ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់​ក្រសួងយុត្តិធម៌​ បាន​ពន្យល់​​​​ចំពោះ​ការ​រិះគន់​ របស់​ក្រុម​អ្នកជំនាញ​សិទ្ធិមនុស្ស​អង្គការ​សហ​ប្រជាជាតិថា ការផ្តន្ទាទោស​អ្នកប្រព្រឹត្តបទល្មើស​តាម​នីតិវិធីតុលាការ និង​ផ្អែក​តាម​ទិដ្ឋភាព​ច្បាប់​ គឺជា​យន្តការ​នៃ​ការ​លើក​ស្ទួយ​​សិទ្ធិមនុស្ស និង​នីតិរដ្ឋ​ក្នុងសង្គម​ប្រជាធិបតេយ្យ។

លោក ជិន ម៉ា​លីន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍ នៅ​ថ្ងៃទី ០៤ ខែវិច្ឆិកាថា៖ «ការផ្តន្ទាទោស​អ្នកប្រព្រឹត្តបទល្មើស​ តាម​នីតិវិធីតុលាការ និង​ផ្អែក​តាម​ទិដ្ឋភាព​ច្បាប់​ គឺជា​យន្តការ​នៃ​ការ​លើកស្ទួយ​សិទ្ធិមនុស្ស និង​នីតិរដ្ឋ​ ក្នុងសង្គម​ប្រជាធិបតេយ្យ​ មិនមែន​ជាការ​រិត​ត្បិត​សិទ្ធិ​សេរីភាព​ ឬមួយ​ក៏​ជាការ​បំបិទ​សំឡេង​ប្រឆាំង ឬក៏​ធ្វើទុក្ខបុកម្នេញ​ សកម្មជន​នោះទេ»។

លោក​​បានលើកឡើង​ដូចនេះ បន្ទាប់ពី​អ្នកជំនាញ​ របស់​អង្គការសហប្រជាជាតិ​ចំនួន ៣ រូប បានស្នើ​ឱ្យ​កម្ពុជា​បញ្ឈ​ប់​ការប្រើប្រាស់​តុលាការ​ ដើម្បី​ផ្តន្ទាទោស​លើ​អ្នក​ហ៊ាន​និយាយ ​អំពី​សិទ្ធិមនុស្ស ដោយ​អ្នកជំនាញ​ទាំងនេះ បាន​រិះគន់​ប្រទេស​កម្ពុជា​យ៉ាងខ្លាំង​ថា​ បាន​​ប្រើប្រាស់​ប្រព័ន្ធតុលាការ​ ជា​មធ្យោបាយ​ក្នុង​ការ​​កាត់បន្ថយ​វិសាលភាព​សម្រាប់​សកម្មភាព​របស់​ពលរដ្ឋ។

លោក​បាន​បន្ថែមថា សកម្មភាព​នៃ​ការប្រព្រឹត្ត​បទល្មើសក៏​មិនមែនជា​ការអនុវត្ត​សិទ្ធិសេរីភាព​តាមបែប​ប្រជា​ធិបតេយ្យ ហើយក៏​មិនត្រូវ​បានទទួល​នូវ​ការលើកទឹកចិត្ត និង​ការការពារ​ដែរ។

ក្រុម​អ្នកជំនាញ​ របស់​អង្គការសហប្រជាជាតិ​ទាំង ៣ រូបនេះ​មាន លោក វិ​ទិ​ត មុន​តា​ប៊​ន (VititMuntarbhorn) អ្នករាយការណ៍​ពិសេស ​ទទួលបន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា លោកស្រី អាយ​រី​ន ខាន់ (Irene Khan) អ្នក​រាយការណ៍​ពិសេស​ស្តីពី​ការលើកកម្ពស់ និង​ការការពារ​សិទ្ធិ​ នៃ​សេរីភាព​បញ្ចេញមតិ និង​ទស្សនៈ និង​លោកស្រី ម៉ា​រី ឡ​ល័​រ (Mary Lawlor) អ្នករាយការណ៍​ពិសេស ​ស្តីពី​ស្ថានភាព​របស់​ក្រុម​អ្នក​ការ​ពារ​សិទ្ធិមនុស្ស។

អ្នកជំនាញ​ទាំង៣​រូប​​នេះ ក៏បាន​អំពាវនាវ​ឱ្យ​ប្រទេស​កម្ពុជា​ ការពារ​សេរីភាព​បញ្ចេញមតិ ក្រោយពី​អ្នកការពារ​សិទ្ធិមនុស្ស និង​សកម្មជន​នយោបាយ​សរុប ១៥ នាក់​ ក្នុង​សំណុំរឿង​ពីរ​ផ្សេងគ្នា​ ត្រូវបាន​តុលាការ​ផ្តន្ទាទោស។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​ របស់​ការិយាល័យ​ឧ​ត្ត​ម​ស្នងការ​ទទួលបន្ទុក​សិ​ទិ្ធ​មនុស្ស​​ប្រចាំកម្ពុជា កាលពី​ថ្ងៃទី ០២ ខែវិច្ឆិកា ​ដែល​ ភ្នំពេញ​ ប៉ុស្តិ៍​ ទទួលបាន​តាមរយៈអ៊ី​ម៉ែ​ល។

អ្នកជំនាញ​សិទ្ធិមនុស្ស​ទាំង​នេះ ​បាន​មានប្រសាសន៍ថា៖ «យើងខ្ញុំ​ព្រួយបារម្ភ​ជាខ្លាំង ​អំពី​សាលក្រម​ផ្តន្ទាទោស​ទាំងនេះ ដែល​សរ​បញ្ជាក់​ជាថ្មី​ម្តងទៀត​ នូវ​ការធ្លាក់ចុះ​នៃ​លំហ​ពលរដ្ឋ និង​នយោបាយ​នៅ​កម្ពុជា ដែលមាន​លក្ខណៈ​ជា​ប្រព័ន្ធ និង​មានការ​រៀបចំ​ច្បាស់លាស់»។

អ្នកជំនាញ​ទាំងនេះបាន​បន្តថា ពួកគេ​ពិតជា​ភ្ញាក់ផ្អើលដែលថា​ តុលាការ​ត្រូវបាន​ប្រើប្រាស់​ជា​មធ្យោបាយ​ជាថ្មី​ទៀត ​​ក្នុង​ការ​​បំបិទ​សំឡេង​រិះគន់​របស់​អ្នក​ដែល​ហ៊ាន​និយាយ​រិះគន់ រួមទាំង​សកម្មភាព​អហិង្សា​ដែល​ត្រូវបាន​ការពារ​ដោយ​សិទ្ធិសេរីភាព​នៃ​ការបញ្ចេញមតិ។

សេចក្តីប្រកាស​ព័ត៌មានបាន​បញ្ជាក់ថា៖ «ប្រទេស​កម្ពុជា​ គួរតែ​ចាត់វិធានការ​ជាបន្ទាន់ ​ក្នុងការ​បង្កលក្ខណៈ​អំណោយផល​ដល់​ប្រព័ន្ធ​មួយ ដែល​សង្គម​ស៊ីវិល​អាច​ចូលរួម​ងាយស្រួល និង​លទ្ធិប្រជាធិបតេយ្យ​រឹងមាំ ព្រមទាំង​ការពារ និង​ធានា​នូវ​សេរីភាព​បញ្ចេញមតិ សិទ្ធិបង្កើត​សមាគម និង​ការប្រមូលផ្តុំ​ដោយ​សន្តិភាព»។ 

អ្នកជំនាញ​​របស់​អង្គការសហប្រជាជាតិ​ ក៏បាន​អំពាវនាវ​ដល់​រាជរដ្ឋាភិបាល​ ក្នុងការ​ដាក់ចេញ​នូវ​វិធានការ​បន្ទាន់​ដើម្បី​ការពារ​លំហ​ពលរដ្ឋ និង​លទ្ធិប្រជាធិបតេយ្យ តាមរយៈ​ការអនុវត្ត​អនុសាសន៍​នានា ដែល​ប្រទេស​កម្ពុជា​ បាន​ទទួលយក​នៅពេល​ត្រួតពិនិត្យ​ជា​សកល ​តាម​កាលកំណត់​កាលពី​ឆ្នាំ ២០១៩។

ក្នុងចំណោម​អនុសាសន៍​ទាំងនោះ ក៏​មានការ​សន្យាថា ​នឹង​បង្កើត​លក្ខខណ្ឌ​ល្អប្រសើរ​ ដែល​សង្គម​ស៊ីវិល រួមទាំង​អ្នកការពារ​សិទ្ធិមនុស្ស អាចបំពេញ​ការងារ​រ​បស់​ខ្លួន​ដោយ​សេរី ដោយ​គ្មាន​ការជ្រៀតជ្រែក ឬ​រារាំង។

ក៏​ប៉ុន្តែលោក ជិន ម៉ា​លីន បាន​បញ្ជាក់ថា៖ «ការអនុវត្ត​ច្បាប់​ ដោយ​ផ្អែកទៅលើ​ទិដ្ឋភាព ​នីតិវិធី​ច្បាប់ ​របស់​កម្ពុជា​តាមរ​យៈ​យន្តការ​របស់​តុលាការ គឺជា​វិធានការ​ច្បាប់​ជាទូទៅ ដែល​គេ​តែងតែ​ប្រើប្រាស់​នៅក្នុង​សង្គម​ប្រជាធិបតេយ្យ នីតិរដ្ឋ»។

ពាក់​ព័ន្ធ​នឹង​ករណី​នេះ​ដែរ អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ​ បានធ្វើការ​បញ្ជាក់​ទាក់ទង​នឹង​យុវជន​ជាប់​ចោទ​​ម្នាក់ ឈ្មោះ កាក់ សុវណ្ណ​ច្ឆ័​យ ភេទ​ប្រុស អាយុ ១៧ ឆ្នាំ ដែលជា​កូន​សកម្ម​ជន​អតីត​គណ​បក្ស​សង្គ្រោះជាតិ ​ជា​ជន​ម្នាក់​ក្នុង​ចំណោម​ ១៥​ នាក់​ ត្រូវបាន​​តុលាការ​ចោទប្រកាន់​ពីបទ​ញុះញង់​ បង្ក​ឱ្យមាន​ភាពវឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម និង​បទ​ប្រមាថ​ដែល​បាន​ប្រព្រឹត្តិ​ឡើង​ក្នុង​ឆ្នាំ ២០២១ នេះ។

សេចក្តីប្រកាស​ព័ត៌មាន​ របស់​អ្នកនាំពាក្យ​​សាលា​ដំបូង​រាជ​ធានី​ភ្នំពញ ដែល​បានចេញ​នៅ​ថ្ងៃទី ០៤ ខែវិច្ឆិកា​ បានឱ្យដឹងថា កាល​ថ្ងៃទី ០១ ខែ វិច្ឆិកា ឆ្នាំ ២០២១ តុលាការ​បានធ្វើការ​វិនិច្ឆ័យ ដោយមាន​ការគិតគូរ​ពិចារណា​យ៉ាង​ហ្មត់ចត់ លើ​ផលប្រយោជន៍​អនីតិជន ហើយ​បានសម្រេច​ផ្តន្ទាទោស​​យុវជន​​រូបនេះ​ដាក់ពន្ធនាគារ​កំណត់​ទណ្ឌកម្ម​ត្រឹម​ពាក់កណ្តាល​នៃ​ទោស​ដែល​ច្បាប់​បានកំណត់​ចំពោះ​នីតិជន ហើយ​ទោស​នេះ​ត្រូវអនុវត្ត​ក្នុង​ពន្ធនាគារ​​តែមួយ​ផ្នែក​ប៉ុណ្ណោះ ទោស​នៅសល់​ត្រូវ​ព្យួរ​សាកល្បង ដោយ​តម្រូវ​ឱ្យទណ្ឌិត​គោរព​វិធានការ​ត្រួតពិនិត្យ​មួយចំនួន។

អ្នកនាំពាក្យ​បាន​បញ្ជាក់ថា ៖ «ពិរុទ្ធជន​រូបនេះ ​នឹងត្រូវ​ដោះលែង​នៅ​ថ្ងៃទី ០៨ ខែ វិច្ឆិកា ឆ្នាំ ២០២១ ខាងមុខ​នេះ បន្ទាប់ពី​ជាប់ឃុំ​រយៈពេល ៤ ខែ ១៥ ថ្ងៃ និង​ត្រូវ​ប្រគល់ជូន​អាណាព្យាបាល​ ធ្វើការ​អប់រំ ណែនាំ និង​មើល​ការខុស​ត្រូវ​​ឱ្យបានល្អ»។

ជននេះ ត្រូវបាន​សមត្ថកិច្ច​ធ្វើការ​ណែនាំ​អប់រំ ដោយ​មិនបាន​ចោទប្រកាន់​តាម​នីតិវិធី​តុលាការ​នោះទេ ព្រោះ​យល់ថា​ ជា​អនីតិជន ដែល​បាន​ប្រព្រឹត្ត​អំពើ​នេះ​ ជា​លើកដំបូង ប៉ុន្តែ​ជននេះ​ នៅតែ​មិន​កែប្រែ​ខ្លួន ទើប​មាន​វិធានការ​តាមផ្លូវ​ច្បាប់​ ចំពោះ​ករណី លើក​ទី២ នេះ។

ដោយឡែក​ចំពោះ​ការ​លើកឡើងដែល​ថា​ ​យុវជន​រូប​នេះ​មាន​ជំងឺ អូ​ទី​សឹម ជាការ​អះអាង​ផ្ទាល់ខ្លួន ដោយ​ពុំមាន​បង្ហាញ ភស្តុតាង​បញ្ជាក់​គ្មាន​សំបុត្រ​ពេទ្យ ឯកសារ​ដែល​ធ្លាប់​ព្យាបាល និង​គ្មាន​លិខិត​កោសល​វិច័យ​នោះទេ។

អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញបាន​បន្តថា តុលាការ​បានធ្វើការ​ពិនិត្យ​កាយសម្បទា និង​សាកសួរ​អំពី​ការយល់ដឹង​ជាទូទៅ​របស់​ក្មេង​នេះ គឺមាន​សភាព​ធម្មតា​ដូច​ក្មេង​ដទៃ ដោយពុំមាន​ស​ភាពមិនប្រក្រតី​ដូច​ការ​លើកឡើង​របស់​ក្រុមគ្រួសារ​នោះទេ៕