The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ការនាំ​អ្នកសារព័ត៌មាន​ចុះ​ទៅតាម​តំបន់​ការពារ​ធម្មជាតិ គឺជា​គោលដៅ​ផ្សព្វផ្សាយ​ពី​ធនធានធម្មជាតិ

ការនាំ​អ្នកសារព័ត៌មាន​ចុះ​ទៅតាម​តំបន់​ការពារ​ធម្មជាតិ គឺជា​គោលដៅ​ផ្សព្វផ្សាយ​ពី​ធនធានធម្មជាតិ

Content image - Phnom Penh Post
លោក​ នេត្រ ភក្ត្រា ពេល​ផ្តល់​បទសម្ភាស​ដល់ ​ភ្នំពេញ ​ប៉ុស្តិ៍​។ ហុង មិនា

ការនាំ​អ្នកសារព័ត៌មាន​ចុះ​ទៅតាម​តំបន់​ការពារ​ធម្មជាតិ គឺជា​គោលដៅ​ផ្សព្វផ្សាយ​ពី​ធនធានធម្មជាតិ

អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ ដែល​លោក​ នេត្រ ភក្ត្រា រដ្ឋលេខាធិការ​ និង​ជា​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​បាន​បង្កើត​បេសកកម្ម​ដឹកនាំ​ក្រុមការងារ ជាពិសេស​អ្នកសារព័ត៌មាន​ចម្រុះ​ស្ថាប័ន ដើម្បី​ចុះទៅ​ដោយផ្ទាល់ តាម​តំបន់​ការពារ​ធម្មជាតិ និង​របៀង​អភិរក្ស​ជីវចម្រុះ​នៅ​ទូទាំងប្រទេស​។ ភ្នំពេញ​ ប៉ុស្តិ៍ បានធ្វើ​បទ​សម្ភាស​ពី​គោលបំណង​នៃ​បេសកកម្ម​របស់លោក ក្នុង​ការចុះ​ទៅកាន់​តំបន់​ការពារ​ធម្មជាតិ និង​របៀង​អភិរក្ស​ជីវចម្រុះ​ទាំងនោះ​ដែលមាន​ខ្លឹមសារ​ដូចខាងក្រោម​៖

តើ​បេសកកម្ម​នេះ​ធ្វើឡើង​ក្នុង​គោលបំណង​អ្វី ?

ការរៀបចំ​ដំណើរ​ទស្សនកិច្ច​របស់​អ្នកសារព័ត៌មាន​ចុះ​ទៅតាម​ទីតាំង​នានា គឺជា​យុទ្ធសាស្ត្រ​ផ្នែក​ផ្សព្វផ្សាយ​មួយ​ដែល​ក្រសួងបរិស្ថាន​បាន​រៀបចំ​ឡើង ដើម្បី​ផ្សព្វផ្សាយ​អំពី​កិច្ចខិតខំ​ប្រឹងប្រែង​ដែល​ក្រសួង​ និង​មន្ត្រី​របស់ខ្លួន​បានធ្វើ​កិច្ចការងារ និង​រួមគ្នា​ជាមួយ​សហគមន៍​ក្នុង​ការអភិរក្ស និង​ការពារ​ធនធាន​ធម្មជាតិ ដែល​យើង​មាន​។

បេសកកម្ម​នេះ ក៏​ដើម្បី​បង្ហាញ​ពី​សមិទ្ធផល និង​លទ្ធផល​នៅ​សហគមន៍​មូលដ្ឋាន ឱ្យ​ប្រជាពលរដ្ឋ​ផ្សេងៗ​ទៀត​បាន​យល់ដឹងផង​ដែរ​។ ជាពិសេស​នោះ គឺ​ក្នុង​គោលដៅ​រក្សា​ឈើ​ឈរ តាមរយៈ​ការរកចំណូល​ដោយ​ការលក់​ឥណទាន​កាបូន តាមរយៈ​ការបង្កើត​អេកូ​ទេសចរណ៍​ និង​ជំរុញ​ទេសចរណ៍​ក្នុងស្រុក ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​បាន​ស្គាល់​ពី​​សក្តានុពល និង​ភាពសម្បូរបែប​នៃ​ប្រទេស​កម្ពុជា​យើង​។

តើ​មាន​មូលហេតុ​អ្វី​បានជា​លោក​ជ្រើសរើស​យក​ក្រុម​អ្នកសារព័ត៌មាន​ចម្រុះ​ស្ថាប័ន​ក្នុង​ការចុះ​មូលដ្ឋាន​?

ការជ្រើសរើស​យក​ក្រុម​អ្នក​សារព័ត៌មាន​ចម្រុះ​ស្ថាប័ន​ក្នុង​បេសកកម្ម​នេះ គឺ​ចង់​បង្ហាញថា ក្រសួង​បរិស្ថាន​យើង គឺមាន​របៀប​ក្នុង​ការធ្វើ​កិច្ចការងារ និង​ផ្សព្វផ្សាយ ព្រោះ​ក្នុង​ទ្រឹស្តី​នៃ​សារព័ត៌មាន ក៏ដូចជា​នៅក្នុង​ទំនាក់ទំនង​សាធារណៈ គេ​ថា បើសិន​ជា​យើង​ធ្វើ​កិច្ចការងារ​ច្រើន ក៏ប៉ុន្តែ​មិនបាន​ផ្សព្វផ្សាយ គឺមាន​ន័យ​ស្មើ​សូន្យ ឬ​ស្មើ​នឹងមិន​ធ្វើ​។

កិច្ចការងារ​នេះ គឺ​ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​បាន​យល់ដឹង បាន​ទទួល​ព័ត៌មាន ក៏ដូចជា​ចូលរួម​គាំទ្រ អនុវត្ត​នូវ​ផែនការ​សកម្មភាព​ក៏ដូចជា​គោលនយោបាយ​ដែល​រដ្ឋាភិបាល​ដាក់​ចេញមក​ហ្នឹង ហើយ​ក្រសួងបរិស្ថាន​ខិតខំ​ពន្យល់​ប្រជាពលរដ្ឋ​ឱ្យ​យល់​តាមរយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នេះ​។

អ៊ីចឹង​ហើយ​ការចាប់​ដៃគូ​ជាមួយ​អ្នកសារព័ត៌មាន វា​ជា​កិច្ចការងារ​ចាំបាច់ ព្រោះថា មធ្យោបាយ​នៃ​ការផ្សព្វផ្សាយ​របស់​ក្រសួងបរិស្ថាន​របស់​យើង មាន​វេបសាយ ហ្វេសប៊ុក​អី​នេះ គឺ​អត់​ទាន់​ពេញលេញ​នៅឡើយ​ទេ​។ តែ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ចម្រុះ​ស្ថាប័ន​បាន​ដើរតួនាទី​សំខាន់​នៅក្នុង​ការផ្សព្វផ្សាយ​ជួយ​ផ្តល់​នូវ​ព័ត៌មាន​ទៅដល់​សាធារណជន​។

អ្នកសារព័ត៌មាន គឺជា​ដៃគូ​ដែល​មិនអាច​ខ្វះ​បាន​ក្នុង​ការផ្សព្វផ្សាយ​កិច្ចការងារ​នេះហើយ​អ្វីដែល​សំខាន់​គឺ​ការចូលរួម​របស់​សាធារណជន​បាន​ទូលំទូលាយ ទាល់តែ​សាធារណជន គាត់​យល់ដឹង​គាត់​ទទួលបាន​ព័ត៌មាន​គ្រប់​ជ្រុងជ្រោយ​ដែរ​។

តើ​ការដឹកនាំ និង​ការផ្សព្វផ្សាយ​អំពី​ធនធាន​ធម្មជាតិ​ និង​សត្វព្រៃ វា​ផ្តល់​សារប្រយោជន៍​អ្វីខ្លះ​?

ការសហការ​ជាមួយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ចុះទៅ​តំបន់​ការពារ​ធម្មជាតិ​បង្ហាញ​អំពី​កិច្ចការងារ​របស់​មន្ត្រី​ឧទ្យានុរក្ស ការអភិរក្ស​សហគមន៍​តំបន់​ការពារ​ធម្មជាតិ ក៏ដូចជា​ការប្រកបមុខរបរ​របស់​ប្រជាពលរដ្ឋ និង​ជីវភាព​រស់នៅ​របស់គាត់​។ ការយក​រូបភាព​នៃ​សត្វព្រៃ​ដែលមាន​នៅក្នុង​ប្រទេស​យក​មក​ផ្សព្វផ្សាយ​នេះ គឺ​បានធ្វើឱ្យ​ប្រជាពលរដ្ឋ​ចាប់ផ្តើម​ស្រឡាញ់​បរិស្ថាន និង​ចូលរួម​ការពារ​សត្វព្រៃ​។

មិន​ត្រឹមតែ​ប៉ុណ្ណោះ ក៏​ចូលរួម​ទៅលើ​ការអភិវឌ្ឍ​នៃ​ទេសចរណ៍​ធម្មជាតិ​ដែរ តាមរយៈ​នៃ​ការផ្សព្វផ្សាយ​រូបភាព​ទេសភាព​ស្អាតៗ​របស់​តំបន់​ការពារ​ធម្មជាតិ​របស់​យើង ដែល​ពីមុនមក ប្រជាជន​យើង​មិន​បាន​ស្គាល់​ច្បាស់​អំពី​សក្តានុពល​របស់​ប្រទេស​កម្ពុជា​យើង​ទេ​។ ការចូលរួម​របស់​ភ្ញៀវទេសចរ​បាន​ធ្វើឱ្យ​កម្ពុជា មាន​មោទនភាព​ថែម​ទៀតថា ទេសភាព​ទាំងអស់​នេះ រូបភាព​ទាំងអស់នេះ ដែលជា​ធនធាន​កម្រ​នៅលើ​ពិភពលោក គឺ​កម្ពុជា​មាន​។

ក្រោយពី​ការខិតខំ​ផ្សព្វផ្សាយ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ តើ​លោក​មើលឃើញថា​សាធារណជន​មាន​ការយល់ដឹង ឬ​មាន​ការចូលរួម​យ៉ាងដូចម្តេច​?

ក្នុង​រយៈពេល ១០ ឆ្នាំ​ចុងក្រោយ​នេះ យើង​ឃើញថា ការខិតខំ​ប្រឹងប្រែង​ក្នុង​ការផ្សព្វផ្សាយ​របស់​រាជរដ្ឋាភិបាល​ជារួម និង​ដោយឡែក​សម្រាប់​ក្រសួងបរិស្ថាន យើង​ឃើញ​កម្រិត​ការយល់ដឹង​របស់​ប្រជាពលរដ្ឋ​មានការ​កើនឡើង​។ ឧទាហរណ៍​ពាក់ព័ន្ធ​នឹង​កិច្ចការពារ​បរិស្ថាន ការផ្សព្វផ្សាយ​អំពី​ផលប៉ះពាល់​ដែល​កើតចេញ អំពី​សំណល់​ប្លាស្ទិក​។ ឥឡូវនេះ ប្រជាពលរដ្ឋ គាត់​ចាប់ផ្តើម​មាន​ការយល់ដឹង គាត់​ចូលរួម​ហើយ​គាត់​កាត់បន្ថយ​នូវ​ការបំពុល​បរិស្ថាន ដែល​នេះ គឺ​បង្ហាញ​អំពី​កម្រិត​នៃ​ចំណេះដឹង និង​ការចូលរួម​។

ក្នុង​អំឡុងពេល​នៃ​ការផ្ទុះ​រីករាលដាល​ជំងឺ​កូវីដ​ ១៩ តើ​មាន​ឧបសគ្គ​ដែរ​ទេ សម្រាប់​បេសកកម្ម​ចុះទៅ​តំបន់​អភិរក្ស​?

ការផ្ទុះ​នៃ​ជំងឺ​កូវីដ​ ១៩ គឺជា​ឧបសគ្គ​មួយ សម្រាប់​ការដឹកនាំ​បេសកកម្ម​នេះ ចុះ​តាម​មូលដ្ឋាន​នានា​។ តាមពិតទៅ​កន្លងមកនេះ យើង​បាន​ចុះទៅ​កន្លែង​ច្រើន នៅក្នុង​នោះ គឺ​ទៅ​ខេត្តព្រះវិហារ ទៅ​ខេត្តក្រចេះ ខេត្តមណ្ឌលគិរី ទៅ​ខេត្តកោះកុង​ហើយនឹង​បណ្តា​ខេត្ត​មួយចំនួន​ទៀត​ដែលមាន​សក្តានុពល​ផ្នែក​ធនធាន​ធម្មជាតិ ទេសចរណ៍ និង​កិច្ចការងារ​ដែល​យើង​បានធ្វើ​ជាច្រើន​។

វិបត្តិ​កូវីដ​ ១៩ បាន​រាំងស្ទះ ដល់​ដំណើរ​ទស្សនកិច្ច​របស់​យើង ដោយសារ​តែ​ត្រូវគោរព​តាម​វិធានការ ៣ កុំ ៣ ការពារ ហើយក៏​យើង​ប្រយ័ត្ន​ដែរ​នូវ​ការនាំយក​ជំងឺ​នេះ​ទៅ​ចម្លង​ដល់​អ្នកមូលដ្ឋាន ព្រោះ​បេសកកម្ម​នេះ គឺ​យើង​ធ្វើ​នៅ​មូលដ្ឋាន​ផ្ទាល់​តែម្តង​។

តើ​លោក​មាន​ផែនការ​អ្វី​បន្តទៀត សម្រាប់​បេសកកម្ម​នេះ​?

បើទោះជា​មាន​ការអាក់ខាន​បន្តិច មិនអាច​ចុះទៅ​ជា​ទ្រង់ទ្រាយ​ធំ​នៅក្នុង​ទីតាំង​បាន សម្រាប់​ក្រសួងបរិស្ថាន យើង​បាន​ធ្វើ​កិច្ចការងារ​ជាប្រចាំ ដោយ​ឆ្លើយតប​រាល់​សំណួរ​របស់​អ្នក​សារព័ត៌មាន អំពី​កិច្ចការងារ​ដែល​ក្រសួង​បរិស្ថាន​បានធ្វើ​។ តាម​គម្រោង ក្រសួងបរិស្ថាន នឹង​បន្ត​ការផ្សព្វផ្សាយ​បន្ថែមទៀត​ក៏ដូចជា​ការងារ​ការពារ និង​ការងារ​អភិរក្ស​សត្វព្រៃ សត្វ​ស្លាប​នៅក្នុង​តំបន់​រ៉ាមសា​ព្រែកទាល់ ការអភិរក្ស​ប្រភេទ​សត្វ​ក្រៀល នៅ​អាង​ត្រពាំងថ្ម​ និង​មជ្ឈមណ្ឌល​អភិរក្ស ដោយ​ផ្តល់​ការព្យាបាល​សត្វ​ជាដើម និង​ជីវភាព​របស់​ប្រជាសហគមន៍​នៅតាម​តំបន់​ការពារ​ធម្មជាតិ​។

ខ្ញុំ​គិតថា នៅក្នុង​រយៈពេល​ខាងមុខ​នៅ​ពេល​ស្ថានភាព​ក្នុង​ប្រទេស​ដំណើរការ​បាន​ស្រួល​ហើយ យើង​នឹង​ចាប់ផ្តើម​បន្ត​នូវ​ផែនការ​សកម្មភាព​របស់​យើង​បន្ថែមទៀត លើ​ការងារ​ផ្សព្វផ្សាយ ដោយ​សហការ​ជាមួយ​ប្រព័ន្ធ​ផ្សព្វផ្សាយ ដើម្បី​ចុះទៅ​តាម​ទីតាំង​ផ្សេងៗ​។ បើ​និយាយ​ពី​ការបង្កើត​សហគមន៍​តំបន់​ការពារ​ធម្មជាតិ​វិញ​មកដល់​ពេលបច្ចុប្បន្ន ក្រសួង​បរិស្ថាន​បាន​បង្កើត​សហគមន៍​ការពារ​តំបន់​ធម្មជាតិ​ចំនួន​ ១៨២ ​សហគមន៍​ក្នុង​តំបន់​ការពារ​ធម្មជាតិ​នៅ​ទូទាំង​ប្រទេស​ចំនួន​ ៦៨ ទីតាំង​ដែលមាន​ផ្ទៃដី​ជាង​ ៧ ​លាន​ ៣ ​សែនហិកតា​៕

វីដេអូ៖

អត្ថបទគួរចាប់អារម្មណ៍