ភ្នំពេញៈ ចាប់តាំងពី​ចុងខែ​កញ្ញា​មក ក្រសួង​អប់រំ យុវជន និង​កីឡា​បាន​បណ្ដុះបណ្ដាល​គ្រូបង្រៀន​មកពី​វិទ្យាល័យ​ធនធាន​ និង​វិទ្យាល័យ​បណ្តាញ​ចំនួន ៣ ២៩២ ​នាក់ ស្តីពី​ការបង្រៀន​ពី​ចម្ងាយ​ ដើម្បី​ឱ្យ​ដំណើរការ​ថ្នាក់រៀន​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​មាន​គុណភាព និង​ប្រសិទ្ធភាព​។

យោងតាម​ទំព័រ​ហ្វេសប៊ុក​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា​កាលពី​ថ្ងៃទី​ ១ ខែវិច្ឆិកា ក្រសួង​បន្ត​ជំរុញ​ការបណ្ដុះបណ្ដាល​គ្រូ​ជាង​ ៧០០ ​នាក់​ជា​រៀងរាល់​សប្ដាហ៍​លើ​បំណិន​ការបង្រៀន​ពី​ចម្ងាយ​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​។ វគ្គបណ្ដុះបណ្ដាល​គ្រូបង្រៀន​នេះ គឺ​ស្ថិតក្រោម​ការរៀបចំ​របស់​គម្រោង​អភិវឌ្ឍន៍​វិស័យ​អប់រំ​នៅ​មធ្យមសិក្សា​ទុតិយភូមិ​ (USESDP) ​ដែល​គាំទ្រ​ដោយ​ធនាគារ​អភិវឌ្ឍន៍អាស៊ី​ (ADB)​។

ក្រសួង​បាន​បន្តថា​ «​វគ្គបណ្ដុះបណ្ដាល​តាម​ប្រព័ន្ធ​អនឡាញ​ទាំងស្រុង​នេះ​មាន​គោលបំណង​​ឱ្យ​គណៈ​គ្រប់គ្រង​សាលារៀន លោកគ្រូ អ្នកគ្រូ ចេះ​ប្រើប្រាស់​បច្ចេកវិទ្យា​ក្នុងការ​បង្រៀន​ ដើម្បី​ធានា​ការបន្ត​ផ្ដល់​សេវា​បង្រៀន​ដល់​សិស្ស​ដោយ​អនុវត្តតាម​គន្លង​ថ្មី​គឺ​ការប្រើប្រាស់​បច្ចេកវិទ្យា​បង្រៀន​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​សម្រាប់​ប្រើប្រាស់​ជា​ឧបករណ៍​ជំនួយ​បន្ថែម​លើ​ការបង្រៀន​នា​ថ្ងៃ​អនាគត​ស្របតាម​បរិបទ​ការអប់រំ​ឌីជីថល​»​។

យោងតាម​ប្រភព​ដដែល​ដែល​​បាន​ដកស្រង់​សម្ដី លោក ឌី សមស៊ីដេត អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​អប់រំ និង​ជា​ប្រធាន​គ្រប់គ្រង​គម្រោង​អភិវឌ្ឍន៍​​វិស័យ​អប់រំ​មធ្យមសិក្សា​ទុតិយភូមិ​ (USESDP) ​បាន​លើកឡើង​​ថា ការអភិវឌ្ឍ​សមត្ថភាព​របស់​បុគ្គលិក​អប់រំ​ត្រូវធ្វើ​ជាប្រចាំ​ ដើម្បីឱ្យ​ពួកគេ​ក្លាយជា​មនុស្ស​មាន​ជំហរ រឹងមាំ​ទាំង​ចិត្តគំនិត និង​ស្មារតី​។

លោក រស់ សុវាចា អ្នកនាំពាក្យ​របស់​ក្រសួង​អប់រំ យុវជន​ និង​កីឡា​បាន​បញ្ជាក់​ពីថ្ងៃ​ទី​ ២ ​វិច្ឆិកា​ថា គ្រូបង្រៀន​ភាគច្រើន​អាច​ប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​​សម្រាប់​បង្រៀន​តាម​អនឡាញ​មុន​ និង​ក្នុង​បរិការណ៍​កូវីដ ​១៩ ។

លោក​បាន​បន្តថា​៖ «​ចំពោះ​គ្រូបង្រៀន​ដែល​ត្រូវការ​ការបណ្តុះបណ្តាល​បន្ថែម​ដើម្បី​អាច​ប្រើប្រាស់​ប្រព័ន្ធ​បច្ចេកវិទ្យា​សម្រាប់​បង្រៀន​តាម​អនឡាញ​ក្រសួង​បាន​បន្ត​ផ្តល់​​ឱកាស​ពង្រឹងសមត្ថភាព​តាម​គ្រប់​រូបភាព​។ ក្នុងន័យនេះ​ក្រសួង​អប់រំ យុវជន និង​កីឡា បង្វែរ​បញ្ហា​ប្រឈម​ឱ្យទៅជា​ឱកាស​ពង្រឹង​គុណវុឌ្ឍិ​គ្រូបង្រៀន ដែល​ស្របតាម​ផែនការ​យុទ្ធសាស្ត្រ​វិស័យ​អប់រំ​ ២០១៩-២០២៣ ក្នុង​គោលបំណង​អភិវឌ្ឍ​មូលធន​មនុស្ស​សម្រាប់​ចូលរួម​ប្រែក្លាយ​កម្ពុជា​ទៅជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​​ខ្ពស់​ក្នុង​ឆ្នាំ​ ២០៣០ ​និង​ប្រទេស​​អភិវឌ្ឍន៍​នៅ​ឆ្នាំ​ ២០៥០»​។

លោក រស់ សុវាចា បាន​បន្ត​​ថា នៅមុន​និង​អំឡុងពេល​រាតត្បាត​នៃ​ជំងឺ​កូវីដ​ ១៩ ក្រសួង​​អប់រំ​បាន​បន្ត​លើកកម្ពស់​ការបណ្តុះបណ្តាល​គ្រូបង្រៀន​។

ក្រសួង​បាន​ធ្វើ​ការងារ​មួយ​ចំនួន​ដូចជា បន្ត​អនុវត្ត​ផែនការ​សកម្មភាព​កំណែទម្រង់​ និង​ជំរុញ​គ្រប់​គ្រឹះស្ថាន​បណ្តុះបណ្តាល​គ្រូ​ឱ្យ​បន្ត​អនុវត្ត​កម្មវិធី​បណ្តុះបណ្តាល​ឱ្យបាន​ពេញលេញ និង​ច្បាស់លាស់​ដោយ​បែងចែក​ឱ្យមាន​ការសិក្សា​ក្នុង​ថ្នាក់រៀន​​ស្វ័យ​សិក្សា និង​ការប្រើប្រាស់​បច្ចេកវិទ្យា​។ ​បន្ថែម​ពីនេះ​ផងដែរ ក្រសួង​ក៏បាន​បន្ត​ផ្តល់​ការបណ្តុះបណ្តាល ដោយ​ប្រើ​វិធីសាស្ត្រ​បង្រៀន​ថ្មីៗ និង​ការប្រើ​បច្ចេកវិទ្យា​ព័ត៌មាន​ក្នុង​ដំណើរការ​បង្រៀន និង​រៀន ។

លោក​បន្តថា​៖ «​គ្រូបង្រៀន​ក៏​ទទួលបាន​វិធីសាស្ត្រ​បង្រៀន​ថ្មីៗ រួមមាន ការរៀនសូត្រ​សកម្ម ការរៀន​បែប​ស្ថាបនា ការរៀន​តាមបែប​ដោះស្រាយ​បញ្ហា ការរៀន​តាមបែប​ស្រាវជ្រាវ និង​ការរៀន​តាមបែប​រិះរក រួមទាំង​បច្ចេកទេស​គ្រប់គ្រង​ថ្នាក់រៀន​ផ្ទាល់ និង​តាម​អនឡាញ​»៕

រ៉ូ គីមឡុង