ភ្នំពេញៈ មន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ពិនិត្យ និង​ពិភាក្សា​លើ​សេចក្តី​ព្រាង​អនុក្រឹត្យ ស្តីពី​ការគ្រប់គ្រង​ដី​ចំណីផ្លូវ​នៅតាម​បណ្តោយ​ផ្លូវថ្នល់ និង​ផ្លូវ​រថភ្លើង​ដែល​អនុក្រឹត្យ​ថ្មី​នេះ​នឹង​បើកផ្លូវ​ឱ្យ​រដ្ឋាភិបាល​បង្កើត​គណៈកម្មការ​ថ្នាក់ជាតិ​មួយ ដើម្បី​គ្រប់គ្រង​លើ​កិច្ចការងារ​នេះ​ចៀសវាង​មាន​ការរំលោភបំពាន​ដី​ចំណីផ្លូវ​។

កាលពី​ថ្ងៃទី​ ៣ វិច្ឆិកា មន្ត្រី​ជាន់ខ្ពស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បើក​កិច្ចប្រជុំ​ក្រុមការងារ ពិនិត្យ និង​ពិភាក្សា​លើ​សេចក្តី​ព្រាង​អនុក្រឹត្យ​ស្តីពី​ការគ្រប់គ្រង​លើ​កិច្ចការ​ប្រើប្រាស់​ដី​ចំណីផ្លូវ នៅតាម​បណ្តោយ​ផ្លូវថ្នល់​ និង​ផ្លូវរថភ្លើង​តាម​ប្រព័ន្ធ​វីដេអូ​ពី​ចម្ងាយ​។ ទំព័រ​ហ្វេសប៊ុក​របស់​ក្រសួង​ឱ្យដឹង ថា​មន្ត្រី​ជំនាញ​បច្ចេកទេស​ពាក់ព័ន្ធ​បាន​ប្រមូល​ធាតុ​ចូល​បន្ថែម​សម្រាប់​បំពេញ​បន្ថែម​ចំណុច​ខ្វះខាត សំដៅ​ធ្វើយ៉ាងណា​ឱ្យ​ការរៀបចំ​សេចក្ដី​ព្រាង​អនុក្រឹត្យ​នេះ​មាន​ខ្លឹមសារ​ច្បាស់លាស់​ និង​គ្រប់​ជ្រុងជ្រោយ​។

ទំព័រ​ហ្វេសប៊ុក​ដដែល​បញ្ជាក់ថា​៖ «​ក្រុម​លេខាធិការដ្ឋាន បាន​រាយការណ៍​អំពី​ការងារ​រៀបចំ និង​ចំណុច​មួយចំនួន​ដែល​បាន​ឯកភាព​គ្នា​កាលពី​កិច្ចប្រជុំ​លើក​មុន​។ ក្នុងនោះ​មាន​ការដាក់​បញ្ចូល​ក្នុង​សេចក្តី​យោង​ទាក់ទង​នឹង​អនុក្រឹត្យ ពាក់ព័ន្ធ​ចំនួន​ ៥ [​ការបង្កើត​អគ្គនាយកដ្ឋាន​ប្រព័ន្ធ​ចម្រោះ​ទឹក​កខ្វក់ ការដំឡើង​វិទ្យាស្ថាន​តេជោ សែន សាធារណការ​ និង​ដឹកជញ្ជូន អនុក្រឹត្យ​លេខ​ ១៨១ ១៨២ ​និង​ ១៨៣] ការឯកភាព​លើ​មាត្រា​ ១ (​ថ្មី​)»​។

អង្គប្រជុំ​បានចាប់ផ្តើម​ពិភាក្សា​លើ​មាត្រា​ ២ (​ថ្មី​) ​ដោយ​ពិនិត្យ​ឃើញ​ថា មាន​សំណើសុំ​កែប្រែ​ទាំងស្រុង​លើ​មាត្រា​ ២ (​ថ្មី​) ​និង​មាត្រា​បន្តបន្ទាប់​។ អង្គប្រជុំ​ក៏បាន​ឯកភាព​ឱ្យ​ក្រុម​លេខាធិការដ្ឋាន ពិនិត្យ​សំណើសុំ​កែប្រែ​តាម​មាត្រា​នីមួយៗ​បញ្ចូល​គ្នា​ជា​សេចក្តី​ព្រាង​មាត្រា​ថ្មី​សិន ទើប​ស្នើ​ដាក់ចូល​ក្នុង កិច្ចប្រជុំ​គណៈកម្មការ​ជា​ក្រោយ​។

ជាមួយ​គ្នា​នោះ អង្គប្រជុំ​ក៏​បាន​ពិភាក្សា​ផងដែរ លើ​នីតិវិធី​ថ្មី​ដែល​ជូនដំណឹង ដោយ​ក្រុមប្រឹក្សា​អ្នកច្បាប់​នៃ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​ស្នើឱ្យ​មាន​តំណាង​ក្រុមអ្នកច្បាប់​ចូលរួម​ពិភាក្សា​ និង​រៀបចំ​សេចក្តីព្រាង​ច្បាប់​ពី​ដើមដំបូង​។ នេះ​បើតាម​ទំព័រ​ហ្វេសប៊ុក​របស់​ក្រសួង​។

លោក​ ប៉ាល់ ចន្ទតារា រដ្ឋលេខាធិការ​ក្រសួង​សាធារណការ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ពាក់ព័ន្ធ​នឹង​ដីចំណីផ្លូវ គឺ​កម្ពុជា​មាន​ច្បាប់​និង​លិខិតបទដ្ឋាន ដើម្បី​គ្រប់គ្រង​រួចមកហើយ​។ ប៉ុន្តែ​បច្ចុប្បន្ន ការរំលោភបំពាន​ដី​ចំណីផ្លូវ​នេះ នៅតែ​បន្ត​កើនឡើង​ធ្វើឱ្យ​ប៉ះពាល់​ដល់​ផ្លូវថ្នល់​។ ជាពិសេស នៅពេល​រដ្ឋាភិបាល​ត្រូវការ​អភិវឌ្ឍ​ផ្លូវ​បន្ថែម គឺមាន​ការខូចខាត​ទ្រព្យសម្បត្តិ​របស់​ប្រជាពលរដ្ឋ ដែល​ទាមទារ​ឱ្យ​រដ្ឋ​សង​ការខូចខាត​ទាំងនោះ​។

លោក​អះអាងថា អនុក្រឹត្យ​នេះ​នឹង​សំដៅ​ពង្រឹង​ការគ្រប់គ្រង​ដី​ចំណីផ្លូវ ខណៈ​ក្រសួង​នឹង​បែងចែក អនុក្រឹត្យ​មួយ​ដោយឡែក​ជុំវិញ​ការគ្រប់គ្រង​ដី​ចំណីផ្លូវ​រថភ្លើង ឱ្យស្រប​តាម​បរិបទ នាពេល​បច្ចុប្បន្ន និង​អនាគត​ដែល​នឹង​មានការ​អភិវឌ្ឍ​ហួស​ពី​ការរំពឹងទុក​។

លោក​ថ្លែងថា​៖ «​យើង​ធ្វើ​អនុក្រឹត្យ​នេះ គឺ​ដើម្បី​ការពារ​គ្រប់គ្រង​ដី​ចំណីផ្លូវ​ឱ្យបាន នៅពេលដែល​យើង​អភិវឌ្ឍ​ទាំង​ផ្លូវថ្នល់ ផ្លូវជាតិ បូក​ទាំង​ផ្លូវ​រថភ្លើង​ទៀត​។ សព្វថ្ងៃនេះ ផ្លូវ​រថភ្លើង​យើង​មានតែ​ ១ ​ទេ តែបើ​ថ្ងៃក្រោយ​ទៅ​ប្រទេស​យើង​មាន​ការរីកចម្រើន​ទៅ នៅពេល​យើង​ធ្វើ​ផ្លូវ​រថភ្លើង​ ២ ​ទៅ គឺ​ប៉ះពាល់​ទៀត​។ អ៊ីចឹង យើង​ត្រូវធ្វើ​អនុក្រឹត្យ​គ្រប់គ្រង​ដី​ចំណីផ្លូវ​ទាំងអស់​ឱ្យ​ហើយ​ចាប់ពីពេលនេះ​»​។

លោក​ ប៉ាល់ ចន្ទតារា ក៏បាន​អះអាង​ដែរ​ថា អនុក្រឹត្យ​នេះ​នឹង​បង្ក​លទ្ធភាព​ឱ្យ​រដ្ឋាភិបាល​អាច​បង្កើត​គណៈកម្មការ​ថ្នាក់ជាតិ​មួយ ដឹកនាំ​ដោយ​ថ្នាក់ដឹកនាំ​កំពូល និង​ស្ថាប័ន​ពាក់ព័ន្ធ​ដើម្បី​រួមគ្នា​គ្រប់គ្រង​ និង​ការពារ​ដី​ចំណីផ្លូវ​។

លោក​ គង់ សុវណ្ណ នាយក​កម្មវិធី​មូលនិធិ​សុវត្ថិភាព​អន្តរជាតិ​ថ្លែង​ថា ការរៀបចំ​បទដ្ឋាន​ថ្មី​គួរតែ​យោង​លើ​បទពិសោធ​ដែល​កម្ពុជា​ធ្លាប់​ជួបប្រទះ​ ដើម្បី​ឱ្យ​បទដ្ឋាន​ទាំងអស់​អាច​អនុវត្តបាន​ដល់​អនាគត​។

លោក​ថា​៖ «​ជារួម មុននឹង​រៀបចំ​នូវ​អនុក្រឹត្យ​ ឬ​រៀបចំ​សេចក្តី​ប្រកាស​គឺ​ទាមទារ​ឆ្លងកាត់​បទពិសោធ ឬ​ទទួលបាន​អំពី​កំហុសឆ្គង​ដែល​ឆ្លងកាត់​ពី​ការសាកល្បង ហើយក៏​ទទួល​បាន​បទពិសោធ​ថា តើ​មាន​កម្រិត​កំហុសឆ្គង​ត្រង់ចំណុច​ណា ដើម្បី​យើង​យកមក​តាក់តែង​បទដ្ឋាន​គតិយុត្ត​ឱ្យស្រប​ជាមួយ​ស្ថានភាព​បច្ចុប្បន្ន ហើយ​គ្រប​ដណ្តាប់​ការវិវឌ្ឍ​នៃ​ស្ថានភាព​ផ្លូវដែក​នាពេល​អនាគត​ទៀត​»៕