កណ្តាលៈ ពលរដ្ឋ​ប្រមាណ​ ៦០០ ​នាក់​មកពី​ភូមិ​ចំនួន​ ៤ ក្នុង​ឃុំ​រកាជន្លឹង ស្រុក​ខ្សាច់កណ្តាល នៅ​ព្រឹក​ថ្ងៃទី​ ២ វិច្ឆិកា បាននាំគ្នា​ឡើងទៅ​សាលាឃុំ​រកាជន្លឹង ធ្វើការ​តវ៉ា ស្នើសុំ​ឱ្យ​អាជ្ញាធរ​ឃុំ ជួយ​អន្តរាគមន៍ ខណៈ​មាន​អ្នករកស៊ី​គួកជេ​ដី​បាន​ផ្តល់​លុយ​ជូន​ពលរដ្ឋ​ក្នុង ១ ​គ្រួសារ​ ៣៥០ ​ដុល្លារ ដែល​ពលរដ្ឋ​សង្ស័យថា ការផ្តល់​លុយ​នេះ អាច​ជា​ការដោះដូរ​ក្នុង​ការទិញ​ដី​បឹងខ្យោង ដែល​ពលរដ្ឋ​អាស្រ័យផល​។

លោក ឈួន ហុន តំណាង​ប្រជាពលរដ្ឋ​បាន​ឱ្យ​ដឹងថា មាន​ក្រុម​អ្នក​គួកជេ​ដី​ចំនួន​ ៥ ​នាក់​ បាន​ដើរ​ផ្តល់​លុយ​ឱ្យ​ប្រជាពលរដ្ឋ​នៅ​ភូមិ​រកា​ទី​ ១ ដោយ​គ្មាន​មូលហេតុ​ច្បាស់លាស់​ថា នឹង​ទិញ​បឹងខ្យោង​ដែល​ពួកគាត់​កំពុង​អាស្រ័យផល​ឬ​យ៉ាងណា​នោះទេ​។ ប្រជាពលរដ្ឋ​ក្នុងភូមិ​រកា​ទី​ ១ ប្រមាណ​ជាង ៤០០ ​គ្រួសារ​បាន​ទទួលយក​លុយ​រួច​ហើយ​ដោយ​ក្នុង ១ ​គ្រួសារ​ទទួលបាន​លុយ​ ៣៥០ ​ដុល្លារ​។

ដោយឡែក​ពលរដ្ឋ​ ៤ ​ភូមិ​ផ្សេងទៀត​ដែលមាន​ភូមិ​ជន្លឹង ភូមិ​រកា​ទី​២ ភូមិ​តាំងឫស្សី និង​ភូមិ​ទ្រា មិន​ព្រម​ទទួល​លុយ​នោះទេ ទើប​ធ្វើការ​តវ៉ា​បែបនេះ​ដើម្បីឱ្យ​អាជ្ញាធរ​ជួយ​ស្រាវជ្រាវ និង​បញ្ជាក់​ពី​មូលហេតុ​ដែលមាន​ក្រុម​អ្នក​គួកជេ​ដី​ដើរ​ផ្តល់​លុយ​ឱ្យ​ប្រជាពលរដ្ឋ​។

លោក​ថ្លែងថា​៖ «​ទាំងអស់​មាន​ ៥ ​ភូមិ ប៉ុន្តែ​ពលរដ្ឋ​ដែល​ទទួល​លុយ​មានតែ​ ១ ​ភូមិ​ទេ ចំណែក​ ៤ ​ភូមិ​ទៀត មិន​ទទួល​យក​ទេ គេ​ថា បើសិន​ណា​ដោះដូរ​ជាមួយ​លុយ គឺ​មាន​តែ​ទិញ អ៊ីចឹង​បាន​យើង​តវ៉ា​ឱ្យ​អាជ្ញាធរ​ជួយ​អន្តរាគមន៍​វែកញែក​ថា​តើ​ឱ្យ​លុយ​ហ្នឹង​មានន័យថា​ម៉េច​»​។

លោក ឈួន ហុន បញ្ជាក់ថា ក្រុម​អ្នក​គួកជេ​ដី​មិនបាន​ប្រាប់​ពី​មូលហេតុ​ឱ្យបាន​ច្បាស់លាស់​ក្នុង​ការផ្តល់​លុយ​ឱ្យមក​ប្រជាពលរដ្ឋ​ទេ ខណៈ​សកម្មភាព​របស់​ពួកគេ​ហាក់​សំដៅ​ចង់បាន​ដី​បឹងខ្យោង​។

លោក​ថា​៖ «​តាម​ខ្ញុំ​សួរ​ពួក​គួកជេ​ហ្នឹង​ខ្ញុំ​ថា ឥឡូវ​បង​ឯង​អ្នកណា​ឱ្យធ្វើ គាត់​ថា ខាងលើ​ឱ្យធ្វើ តើ​ទិញ​ឬ​លក់ គាត់​ថា អាហ្នឹង ឱ្យ​ប្រជាពលរដ្ឋ​ចាយ ព្រោះ​ដី​ហ្នឹង​គេ​ទុក​ធ្វើ​សម្បត្តិ​រដ្ឋ​ទេ គេ​អត់​លក់ដូរ​ទេ​ប៉ុន្តែ​គេ​កំណត់ឱ្យ​ពលរដ្ឋ​ ១ ​គ្រួសារ ៤០០ ​ដុល្លារ តែ​គួកជេ​ថា ដក​ ៥០ ​ដុល្លារ​»​។

បើតាម​លោក ឈួន ហុន ប្រជាពលរដ្ឋ​មាន​ការព្រួយបារម្ភ​ចំពោះ​ការបាត់បង់​ដី​បឹង​ខ្យោង ដែល​ពួកគាត់​កំពុង​អាស្រ័យផល ព្រោះ​ទីនោះ​ជា​ទីកន្លែង​តែមួយគត់​ដែល​ពលរដ្ឋ​អាច​រកត្រី​ និង​បន្លែ​សម្រាប់​ចិញ្ចឹមជីវិត​។

លោក​ថ្លែងថា​៖ «​បើ​គេ​លក់​បឹង​ហ្នឹង​ទៅ គឺ​គ្មាន​អី​អាស្រ័យផល​ទេ​ព្រោះ​ប្រជាជន​បាន​រក​ត្រកួន រក​ព្រលឹត រកត្រី តែ​ពី​កន្លែង​ហ្នឹង ព្រោះ​រកតែ​នៅក្នុង​បឹង​ហ្នឹង​ទាំង​ប្រាំង​ទាំង​វស្សា ហើយ​បើ​ចាក់ដី​លុប​អស់​ទៅ​ពលរដ្ឋ​នឹង​លំបាក​ដោយសារ​ទឹក​លិច​ទៀតផង​»​។

លោក គង់ ណឺម មេឃុំ​រកាជន្លឹង​ថ្លែង​នៅ​ថ្ងៃទី​ ២ ​វិច្ឆិកា​ថា លោក​មាន​បញ្ហា​សុខភាព​មិនបាន​ចូលរួម​ជួប​សម្របសម្រួល​ផ្ទាល់​ជាមួយ​ប្រជាពលរដ្ឋ​ទេ​។ លោក​ណែនាំ​ឱ្យ​សួរ​ទៅ​តំណាង​អាជ្ញាធរ​ឃុំ ដែល​បាន​ជួប​ផ្ទាល់​ជាមួយ​ប្រជាពលរដ្ឋ គឺ​លោក យ៉ាន់ រឿន​។

លោក​ យ៉ាន់ រឿន បាន​ថ្លែងថា មាន​ពលរដ្ឋ​ប្រមាណ​ ៦០០ ​គ្រួសារ​ បាន​លើកគ្នា​មក​តវ៉ា​ដល់​សាលាឃុំ​រកាជន្លឹង ដោយសារ​តែមាន​ការបារម្ភ​ខ្លាច​មាន​ការលក់ដូរ​ដី​បឹង ដែល​ពួកគាត់​ធ្លាប់​អាស្រ័យផល​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​សូម​ជម្រាបជូន​ថា ដី​នេះ គឺ​អត់​មានការ​លក់​ទេ គ្រាន់តែ​ថា អ្នកស្រុក​គាត់​មានការ​យល់ច្រឡំ ឬមួយ​ក៏​ខ្លាច​អាជ្ញាធរ​ហ្នឹង​ត្រូវ​រ៉ូវ​គ្នា​លក្ខណៈ​ប្រព័ន្ធ​ជាមួយ​អ្នករកស៊ី​ដី អ្នក​គួកជេ​ដី​ហើយ​លក់​ដី​បឹង​»​។

លោក​ រឿន ប្រាប់ថា អាជ្ញាធរ​ឃុំ និង​អាជ្ញាធរ​ស្រុក​បាន​ទទួល​យក​សំណូមពរ​របស់​ប្រជាពលរដ្ឋ និង​កំណត់​ពេលវេលា​ច្បាស់លាស់​មួយ ដើម្បី​ប្រជុំ​ដោះស្រាយ​ឱ្យ​ប្រជាពលរដ្ឋ​អស់ចិត្ត ដោយ​ហៅ​ភាគី​អ្នក​គួកជេ​ដី និង​ភាគី​ខាង​ប្រជាពលរដ្ឋ​បញ្ជាក់ប្រាប់​គ្នា​ពី​មូលហេតុ​ឱ្យបាន​​ច្បាស់លាស់​។

លោក​ អែតដា ដូរ៉ាមី អភិបាលរង​ស្រុក​ខ្សាច់កណ្តាល​ថ្លែង​នៅ​ថ្ងៃទី​ ២ ខែវិច្ឆិកា​ថា លោក​បាន​ចុះទៅ​ប្រមូល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​អំពី​ការតវ៉ា​នេះ​។ ប៉ុន្តែ​មិនទាន់មាន​ការដោះស្រាយ​នៅឡើយ​ទេ​។

លោក​បញ្ជាក់ថា៖ «​ខ្ញុំ​គ្រាន់តែ​យក​ព័ត៌មាន​ដែល​ពលរដ្ឋ​តវ៉ា ដើម្បី​រាយការណ៍​ជូន​លោក​អភិបាលស្រុក​អំពី​តម្រូវការ​ដែល​គាត់​ចង់ឱ្យ​ដោះស្រាយ អ៊ីចឹង​ការសម្រេច​យ៉ាងម៉េច យើង​មិនទាន់មាន​ទេ​»៕