ភ្នំពេញៈ តុលាការកំពូលកាលពីថ្ងៃទី ៣ ខែវិច្ឆិកា បានបើកសវនាការលើសំណុំរឿងប្ដឹងទាស់សុំនៅក្រៅឃុំរបស់មេធាវីជនត្រូវចោទជាមន្ត្រីយោធាផ្កាយ ២ ម្នាក់ ត្រូវបានតុលាការថ្នាក់ក្រោមចោទប្រកាន់ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងបង្ខាំងដោយខុសច្បាប់ ដែលកំពុងជាប់ឃុំជាបណ្ដោះអាសន្ន។
លោកចៅក្រម និល ណុន ប្រធានក្រុមប្រឹក្សាជំនុំជម្រះបានអានសាលដីកានៅក្នុងបន្ទប់សវនាការនៅចំពោះមុខជនត្រូវចោទ និងស្ត្រីដើមបណ្តឹង ដោយអង្គជំនុំជម្រះបានប្រកាសសាលដីកាភ្លាមៗបដិសេធការសុំនៅក្រៅឃុំរបស់ជនត្រូវចោទ។
ជនត្រូវចោទឈ្មោះ សូយ ចាន់សឿន អាយុ ៤៧ ឆ្នាំ និងស្ត្រីដើមបណ្តឹងរដ្ឋប្បវេណីឈ្មោះ ឌួង ហេម៉ាលីស អាយុ ៤១ ឆ្នាំបានពាក់ព័ន្ធក្នុងការប្រើអំពើហិង្សាទៅស្ត្រីម្នាក់ដែលមានទំនាក់ទំនងស្នេហាគ្នាអស់រយៈពេល ៨ ឆ្នាំកន្លងមកហើយ។
លោកចៅក្រមថ្លែងថា៖ «លទ្ធផលនៃការពិភាក្សាគ្នានេះ គឺក្រុមប្រឹក្សាជំនុំជម្រះសម្រេចបដិសេធការសុំនៅក្រៅឃុំរបស់ជនត្រូវចោទ»។
លោក លឹម សុពុធឌី ជាមេធាវីការពារសិទ្ធិឱ្យស្ត្រីឈ្មោះ ឌួង ហេម៉ាលីស បានប្រាប់ដល់ក្រុមអ្នកកាសែតនៅក្រៅបន្ទប់សវនាការ បន្ទាប់ពីប្រកាសសាលដីកានៅថ្ងៃទី ៣ វិច្ឆិកា ដោយបានបង្ហាញនូវការពេញចិត្តដែលតុលាការកំពូលបានបដិសេធចំពោះការសុំនៅក្រៅឃុំរបស់ជនត្រូវចោទ។
លោក មេធាវី ថ្លែងថា៖ «ពេលនេះតុលាការកំពូលបានផ្តល់យុត្តិធម៌ដល់កូនក្តីរបស់ខ្ញុំហើយ»។
លោកមេធាវី លឹម សុពុធឌី បានធ្វើសេចក្តីសន្និដ្ឋានដោយធ្វើការកត់សម្គាល់តាមការសិក្សាអង្គហេតុថាកាលពីថ្ងៃទី ២២ មករា ឆ្នាំ ២០២១ ជនត្រូវចោទបានជិះរថយន្តជាមួយស្ត្រីជាកូនក្តីរបស់លោកឈ្មោះ ឌួង ហេម៉ាលីស ពីក្រុងតាខ្មៅ ខេត្តកណ្តាលរហូតដល់ខេត្តកំពង់ស្ពឺ។ ក្នុងពេលជិះរថយន្តនោះក៏មានការឈ្លោះគ្នាហើយជនត្រូវចោទបានវាយកូនក្តីលោកបែកមុខ ហើយនៅពេលនោះជនត្រូវចោទបានសម្លុតគំរាមដល់ស្ត្រីរងគ្រោះមិនឱ្យចុះពីរថយន្ត ហើយបើចុះគេបាញ់បំបាក់ជើង និងក្រោយមកជនត្រូវចោទក៏បានចាក់សោបង្ខាំងទុកក្នុងបន្ទប់។
លោកបន្តទៀតថា៖ «ខ្ញុំស្នើសុំតុលាការកំពូលកុំឱ្យជនត្រូវចោទបាននៅក្រៅឃុំ។ ជនត្រូវចោទសូម្បីតែជាប់ពន្ធនាគារក៏ទូរស័ព្ទគំរាមកូនក្តីខ្ញុំដែរ»។
លោក ឈឺន សុខា ជាមេធាវីការពារសិទ្ធិឱ្យឈ្មោះ សូយ ចាន់សឿន ក៏បានធ្វើសេចក្តីសន្និដ្ឋានប្រាប់ក្រុមប្រឹក្សាជំនុំជម្រះថា កូនក្តីរបស់គាត់បានទំនាក់ទំនងស្គាល់ជាមួយនារីឈ្មោះ ឌួង ហេម៉ាលីស ប្រមាណជា ៨ ឆ្នាំមកហើយ។ បន្ទាប់មកប្រហែល ៥ ខែមុនមានការឈ្លោះគ្នានេះមិនមែនជាបទព្រហ្មទណ្ឌទេតែគ្រាន់ជាបទមជ្ឈិមប៉ុណ្ណោះ ដូច្នេះអង្គជំនុំជម្រះ គួរអនុញ្ញាតឱ្យជនត្រូវចោទបាននៅក្រៅឃុំបណ្តោះអាសន្ន។
លោក សុខា ថ្លែងថា៖ «បើតុលាការមិនទុកចិត្តគឺកូនក្តីខ្ញុំតម្កល់លុយ ៥ ពាន់ដុល្លារ។ ក្រៅពីនេះគាត់មានផ្ទះពិតប្រាកដនៅសង្កាត់បឹងកេងកងទៀត»។
ពេលសវនាការនៅថ្ងៃទី ៣ វិច្ឆិកា នេះដែរ លោក ប៊ូ ប៊ុនហាង តំណាងមហាអយ្យការបានសន្និដ្ឋានថា ឆ្លងតាមការសិក្សាសំណុំរឿងគឺលោកស្នើសុំក្រុមប្រឹក្សាជំនុំជម្រះបដិសេធការសុំនៅក្រៅឃុំរបស់ជនត្រូវចោទ។ ជនត្រូវចោទឈ្មោះ សូយ ចាន់សឿន មានតួនាទី ជានាយរងទីចាត់ការអភិវឌ្ឍន៍អគ្គបញ្ជាការដ្ឋាននៃក្រសួងការពារជាតិ។
ជនរូបនេះត្រូវបានតុលាការខេត្តកំពង់ស្ពឺឃុំខ្លួននៅថ្ងៃទី ៣០ កក្កដា ឆ្នាំ ២០២១ ចោទបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងបង្ខាំងដោយខុសច្បាប់តាមមាត្រា ២១៨ និងមាត្រា ២៥៣ នៃក្រមព្រហ្មទណ្ឌ។ ជនត្រូវចោទប្តឹងទាស់ទៅសាលាឧទ្ធរណ៍រាជធានីភ្នំពេញហើយត្រូវបានសភាព្រហ្មទណ្ឌសាលាឧទ្ធរណ៍ប្រកាសសាលដីកាមិនឱ្យនៅក្រៅឃុំនៅថ្ងៃទី ៣១ សីហា ឆ្នាំ ២០២១៕