កំពង់ធំៈ​ មនុស្ស​ប្រុស ​៣ ​នាក់​បាន​ស្លាប់​ភ្លាមៗ​នៅ​កន្លែង​កើត​ហេតុ​ ដោយសារគ្រោះ​ថ្នាក់​ចរាចរ​ណ៍ រ​ថយន្ត២គ្រឿង​បុក​គ្នា​​កាលពី​វេលា​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃទី ​៤​ខែវិច្ឆិកា លើផ្លូវ​ជាតិ​លេខ ៦ ត្រង់​ចំណុច​ភូមិ​ត្រពាំង​ស្វាយ​ ឃុំ​បល្ល័ង្ក ​ស្រុក​បា​រា​យណ៍ ខេត្ត​កំពង់​ធំ។

លោក សួន ថេ​ន អធិការ​នគរ​បាល​ស្រុក​បារាយ​ណ៍បានប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍ ​នៅ​ថ្ងៃទី​ ៤ ​ខែវិច្ឆិកា​ថា ពេល​កម្លាំង​សមត្ថ​កិច្ច​ទៅ​ដល់​កន្លែង​កើត​ហេតុ​បាន​ឃើញ​រថយន្ត​បុក​ក្រពឹត​ជាប់​គ្នា ដែល​ភាគី​រថយន្ត​តូច​មាន​អ្នកជិះ​៣នាក់​ស្លាប់​ទាំងអស់ ​ចំណែក​អ្នកបើក​រថយន្ត​ធំ​មិន​ស្គាល់​អត្ត​សញ្ញាណ​បាន​រត់​គេច​ខ្លួន​បាត់។ លោក​អធិការ​បញ្ជាក់​ថា ករណី​គ្រោះថ្នាក់​ចរាចរ​ណ៍​នេះ​សមត្ថ​កិច្ច​កំពុង​បន្ត​ស្រាវ​ជ្រាវ​បន្ថែម​ទៀត​។

លោក​ថ្លែង​ថា៖ «ពេលវេ​លា​ថ្មើរហ្នឹង​ព័ត៌មាន​ជុំវិញ​សុទ្ធតែ​យើង​ត្រូវធ្វើ​ការស្រាវ​ជ្រាវ​ដោយ​ប្រយ័ត្ន​ប្រយែង​ណាស់ ​ពីព្រោះកណ្តាល​យប់​បងប្អូន​ស្រុក​ភូមិ​គេ​សម្រាក​អស់​ទៅ​ហើយ» ​។

បើតាម​លោក សួន ថេ​ន ​គ្រោះ​ថ្នាក់​ចរាចរណ៍​នេះ​បណ្តាល​ឲ្យ​ខូចខាត​​រថយន្ត​ចំនួន ២ ​គ្រឿង ​ដែល​សមត្ថ​កិច្ច​បាន​យក​វត្ថុតាង​ទាំងនេះ​មក​រក្សាទុក​នៅ​អធិការ​ដ្ឋាន​នគរ​បាល​ស្រុក​បារាយណ៍ ​ដើម្បី​រង់ចាំ​ដោះ​ស្រាយ​ទៅតាម​នីតិវិធី​។ ចំណែក​សាក​សព​ជនរង​គ្រោះ ត្រូវ​បាន​សាច់​ញាតិ​ទទួល​យក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃ​ណី​។

លោកបាន​ឲ្យដឹងដែរថា រថយន្ត​បង្ក​ម៉ាក​តូ​យ៉ូតា​ព្រុស ពណ៌​ទឹក​ប្រាក់ ពាក់​ស្លាក​លេខ​ភ្នំពេញ ​2AC-8411 បើកបរ​ដោយ​ឈ្មោះ វ៉ាត សំ​អេ​ន ភេទ​ប្រុស​ អាយុ២៩​ឆ្នាំ នៅ​ភូមិ​សិរី​រាជ្យ ឃុំ​ឈូក​ខ្សាច់ ស្រុក​បារា​យណ៍ និង​អ្នករួម​ដំណើរ ២ នាក់​ឈ្មោះ ម៉ិ​ក វាសនា ​ភេទ​ប្រុស អាយុ​ ២៩ ​ឆ្នាំ នៅ​ភូមិ​ឈូក​ខ្សាច់ ឃុំ​ឈូក​ខ្សាច់​ ស្រុក​បារាយ​ណ៍ និង​ឈ្មោះ​ស៊ុន អៀម ភេទ​ប្រុស​ អាយុ ​៤១ ​ឆ្នាំ នៅ​ភូមិ​សិរី​រាជ្យ ឃុំ​ឈូក​ខ្សាច់ ស្រុក​បារាយ​ណ៍ អ្នក​ទាំង ​៣ ​សុទ្ធតែស្លាប់​ក្នុង​រថយន្តនៅ​កន្លែង​កើត​ហេតុ​ទាំង​អស់​។

ដោយ​ឡែក​រថ​យន្ត​១​គ្រឿង​ទៀត​ ម៉ាក​ហ៊ី​យ៉ាន់​ដាយ​ ពណ៌​ស ស្លាក​លេខ កំព​ង់ចាម 3A-2975 ស្លាក​លេខ​រ៉ឺម៉ក 51R 09444 តែអ្នក​បើក​បរ​មិន​ស្គាល់​អត្ត​សញ្ញាណបានរត់​គេ​ចខ្លួន​បាត់៕