ភ្នំពេញៈ ព្រះ​ករុណា​ព្រះបាទ​សម្តេច​ព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះ​មហា​ក្សត្រនៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា​នៅ​ថ្ងៃទី​ ៣ ខែវិច្ឆិកា ​បាន​ឡាយ​ព្រះហស្ត​លេខា​ប្រកាស​ឱ្យ​ប្រើ​ច្បាប់​រដ្ឋធម្ម​នុញ្ញ​ ដែល​ទើប​បានធ្វើវិ​សោធន​កម្ម​ស្តី​ពី​ការ​កំណត់​សញ្ជាតិ​ខ្មែរ​តែមួយ​សម្រាប់​ប្រធាន​ក្រុម​ប្រឹក្សា​ធម្មនុ​ញ្ញ ប្រធាន​ព្រឹទ្ធស​ភា ​ប្រធានរ​ដ្ឋសភា និង​នាយក​រដ្ឋមន្ត្រី​។

យោង​តាម​ព្រះរាជ​ក្រម​ឡាយ​ព្រះហស្ត​លេខា​ប្រកាស​ឱ្យ​ប្រើ​ច្បាប់​ធម្មនុញ្ញ​ស្តីពី​ការ​កំណត់​សញ្ជាតិ​ខ្មែរ​តែមួយ​ក្នុង​មាត្រា​ ៣​ បាន​បញ្ជាក់ថា ​ច្បាប់​ធម្មនុញ្ញ​នេះ​ត្រូវ​បាន​ប្រកាស​ជា​ការ​ប្រញាប់​។

ច្បាប់​ធម្មនុញ្ញ​ស្តីពី​វិសោ​ធន​កម្ម​មាត្រា ​១៩ ថ្មី មាត្រា​ ៨២ ​ថ្មី មាត្រា ១០៦ ថ្មី (មួយ) មាត្រា ​១១៩ ថ្មី និង​មាត្រា​ ១៣៧ ថ្មី នៃ​រដ្ឋធម្ម​នុញ្ញ​នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា និង​មាត្រា​៣និង​មាត្រា ៤ នៃ​ច្បាប់​ធម្មនុញ្ញ​បន្ថែម​សំដៅ​ធានា​នូវ​ដំណើរ​ការ​ជា​ប្រក្រតី​នៃ​ស្ថាប័ន​ជាតិ​ដែល​រដ្ឋសភា​បាន​អនុម័ត កាលពី​ថ្ងៃទី​ ២៥ ​ខែ តុលា ឆ្នាំ ២០២១ នា​សម័យ​ប្រជុំ​រដ្ឋសភា​លើក​ទី៦ នីតិ​កាល​ទី៦ ហើយ​ដែល​ព្រឹទ្ធ​សភា​បាន​ពិនិត្យ​ចប់​សព្វ​គ្រប់​លើ​ទម្រង់ និង​គតិ​ច្បាប់​នេះ​ទាំង​ស្រុង​កាល​ពី​ថ្ងៃទី ២​ ខែ វិច្ឆិកា ឆ្នាំ ២០២១​ នា​សម័យ​ប្រជុំ​ជា​វិសា​មញ្ញ​នីតិ​កាល​ទី​៤។

ព្រះរាជ​ក្រម​បញ្ជាក់​ថា ​«ច្បាប់​ធម្មនុញ្ញ ស្តីពី​វិសោធន​កម្ម​មាត្រា ១៩ ថ្មី មាត្រា ​៨២ ​ថ្មី មាត្រា ១០៦ ថ្មី (មួយ) មាត្រា ​១១៩ ថ្មី និង​មាត្រា​ ១៣៧ ថ្មី នៃ​រដ្ឋ​ធម្មនុញ្ញ​នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា និង​មាត្រា ៣​ និង​មាត្រា ៤ នៃ​ច្បាប់​ធម្មនុញ្ញ​បន្ថែម​សំដៅ​ធានា​នូវ​ដំណើរ​ការ​ជា​ប្រក្រតី​នៃ​ស្ថាប័ន​ជាតិ»​។

មាត្រា ៨២ ថ្មី (មួយ) ចែង​ថា រដ្ឋសភា​បើក​សម័យ​ប្រជុំ​ដំបូង​ ៦០ ​ថ្ងៃ​យ៉ាង​យូរ​ក្រោយ​ពេល​បោះ​ឆ្នោត​ តាម​ការ​កោះប្រ​ជុំ​របស់​ព្រះ​មហា​ក្សត្រ។ មុន​ចាប់ផ្ដើម​ការងារ​របស់​ខ្លួន រដ្ឋសភា​ត្រូវ​ប្រកាស​សុពល​ភាព​នៃ​អាណត្តិ​របស់​សមាជិក​នីមួយៗ​ និង​ត្រូវ​បោះ​ឆ្នោត​ជ្រើស​រើស​ដាច់​ដោយ​ឡែក​ពីគ្នា​នូវ​ប្រធាន អនុ​ប្រធាន​រដ្ឋសភា និង​សមាជិក​ទាំង​អស់នៃ​គណៈ​កម្មការ​នានា​របស់​រដ្ឋសភា​ដោយ​មតិ​ភាគ​ច្រើន​ដាច់​ខាត​នៃ​ចំនួន​សមា​ជិក​រដ្ឋសភា​ទាំង​មូល។ ប្រធាន​រដ្ឋសភា​ត្រូវ​បោះ​ឆ្នោត​ជ្រើសរើស​ចេញ​ពី​សមាជិក​រដ្ឋ​សភា​ដែល​មាន​សញ្ជាតិ​ខ្មែរ តែ​មួយ​គត់។ ​

មាត្រា ​១០៦ ​ថ្មី (ពីរ) ចែង​ថា ព្រឹទ្ធ​សភា​បើក​សម័យ​ប្រជុំ​ដំបូង ​៦០ ថ្ងៃ​យ៉ាង​យូរ​ក្រោយ​ពេល​បោះ​ឆ្នោត ​តាម​ការ​កោះ ប្រជុំ​របស់​ព្រះ​មហា​ក្សត្រ។មុន​ចាប់​ផ្ដើម​ការងារ​របស់​ខ្លួន​ព្រឹទ្ធ​សភា​ត្រូវ​ប្រកាស​សុពល​ភាព​នៃ​អាណត្តិ​របស់​សមា​ជិក​នីមួយៗ និង​ត្រូវ​បោះ​ឆ្នោត​ជ្រើស​រើស​ដាច់​ដោយ​ឡែក​ពីគ្នា​នូវ​ប្រធាន​អនុ​ប្រធាន​ព្រឹទ្ធ​សភា និង​សមា​ជិក​ទាំង​អស់នៃ​គណៈ​កម្មការ​នានា​របស់​ព្រឹទ្ធ​សភាដោយ​មតិ​ភាគ​ច្រើន​ដាច់​ខាត​នៃ​ចំនួន​សមា​ជិក ​ព្រឹទ្ធ​សភា​ទាំងមូល។ ប្រធាន​ព្រឹទ្ធស​ភា ត្រូវ​បោះឆ្នោត​ជ្រើស​រើស​ចេញ

ពី​សមា​ជិក​ព្រឹទ្ធ​សភា ដែល​មាន​សញ្ជាតិ​តែមួយ​គត់​។

ចំណែក​មាត្រា ​១១៩ ​ថ្មី (មួយ) ចែងថា តាម​សេចក្តីស្នើ​​ពី​ប្រធាន ដោយ​មានម​តិ​ឯកភាព​ពី​អនុប្រ​ធាន​ទាំងពីរ​នៃ​រដ្ឋសភា ព្រះ​មហា​ក្សត្រ​ទ្រង់​ចាត់​តាំង​វរជន​មួយរូប​ជា​នាយក​រដ្ឋមន្ត្រី​ពី​ក្នុងចំ​ណោម​តំណាង​រាស្ត្រ​នៃ​គណ​បក្ស​ដែល​មាន​អាសនៈ ច្រើន​ជាង​គេ​នៅក្នុង​រដ្ឋ​សភា​ឱ្យ​បង្កើត​រាជរដ្ឋាភិ​បាល។ វរជន​ដែល​នឹងត្រូវ​ទទួល​បាន​ការចាត់​តាំង​ជានាយក​រដ្ឋមន្ត្រី​នេះ ត្រូវ​តែ​ជា​តំណាង​រាស្ត្រ​ដែល​មាន​សញ្ជាតិ​ខ្មែរ​តែ​មួយ​គត់​។

វរជន​ដែល​ត្រូវ​បាន​ចាត់​តាំង​នេះ នាំ​សហ​ការី​ដែលជា​តំណាង​រាស្ត្រ ឬ​ជា​សមា​ជិក​គណ​បក្ស​តំណាង​នៅ​ក្នុង​រដ្ឋ​សភា ដែល​ផ្គូផ្គង​ឱ្យ​កាន់​តំណែង​ផ្សេងៗក្នុង​រាជរដ្ឋាភិ​បាល ទៅសុំ​សេចក្ដីទុ​កចិត្ត​ពី​រដ្ឋសភា​។ កាលបើ​រដ្ឋសភា​បាន​បោះឆ្នោត​ទុក​ចិត្ត​ហើយ​នោះ ព្រះមហា​ក្សត្រ​ទ្រង់​ចេញ​ព្រះរាជ​ក្រឹត្យ​តែង​តាំង​គណៈ​រដ្ឋមន្ត្រី​ទាំង​មូល។ មុន​ចូល​កាន់​តំណែង​ គណៈ​រដ្ឋមន្ត្រី​ត្រូវធ្វើ​សច្ចា​ប្រណិ​ធាន​ដូច​មាន​ខ្លឹម​សារ​ចែង​ក្នុង ឧបសម្ព័ន្ធ​ទី៦។ នេះបើ​តាម​សេចក្ដី​នៅក្នុង​មាត្រា ១១៩ ថ្មី (មួយ)។

មាត្រា​ ១៣៧ ​ថ្មី (មួយ) ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​មាន​សមា​ជិក ៩ រូប​ ដែល​ទទួល​អាណត្តិ​៩ឆ្នាំ​។ សមាជិក​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ចំនួន​មួយ​ភាគ​បី ​ត្រូវ​ផ្លាស់​ថ្មី​ក្នុង​រយៈ​ពេល ៣ ឆ្នាំ​ម្តង ៣ ឆ្នាំ​ម្តង។ សមា​ជិក ៣ រូប ត្រូវ​តែង​តាំង​ដោយ​ព្រះមហា​ក្សត្រ ៣ រូប​ ត្រូវ​ជ្រើស​តាំង​ដោយ​រដ្ឋ​សភា ហើយ ៣ រូប​ទៀត​ ត្រូវ​តែង​តាំង​ដោយ​ឧ​ត្ត​ម​ក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅក្រម។​

ប្រធាន​ត្រូវ​បាន​ជ្រើស​តាំង​ដោយ​សមា​ជិក​ក្រុមប្រឹ​ក្សាធម្មនុ​ញ្ញពី​ក្នុងចំ​ណោម​សមា​ជិក ក្រុម​ប្រឹក្សាធម្ម​នុញ្ញ ដែល​មាន​សញ្ជាតិ​ខ្មែរ​ពី​កំណើត ​និង​មាន​សញ្ជាតិ​ខ្មែរ​តែ​មួយ​គត់។ ប្រធាន​មាន​សំឡេង​ឧ​ត្ត​មា​នុ​ភាព​ក្នុង​ករណី​បែក​សំឡេង​ជា ២ ​ស្មើគ្នា។ នេះ​បើតាម​សេចក្ដី​នៃ​មាត្រា ១៣៧ ថ្មី (មួយ)ដដែល​៕

វីដេអូ៖