​ ១៩ ដែល​កំពុង​កើតមាន​ និង​ជា​ជម្រើស​នៃ​ការព្យាបាល​ដែល​ស្ថិតក្រោម​ការស្រាវជ្រាវ និង​វាយតម្លៃ​»​។

លោក ម៉ម ប៊ុនហេង បាន​បន្តថា ប្រើ​ក្រោម​អាទិភាព​របស់​រាជរដ្ឋាភិបាល​ដូច​មានចែង​ក្នុង​ផែនការ​ដាក់ពង្រាយ​ឱសថ​ជាតិ​បច្ចុប្បន្ន​ និង​ក្រុមមនុស្ស​អាទិភាព​។

លិខិត​ដដែល​នេះ​បាន​បញ្ជាក់ថា នាយកដ្ឋាន​ឱសថ ចំណីអាហារ បរិក្ខារពេទ្យ និង​គ្រឿងសម្អាង នឹង​ដឹកនាំ​អង្គភាព​ពាក់ព័ន្ធ​ដទៃទៀត​ ដើម្បី​អនុវត្ត​ផែនការ​គ្រប់គ្រង​ហានិភ័យ ដោយ​ផ្អែកលើ Risk Management Plan (RMP) ដែល​ផ្តល់​ដោយ​ក្រុមហ៊ុន ឬ​អាច​រកបាន​ពី​អង្គការ​សុខភាព​ពិភពលោក​។

មួយវិញទៀត មណ្ឌល​ព័ត៌មាន​ឱសថ​កម្ពុជា​នៃ​នាយកដ្ឋាន​ឱសថ ចំណីអាហារ បរិក្ខារពេទ្យ និង​គ្រឿងសម្អាង និង អង្គភាព​ពាក់ព័ន្ធ​ដទៃទៀត​ត្រូវ​រាយការណ៍​អំពី​ប្រតិកម្ម​រំខាន និង​តាមដាន​ការប្រើប្រាស់ រួមទាំង​កំណត់ត្រា​លេខឡូត៍​ដែល​បាន​ចែកចាយ​ទៅ​ទីកន្លែង​ព្យាបាល និង​ដែល​បានផ្តល់​ជូន​អ្នកជំងឺ​។

ប្រភព​ដដែល​នេះ បាន​បន្តថា អង្គភាព​ដែលមាន​កាតព្វកិច្ច​អនុវត្ត​ការព្យាបាល​ជំងឺ​កូវីដ​ ១៩ ​ដែល​ប្រើប្រាស់​ឱសថ​សម្រាប់​ព្យាបាល​នេះ ត្រូវ​សហការ​ជាមួយ​អង្គភាព​ដទៃទៀត ដើម្បី​បង្កើន​សមត្ថភាព​គ្រប់គ្រង​គ្លីនិក​ក្នុងការ​ឆ្លើយតប​បន្ទាន់ និង​ទាន់ពេលវេលា​ចំពោះ​ប្រតិកម្ម​រំខាន​បន្ទាប់ពី​ប្រើប្រាស់​ឱសថ​នេះ​។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃទី​ ១ ខែវិច្ឆិកា បានប្រកាស​ឱ្យដឹង​ផងដែរ​ថា កម្ពុជា​កំពុង​ទិញ​ថ្នាំ​សម្រាប់​ការព្យាបាល​ចំនួន ៥ ម៉ឺន​នាក់ ដែលជា​ថ្នាំ​របស់​អាមេរិក​ដែល​ព្យាបាល​ល្អ​ក្នុង​ម្នាក់​តម្លៃ ៥០ ដុល្លារ ដែល​សរុប​ជា​ទឹកប្រាក់​អស់​ ២,៥ ​លាន​ដុល្លារ​។

លោក​បាន​ថ្លែងថា​៖ «​កាលពី​មុន ៧០០ ដុល្លារ​ក្នុង​ម្នាក់ ក្រោយមក​ចុះមក​នៅ ៥០ ដុល្លារ​។ ឥឡូវ​មក​នៅ ៤៦ ដុល្លារ ទាំង​ថ្លៃ​ដឹកជញ្ជូន​។ យើង​គិត​ទាំង​ថ្លៃ​ដឹកជញ្ជូន​ព្រោះ​លុយ​យើង​ចេញ​ដែរ​»​។

លោក ហ៊ុន សែន បាន​បន្ថែមថា​៖ «​ការពិត​មនុស្ស​យើង​កំពុង​នៅ​ឈឺ​តែ​ប៉ុន្មាន​ពាន់​នាក់​ទេ ប៉ុន្តែ​យើង​ទិញ​ត្រៀម​ទុក​សម្រាប់​ព្យាបាល​មនុស្ស ៥ ម៉ឺន​នាក់​។ អ៊ីចឹង​យើង​អត់​មានរឿង​ត្រូវ​សូញសាញ​ច្រើន​ទេ គឺ​បញ្ជា​ទិញ​តែម្តង ប៉ុន្តែ​សុំ​ប្រជាពលរដ្ឋ​យើង​កុំ​ផ្អែក​ថា​ថ្នាំ​នេះ​ល្អ បាត់​ការប្រុងប្រយ័ត្ន​ឱ្យសោះ​»​។

គួររំឭក​ដែរ​ថា ថ្មីៗ​កន្លងមក​នេះ ក្រសួងសុខាភិបាល​កម្ពុជា​បានចេញ​អនុញ្ញាត​ឱ្យ​ប្រើប្រាស់​វ៉ាក់សាំង​កូវីដ​ ១៩ ដែល​ផលិត​នៅ​ប្រទេស​រុស្ស៊ី​ចំនួន​ ៥ ​ប្រភេទ​ផ្សេងគ្នា​ក្នុង​លក្ខខណ្ឌ​បន្ទាន់​ផងដែរ​។ វ៉ាក់សាំង​ទាំងនោះ​មាន ប្រភេទ Sputnik V, ប្រភេទ CoviVac (Russia COVID-19 vaccine), ប្រភេទ Sputnik-Light និង​ប្រភេទ​ EpiVacCorona ចំនួន​ ២ ​ប្រភេទ​។

ដោយឡែក​ទាក់ទង​នឹង​ចំនួន​នៃ​ការចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ​ក្នុងប្រទេស​កម្ពុជា គិត​ត្រឹម​ថ្ងៃទី​ ០២ ខែវិច្ឆិកា ឆ្នាំ​ ២០២១ សម្រាប់​ក្រុម​អាយុ​ពី​ ១៨ ​ឆ្នាំ​ឡើង ចាក់​បាន​ជាង​ ១០ ​លាន​នាក់​ ឬ​ស្មើនឹង ១០០,១១% ធៀប​ជាមួយ​ចំនួន​ប្រជាជន​គោលដៅ ១០ ​លាន​នាក់​ដែល​កម្ពុជា​បានសម្រេច​គោលដៅ​កាលពី​ថ្ងៃទី​ ៣១ ខែតុលា កន្លងមកនេះ​។ សម្រាប់​ក្រុម​អាយុ​ពី ១២ ​ឆ្នាំ​ទៅ​ក្រោម ១៨ ​ឆ្នាំ​ចាក់​បាន​ជិត​ ១,៨ ​លាន​នាក់ ឬ​ស្មើ ៩៨,០២% ធៀប​ជាមួយ​ចំនួន​ប្រជាជន​គោលដៅ​ជាង ១,៨ ​លាន​នាក់ រីឯ​លើ​កុមារ​អាយុ​ពី ០៦ ​ឆ្នាំ ដល់​ក្រោម ១២ ​ឆ្នាំ​ចាក់​បាន​ជាង​ ១,៩ ​លាន​នាក់ ឬ​ស្មើនឹង ១០១,៧៨% ធៀប​ជាមួយនឹង​ប្រជាជន​គោលដៅ​ជិត ១,៩ លាន​នាក់​។ សម្រាប់​ការចាក់​វ៉ាក់សាំង​លើ​កុមារ​អាយុ ០៥ ​ឆ្នាំ ក្នុង​រយៈពេល​ ២ ​ថ្ងៃ បាន​ជិត​ ៧ ​ម៉ឺន​នាក់​ ឬ​ស្មើ ២២,៤៥% ធៀប​ជាមួយនឹង​ប្រជាជន​គោលដៅ ៣០៤ ៣១៧ នាក់​៕

វីដេអូ៖

អត្ថបទគួរចាប់អារម្មណ៍