ភ្នំពេញៈ ប្រមុខ​ការពារជាតិ​បញ្ជាក់ថា រយៈពេល​ជាង​ ១៥ ​ឆ្នាំនេះ មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព គឺជា​អង្គភាព​មួយ​ដែល​បាន​លើក​មុខមាត់​ប្រទេស​ជាតិ​ឱ្យ​ស្មើមុខស្មើមាត់ ស្មើភាព ស្មើ​សិទ្ធិ​លើ​ឆាក​អន្តរជាតិ ដែល​ចាប់ពី​ឆ្នាំ​ ២០០៦ ដល់​បច្ចុប្បន្ន កម្ពុជា​បាន​បញ្ជូន​កងកម្លាំង​សរុប​ ៧ ៨២៦ ​នាក់ ​ទៅ​កាន់​បេសកកម្ម​ចំនួន​ ១១ ​លើក​នៃ​ប្រទេស​ចំនួន​ ៩ តាមរយៈ​ការចូលរួម​ក្នុង​វិស័យ​ថែរក្សា​សន្តិភាព​របស់​អង្គការ​សហប្រជាជាតិ​។

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​លោក​ ទៀ បាញ់ លើកឡើង​បែបនេះ​ពេល​ធ្វើជា​អធិបតី​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​នាយទាហាន និង​ពលទាហាន​នៃ​មជ្ឈមណ្ឌល​ជាតិ​គ្រប់គ្រង​កងកម្លាំង​រក្សា​សន្តិភាព បោសសម្អាត​មីន​ និង​កាកសំណល់ សង្គ្រាម កាលពី​ថ្ងៃទី​ ២ ខែវិច្ឆិកា​។ លោក​បាន​កោតសរសើរ​ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កងកម្លាំង​ទាំងអស់​នៃ​មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព ដែល​បាន​ខិតខំ​ប្រឹងប្រែង​យកចិត្ត​ទុកដាក់​អនុវត្ត​ការងារ រក្សា​សន្ដិភាព​សម្រេច​លទ្ធផល​ផ្លែផ្កា​ជា​បន្តបន្ទាប់​ជូន​ជាតិ​មាតុភូមិ និង​ប្រជាជន​តាម​ការប្រគល់​ភារកិច្ច​ជាមួយ​កងកម្លាំង រក្សា​សន្ដិភាព​នៃ​អង្គការ​សហប្រជាជាតិ​។

ប្រមុខ​ការពារជាតិ​រូបនេះ​ថ្លែងថា​៖ «​នៅក្នុង​រយៈពេល​ជាង​ ១៥ ​ឆ្នាំនេះ មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព គឺជា​អង្គភាព​មួយ​ក្នុង​កងយោធ​ពលខេមរភូមិន្ទ​ដែល​បាន​លើក​មុខមាត់​ប្រទេសជាតិ​ឱ្យ​ស្មើមុខ ស្មើ​មាត់ ស្មើភាព ស្មើ​សិទ្ធិ​លើ​ឆាក​អន្តរជាតិ​»​។

លោក​បញ្ជាក់ថា​៖ «​រាជរដ្ឋាភិបាល​កម្ពុជា នៅតែ​បន្ត​ប្តេជ្ញាចិត្ត​បង្កើន​ទំនាក់ទំនង​ជាមួយ​បណ្តា​ប្រទេស​ជា​ដៃគូ និង​ប្រទេស​បរិច្ចាគ​កងកម្លាំង​ ដើម្បី​ចែករំលែក បទពិសោធ​ទាំង​ក្នុងប្រទេស និង​គ្រប់​តំបន់​បេសកកម្ម​ធ្វើឱ្យ​ប្រសើរ​ឡើង​ពី ១ ​ថ្ងៃ​ទៅ ១ ​ថ្ងៃ និង​បង្កើន​ការចូលរួម​កងកម្លាំង​ជា​ស្ត្រី​ឱ្យបាន ២០ ​ភាគរយ​នៅ​គ្រប់​បេសកកម្ម​រក្សា​សន្តិភាព​»​។

លោក​ ទៀ បាញ់​ (​កណ្តាល​ជួរមុខ​) ​ជាមួយ​មន្ត្រី​យោធា​នៅ​មជ្ឈមណ្ឌល​ជាតិ​រក្សា​​សន្តិភាព កាលពី​ថ្ងៃទី​ ៣ វិច្ឆិកា​។ រូបថត Tea Banh's facebook page

លោក​ថ្លែងថា កម្ពុជា​បន្ត​បញ្ចូល កម្លាំង​ក្នុង​ប្រព័ន្ធ​ត្រៀម​ជាស្រេច​នូវ​សមត្ថភាព ដើម្បី​រក្សា​សន្តិភាព រួមមាន កងវិស្វកម្ម កងរាជ​អាវុធហត្ថ និង​កង​បោសសម្អាត​មីន កម្ទេច​គ្រឿងផ្ទុះ​។ កត្តា​ទាំងអស់​នេះ សុទ្ធតែ​ឆន្ទៈ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​បុព្វហេតុ​សន្តិភាព​សន្តិសុខ និង​មនុស្សធម៌​នៅលើ​លោក​។ លោក​ក៏បាន​ផ្តាំផ្ញើ​នូវ​ការសាកសួរ​សុខទុក្ខ និង​សេចក្តី​នឹករឭក​ចំពោះ​យុទ្ធជន យុទ្ធនារី កងរក្សា សន្តិភាព​កម្ពុជា ដែល​កំពុង​បំពេញបេសកកម្ម​រក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ​ក្នុង និង​ក្រៅប្រទេស​ទាំងអស់​ផងដែរ​។

លោក ទៀ បាញ់ បញ្ជាក់ថា​៖ «​រយៈពេល​ ១៥ ​ឆ្នាំ​ចុងក្រោយ​នេះ កម្ពុជា​ពិតជា​មាន​មោទនភាព ដែល​រាជរដ្ឋាភិបាល ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​របស់​សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន បាន​សម្រេចចិត្ត​ដ៏សំខាន់​ចំពោះមុខ​ប្រវត្តិសាស្ត្រ​ជាតិ និង​ប្រជាពលរដ្ឋ​កម្ពុជា​ទាំងមូល​ក្នុង​ការរួមចំណែក វិស័យ​រក្សា​សន្តិភាព​»​។

លោក​បន្តថា ក្នុងនោះ មជ្ឈមណ្ឌល​ជាតិ កងកម្លាំង​រក្សាសន្តិភាព បោសសម្អាត​មីន និង​កាកសំណល់​សង្គ្រាម​នៃ​ក្រសួង​ការពារជាតិ​បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​ចូលរួម​ក្នុង​វិស័យ​ថែរក្សា​សន្តិភាព​របស់​អង្គការ​សហប្រជាជាតិ ដោយ​ទទួល​បាន​ការកោតសរសើរ​យ៉ាងខ្លាំង​លើ​ឆាក​អន្តរជាតិ​។

លោក​ សែម សុវណ្ណនី អគ្គនាយក​មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព​បានឱ្យដឹងថា គិត​ចាប់ពី​ឆ្នាំ​ ២០០៦ រហូតមកដល់​បច្ចុប្បន្ន មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្ដិភាព​បាន​បញ្ជូន​កងកម្លាំង​សរុប​ចំនួន​ ៧ ៨២៦ ​នាក់ ក្នុងនោះ​មាន​កងកម្លាំង​នារី​ចំនួន​ ៤៩៤ ​នាក់​ទៅកាន់​បេសកកម្ម​ចំនួន​ ១១ ​លើក​នៃ​ប្រទេស​ចំនួន​ ៩ ដើម្បី​ចូលរួម​ក្នុង​វិស័យ​ថែរក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ​។ ​ប្រទេស​ទាំង​ ៩ ​នោះ មាន ស៊ូដង់ ឆាដ ស៊ូដង់​ខាងត្បូង លីបង់ សាយប្រឺស ស៊ីរី ម៉ាលី អាហ្វ្រិក​កណ្តាល និង​យេម៉ែន ដោយ​ទទួលបាន​ស្នាដៃ​ដ៏ត្រចះត្រចង់​។

លោក​ សុវណ្ណី បាន​បញ្ជាក់ថា​៖ «​រយៈពេល ១៥ ​ឆ្នាំ​កន្លង​មក​នេះ មជ្ឈមណ្ឌល​ជាតិ បាន​វិវឌ្ឍ​ខ្លួន​រហូត​មក​ទាំង​បរិមាណ ទាំង​ជំនាញ ទាំង​កិច្ចសហការ​ក្នុង​ក្រៅប្រទេស ព្រមទាំង​បាន​បង្កើត​មិត្តភក្តិ​ជាច្រើន​មកពី​បណ្តា​ប្រទេស​តូចធំ ដែល​ស្នេហា​សន្តិភាព និង​ចង់បាន​សន្តិភាព​»៕