ភ្នំពេញៈ ​ក្រសួងផែនការ​ និង​ក្រសួង​អភិវឌ្ឍន៍ជនបទ ព្រមទាំង​សម្ព័ន្ធ​ជនជាតិដើម​ភាគតិច​កម្ពុជា​ (SIPA) ​នៅ​ថ្ងៃទី​ ៤ ខែ វិច្ឆិកា ឆ្នាំ​ ២០២១ ​នេះ​បាន​សហការ​គ្នា​រៀបចំ​ពិធី​ផ្សព្វផ្សាយ​តាម​ Zoom ​នូវ​របាយការណ៍​ជា​លើកដំបូង​ និង​ជា​ប្រវត្តិសាស្ត្រ​ស្ដីអំពី​ស្ថានភាព​ប្រជាសាស្ត្រ​ និង​សង្គម​សេដ្ឋកិច្ច​​របស់​ជនជាតិដើម​ភាគតិច​នៅ​កម្ពុជា​ដែល​មាន​ព័ត៌មាន​លម្អិត​អំពី​ស្ថានភាព​ប្រជាសាស្ត្រ ស្ថានភាព​សង្គម​សេដ្ឋកិច្ច និង​ការរស់នៅ​របស់​ជនជាតិ​ដើម​ភាគតិច​។

លោក ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ផែនការ​បាន​ថ្លែង​នៅ​​ក្នុង​ពិធី​នេះ​ថា ការរៀបចំ​របាយការណ៍​នេះ​ឡើង​គឺ​ក្នុង​គោលបំណង​ធ្វើជា​មូលដ្ឋាន​សម្រាប់​ការតម្រង់ទិស​ដល់​ការរៀបចំ​ផែនការអភិវឌ្ឍន៍​ជនជាតិ​ដើម​ភាគតិច និង​ការស្រាវជ្រាវ​។ នេះ​ជា​សមិទ្ធផល​ដ៏ធំធេង ដែល​កើតចេញពី​កិច្ចសហការ​គ្នា​ល្អ​រវាង​ស្ថាប័ន​រាជរដ្ឋាភិបាល​ដៃគូ​អភិវឌ្ឍន៍ និង​សហគមន៍​ជនជាតិដើម​ភាគតិច​។

លោក​បាន​បន្តថា ជនជាតិដើម​ភាគតិច​នៅ​កម្ពុជា​ត្រូវ​បាន​កំណត់​តាមរយៈ​ការប្រើ​ភាសា​និយាយ​ពី​កំណើត ដោយ​ក្នុងនោះ​ជនជាតិដើម​ភាគតិច​នៅ​កម្ពុជា​មាន​ចំនួន​ ២២ ​អម្បូរ​ដែលមាន​ចំនួន​ប្រជាជន​សរុប​ ១៧៩ ១៩៣ ​នាក់ ស្មើនឹង​ ១,៣៤% ​នៃ​ប្រជាជន​កម្ពុជា​សរុប​នៅ​ឆ្នាំ​ ២០០៨ ​និង​មាន​ចំនួន ១៨៣ ៨៣១ ​នាក់ ស្មើនឹង​ ១,២៥% ​នៃ​ប្រជាជន​កម្ពុជា​សរុប​នៅ​ឆ្នាំ​ ២០១៣ ដែលមាន​អត្រាកំណើន​ត្រឹម​ ០,៥១% ក្នុង​ ១ ​ឆ្នាំ​។

បើតាម​លោក​ ឆាយ ថន ក្នុងចំណោម​​ទាំង​ ២២ ​អម្បូរ​នោះ​ជនជាតិដើម​ភាគតិច​ដែល​មាន​ចំនួន​ច្រើនជាង​ ១ ​ម៉ឺន​នាក់ មានតែ​ ៦ ​អម្បូរ​ប៉ុណ្ណោះ​គឺ​ទំពួន ព្នង គ្រឹង កួយ ចារាយ និង​ពៅ ដែល​មាន​សរុប​ចំនួន​ស្មើនឹង​ ៨៨% ​នៃ​ប្រជាជន​ជនជាតិដើម​ភាគតិច​ទាំងអស់​។

លោក​បាន​បញ្ជាក់ថា​៖ «​ទោះជា​បច្ចុប្បន្ន​​នេះ ជនជាតិដើម​ភាគតិច​កំពុង​រស់នៅ​ស្ទើរ​គ្រប់​រាជធានី ខេត្ត ប៉ុន្តែ​ភាគច្រើន​លើស​លប់នៃ​ជនជាតិដើម​ភាគតិច​ទាំងនោះ​រស់នៅក្នុង​ខេត្ត​ចំនួន​ ៦ ​ប៉ុណ្ណោះ គឺ​ខេត្តរតនគិរី មណ្ឌលគិរី ក្រចេះ ស្ទឹងត្រែង កំពង់ធំ និង​ខេត្ត​​ព្រះវិហារ ដែលមាន​ចំនួន​ ៩២,៤% នៃ​ជនជាតិដើម​ភាគតិច​រស់​ទាំងអស់​នៅ​ឆ្នាំ​ ២០១៣»​។

លោក ជា ចាន់ទុំ អគ្គលេខាធិការ​នៃ​អគ្គលេខាធិការដ្ឋាន​ប្រជាជន និង​អភិវឌ្ឍន៍​បាន​ថ្លែង​ដែរ​ថា គោល​បំណង​នៃ​ការផ្សព្វផ្សាយ​របាយការណ៍​នេះ​គឺ​ដើម្បី​ចែករំលែក​ព័ត៌មាន​អំពី​ស្ថានភាព​សង្គម​សេដ្ឋកិច្ច​របស់​ជនដើម​ភាគតិច​នៅ​កម្ពុជា និង​ផ្តល់​ជា​ប្រយោជន៍​សម្រាប់​ធ្វើជា​មូលដ្ឋាន​ក្នុង​ការតម្រង់ទិស​ដល់​ការរៀបចំ​ផែនការ​អភិវឌ្ឍន៍​ជនជាតិដើម​ភាគតិច និង​ការសិក្សា​ស្រាវជ្រាវ​នានា​។

លោក​បាន​ថ្លែងថា​៖ «​របាយការណ៍​​អំពី​ស្ថានភាព​ប្រជាសាស្ត្រ និង​សង្គម​សេដ្ឋកិច្ច​របស់​ជនជាតិដើម​ភាគតិច​​នៅ​កម្ពុជា​មាន​ ៥ ​ជំពូក​គឺ​ជំពូក​ទី​ ១ សេចក្តី​ផ្តើម​, ជំពូក​ទី​ ២ ​ស្ថានភាព​ប្រជាសាស្ត្រ​, ជំពូក​ទី​ ៣ ស្ថានភាព​សង្គម​សេដ្ឋកិច្ច​, ជំពូក​ទី​ ៤ លំនៅឋាន ដីធ្លី និង​កម្មសិទ្ធិ​សមូហភាព និង​ជំពូក​ទី​ ៥ សេចក្តីសន្និដ្ឋាន​»​។

បើតាម​លោក ជា ចាន់ទុំ បញ្ហា​ប្រជាជន និង​អភិវឌ្ឍន៍ មាន​ភាពប្រទាក់ក្រឡា​គ្នា និង​ទ្រទ្រង់​គ្នា​ទៅវិញទៅមក​។ បញ្ហា​នៃ​ការប្រែប្រួល​ប្រជាសាស្ត្រ និង​ឌីណាមិក​ប្រជាជន​បាននិងកំពុង​បន្ត​កើតមាន​ឥតឈប់ឈរ ដូចជា បញ្ហា​ប្រឈម​នៃ​សុខភាព​បន្ត​ពូជ​របស់​យុវវ័យ និង​ក្មេងស្រី​, ការកើនឡើង​នៃ​ប្រជាជន​វ័យចាស់​, ការកើតមាន​ឥតឈប់ឈរ​នៃ​ជន​ទេសន្តរប្រវេសន៍ និង​ការកើនឡើង​យ៉ាង​លឿន​នូវ​នគរូបនីយកម្ម​,​បញ្ហា​យុវជន និង​ការអប់រំ និង​កម្លាំង​ពលកម្ម​សម្បូរ តែ​ខ្វះ​ជំនាញ ឬ​មាន​ជំនាញ​ទាប និង​មិន​ច្បាស់លាស់ ជាដើម​។

លោក​ថ្លែងថា​៖ «​បញ្ហា​ទាំងនេះ បើ​យើង​ធ្វើ​អន្តរាគមន៍​មិនទាន់​ពេល និង​មិន​ចំគោលដៅ​ទេនោះ វា​នឹង​ក្លាយ​ជា​បន្ទុក​ដ៏ធ្ងន់ធ្ងរ​របស់​រាជរដ្ឋាភិបាល និង​ចុងក្រោយ​អាច​បង្ក​នូវ​វិបត្តិ​សម្រាប់​សង្គម​ទៀតផង ប៉ុន្តែ​បើ​យើង​ធ្វើ​អន្តរាគមន៍​បាន​ត្រឹមត្រូវ និង​ទាន់ពេលវេលា​​វា​នឹង​ក្លាយជា​ឱកាស​ដ៏ពិសិដ្ឋ​ក្នុង​ការជំរុញ​កំណើន​សេដ្ឋកិច្ច និង​ការអភិវឌ្ឍ​ប្រទេស​ជាពិសេស​ការទាញយក​​អត្ថប្រយោជន៍​ពី​ភាគលាភ​ប្រជាសាស្ត្រ ដែល​កម្ពុជា​កំពុង​តែមាន​»​។

លោក ភាព សុជា នាយក​ប្រតិបត្តិ​ស្តីទី​អង្គការ​ជនជាតិដើម​ភាគតិច​កម្ពុជា​ក៏បាន​លើកឡើង​ដែរ​ថា របាយការណ៍​ជាតិ​នេះ គឺជា​ទិន្នន័យ​ថ្នាក់ជាតិ​តែមួយគត់​ក្នុង​ប្រវត្តិសាស្ត្រ​នៃ​ការគាំទ្រ និង​ការអភិវឌ្ឍ​លើ​ផ្នែក​ទិន្នន័យ​សម្រាប់​ជនជាតិដើម​ភាគតិច​នៅ​កម្ពុជា​បើ​និយាយ​ដោយឡែក​គិត​ត្រឹម​ឆ្នាំ​ ២០២១ ​នេះ​។

លោក​ថ្លែងថា​៖ «​របាយការណ៍​ជាតិ​នេះ​គឺជា​មគ្គុទ្ទេសក៍​ដ៏សំខាន់​សម្រាប់​តម្រង់ទិស​ដល់​ការរៀបចំ​ផែនការ​ជាតិ​ស្តីពី​អភិវឌ្ឍន៍ និង​អភិរក្ស​ជនជាតិ​ដើម​ភាគតិច ឈរលើ​ទិន្នន័យ​វិទ្យាសាស្ត្រ និង​ស្របតាម​ស្មារតី បំណង​ប្រាថ្នា និង​សេចក្តីត្រូវការ បញ្ហា​ប្រឈម​របស់​យើងខ្ញុំ​ក្នុង​ការអភិវឌ្ឍ និង​អភិរក្ស​ក្នុង​ស្ថានភាព​សង្គម សេដ្ឋកិច្ច និង​វប្បធម៌​ដូច​មានចែង​ក្នុង​រដ្ឋធម្មនុញ្ញ ច្បាប់​ជាតិ និង​លិខិតូបករណ៍​អន្តរជាតិ​ជា​ធរមាន​នានា​»​។

បើតាម ភាព សុជា ការប្រើប្រាស់​របាយការណ៍​ជាតិ​នេះ​គឺ​នឹង​ជួយ​ជំរុញ​ដល់​ការដាក់​ផែនការ​ជាតិ ការរៀបចំ​គោលនយោបាយ និង​ការលើក​គម្រោង​អភិវឌ្ឍន៍ និង​អភិរក្ស​លើកស្ទួយ​វិស័យសេដ្ឋកិច្ច សង្គម និង​វប្បធម៌​របស់​ជនជាតិ​ដើម​ភាគតិច​ឱ្យបាន​ល្អប្រសើរ​ឡើង​ជាពិសេស​ចូលរួម​ក្នុង​ការកាត់បន្ថយ​ភាពក្រីក្រ និង​បញ្ហា​ប្រឈម​នានា​ដល់​ពួកគេ​៕