
លោក ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌។ រូបថត ក្រសួងយុត្តិធម៌
ភ្នំពេញៈ ក្រុមការងារកែទម្រង់រដ្ឋបាលសាធារណៈនៃក្រសួងយុត្តិធម៌ បានអនុម័តទៅលើគម្រោងកម្មវិធីការងារកែទម្រង់រដ្ឋបាលសាធារណៈអាទិភាពធំៗចំនួន ៤ សម្រាប់អនុវត្ដនៅឆ្នាំ ២០២២ ដើម្បីប្រសិទ្ធភាពការងារក្រសួងយុត្តិធម៌។
លោក ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារកែទម្រង់រដ្ឋបាលសាធារណៈនៃក្រសួងយុត្តិធម៌នៅថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ ២០២១ បានដឹកនាំក្រុមការងារបើកកិច្ចប្រជុំលើកដំបូងពិនិត្យ ពិភាក្សា និងអនុម័តលើកម្មវិធីការងារកែទម្រង់រដ្ឋបាលសាធារណៈលើសកម្មភាពអាទិភាព ដូចជា ការរៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍធនធានមនុស្សក្នុងវិស័យយុត្តិធម៌ ការរៀបចំឯកសារពិពណ៌នាមុខតំណែងមន្ត្រី ការរៀបចំវគ្គសិក្ខាសាលាតម្រង់ទិសសម្រាប់មន្ត្រីក្របខ័ណ្ឌថ្មី និងថ្នាក់ដឹកនាំ និងការរៀបចំវគ្គប្រឡងផ្លាស់ប្តូរប្រភេទក្របខ័ណ្ឌសម្រាប់មន្ត្រីរាជការស៊ីវិលនៃក្រសួងយុត្តិធម៌។
លោក ជិន ម៉ាលីន ថ្លែងថា៖ «គោលដៅលើកម្មវិធីការងារកែទម្រង់នេះ គឺការកែទម្រង់រដ្ឋបាលសាធារណៈក្រសួង ដើម្បីបម្រើឱ្យការងារកំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្ដិធម៌ ដោយធ្វើយ៉ាងម៉េចឱ្យសេវាយុត្ដិធម៌កាន់តែមានប្រសិទ្ធភាព ហើយប្រព័ន្ធយុត្តិធម៌កាន់តែមានទំនុកចិត្ដ»។
ទាក់ទងនឹងការរៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍធនធានមនុស្សក្នុងវិស័យយុត្តិធម៌ លោក ជិន ម៉ាលីន ពន្យល់ថា ដោយសារតែការកែទម្រង់ស្ថាប័ន គឺត្រូវចាប់ផ្ដើមពីធនធានមនុស្សមុន ត្រូវមានមនុស្សដែលមានគុណភាពមានសីលធម៌ មានវិជ្ជាជីវៈ និងមានសមត្ថភាពក្នុងការបំពេញការងារ។
លោកថ្លែងថា៖ «អ៊ីចឹង ក្នុងការរៀបចំធនធានមនុស្សត្រូវមានផែនការយុទ្ធសាស្ដ្រមួយច្បាស់លាស់ ដើម្បីយើងអាចរៀបចំមនុស្សមួយដែលត្រឹមត្រូវតាមអ្វីដែលយើងចង់បាន»។
ចំពោះការរៀបចំឯកសារពិពណ៌នាមុខតំណែងមន្ត្រីលោកបានឱ្យដឹងថា គឺក្រុមការងារនឹងកំណត់ការពណ៌នាមុខតំណែងទាំងស្ថាប័ន និងការពណ៌នាមុខតំណែងនីមួយៗនៅក្នុងស្ថាប័ន អង្គភាពនៃក្រសួងយុត្ដិធម៌។ ក្រុមការងារ នឹងធ្វើការសិក្សា វាយតម្លៃថា តើអង្គភាពមួយដើម្បីសម្រេចបាននូវតួនាទី ភារកិច្ច ដែលច្បាប់កំណត់ឱ្យ តើត្រូវមានអ្វីខ្លះ។
លោកបន្តថា៖ «ដូច្នេះ កំណែទម្រង់នេះ យើងនឹងពិនិត្យលើធនធានមនុស្ស តើត្រូវមានធនធានមនុស្សរបៀបម៉េច សម្ភាររបៀបម៉េច ហិរញ្ញវត្ថុរបៀបម៉េច ហើយជំនាញនឹងត្រូវមានជំនាញអ្វីខ្លះជាដើម»។
បើតាមលោក ជិន ម៉ាលីន ការពណ៌នាមុខតំណែងនេះគឺដើម្បីធ្វើយ៉ាងម៉េចដាក់មនុស្សឱ្យបានត្រូវទៅនឹងកន្លែង ដូច្នេះគឺត្រូវមានលក្ខណវិនិច្ឆ័យអប្បបរមាមួយ ដើម្បីជ្រើសរើសមនុស្សដែលអាចបំពេញការងារនៅក្នុងមុខតំណែងនោះបាន។ មានដូចជា តើមនុស្សនោះត្រូវមានគុណភាពអ្វីខ្លះ? មានទាំងបទពិសោធការងារ ជំនាញ ក្រមសីលធម៌ និងការទទួលស្គាល់កេរ្ដិ៍ឈ្មោះជាដើម ដើម្បីធ្វើយ៉ាងណាដាក់មនុស្សឱ្យត្រូវទៅនឹងកន្លែង។
ចំណែកការរៀបចំវគ្គសិក្ខាសាលាតម្រង់ទិសសម្រាប់មន្ត្រីក្របខ័ណ្ឌថ្មី និងថ្នាក់ដឹកនាំ លោក ជិន ម៉ាលីន បានឱ្យដឹងថា ក្រសួងនឹងរៀបចំសិក្ខាសាលាតម្រង់ទិសសម្រាប់មន្ដ្រីដែលចូលថ្មី ដើម្បីដឹងពីរបៀបរបបការងារ និងបណ្ដុះស្មារតីមនសិការវិជ្ជាជីវៈក្នុងនាមជាមន្ដ្រីរាជការ។
លោកបញ្ជាក់ថា៖ «យើងក៏នឹងរៀបចំសិក្ខាសាលាភាពជាអ្នកដឹកនាំ សម្រាប់មន្ដ្រីរបស់យើងដែលកាន់តួនាទីជាអ្នកដឹកនាំ តាំងពីថ្នាក់ការិយាល័យ រហូតដល់ថ្នាក់អគ្គនាយក ថ្នាក់អនុប្រធាន និងប្រធានតុលាការជាដើមដើម្បីឱ្យពួកគាត់មានភាពជាអ្នកដឹកនាំក្នុងការដឹកនាំគ្រប់គ្រងស្ថាប័នរបស់ខ្លួនប្រកបដោយប្រសិទ្ធភាព»។
ចំណែកការរៀបចំវគ្គប្រឡងផ្លាស់ប្តូរប្រភេទក្របខ័ណ្ឌសម្រាប់មន្ត្រីរាជការស៊ីវិលនៃក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន បានឱ្យដឹងថា មន្ដ្រីមួយនៅក្នុងក្របខ័ណ្ឌ (ខ) ក្របខ័ណ្ឌ (គ) គឺមិនបានរៀបចំការប្រឡង ដើម្បីអាចផ្លាស់ប្ដូរទៅក្របខ័ណ្ឌខ្ពស់ជាងនេះទេ។ ការមិនបានរៀបចំការប្រឡង គឺប៉ះពាល់ដល់ឧបនិស្ស័យរបស់មន្ដ្រីក្នុងការទទួលតំណែង និងការដឹកនាំពីព្រោះមន្ដ្រីខ្លះបានស្ថិតនៅក្របខ័ណ្ឌនេះយូរឆ្នាំ និងមន្ដ្រីខ្លះបានបន្តរៀនដល់ថ្នាក់អនុបណ្ឌិត ឬថ្នាក់បណ្ឌិត ប៉ុន្ដែក្របខ័ណ្ឌនៅតែមិនទាន់បានប្ដូរ។
លោកបញ្ជាក់ថា៖ «យើងនឹងរៀបចំការប្រឡងដើម្បីផ្លាស់ប្ដូរក្របខ័ណ្ឌពួកគាត់ ដើម្បីឱ្យសមទៅនឹងការខិតខំព្យាយាមប្រឹងប្រែង ព្យាយាមរបស់មន្ដ្រីស័ក្តិសមទៅនឹងបទពិសោធ សមត្ថភាព ចំណេះដឹង ដែលមន្ដ្រីខិតខំសិក្សារៀនសូត្រ ដើម្បីឱ្យពួកគាត់អាចទទួលបាននូវឧបនិស្ស័យក្នុងការទទួលបាននូវតំណែងផ្សេងៗស័ក្តិសមទៅនឹងសមត្ថភាពរបស់គាត់»។
លោក ស៊ឹង សែនករុណា អ្នកនាំពាក្យសមាគមសិទិ្ធមនុស្ស អាដហុក បានលើកឡើងថា ការដាក់ចេញនូវកម្មវិធីការងារកែទម្រង់រដ្ឋបាលសាធារណៈអាទិភាពធំៗទាំង ៤ ចំណុចរបស់ក្រសួងយុត្ដិធម៌នេះ គឺជាផ្នែកមួយនៃការចាត់វិធានការអនុវត្ដតួនាទីរបស់មន្ដ្រីដែលមិនទាន់មានភាពល្អប្រសើរ និងការទទួលខុសត្រូវក្នុងមុខតំណែងរបស់មន្ដ្រីនៅមិនទាន់មានភាពច្បាស់លាស់ជាដើម ដែលជាហេតុលំបាកក្នុងការដាក់ពិន័យផ្សេងៗ។
លោកថ្លែងថា៖ «ចំណុចសំខាន់នោះ គឺធ្វើយ៉ាងណាមន្ដ្រីដែលត្រូវបំពេញតួនាទីទាំងអស់ គឺត្រូវប្រកាន់ភ្ជាប់នូវគោលការណ៍ទាំង ៤ រួមមានធ្វើការងារដោយមានឯករាជភាព អព្យាក្រឹតភាព កុំប្រកាន់នូវនិន្នាការនយោបាយជាដើម។ ចំណែកការអនុវត្ដតួនាទី ក៏ជាបញ្ហាសំខាន់ដែរ ហើយគួរតែមានការដាក់ពិន័យឱ្យមានភាពច្បាស់លាស់ទៅលើមន្ដ្រីដែលមិនមានភាពទទួលខុសត្រូវលើការងារ តួនាទីរបស់ខ្លួន»៕