ភ្នំពេញៈ ទីភ្នាក់ងារ​ជំនួយ​អាមេរិក USAID ប្រកាស​ប្តេជ្ញា បន្ត​គាំទ្រ​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​របស់​ប្រទេស​កម្ពុជា​បន្តទៀត ក្រោយ​រយៈពេល ១០ ​ឆ្នាំកន្លងមក អង្គការ​នេះ​បាន​ជួយ​កសិករ​កម្ពុជា​ជាង ២៣០ ០០០ នាក់ និង​គ្រួសារ​របស់​ពួកគេ​ឱ្យ​ចាក​ផុតពី​ភាពស្រេកឃ្លាន និង​ភាពក្រីក្រ​។

ការប្រកាស​យ៉ាង​ដូច្នេះ​បាន​ធ្វើ​ឡើង ស្របពេល​ឆ្នាំនេះ​គឺជា​ខួប ៦០ ឆ្នាំ​របស់​ទីភ្នាក់ងារ​ជំនួយ​អាមេរិក USAID ដែល​អង្គការ​នេះ​បាន​បង្កើតឡើង​ ដើម្បី​ចូលរួម​អភិវឌ្ឍ​ប្រទេស​ជា​ដៃគូ​។ ក្នុង​រយៈពេល ១០ ឆ្នាំ​កន្លងទៅ USAID បាន​អះអាងថា ខ្លួន​ជួយ​កសិករ​កម្ពុជា​ចំនួន​ជាង ២៣០ ០០០ នាក់ និង​គ្រួសារ​របស់គេ​ឱ្យ​ចាកផុត​ពី​ភាព​អត់ឃ្លាន និង​ភាពក្រីក្រ​។ នេះ​បើតាម USAID ​បាន​ប្រាប់​ភ្នំពេញ-ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ៤ វិច្ឆិកា​។

USAID បាន​បន្ថែមទៀតថា តាមរយៈ​កម្មវិធី​កសិកម្ម និង​កម្មវិធី​បរិស្ថាន​របស់ខ្លួន សហគមន៍​មូលដ្ឋាន​បាន​លើកកម្ពស់​មុខ​ជំនួញ ជីវភាព​រស់នៅ និង​បង្កើន​ប្រាក់ចំណូល​នៃ​គ្រួសារ​របស់​ពួកគេ​ហើយ​ជា​លទ្ធផល សហគមន៍​ជនបទ​ទាំងនេះ​ទទួល​បាន​ចំណូល​បន្ថែមចំនួន ៩០ ​លាន​ដុល្លារ សម្រាប់​សេដ្ឋកិច្ច​កម្ពុជា​។

ក្នុងពេល​ដែល​អបអរ​ដំណាក់កាល​នេះ USAID បានប្រកាសថា​៖ «​យើង​ធ្វើការ​ឆ្លុះបញ្ចាំង​លើ​ការប្តេជ្ញាចិត្ត​របស់​យើង ចំពោះ​ការអភិវឌ្ឍ​ដែលមាន​ការចូលរួម​ទាំងអស់គ្នា និង​កាតព្វកិច្ច​របស់​យើង​ក្នុង​ការមិន​ចោល​ក្រុម​ណាមួយ​នៅក្នុង​ការងារ​អភិវឌ្ឍន៍​របស់​យើង​»​។

លោកស្រី Nancy J. Eslick តំណាង​ទីភ្នាក់ងារ USAID ប្រចាំ​កម្ពុជា​បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ៤ វិច្ឆិកា​ថា ឈានដល់​ខេត្ត​ទាំង​ ២៥ របស់​កម្ពុជា USAID បាន​ធ្វើការ​ជាមួយ​ដៃគូ​កម្ពុជា និង​អន្តរជាតិ ដើម្បី​អនុវត្ត​កម្មវិធី​ដែល​ផ្តល់​អត្ថប្រយោជន៍​ដល់​ប្រជាជន​កម្ពុជា​ទាំងអស់​។

លោកស្រី​បន្តថា ការងារ​របស់ខ្លួន គឺ​ផ្តោតលើ​ការពង្រឹង​បណ្តា​អង្គការ​សង្គម​ស៊ីវិល និង​ការការពារ​សិទ្ធិមនុស្ស ការកែលម្អ​សុខភាព និង​អាហារូបត្ថម្ភ​ដោយ​គាំទ្រ​ការអប់រំ និង​ការអភិវឌ្ឍ​កុមារ​ព្រមទាំង​ការបង្កើន​ផលិតកម្ម​កសិកម្ម សន្តិសុខ​ស្បៀង​ក្នុង​ការជួយ​ការអភិរក្ស​ព្រៃឈើ ដើម្បី​កាត់បន្ថយ​ផលប៉ះពាល់​នៃ​គ្រោះធម្មជាតិ​។

បើទោះជា​ក្នុង​ពេល​បច្ចុប្បន្ន​ពិភពលោក​មានការ​ប្រឈម​ថ្មី​នៃ​ជំងឺ​កូវីដ​ ១៩ ក៏​លោកស្រី​បញ្ជាក់ថា រដ្ឋាភិបាល​សហរដ្ឋអាមេរិក តាមរយៈ USAID នៅ​បន្ត​ជួយ​ដល់​កម្ពុជា​តាមរយៈ​កម្មវិធី​នានា​ដែល​ខ្លួន​បានដាក់​ចេញ​។

លោកស្រី Nancy ថ្លែង​ទៀតថា​៖ «​ចក្ខុវិស័យ​របស់​យើង​នៅក្នុង​ប្រទេស​កម្ពុជា គឺ​ចង់ឃើញ​ប្រទេស​មួយ​នេះ​កាន់តែ​រីកចម្រើន ផ្នែក​ប្រជាធិបតេយ្យ និង​ឯករាជ្យ ដែល​រាល់​សំឡេង​ទាំងអស់​ត្រូវ​បាន​ស្តាប់ឮ និង​គោរព ហើយ​អធិបតេយ្យភាព​របស់​កម្ពុជា​ត្រូវបាន​ការពារ​»​។

លោក ​ផៃ ស៊ីផាន ​អ្នកនាំពាក្យ​រដ្ឋាភិបាល​បាន​ស្វាគមន៍​ចំពោះ​ការប្តេជ្ញាចិត្ត និង​កិច្ចខិតខំ​ប្រឹងប្រែង​របស់​អង្គការ​អន្តរជាតិ​មួយ ដើម្បី​រួមគ្នា​អភិវឌ្ឍ​ប្រទេស​កម្ពុជា ជាពិសេស​ជួយ​បង្កើន​ជីវភាព​របស់​ប្រជាពលរដ្ឋ​ឱ្យ​ងើប​ចេញពី​ភាពក្រីក្រ​។

លោក​បន្តថា ជា​គោលជំហរ​របស់​រដ្ឋាភិបាល​កម្ពុជា​គឺ​នៅតែ​ចង់ឃើញ USAID បន្ត​ចូលរួម​ជាមួយ​រដ្ឋាភិបាល​ក្នុង​ការជួយ​គាំទ្រ​ផ្នែក​អភិវឌ្ឍន៍ ដើម្បី​រំដោះ​ប្រជាពលរដ្ឋ​ចេញពី​ភាពក្រីក្រ ក៏ដូចជា​គាំទ្រ​វិស័យ​អប់រំ​វិស័យ​កសិកម្ម និង​វិស័យ​ពាណិជ្ជកម្ម​។ «USAID គឺជា​សម្ព័ន្ធមិត្ត​ជាមួយ​រដ្ឋាភិបាល អាស្រ័យ​ហេតុដូច្នេះ​ខ្ញុំ​ឃើញ USAID ធ្វើការ​ជិតស្និទ្ធ ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ការអភិវឌ្ឍ​ក្នុង​វិស័យ​ទាំងនេះ​។ រដ្ឋាភិបាល​គឺ​ស្វាគមន៍ ដើម្បី​ធ្វើ​កិច្ចសហប្រតិបត្តិការ​ទាំងអស់​គ្នា ព្រោះ​យើង​ត្រូវការ​ធ្វើយ៉ាងណា​កុំឱ្យ​មាន​ផលបញ្ច្រាស់ ដែល​ប្រឆាំង​នឹង​ការខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​»៕