ភ្នំពេញៈ បារាំង​បាន​ផ្ដល់​ប្រាក់​កម្ចី​បន្ថែម​ចំនួន ​២០​ លាន​អឺរ៉ូដល់​កម្ពុជា​ សម្រាប់​ការ​ស្តារ​ឡើង​វិញ​នូវ​ប្រព័ន្ធ​ធារា​សាស្ត្រ​ចំនួន​ ១៧ ​ដែល​រង​ការ​ខូច​ខាត​ដោយ​ទឹក​ជំនន់​នៅ​ខែតុលា​ ឆ្នាំ ២០២​០។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ទីភ្នាក់ងារ​អភិវឌ្ឍន៍​បារាំង (AFD) ដែល​ ភ្នំពេញ​ ប៉ុស្តិ៍​ ទទួល​បាននៅ​រសៀល​ថ្ងៃទី ៤ ​ខែ វិច្ឆិកា ឆ្នាំ ២០២១។

លោក​ អូន ព័ន្ធមុនីរ័ត្ន ឧ​បនាយក​រដ្ឋ​មន្ត្រី រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​លោកស្រី​ Ophélie BOURHIS តំណាងប្រចាំ​ប្រទេសនៃ​ទីភ្នាក់ងារ​អភិវឌ្ឍន៍​បារាំង (AFD) ប្រចាំ​កម្ពុជា បាន​ចុះហត្ថលេខា​លើ​កិច្ចព្រម​ព្រៀង​កម្ចី​បន្ថែម​នេះ កាលពី​ថ្ងៃទី ២៦ ខែ តុលា ឆ្នាំ ២០២១​។

តាមរយៈ​សេចក្ដី​ប្រកាស​ព័ត៌មាន​នោះ ទឹក​ប្រាក់កម្ចី​បន្ថែម​ចំនួន ២០ លាន​អឺរ៉ូ នឹងត្រូវ​បញ្ចូល​ទៅក្នុង​កម្មវិធី​គ្រប់គ្រង​ធនធាន​ទឹក និង​ការផ្លាស់​ប្តូរ​បរិស្ថាន​ក​សិ​កម្ម​កម្ពុជា (WAT4CAM) ដែលមាន​សាច់​ប្រាក់​ស្រាប់​ចំនួន​ ៦៦,៥​ លាន​អឺរ៉ូ​ ដែលជា​សហ​ហិរញ្ញប្ប​ទាន​ដោយ​សហ​ភាព​អឺរ៉ុប(ជំនួយ​ចំនួន ១១,៥ លាន​អឺរ៉ូ)។ ថវិកា​បន្ថែម​នេះ​នឹង​អនុញ្ញាតឲ្យក្រសួង​ធនធានទឹក និង​ឧតុ​និយម ស្តារ​ប្រព័ន្ធ​ធារាសា​ស្ត្រ​ចំនួន ១៧ ដែលមាន​ទីតាំង​នៅក្នុង​ខេត្តបាត់​ដំបង និង​បន្ទាយ​មានជ័យ ក្នុងចំណោម​តំបន់​ដែល​រង​ផល​ប៉ះពាល់​ខ្លាំង​បំផុត​ដោយ​ទឹកជំនន់​នៅ​ខែតុលា ​ឆ្នាំ ២០២០​។

លោក ចាន់ យុ​ត្ថា រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម​ មាន​ប្រសាសន៍​ថា៖ «យើង​សូម​កោត​សរសើរ​យ៉ាងខ្លាំង​ចំពោះ​ការបន្ត​គាំទ្រ​របស់​ប្រទេស​បារាំង​ ចំពោះ​វិស័យ​គ្រប់គ្រង​ធនធាន​ទឹក​នៅ​កម្ពុជា។ នេះ​ជា​ជំហាន​ថ្មី​មួយមិន​ត្រឹមតែ​ក្នុងការ​ស្តារ​ឡើង​វិញ​នូវ​ហេដ្ឋា​រច​នាសម្ព័ន្ធ​ធារា​សាស្ត្រ​ដែល​រង​ការខូច​ខាត​ដោយ​ទឹកជំនន់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ក្នុង​ការ​កសាង​សមត្ថ​ភាព​នៃ​ហេដ្ឋារ​ចនាស​ម្ព័ន្ធ​នេះ​ឱ្យ​កាន់តែ​ប្រសើ​រឡើង​ក្នុងការ​ទប់​ទល់​នឹង​ហានិ​ភ័យ​អាកាស​ធាតុ​នាពេល​នាគត»​។

កាលពី​ខែតុលា ឆ្នាំ​ ២០២០ កម្ពុ​ជាមាន​ភ្លៀង​ធ្លាក់​ខ្លាំងដោយ​សារ​ព្យុះ​ត្រូពិក​ជាច្រើន​បាន​បង្ក​ជា​ទឹកជំ​នន់​យ៉ាង​ធ្ងន់​ធ្ងរ​ក្នុង​ខេត្ត​ចំនួន ១៩ ​បណ្តាល​ឲ្យ​មនុស្ស ៤២ នាក់​ស្លាប់ និង ១៤ ៣០០​គ្រួសារ​ត្រូវ​ជម្លៀស​ចេញ។ ខេត្ត​ចំនួន​ពីរ គឺ​ខេត្ត​បាត់​ដំបង និង​បន្ទាយ​មាន​ជ័យបាន​ទទួល​រង​ការខាត​បង់​យ៉ាង​ធ្ងន់​ធ្ងរ ជា​ពិសេស​មនុស្ស​ចំនួន​ ២៦ នាក់​បាន​ស្លាប់​ និង​ផ្ទៃដី​ដាំ​ដុះ​ដំណាំ​ស្រូវ​និង​ដំណាំ​ផ្សេង​ទៀត​ សរុប ៨៥ ០០០ ​ហិកតា ឬ ស្មើ ៨២% នៃ​ផ្ទៃដី​ដាំ​ដុះ​សរុប ​ត្រូវបាន​បំផ្លាញ។ បន្ថែម​ពីលើ​ការ​លំបាក​ដែល​គ្រួសារ​ជួបប្រទះ​រួចហើយ​ដោយ​សារ​វិបត្តិ​ជំងឺ​រាត​ត្បាតកូវីដ១៩ គ្រោះធ​ម្មជាតិ​ទាំងនេះ​បាន​ជះ​ឥទ្ធិ​ពល​យ៉ាងខ្លាំង​ដល់​កម្រិត​នៃ​ភាព​ក្រីក្រ​នៅក្នុង​ខេត្ត​ទាំង ២ នេះ។​

នៅក្នុង​ឱកាស​នោះ លោកស្រី ​OphélieBourhis តំណាង ​AFD ប្រចាំ​កម្ពុជា បាន​ថ្លែងថា​៖«ការចុះ​ហត្ថ​លេខា​នេះ​បាន​គូស​បញ្ជាក់​ពី​ការឆ្លើយ​តប​របស់ AFD ចំពោះ​គម្រោង​សង្គ្រោះ​បន្ទាន់​ដែល​បង្កើត​ឡើង​ដោយ​ដៃគូ​កម្ពុជា​របស់​យើង។ក្នុងអំឡុ​ងពេល​មាន​វិបត្តិ​ទាក់ទង​នឹង​ជំងឺ​រាត​ត្បាត​កូ​វីដ ១៩ ការស្តារ​ឡើង​វិញ​នូវ​បរិមាត្រ​ប្រព័​ន្ធធារា​សាស្ត្រ​ទាំងនេះ​ មាន​ទំហំ​ទឹក​ប្រាក់​ដល់​ ២០​ លាន​អឺរ៉ូ​ នឹង​ផ្តល់​លទ្ធ​ភាព​ឱ្យ​ប្រជា​ជន​នៃ​ខេត្ត​ទាំង ២»​។

AFD បាន​និង​កំពុង​គាំទ្រ​ដល់​ការអភិវឌ្ឍ​ប្រព័ន្ធ​ធារា​សាស្ត្រ​នៅ​កម្ពុជា​អស់​រយៈ​ពេល​ជាង ២៥ ឆ្នាំ​មក​ហើយ។ ​កម្មវិធី WAT4CAM សហ​ការ​ផ្តល់​ហិរញ្ញ​ប្បទាន​ជាមួយ​សហ​ភាព​អឺរ៉ុប មាន​គោល​បំណង​៣ គឺបង្កើន​តំបន់​ស្រោច​ស្រព គាំ​ទ្រ​ដល់​ការ​ពង្រឹង​ប្រព័ន្ធ​អេកូ​ឡូស៊ី​នៃ​កសិកម្ម​ស្រោច​ស្រព ប៉ុន្តែ​ក៏​ដើម្បី​កែលម្អ​ការ​ចម្រុះ​ដំណាំ​ផង​ដែរ​។

លើស​ពីនេះ កិច្ចព្រ​ម​ព្រៀង​ផ្តល់​ជំនួយ​ចំនួន​ ៣០០ ០០០ អឺរ៉ូ​ ត្រូវ​បាន​ចុះហត្ថ​លេខា​រវាង AFD និង​ក្រសួង​សេដ្ឋ​កិច្ច និង​ហិរញ្ញវត្ថុដើម្បី​អនុវត្ត​ការ​សិក្សា​លទ្ធ​ភាព​សម្រាប់​គម្រោង «ស្តារនិង​គ្រប់​គ្រង​ទន្លេ​ស្វាយ​ចេក»ថ្មី​នៅ​ក្នុង​ខេត្ត​បន្ទា​យមានជ័យ។

គម្រោង​ថ្មី​តម្លៃ ៥០​ លាន​អឺរ៉ូ​នេះ ​មាន​គោលបំ​ណង​អភិវឌ្ឍ​ដំណោះស្រាយ​ប្រកបដោយ​និរន្តរភាព​ចំពោះ​បញ្ហា​ទឹកជំនន់​ដែល​កើត​ឡើង​ដដែលៗក្នុង​ខេត្ត​នេះ ធានា​នូវ​ការគ្រប់​គ្រង​ធនធាន​ទឹក​ប្រកប​ដោយ​និរន្តរភាព​សម្រាប់​ទាំង​ការប្រើ​ប្រាស់​កសិកម្ម និង​មនុស្ស និង​ធ្វើឱ្យ​មាន​ការអ​ភិវឌ្ឍកសិកម្ម​ឡើង​វិញ​នៅក្នុង​អាង​ទន្លេ​នេះ។​

AFD បាន​ចាប់ផ្តើម​ប្រតិបត្តិការ​របស់ខ្លួន​នៅក្នុង​ប្រទេស​កម្ពុជា ​ក្នុង​ឆ្នាំ ១៩៩៣ ហើ​យ​បាន​កៀរគរ​ថវិកា​ជាង ៨៦៧ លាន​អឺរ៉ូ ក្នុង​គោល​បំណង​ជួយ​ដល់​ប្រទេស​កម្ពុជា ​ក្នុងការ​ផ្លាស់​ប្តូរ​ទឹកដី អេកូ​ឡូស៊ី និង​សង្គម​។

ក្រុមទី​ភ្នាក់ងារ​អភិវឌ្ឍន៍​បារាំង(AFD Group) អនុវត្ត​គោលន​យោបា​យ​របស់​ប្រទេស​បារាំង ​ក្នុង​វិស័យ​អភិវឌ្ឍន៍ និង​សាមគ្គីភាព​អន្តរជាតិ។ ដោយ​ផ្តល់​ហិរញ្ញប្បទានគាំទ្រ និង​ព​ន្លឿ​ន​ការផ្លាស់ប្តូរ​ឆ្ពោះទៅកាន់​ពិភពលោក​ដែលមាន​ភាពស៊ីចង្វាក់​គ្នានិង​ធន់។ រួមមាន AFD ដែល​ផ្តល់​ហិរញ្ញប្ប​ទាន​ដល់​វិស័យ​សាធារណៈ និង​អង្គការក្រៅរដ្ឋាភិបាល។ Proparco ដែល​ផ្តល់​ហិរញ្ញប្បទាន​ដល់​វិស័យ​ឯកជន ហើយឆាប់ៗនេះ អ្នកជំនាញ​បារាំង​សម្រាប់​កិច្ចសហប្រតិបត្តិការ​ប​ច្ចេកទេស ហិរញ្ញវត្ថុ​ក្រុមគាំទ្រនឹង​ព​ន្លឿ​ន​ការផ្លាស់ប្តូរ​ឆ្ពោះទៅកាន់​ពិភពលោក​ដែលមាន​ភាព​ធន់ និង​និរន្តរភាព។

ជាមួយនឹង​ដៃគូ​ AFD Group កំពុង​បង្កើត​ដំណោះ​ស្រាយ​រួមគ្នា​ជាមួយ និង​ប្រជាជន​នៃ Global South។ ក្រុម​នេះ​មាន​សកម្មភាព​នៅក្នុង​គ​ម្រោ​ង​ជាង ៤ ០០០​ នៅក្នុង​វិស័យនេះដោយនៅក្រៅ​ប្រទេស​ប្រទេស​បារាំង​មាន​ប្រទេស​ចំនួន ១១៥ និង​នៅក្នុង​តំបន់មាន​វិបត្តិដោយ​ធ្វើការ​ដើម្បី​លើកកម្ពស់ «ផល​ប្រយោ​ជន៍​រួម» ដែលមាន​ដូចជា អាកាសធា​តុ ជីវចម្រុះ សន្តិភាព សមភាព​យេនឌ័រ ការអប់រំ និង​សុខភាព។

ចំណែក​សហភាព​អឺរ៉ុប (EU) ដើរតួនាទី​យ៉ាងសំខាន់​ផ្នែក​​ការទូត និង​ធ្វើការ​ដើម្បី​ជំរុញ​ស្ថិរភាព សន្តិសុខ និង​វិបុលភាព លទ្ធិ​ប្រជាធិប​តេយ្យ សេរី​ភាព​ជា​មូល​ដ្ឋាន និង​នីតិរដ្ឋ​នៅ​កម្រិត​អន្តរជាតិ។

សហភាព​អឺរ៉ុប​គឺជា​ប្លុក​ពាណិជ្ជកម្ម​ដ៏​ធំ​បំផុត​នៅក្នុង​ពិភពលោក និង​ជា​ប្រទេស​នាំចេញ​ទំនិញ និង​សេវាកម្ម​ធំ​បំផុត​របស់​ពិភពលោកដែលជា​ទីផ្សារ​នាំចូល​ធំ​បំផុត​សម្រាប់​ជាង ១០០ ប្រទេស និង​ជា​គោលដៅ​ធំ​ទី​២ សម្រាប់​ការនាំចេញ​របស់​កម្ពុជា។

EUនិង​រដ្ឋ​សមាជិក​ទាំង ២៧ របស់ខ្លួន (TeamEurope) គឺជា​អ្នកផ្តល់ជំនួយ​អភិវឌ្ឍន៍​ធំជាងគេដែលមាន​ច្រើនជាង ៥០%នៃ​ជំនួយ​ដែល​បាន​ផ្តល់នៅ​ទូទាំង​ពិភពលោក និង​ធ្វើការ​ក្នុង​ភាពជា​ដៃគូ​ជាមួយ​បណ្តា​ប្រទេស​កំពុងអភិវឌ្ឍន៍​ ដើម្បី​ផ្តល់​នៅលើ​របៀបវារៈ​ឆ្នាំ ២០៣០ សម្រាប់​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព។

នៅក្នុង​ប្រទេស​កម្ពុជា Team Europe គឺជា​អ្នកផ្តល់ជំនួយ​អភិវឌ្ឍន៍​ធំជាងគេ​ទី២ និង​ទី​១ សម្រាប់​ជំនួយឥតសំណង៕