សៀមរាបៈ អាជ្ញាធរ​ជាតិ​អប្សរា​បានឱ្យដឹងថា ក្នុងអំឡុង​ខែតុលា ឆ្នាំ​ ២០២១ ក្រុមការងារ​បាន​ចុះ​ពិនិត្យ​ និង​ជួយ​សម្រួល​លក្ខណៈ​បច្ចេកទេស​នៃ​ការសាងសង់​លំនៅឋាន​និង​សំណង់​ឧ​ប​សម្ព័ន្ធ​ផ្សេងៗ​ទៀត​ដល់​ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​ឧទ្យាន និង​ក្រៅ​ឧទ្យាន​អង្គរ​បាន​ចំនួន ​៣៦៩ ​គ្រួសារ​ នៅក្នុង​អំឡុង​ខែតុលា ឆ្នាំ ២០២១ នេះ​។

ក្នុងនោះ​មាន​ក្រុង​សៀមរាប ១២៦ ​គ្រួសារ ស្រុក​ប្រាសាទបាគង ៧០​ គ្រួសារ ស្រុក​បន្ទាយស្រី ៦៥ ​គ្រួសារ ស្រុក​ពួក ២៩ ​គ្រួសារ និង​ស្រុក​អង្គរធំ ៦៤ ​គ្រួសារ​។ ចំណែក​ប្រជាពលរដ្ឋ​រស់នៅ​ក្រៅ​ឧទ្យាន​អង្គរ​ចំនួន ​១៥​ គ្រួសារ គឺ​នៅ​ស្រុក​សូទ្រនិគម ៣​គ្រួសារ និង​ស្រុក​ស្វាយ​លើ ១២ ​គ្រួសារ​។

​អ្នកនាំពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា លោក ឡុង កុសល ​បញ្ជាក់ថា ពលរដ្ឋ​នៅតែ​បន្ត​ដាក់ពាក្យ​ស្នើសុំ​មកកាន់​អាជ្ញាធរ​ដើម្បី​ចុះ​ធ្វើការ​ពិនិត្យ​ជា​បន្តបន្ទាប់។

លោក​ថា ប្រជាពលរដ្ឋ​ដែល​បានទទួល​ការអនុញ្ញាតឱ្យ​ជួសជុល ឬ​រុះរើ​ផ្ទះ​ចាស់​សាងសង់​ផ្ទះ​ថ្មី​ជំនួស ដែល​ទទួលបាន​ការអនុញ្ញាត​សាងសង់​ត្រូវអនុវត្ត​ឱ្យបាន​ត្រឹមត្រូវ​បើ​ពុំ​នោះទេ​នឹង​តម្រូវឱ្យ​រុះរើ​ចេញ​វិញ​។

លោក​ថ្លែងថា៖ «​ធម្មតា​នៅពេលដែល​ទទួល​បានកា​រ​អនុញ្ញាត គឺ​គាត់​ត្រូវតែ​ធ្វើ​ទៅតាម​លក្ខណៈ​បច្ចេកទេស នៃ​ការអនុញ្ញាត ព្រោះ​ការសាងសង់​ ឬ​ធ្វើ​អី​មួយ​ត្រូវមាន​ប្លង់​បច្ចេកទេស​បើសិនជា​ធ្វើតាម​ប្លង់​បច្ចេកទេស​ត្រឹមត្រូវ អាហ្នឹង​បានន័យថា​អនុវត្ត​កិច្ចការងារ​ស្របច្បាប់ តែបើ​ទទួលបាន​ការអនុញ្ញាត​ហើយ​ធ្វើ​មិន​ត្រឹមត្រូវ​អាហ្នឹង​បានន័យថា​យើង​ល្មើសច្បាប់​»។

របាយការណ៍​ក្រុមការងារ​លេខាធិការដ្ឋាន​សហគមន៍​នៃ​អាជ្ញាធរ​ជាតិ​អប្សរាបង្ហាញថា ក្នុង​រយៈពេល​ ៥ ​ឆ្នាំ ក្រុមការងារ បាន​បន្តការងារ​ចុះ​ពិនិត្យ​អនុញ្ញាត​ការជួសជុល​សំណង់​តូចតាច ដែល​ស្ថិតនៅក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​បាន​ចំនួន​ ១២ ៤៧៤ ​ករណី ​(​សំណើ​) ក្នុងនោះ សំណង់​ស្រាល ដែល​ត្រូវបាន​ក្រុមការងារ​អនុញ្ញាត​មាន​ចំនួន​ ៨ ១៣៧ ករណី ​(​សំណើ​)​។

គោលដៅ​ទាំងនោះ រួមមាន​ស្រុក​ប្រាសាទបាគង អនុញ្ញាត​បាន​ចំនួន ​៤៧៥ ​ករណី ស្រុក​អង្គរធំ អនុញ្ញាត​បាន​ចំនួន​ ២ ១៥៤​ ករណី ស្រុក​ពួក​អនុញ្ញាត​បាន​ចំនួន ​១ ១៨៤ ​ករណី ក្រុង​សៀមរាប អនុញ្ញាត​បាន​ចំនួន​ ៣១៤២ ​ករណី និង​ស្រុក​បន្ទាយស្រី​អនុញ្ញាត​បាន​ចំនួន ​១ ១៨២ ករណី​។​

ការអនុញ្ញាត​នេះ ធ្វើឡើង​បន្ទាប់ពី​ក្រុមការងារ​សហគមន៍ បាន​ចុះ​ពិនិត្យ​ទៅដល់​ខ្នង​ផ្ទះ​ជាក់ស្តែង​ និង​ឯកសារ​ពាក់ព័ន្ធ​មួយចំនួនទៀត ដើម្បី​ជា​មូលដ្ឋាន​បច្ចេកទេស​ក្នុងការ​វាយតម្លៃថា ពួក​អ្នកស្នើសុំ គឺជា​ប្រជា​ពល​ដ្ឋ​ចាស់​រស់នៅក្នុង​តំបន់​អង្គរ​ពិតប្រាកដ​និង​មានការ​បញ្ជាក់​យ៉ាងច្បាស់​លាស់​ពី​អាជ្ញាធរ​មូលដ្ឋាន​ភូមិ​-​ឃុំ​-​សង្កាត់ ដែលមាន​តម្រូវការ​ជាក់ស្តែង​ក្នុងការ​កែលម្អ​ការរស់នៅ​ឱ្យបាន​ល្អប្រសើរ​៕