កំពង់ស្ពឺៈ ក្រសួងបរិស្ថាន​សហការ​ជាមួយ​សាលា​នាយទាហាន​សកម្ម​ (​ត្មាតពង​) ​ក្នុង​ខេត្តកំពង់ស្ពឺ​បាន​បើក​វគ្គ​ហ្វឹកហ្វឺន ប្រតិបត្តិការ​ពិសេស ស្តីពី​វិធីសាស្ត្រ​ល្បាត​ក្នុង​តំបន់​ការពារ​ធម្មជាតិ ដើម្បី​បង្រៀន​ដល់​មន្ត្រី​ឧទ្យានុរក្ស ដែល​ធ្លាប់បាន​រៀន​វគ្គ​មូលដ្ឋាន​ ហើយ​ឱ្យ​ទទួលបាន​ចំណេះដឹង​បន្ថែម ពី​ការដាក់​បទបញ្ជា ការធ្វើផែនការ និង​ការប្រើប្រាស់​អាវុធ​។

លោក​ឧត្តមសេនីយ៍ឯក ប៊ុត សុភាព នាយក​សាលា​នាយទាហាន​សកម្ម ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ៤ វិច្ឆិកា​ថា កន្លងមក​មន្ត្រី​ឧទ្យានុរក្ស​បានទទួល​វគ្គ​ហ្វឺកហ្វឺន​ ៩ ​លើក​រួចមកហើយ ដែល​វគ្គ​ទាំងនោះ ជា​វគ្គ​បណ្តុះបណ្តាល​ថ្នាក់មូលដ្ឋាន​កម្រិត​បុគ្គល​ដែល​បង្រៀន​ឱ្យ​មន្ត្រី​ចេះ​សម្របសម្រួល​ខ្លួន នៅក្នុង​ព្រៃ​ដាច់សង្វែង ចេះ​ប្រើប្រាស់​អាវុធ ចេះ​ក្លែងភេទ ចេះ​លាក់ខ្លួន ចេះ​ឆ្លើយតប​ទៅនឹង​សត្រូវ​ដែល​យាយី ឬ​អាច​បង្ក្រាបសត្រូវ​បាន​ដោយ​ខ្លួនឯង នៅពេលណា​ឃើញ​បទល្មើស​ជាក់ស្តែង​។

វគ្គ​ថ្មី​នេះ​គឺជា​វគ្គ​ទី​១ ​នៃ​វគ្គ​ប្រតិបត្តិការ​ពិសេស ស្តីពី​វិធីសាស្ត្រ​ល្បាត​ក្នុង​តំបន់​ការពារ​ធម្មជាតិ ដែល​ខុសពី​វគ្គ​មុនៗ ត្រង់​ថា វគ្គ​នេះ​គឺ​បង្វឹក​បង្រៀន​ពី​ការដាក់​បទបញ្ជា ការធ្វើ​ផែនការ និង​បង្កើន​ចំណេះដឹង​បន្ថែម​មួយចំនួន​ទៀត ដល់​មន្ត្រី​ឧទ្យានុរក្ស​អំពី​ការប្រើប្រាស់​អាវុធ​។ វគ្គ​នេះ​មាន​រយៈពេល​ ៥៤ ​ថ្ងៃ​ចាប់ពី​ថ្ងៃទី​ ១ វិច្ឆិកា ដល់​ថ្ងៃទី​ ២៤ ធ្នូ ឆ្នាំ​ ២០២១​ ដែលមាន​សិក្ខាកាម​ជា​មន្ត្រី​ឧទ្យានុរក្ស​ចំនួន​ ២៥ ​នាក់​មកពី​ទូទាំងប្រទេស​។

លោក​ សុភាព ​បញ្ជាក់ថា៖ «​លើក​មុន​គាត់​គ្រាន់តែ​ចេះ​បាញ់​ដោយ​ខ្លួន​គាត់​ទេ តែ​លើក​នេះ គាត់​ចេះ​បញ្ជា​ឱ្យ​បាញ់​អាវុធ​ថែមទៀត ទៅតាម​ក្រុម តាម​ពួក តាម​បុគ្គល​ម្នាក់ៗ ដែលមាន​បែបផែន​នៃ​ការបញ្ជា​។ អ៊ីចឹង​សរុប​ឱ្យ​ខ្លី​វគ្គ​នេះ មាន​រយៈពេល​ខ្លី​ក៏ពិតមែន តែ​សារៈសំខាន់​គឺ​បង្រៀន​អ្នកដឹកនាំ​ជា​មន្ត្រី​ឧទ្យានុរក្ស​ទៅ​ថ្ងៃ​អនាគត​» ។

លោក ស្រ៊ុន ដារិទ្ធិ រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​ថ្លែង​ក្នុង​ពិធី​បើក​វគ្គ​ហ្វឹកហ្វឺន​នេះ ពីថ្ងៃ​ទី​ ៣ ខែវិច្ឆិកា​ថា ការងារ​របស់​មន្ត្រី​ឧទ្យានុរក្ស​ឆ្លុះបញ្ចាំង​ឱ្យឃើញ​យ៉ាងច្បាស់​អំពី​កិច្ចខិតខំ​ប្រឹងប្រែង និង​ការយកចិត្ត​ទុកដាក់​ខ្ពស់​របស់​រាជរដ្ឋាភិបាល​ក្នុង​ការបន្ត​អភិវឌ្ឍ​ធនធាន​មនុស្ស ទាំង​ក្នុង​វិស័យ​យោធា និង​វិស័យ​ស៊ីវិល​។

តាមរយៈ​វគ្គ​នេះ មន្ត្រី​ឧទ្យានុរក្ស​នៃ​ក្រសួងបរិស្ថាន​នឹងមាន​សមត្ថភាព និង​គុណធម៌​ខ្ពស់​បន្ថែមទៀត សម្រាប់​បុព្វហេតុ​ការពារជាតិ និង​ប្រជាជន ក៏​ដូចជា​កិច្ចគាំពារ​បរិស្ថាន ការគ្រប់គ្រង​ធនធាន​ធម្មជាតិ ការអភិរក្ស​ជីវចម្រុះ​ និង​ការអភិវឌ្ឍ​ដោយ​ចីរភាព​។

លោក​ថ្លែងថា​៖ «​សមិទ្ធផល​ទាំងនេះ​អាច​សម្រេច​ទៅបាន​ក៏​អាស្រ័យ​ដោយ​ប្រទេស​យើង​មាន​សុខសន្តិភាព ស្ថិរភាព​សង្គម នីតិរដ្ឋ កំណើនសេដ្ឋកិច្ច​ខ្ពស់ ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ និង​អភិបាលកិច្ច​តាមបែប​ប្រជាធិបតេយ្យ​យ៉ាងពិត​ប្រាកដ​» ។

លោក នេត្រ ភក្ត្រា អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​ថ្លែង​នៅ​ថ្ងៃទី​ ៤ វិច្ឆិកា​ថា មន្ត្រី​បរិស្ថាន​ដែល​មិនទាន់​ទទួល​បាន​ការហ្វឹកហាត់​បំប៉ន​សមត្ថភាព​មិនទាន់​មាន​ការជ្រើសរើស​ថ្មី​ទេ​។ បច្ចុប្បន្ន​នៅ​ទូទាំងប្រទេស​មន្ត្រី​ឧទ្យានុរក្ស​មាន​ចំនួន​ ១ ២៦០ ​នាក់​។ ចំណែក​សហគមន៍​តំបន់​ការពារ​ធម្មជាតិ​មាន​ចំនួន​កើនឡើង​បន្ថែមទៀត នៅក្នុង​ឆ្នាំ​ ២០២១ ​នេះ​។

លោក​ថ្លែងថា៖ « គិត​ត្រឹម​ឆមាស​ទី​ ១ ឆ្នាំ​ ២០២១ ​សហគមន៍​តំបន់​ការពារធម្មជាតិ​មាន​ចំនួន​ ១៨២ ​សហគមន៍​ត្រូវ​បាន​បង្កើតឡើង ដែល​មាន​ការចូលរួម​ពី​ប្រជាពលរដ្ឋ​ចំនួន ៥៥ ៤៤៦ ​គ្រួសារ​នៅក្នុង​ ៣៣៥ ​ភូមិ ក្នុង​ ១០៨ ​ឃុំ ក្នុង​ ១៦ ​ខេត្ត បាន​ចូលរួម​គ្រប់គ្រង​លើ​ផ្ទៃ​ដីព្រៃ​ចំនួន ៣០៩ ៤៦៣ ​ហិកតា​» ។

បើតាម​លោក ភក្ត្រា ទោះបី​មន្ត្រី​ឧទ្យានុរក្ស​មាន​បទពិសោធ​ច្រើន​ក្នុង​ការងារ​ដើរល្បាត បង្ក្រាប​បទល្មើស និង​ការពារ​ និង​អភិរក្ស​ធនធានធម្មជាតិ​ក្តី តែ​មន្ត្រី​ឧទ្យានុរក្ស​ទាំងអស់​ត្រូវ​បន្ត​ហ្វឹកហាត់​ផ្នែក​បច្ចេកទេស​ថ្មីៗ បន្ថែមទៀត​ ដើម្បី​បង្កើន​សមត្ថភាព និង​ទទួលបាន​នូវ​មេរៀន និង​បទពិសោធ​ថ្មីៗ​បន្ថែមទៀត​ក្នុង​គោលដៅ​បង្កើន​ប្រសិទ្ធភាព​ក្នុង​តួនាទី​របស់ខ្លួន​។

លោក​ សុខ សុខុម ប្រធាន​អង្គការ​ស្រាវជ្រាវ​ជាតិ​កម្ពុជា​កត់សម្គាល់​ថា ការអនុវត្ត​កិច្ចការងារ​របស់​មន្ត្រី​ឧទ្យានុរក្ស​ជា​រួមមាន​កន្លែង​ខ្លះ​ធ្វើ​បានល្អ និង​មាន​កន្លែង​ខ្លះទៀត​នៅមាន​ចន្លោះប្រហោង ខណៈ​ជន​ឆ្លៀតឱកាស​តែង​លូកដៃ​ចូលទៅ​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​ឈើ ពេល​ឃើញ​មាន​ការចន្លោះប្រហោង​ទាំងនោះ​។

លោក​ថ្លែងថា​៖ «​មន្ត្រី​ជំនាញ​ត្រូវតែមាន​ផែនការ​ទប់ស្កាត់​ឱ្យបាន​តឹងរ៉ឹង​បំផុត ហើយ​ការអនុវត្ត​ច្បាប់​ត្រូវធ្វើ​ឱ្យមាន​ប្រសិទ្ធភាព​ចំពោះ​បុគ្គល​ណា​ដែល​ទន្ទ្រាន​កាន់កាប់​លើដី​សាធារណៈ​របស់​រដ្ឋ នៅលើ​ព្រៃ​ធនធានធម្មជាតិ ជីវចម្រុះ​។ សំខាន់​រួមគ្នា​អភិរក្ស​ទាំងអស់​គ្នា​មិនមែន​អ្នកណា​ម្នាក់​ធ្វើទៅ​តែឯង​បានទេ​» ៕

វីដេអូ៖