ភ្នំពេញៈ លោក កឹម សុខា អតីតប្រធាន​អតីត​គណបក្ស​សង្គ្រោះជាតិ​​ដែល​ត្រូវបាន​តុលាការ​ចោទប្រកាន់​ពីបទ​ «​ក្បត់ជាតិ​» ហើយ​មិនទាន់​ត្រូវបាន​បើកសវនាការ​ជំនុំជម្រះ​លើ​អង្គសេចក្តី​នៅឡើយ​ បានដាក់​ប្រកាស​លក់​ផ្ទះ​ដែល​លោក​កំពុង​រស់នៅក្នុង​ខណ្ឌទួលគោក តាមរយៈ​ក្រុមហ៊ុន​ឯកជន​ក្នុងតម្លៃ​ ២,៤ ​លាន​ដុល្លារ​អាមេរិក​។

លោក ឡុង គឹមសួគ៌ អគ្គនាយក​ក្រុមហ៊ុន Century 21 Advanced Propperty ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ២ វិច្ឆិកា​ថា ក្រុមហ៊ុន​របស់​លោក​ជា​អ្នក​ទទួលយក​ផ្ទះ​របស់​លោក កឹម សុខា ប្រភេទ​វីឡា មក​ដាក់លក់​ក្នុង​តម្លៃ​ដែល​លោក​ កឹម សុខា ចង់បាន​ចំនួន ២ ​លាន​ ៤ ​សែន​ដុល្លារ​អាមេរិក​។ ​

លោក​ថ្លែងថា៖ «​ម្ចាស់ទ្រព្យ​ចង់​ដាក់លក់​តាមរយៈ​ក្រុមហ៊ុន​របស់​យើង​។ យើង​នឹង​ដាក់លក់​ឱ្យ​គាត់ ព្រោះ​ក្រុមហ៊ុន​របស់ខ្ញុំ​ជា​អ្នក​ផ្តល់​សេវា ផ្នែក​ទិញ-លក់ ហើយ​គាត់​មានទ្រព្យ​ចង់​ដាក់​លក់​ក៏​គ្មានអ្វី​ខុស​ដែរ​»​។

លោក កឹម សុខា មិនបាន​និយាយ​អ្វី​ក្រៅពី​ការដាក់​លក់​ទ្រព្យ​របស់គាត់​នោះទេ ពោលគឺ និយាយ​តែ​រឿង​ការងារ​លក់​ផ្ទះ​ប៉ុណ្ណោះ​។ ម្យ៉ាង​ក្រុមហ៊ុន​របស់​លោក​បាន​ចាត់ទុក​លោក​ កឹម សុខា ដូច​ទៅនឹង​អតិថិជន​ទូទៅ​ដែរ មិន​មាន​អ្វី​ប្លែក​នោះទេ​។

លោក​បញ្ជាក់ថា​៖ «​ម្ចាស់ទ្រព្យ​បាន​ឯកភាព​ឱ្យ​យើង​ផ្សព្វផ្សាយ​លក់​ត្រឹមត្រូវ គាត់​គោរព​តាម​លក្ខខណ្ឌ​របស់​យើង ព្រោះ​យើង​ត្រូវការ​ភាពស្របច្បាប់ គាត់​មាន​ឯកសារ​ត្រឹមត្រូវ គាត់​អនុញ្ញាត​ឱ្យ​មាន​ការផ្សព្វផ្សាយ​លក់​ជាទូទៅ តាម​តម្លៃ​ដែល​គាត់​ចង់បាន​»​។

បើតាម​លោក កឹម សួគ៌ រឿង​ដែល​ល្បី គឺ​មិនមែន​ដោយសារ​ក្រុមហ៊ុន​របស់​លោក​ទទួល​យក​ផ្ទះ​លោក​ កឹម សុខា មក​លក់​នោះទេ ប៉ុន្តែ​អ្វី​ដែល​ល្បី​ក្នុង​នាម​លោក កឹម សុខា ជា​អ្នកនយោបាយ​ដែល​លេចធ្លោ​ ១ ​រូប​នៅក្នុង​ប្រទេស​កម្ពុជា ហើយ​ប្រជាពលរដ្ឋ​ខ្មែរ​ភាគច្រើន គឺ​ចង់​តាមដាន​ព័ត៌មាន​ពី​រូបលោក​ថា លក់​ទ្រព្យ​នេះ​យក​លុយ​ទៅ​ធ្វើអ្វី​ឱ្យ​ប្រាកដ​។

ទោះជា​យ៉ាងណា​លោក​ថា​ផ្ទះ​របស់លោក កឹម សុខា ដែល​ដាក់លក់​ក្នុង​តម្លៃ​ជាង ២ លាន​ដុល្លារ​នេះ គឺជា​ការដាក់លក់​ក្នុងតម្លៃ​ថ្លៃ ហើយ​ពិបាក​ក្នុង​ការលក់-ចេញ ព្រោះ​ពេលនេះ​ជា​ពេលវេលា​ដែល​ជំងឺ​កូវីដ​ ១៩ មិនទាន់​ផុតរលត់​ពី​ផែនដី​។ លោក​ពិតជា​មាន​មោទនភាព ដែល​ក្រុមហ៊ុន​របស់​លោក​បាន​ជួយ​លក់​ទ្រព្យ​ឱ្យ​មនុស្ស​ល្បីៗ នៅក្នុង​ប្រទេស​កម្ពុជា ដូច​លោក​ កឹម សុខា ​នេះ​។ ប៉ុន្តែ​កន្លងមកនេះ​ក្រុមហ៊ុន​របស់លោក​ក៏​ធ្លាប់​បាន​ជួយ​លក់​ទ្រព្យ​ឱ្យ​មនុស្ស​ល្បីៗ​ជាច្រើន​រូប​ផងដែរ ដូចជា អ្នកសិល្បៈ និង​អ្នកធំៗ​ជាច្រើន​ផ្សេងទៀត ព្រោះ​ក្រុមហ៊ុន​របស់​លោក​ប្រកាន់​ភាពស្មោះត្រង់ និង​វិជ្ជាជីវៈ ធ្វើឱ្យ​អតិថិជន តែងតែ​មក​រក​ក្រុមហ៊ុន​របស់​លោក ដើម្បី​ឱ្យជួយ​លក់​ទ្រព្យ​របស់​ពួកគេ​។

សហមេធាវី​ការពារ​ក្ដី​លោក កឹម សុខា ​គឺ​លោក​ ចាន់ ចេន ថ្លែង​យ៉ាងខ្លី​ថា លោក​មិន​បាន​ទទួល​ព័ត៌មាន​អំពី​រឿង​ដែល​លោក កឹម សុខា សម្រេចចិត្ត​ដាក់លក់​ផ្ទះ​របស់​លោក​នោះទេ​។

លោក​ គិន ភា ​ប្រធាន​ផ្នែក​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា​យល់ឃើញថា លោក កឹម សុខា ​មិនមែន​ធ្លាក់ខ្លួន​ក្រ​រហូត​ដល់​ថ្នាក់​លក់​ផ្ទះ​នោះទេ​។ ប៉ុន្តែ ប្រហែល​វា​ជា​យុទ្ធសាស្ត្រ​នយោបាយ​របស់​មេបក្ស​អតីត​គណបក្ស​ប្រឆាំង​រូបនេះ​ក្នុង​ការទាក់ទាញ​ចំណាប់អារម្មណ៍ និង​ការអាណិតអាសូរ​ពី​អ្នក​ដែល​ធ្លាប់​គាំទ្រ​គាត់​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​មើលទៅ វា​មិនមែន​ជា​បញ្ហា​សេដ្ឋកិច្ច​ទេ តែ​វា​ជា​បញ្ហា​ល្បែង​នយោបាយ​របស់​គាត់​ច្រើនជាង ព្រោះថា​គាត់​មិនមែន​ជា​អ្នក​ដែល​ត្រូវធ្វើ​នយោបាយ ហើយ​ចំណាយ​ធនធាន​ក្នុង​ការបម្រើ​នយោបាយ​ដែរ ព្រោះ​គាត់​ជា​ជន​ត្រូវ​ចោទ​ហើយ​មាន​បម្រាម​ធ្វើ​នយោបាយ​ទៀត​»​។

យោងតាម​ទំព័រ​ហ្វេសប៊ុក​ក្រុមហ៊ុន «Century 21 Advanced Property For Sale» កាល​ថ្ងៃទី​ ២៤ ខែតុលា ឆ្នាំ​ ២០២១ ​បាន​ផ្សព្វផ្សាយ​ដាក់​រូប​ផ្ទះ​របស់​លោក កឹម សុខា ជា​ប្រភេទ វីឡា ស្ថិតនៅ​ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ​។ ផ្ទះ​នេះ​លក់​ក្នុងតម្លៃ​ជាង​ ២ ​លាន​ ៤ សែន​ដុល្លារ​អាមេរិក ដោយ​បូកសរុប​ទាំង​ថ្លៃ​សេវាកម្ម និង​ផ្ទេរកម្មសិទ្ធិ​ប្លង់រឹង ជូន​អតិថិជន​ដែល​ទិញ​ផងដែរ​។ ​ប៉ុន្តែ​អាច​ចរចា​បញ្ចុះតម្លៃ​បាន​ខ្លះ​។ ជាមួយគ្នានេះ​អតិថិជន​ក៏​អាច​ជ្រើសរើស​វិធី​បង់រំលស់ តាម​ធនាគារ​បាន​ក្នុង​រយៈពេល​ ២០ ​ឆ្នាំ​ដោយ​តម្រូវឱ្យ​បង់​ ៣០ ​ភាគរយ​នៃ​តម្លៃ​ផ្ទះ​ជាមុន​។

លោក កឹម សុខា ត្រូវបាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ​សម្រេច​ដោះលែង​ឱ្យនៅ​ក្រៅ​ឃុំ ប៉ុន្តែ​បាន​ដាក់​ឱ្យ​ស្ថិតនៅក្រោម​ការត្រួតពិនិត្យ​របស់​តុលាការ ខណៈ​ការជំនុំជម្រះ​លើ​អង្គសេចក្តី​នៃ​សំណុំរឿង​របស់លោក​នៅ​មិនទាន់​បាន​បើកសវនាការ​នៅឡើយ ចាប់តាំងពី​លោក​ត្រូវបាន​ឃាត់ខ្លួន​កាលពី​ដើម​ខែកញ្ញា ឆ្នាំ ២០១៧ ក្រោម​ការចោទប្រកាន់​ពីបទ​ «​ក្បត់ជាតិ​»៕

វីដេអូ៖