ភ្នំពេញៈ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​កំពុង​ធ្វើ​បច្ចុប្បន្នភាព​បញ្ជី​សារពើ​ភណ្ឌ​បណ្ដាញ​ផ្លូវជាតិ ផ្លូវ​ខេត្ត និង​ផ្លូវថ្នល់​ផ្សេងទៀត​ក្រោម​ការគ្រប់គ្រង​របស់​ខ្លួន​ឱ្យបាន​ត្រឹមត្រូវ និង​រៀបចំ​ចេញ​ជា​ផែនទី​បណ្ដាញ​ផ្លូវ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ ដើម្បី​ធានា​បាន​នូវ​ការគ្រប់គ្រង​ប្រកប​ដោយ​ប្រសិទ្ធភាព និង​ការទទួល​ខុសត្រូវ​។

លោក លឹម ស៊ីដានីន រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ថ្លែង​នៅក្នុង​កិច្ចប្រជុំ​ពិភាក្សា​ត្រួតពិនិត្យ​លើ​ការព្រាង​ចុងក្រោយ​ផែនទី​បណ្តាញ​ផ្លូវថ្នល់​ឆ្នាំ​ ២០២០ នៅ​ថ្ងៃទី​ ៣ ខែវិច្ឆិកា ឆ្នាំ​ ២០២១ ឱ្យដឹងថា អង្គប្រជុំ​បាន​ផ្តោត​ការពិភាក្សា​លើ​ការពិនិត្យ​ឡើងវិញ និង​កែសម្រួល​សេចក្តីព្រាង​បញ្ជី​សារពើ​ភណ្ឌ​ផ្លូវថ្នល់​រួម ក្រោម​សមត្ថកិច្ច​គ្រប់គ្រង​របស់​ក្រសួង ដើម្បី​បំពេញបន្ថែម​ចំណុច​ខ្វះខាត​តាម​ការលើកឡើង​របស់​ភាគី​ពាក់ព័ន្ធ ការបែងចែក​ខ្សែ​ផ្លូវ​តាម​តំបន់​ស្របតាម​ស្តង់ដា​ដែល​បានកំណត់ និង​ការដាក់បញ្ចូល​ខ្សែ​ផ្លូវ និង​លេខ​ផ្លូវ​ទៅក្នុង​បញ្ជី​សារពើ​ភណ្ឌ​ឱ្យបាន​សមស្រប​។

ជាមួយ​គ្នា​នេះ លោក​បាន​ជំរុញ​លើកទឹកចិត្ត​ឱ្យ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ ជាពិសេស​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី-ខេត្ត​ផ្តល់​មតិយោបល់​បន្ថែម​លើ​ពង្រាង​ទិន្នន័យ​ផែនទី ក៏ដូចជា​ធ្វើការ​បញ្ជាក់​ឱ្យបាន​ច្បាស់លាស់​ផ្លូវថ្នល់​ដែល​ស្ថិតនៅក្រោម​សមត្ថកិច្ច​នៃ​ការគ្រប់គ្រង​របស់ខ្លួន សំដៅ​ធ្វើយ៉ាងណា​ឱ្យ​ការធ្វើ​បច្ចុប្បន្នភាព​បញ្ជី​សារពើ​ភណ្ឌ និង​រៀបចំ​ជា​ផែនទី​បណ្ដាញ​ផ្លូវជាតិ ផ្លូវ​ខេត្ត និង​ផ្លូវថ្នល់​ផ្សេងទៀត​ក្រោម​ការគ្រប់គ្រង​របស់​ក្រសួង​ទទួលបាន​ជោគជ័យ​។

លោក​ថ្លែងថា​៖ «​យើង​ពិភាក្សា​ដើម្បី​ពិនិត្យ​វឌ្ឍនភាព​នៃ​ការរៀបចំ​ផែនទី​បណ្ដាញ​ផ្លូវជាតិ ផ្លូវ​ខេត្ត និង​ផ្លូវថ្នល់​ផ្សេងទៀត ហើយ​ផលិត​ចេញ​ជា​ផែនទី​ឱ្យបាន​ចប់សព្វគ្រប់ ដើម្បី​ជួយ​សម្រួល​ដល់​ការងារ​គ្រប់គ្រង ជួសជុល និង​ថែទាំ​ផ្លូវថ្នល់​ប្រកប​ដោយ​ប្រសិទ្ធភាព​ខ្ពស់​»​។

លោក ស៊ីដានីន ​ថ្លែងថា ផែនទី​ដែល​នឹងត្រូវ​បានកំណត់​គឺ ផ្លូវជាតិ​សំដៅ​ដល់​ផ្លូវ​ដែលមាន​ចរាចរណ៍​ច្រើន និង​មាន​លក្ខណៈ​សម្គាល់​ដូចជា ផ្លូវ​ភ្ជាប់​ចេញពី​រាជធានី​ភ្នំពេញ ឆ្ពោះទៅកាន់​ក្រុង​នៃ​ខេត្ត​នីមួយៗ នៅ​ទូទាំង​ប្រទេស ផ្លូវ​ភ្ជាប់​ចេញពី​ក្រុង​នៃ​ខេត្ត​មួយ​ឆ្ពោះទៅកាន់​ក្រុង​នៃ​ខេត្ត​មួយទៀត ផ្លូវ​ភ្ជាប់​ចេញពី​ផ្លូវជាតិ​ឆ្ពោះទៅកាន់​ផ្លូវជាតិ ផ្លូវបែក​ចេញ​ពី​ផ្លូវជាតិ​ឆ្ពោះទៅកាន់​ក្រុង​នៃ​ខេត្ត​មួយ ផ្លូវបែក​ចេញពី​ផ្លូវជាតិ ឬ​ផ្លូវ​ភ្ជាប់​ចេញពី​ក្រុង​នៃ​ខេត្ត​មួយ​ឆ្ពោះទៅកាន់​តំបន់​សំខាន់ៗ​ដូចជា កំពង់ផែ ស្ថានីយ​រថភ្លើង អាកាសយានដ្ឋាន តំបន់​សេដ្ឋកិច្ច​ពិសេស រមណីយដ្ឋាន​ទេសចរណ៍ ច្រកទ្វារព្រំដែន តំបន់​មាន​សក្តានុពល​សេដ្ឋកិច្ច​សំខាន់ៗ​ផ្សេងទៀត និង ផ្លូវ​សំខាន់ៗ​របស់​ជាតិ​មាន​ចរាចរណ៍​ច្រើន​ដែល​កំណត់ដោយ​រាជរដ្ឋាភិបាល​តាម​សំណើ​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​។ ផ្លូវ​ខេត្ត​សំដៅ​ដល់​ផ្លូវ​ដែល​ត្រូវបាន​កំណត់​ដូចជា ផ្លូវ​ភ្ជាប់​ចេញពី​ក្រុង​នៃ​ខេត្ត​មួយ​ឆ្ពោះ​ទៅ​កាន់​ទីរួមស្រុក ខណ្ឌ ផ្លូវបែក​ចេញពី​ផ្លូវជាតិ ឆ្ពោះទៅកាន់​ផ្លូវ​ខេត្ត ផ្លូវបែក​ចេញពី​ផ្លូវ​ខេត្ត ឬ​ផ្លូវ​ក្រុង​ឆ្ពោះទៅកាន់​ទីរួមស្រុក​ខណ្ឌ ផ្លូវ​ភ្ជាប់​ចេញពី​ក្រុង​នៃ​ខេត្ត​មួយ​ឆ្ពោះទៅកាន់​ផ្លូវ​ខេត្ត​ផ្លូវបែក​ចេញពី​ផ្លូវ​ខេត្ត​ឆ្ពោះទៅកាន់​ផ្លូវ​ខេត្ត និង​ផ្លូវបែក​ចេញពី​ផ្លូវ​ខេត្ត ឬ​ផ្លូវ​ក្រុង ឬ​ផ្លូវ​ទីប្រជុំជន​នានា​ក្នុង​ខេត្ត​ទៅកាន់​តំបន់​សំខាន់ៗ​ដូចជា កំពង់ផែ ស្ថានីយ​រថភ្លើង អាកាសយានដ្ឋាន តំបន់​សេដ្ឋកិច្ច​ពិសេស រមណីយដ្ឋាន ទេសចរណ៍ ច្រកទ្វារព្រំដែន​ទ្វេភាគី តំបន់​មាន​សក្តានុពល​សេដ្ឋកិច្ច​មធ្យម​ផ្សេងទៀត​។

លោក វ៉ាស៊ឹម សុរិយា អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ថ្លែង​ថា ក្រសួង​រៀបចំ​ធ្វើ​ច្បាប់​ផ្លូវថ្នល់​បាន​កំណត់ ៥ ឆ្នាំ​ម្តង​ត្រូវធ្វើ​បច្ចុប្បន្នភាព​។ «​យើង​ធ្វើ​បច្ចុប្បន្នភាព​ផ្លូវ ដែល​ត្រូវបាន​សាងសង់​រួច និង​ដាក់​លេខ ផ្លូវ ព្រោះ​ផ្លូវ​ខ្លះ​អត់​មាន​លេខ គេ​មាន​ហើយ ប៉ុន្តែ​យើង​មិនទាន់​បញ្ចូល​ទៅក្នុង​បញ្ជី​សារពើភណ្ឌ​របស់​យើង​។ មួយទៀត គេ​ដាក់បញ្ចូល​ទៅក្នុង​បញ្ជី​ដែរ គឺ​ផ្លូវ​ល្បឿន​លឿន​ពី​មុន​យើង​មាន​ឯណា អត់​ទេ​»៕