ភ្នំពេញៈ ក្រសួង​អប់រំ យុវជន​និង​កីឡា និង​ដៃគូ​អភិវឌ្ឍន៍​នានា​គាំទ្រ​ការអប់រំ​ប្រកប​ដោយ​គុណភាព​នៅ​កម្ពុជា ដើម្បី​ស្តារ​ទ្បើង​វិញ​ពី​ជំងឺ​រាតត្បាត​កូវីដ​ ១៩ បាន​ប្រកាស​គាំទ្រ​ចូលរួម​អបអរសាទរ​ការបើក​សាលារៀន​ឡើងវិញ​ក្នុង​ខេត្តកំពង់ឆ្នាំង និង​ពិនិត្យមើល​នូវ​ការប្រើប្រាស់​សម្ភារ​សិក្សា​តាម​ផ្ទះ​នៅ​ថ្ងៃទី​ ៤ ខែវិច្ឆិកា​នេះ ដែល​កំពុង​ត្រូវ​បាន​ចែកចាយ​ទៅដល់​សិស្សានុសិស្ស ថ្នាក់​ទី​ ១ និង​ទី​ ២ តាម​សាលា​រដ្ឋ ចំនួន ៧៦០ ១៨០ នាក់​សម្រាប់ ដើម្បី​លើកកម្ពស់​ការអប់រំ​កុមារ​តូច​ជា​អាទិភាព​ចម្បង​នៅ​កម្ពុជា​។

យោងតាម​សេចក្ដី​ប្រកាស​ព័ត៌មាន​រួម​បាន​ឱ្យ​ដឹងថា​៖ «​ក្រុម​គណៈប្រតិភូ​បាន​ជួប​​ជាមួយ​នាយក​សាលា និង​គ្រូបង្រៀន​នៅ​សាលាបឋមសិក្សា​ប៊ុនរ៉ានី​ហ៊ុនសែន​រមាស នៅក្នុង​ឃុំ​អភិវឌ្ឍន៍ និង​បានទទួល​ការអញ្ជើញ​ឱ្យ​សង្កេតមើល​សិស្សានុសិស្ស​ក្មេងៗ​កំពុង​រៀនសូត្រ​ដោយ​ប្រើប្រាស់​កញ្ចប់​សម្ភារ​សិក្សា​ទាំងនោះ​។ គណៈប្រតិភូ​ក៏បាន​ជួបពិភាក្សា​ជាមួយ​គ្រូបង្រៀន សិស្សានុសិស្ស និង​គ្រួសារ​អំពី​វឌ្ឍនភាព​នៃ​ការបើក​សាលារៀន​ឡើងវិញ​ និង​វិធី​ដែល​ពួកគេ​ប្រើប្រាស់​កញ្ចប់​សម្ភារ​សិក្សា​នៅតាម​ផ្ទះ​សម្រាប់​គាំទ្រ​កុមារ​ក្នុង​ការរៀន​បំប៉នបន្ថែម​ឱ្យ​តាម​ទាន់​ការរៀនសូត្រ​ទាំង​នៅ​សាលារៀន​ និង​ទាំង​នៅផ្ទះ​»​។

លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា​បាន​ថ្លែងថា ក្នុងពេល​ដែល​ប្រទេស​កំពុង​ងើបឡើង​វិញ​ពី​​ជំងឺ​រាតត្បាត​ជំងឺ​កូវីដ​ ១៩ និង​សាលារៀន​បាន​បើក​ឡើងវិញ ការអប់រំ​កុមារ​តូច គឺជា​អាទិភាព​ចម្បង ចំណែក​សម្ភារ​សិក្សា​តាម​ផ្ទះ​នេះ​នឹង​ធានាថា​កុមារ​អាច​រៀនសូត្រ​ប្រកប​ដោយ​ប្រសិទ្ធភាព​។

លោក​បាន​ថ្លែងថា​៖ «​យើង​សូម​ថ្លែងអំណរគុណ​ដល់ដៃ​គូ​ដ៏មាន​តម្លៃ​នានា ដូចជា​ SIDA, USAID, យូនីសេហ្វ​ភាពជា​​ដៃគូ​សកល​សម្រាប់​វិស័យ​អប់រំ (GPE) ​និង​សហភាព​អឺរ៉ុប ចំពោះ​ការគាំទ្រ​ដល់​ក្រសួង ដើម្បី​ជួយ​គាំទ្រ​ដល់​សិស្សានុសិស្ស​នៅក្នុង​គ្រា​ដ៏លំបាក​នេះ​»​។

លោក​បាន​ចាត់ទុកថា តាមរយៈ​សម្ភារ​សិក្សា​ទាំងនេះ​គឺជា​ភ័ស្តុតាង​ចុងក្រោយ​បំផុត​នៃ​កិច្ចសហប្រតិបត្តិការ​ដ៏ស៊ីជម្រៅ​ក្នុង​រយៈពេល​វែង​រវាង​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ដៃគូ​នានា​។ ដៃគូ​អភិឌ្ឍន៍​រួមមាន​មូលនិធិ​ភាពជា​ដៃគូ​សម្រាប់​អភិវឌ្ឍន៍​សមត្ថភាព​វិស័យ​អប់រំ​ (CDPF III) សហភាព​អឺរ៉ុប ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​សម្រាប់​អភិវឌ្ឍន៍​អន្តរជាតិ​ (USAID) ​និង​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អភិវឌ្ឍន៍​ស៊ុយអែត (SIDA) ​និង មូលនិធិ​សហប្រជាជាតិ​ដើម្បី​កុមារ (​យូនីសេហ្វ​)​។

បើទោះជា​សាលារៀន​ភាគច្រើន​នៅ​កម្ពុជា​បាន​បើក​ដំណើរការ​ឡើងវិញ​នៅ​ថ្ងៃទី​ ១ ខែ​វិច្ឆិកា ឆ្នាំ​ ២០២១ ក្ដី សាលារៀន​ជាច្រើន​កំពុង​ប្រើប្រាស់​អភិក្រម​រួមបញ្ចូល​គ្នា​នូវ​ការរៀនសូត្រ​នៅ​សាលារៀន និង​ការរៀនសូត្រ​តាម​ផ្ទះ​។ ក្នុង​នោះ​កញ្ចប់​សម្ភារ​សិក្សា​តាម​ផ្ទះ គឺអាច​ប្រើប្រាស់​បាន​ទាំង​នៅក្នុង​ថ្នាក់រៀន និង​នៅផ្ទះ​ជាមួយ​ការគាំទ្រ​ពី​សំណាក់​គ្រូបង្រៀន ឬ​ឪពុកម្ដាយ​។ សម្ភារៈ​សិក្សា​តាម​ផ្ទះ​នឹង​ជួយ​សិស្សានុសិស្ស​ថ្នាក់​ទី​ ១ និង​ថ្នាក់​ទី​ ២ ឱ្យ​រៀន​ទាន់​នូវ​កម្មវិធីសិក្សា​នានា ដែល​ពួកគេ​មិនបាន​រៀន​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​កន្លងមក​។ នេះ​តាម​សេចក្ដីប្រកាស​ព័ត៌មាន​។

លោកស្រី ខាម៉ិន ម៉ូរ៉េណូ ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា​ថ្លែង​ថា សិទ្ធិ​ទទួល​បាន​ការអប់រំ គឺជា​មូលដ្ឋានគ្រឹះ​សម្រាប់​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​របស់​កម្ពុជា​។

លោកស្រី​ថ្លែងថា​៖ «​សម្ភារ​សិក្សា​ទាំងនេះ គាំទ្រ​យ៉ាងខ្លាំងក្លា​ចំពោះ​ការស្ដារ​ឡើងវិញ​នៅ​ក្រោយ​ការរាតត្បាត​ពី​ជំងឺ​កូវីដ​។ សម្ភារ​ទាំងនេះ គឺជា​ភ័ស្តុតាង​បន្ថែម​បង្ហាញ​ពី​ការប្តេជ្ញាចិត្ត​របស់​ក្រុម​ប្រទេស​អឺរ៉ុប ក្នុង​ការប្រឆាំង​នឹង​ជំងឺ​រាតត្បាត​»​។ លោកស្រី ​ហ្វ័រូហ្គ ហ្វយូហ្សាថ ​តំណាង​យូនីសេហ្វ​ប្រចាំ​កម្ពុជា​ថ្លែងថា ការអប់រំ​របស់​កុមារ គឺជា​គន្លឹះ​ឈានទៅរក​ការអភិវឌ្ឍ​ជា​បន្តបន្ទាប់​របស់​ប្រទេស​។ ហេតុនេះ​យូនីសេហ្វ​ពិតជា​រីករាយ​ខ្លាំងណាស់​ចំពោះ​សាលារៀន​បើក​ឡើងវិញ​ម្ដងទៀត​។

លោកស្រី​បញ្ជាក់ថា​៖ «​យើង​នឹង​បន្ត​កិច្ចសហការ​ជាមួយ​ក្រសួង​អប់រំ និង​ដៃគូ​មូលនិធិ CDPF ​ទាំងអស់​ ដើម្បី​ជួយ​កុមារ ជាពិសេស​កុមារ​ងាយរងគ្រោះ​បំផុត ក្នុង​ការបំពេញ​ទ្បើង​វិញ​នូវ​ការសិក្សា ដែល​ពួកគេ​បាន​បាត់បង់​នៅក្នុង​អំឡុងពេល​នៃ​ជំងឺ​រាតត្បាត​នេះ​»​។

លោកស្រី​បន្តថា​៖ «​យើង​ក៏​នឹង​គាំទ្រ​ក្រសួង​អប់រំ យុវជន និង​កីឡា​នៅក្នុង​ការតាមដាន​ត្រួតពិនិត្យ​ការអនុវត្ត​វិធានការ​បង្ការ រួមទាំង​តាមរយៈ​ការបង្ក​លក្ខណៈ​សម្រាប់​ការចូលរួម​របស់​គ្រូបង្រៀន ឪពុកម្ដាយ និង​សហគមន៍ ដើម្បីឱ្យ​សាលារៀន​បន្ត​ប្រតិបត្តិការ​ដោយ​​សុវត្ថិភាព​»​។

លោកស្រី ហាន ង្វៀន តំណាង​បេសកកម្ម​រង USAID ​ប្រចាំ​កម្ពុជា​ថ្លែងថា USAID គឺជា​អ្នកគាំទ្រ​ក្នុង​រយៈពេល​ជាយូរ​មកហើយ និង​ប្រកប​ដោយ​មោទនភាព​ចំពោះ​ប្រជាជន​កម្ពុជា​។ លោកស្រី​ថ្លែងថា​៖ «​កិច្ចសហការ​របស់​យើង​ជាមួយ​ដៃគូ​ចម្រុះ​ដែល​មាន​វត្តមាន​នៅ​ថ្ងៃនេះ រួមទាំង​លោកគ្រូ អ្នកគ្រូ​បឋមសិក្សា និង​សិស្សានុសិស្ស​កម្ពុជា​ប្រកប​ដោយ​ការតាំង​ចិត្ត​ខ្ពស់ គឺជា​ភ័ស្តុតាង​នៃ​ការគាំទ្រ​របស់​យើង​»​។

លោក ម៉ាកនុស សេមិនសិន​ លេខា​ទី​១ នៃ​ស្ថានទូត​ស៊ុយអែត ថ្លែងថា​៖ «​យើង​មាន​មោទនភាព​ខ្លាំងណាស់ ដែល​អាច​ចូលរួម​ជាមួយ​ដៃគូ​ដទៃទៀត​នៃ​មូលនិធិ​ CDPF ​របស់​យើង ដើម្បី​គាំទ្រ​ក្រសួង​អប់រំ​ក្នុង​ការកាត់បន្ថយ​ផលប៉ះពាល់​នានា​ពី​ការបិទ​សាលារៀន​ទៅលើ​ការរៀនសូត្រ​នៅក្នុង​អំឡុងពេល​នៃ​ជំងឺ​រាតត្បាត​នេះ​»​។ ​ការបាត់បង់​ការរៀនសូត្រ​សម្រាប់​សិស្សានុសិស្ស​នៅ​កម្ពុជា​មាន​ទំហំ​ធំធេង​ណាស់​៕