ភ្នំពេញៈ សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​ និង​បញ្ជូន​ជនសង្ស័យ​ជា​ជនជាតិខ្មែរ​ម្នាក់ និង​ជនជាតិ​រៀតណាម​ម្នាក់​ទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​នៅ​ល្ងាច​ថ្ងៃទី​ ៣ វិច្ឆិកា ពាក់ព័ន្ធ​នឹង​ករណី​កែច្នៃ និង​ជួញដូរ​គ្រឿងញៀន​ចំនួន​ ៥៩ គីឡូក្រាម ស្ថិតនៅ​សង្កាត់​បឹង​កេងកង​១​។

លោក ម៉ក់ ជីតូ អគ្គស្នងការរង​នគរបាលជាតិ និង​ជា​អគ្គលេខាធិការរង​នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ថ្លែងប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍ នៅ​ថ្ងៃទី​ ៣ វិច្ឆិកា​ថា សមត្ថកិច្ច​ជំនាញ​នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន បង្ក្រាប​ករណី​កែច្នៃ ជួញដូរ​គ្រឿងញៀន​បាន​ជា​បន្តបន្ទាប់ កាលពី​ថ្ងៃទី​ ៣១ តុលា ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន ២ ​នាក់ និង​រឹបអូស​គ្រឿងញៀន​ជិត ៥៩ គីឡូក្រាម​នៅ​ចំណុច ផ្លូវ​លេខ ៣៦០ សង្កាត់​បឹង​កេងកង​១ ខណ្ឌ​បឹងកេងកង​។

លោក​ថ្លែងថា​៖ «​សមត្ថកិច្ច​កំពុង​កសាង​សំណុំរឿង រៀបចំ​បញ្ជូន​ជនសង្ស័យ​ទាំង ២ នាក់​ទៅ​តុលាការ​ល្ងាច​នេះ​ (៣ ​វិច្ឆិកា​)​។ សមត្ថកិច្ច​យើង​ក៏​កំពុង​បន្ត​ស៊ើបអង្កេត​រក​អ្នកពាក់ព័ន្ធ និង​មេខ្លោង​នៅ​ពី​ក្រោយខ្នង​ករណីនេះ​ទៀត យើង​មិនទាន់​បញ្ចប់​ទេ​»​។

បើតាម​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​កាលពី​ថ្ងៃទី ៣១ ​ខែតុលា វេលា​ម៉ោង​ ១៤:២០ ​នាទី កម្លាំង​សមត្ថកិច្ច​ជំនាញ​នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន (​ក ៥) ដឹកនាំ​ដោយ លោក សាន សុទ្ធី និង​លោក មាស ហត ដែល​អ្នកទាំង​ ២ ​ជា​នាយករង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន លោក ជាវ វណ្ណា នាយការិយាល័យ​ (​ក​ ៥) ​ដោយមាន​ការចូលរួម​សហការ​ពី​កម្លាំង​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ព្រមទាំង​មានការ​សម្របសម្រួល​ពី​លោក ហេង ផេង ព្រះរាជអាជ្ញារង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​បាន​ធ្វើការ​ស៊ើបអង្កេត ស្រាវជ្រាវ បង្ក្រាប​ករណី​កែច្នៃ ជួញដូរ​គ្រឿងញៀន​នេះ ដោយ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន ២ នាក់ ក្នុងនោះ​មាន​ជនជាតិខ្មែរ​ម្នាក់ និង​ជនជាតិ​វៀតណាម​ម្នាក់​។

ជនសង្ស័យ​ទាំង ២ នាក់​នោះ ១ ឈ្មោះ ង្វៀង វីង ទី ភេទ​ប្រុស អាយុ ២៦ ឆ្នាំ ជនជាតិ​វៀតណាម​។ ២ ហេង គឹមហេង ភេទ​ប្រុស អាយុ ២៥ ​ឆ្នាំ ជនជាតិខ្មែរ​។ ចំណែក វត្ថុតាង​ដែល​សមត្ថកិច្ច​ចាប់​យកបាន​រួមមាន​គ្រឿងញៀន​មេតំហ្វេតាមីន (ICE) ទម្ងន់​សុទ្ធ ៣,៥១ ក្រាម​។ កេតាមីន (KETAMIN) ​ទម្ងន់​សុទ្ធ ៥០,៤២ ក្រាម​។ អ៊ិចស្តាស៊ី (MDMA) ​ទម្ងន់​សុទ្ធ ១ គីឡូក្រាម​។ មេកាទីណូន (METHCATHINONE) ទម្ងន់​សុទ្ធ​ ៤៦ គីឡូក្រាម​។ សរុប​គ្រឿងញៀន​ទាំងអស់​ទម្ងន់ ៥៩ ​គីឡូក្រាម រួម​នឹង​សារធាតុ​ផ្សំ​ផ្សេងទៀត​មួយចំនួន​ទៀត​។

លោក មាស វិរិទ្ធ អ្នកនាំពាក្យ អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​បានបញ្ជាក់​បន្ថែមថា សមត្ថកិច្ច​ជំនាញ​កំពុង​បន្ត​ស្រាវជ្រាវ​ស៊ើបអង្កេត​លើ​ករណីនេះ តាម​នីតិវិធី​បន្តទៀត ដោយ​ផ្អែកទៅលើ​វត្ថុតាង​ដែល​ចាប់​យកបាន ចំណែក​ជនសង្ស័យ​ទាំង ២ ​នាក់ គឺ​ត្រូវ​អនុវត្ដ​តាម​នីតិវិធី​បញ្ជូនទៅ​តុលាការ​។

លោក​ថ្លែងថា​៖ «​រឿង​បញ្ជូន ជនល្មើស​ទៅ​តុលាការ​នេះ គឺ​យើង​ផ្អែក​ទៅតាម​ច្បាប់​។ យើង​ឃាត់​ជនល្មើស​បាន​តាំងពី​ថ្ងៃទី​ ៣១ មកដល់ពេលនេះ យើង​មាន​នីតិវិធី​បន្ត​ដើម្បី​វែកមុខ​ក្រុម​ដែលមាន​ការជាប់​ពាក់ព័ន្ធ​»​។

លោក​បញ្ជាក់ថា ទាក់ទង​នឹង​ការបន្ត​ស៊ើបអង្កេត​នេះ គឺ​ស្ថិតនៅក្នុង​ដៃ​សមត្ថកិច្ច​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ដែលជា​អ្នក​ចុះទៅ​បង្ក្រាប​លើ​ករណីនេះ​៕