ភ្នំពេញៈ រដ្ឋមន្ត្រីការបរទេស និង​ជា​រដ្ឋមន្ត្រី​កិច្ចការនារីអូស្ត្រាលី លោកស្រី ម៉ារីស ផេន (Marise Payne) នឹង​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​ចាប់ពី​ថ្ងៃទី ៧ ដល់​ថ្ងៃទី ៨ វិច្ឆិកា ដើម្បី​ពង្រឹង​បន្ថែមទៀត​នូវ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​២ ដើម្បី​ផលប្រយោជន៍​ទៅវិញទៅមក។

ក្រសួងការបរទេស​បញ្ជា​ក់​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន ផ្សព្វផ្សាយ​នៅ​ថ្ងៃទី ៥ ខែវិច្ឆិកាថា ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ លោកស្រី​នឹង​ជួប​ជាមួយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន។

លោកស្រី ម៉ារីស ផេន ក៏​នឹងមាន​ជំនួប​ទ្វេភាគី​ជាមួយ​លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ដើម្បី​ពិភាក្សា​លើ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ក្នុង​វិស័យ​នានា និង​បញ្ហា​តំបន់​និង​អន្តរជាតិ ព្រមទាំង​ការធ្វើជា​ប្រធាន​អាស៊ាន​នៅ​ឆ្នាំ ២០២២ របស់​កម្ពុជា​ផងដែរ។

លោកស្រី​ក៏​នឹង​ទៅ​ទស្សនា​អង្គការ​កម្ពុជា ដើម្បី​ជួយ​ស្ត្រី​មាន​វិបត្តិ ដែល​នឹង​ទទួល​ស្វាគមន៍ ដោយ​លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រី ក្រសួង​កិច្ចការនារី។

​ក្រសួងការបរទេស​ប​ញ្ជា​ក់ថា​៖ «​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់ លោកជំទាវ ម៉ា​រី​ស ផេ​ន មកកាន់​កម្ពុជា​នឹង​បញ្ជាក់​ជាថ្មី​នូវ​ការប្តេជ្ញាចិត្ត​របស់​អូស្ត្រាលី​ក្នុងការ​ធ្វើការ​កាន់តែ​ជិតស្និទ្ធ​ជាមួយ​ព្រះរាជាណាចក្រ​កម្ពុជា​ដើម្បី​ពង្រឹង​បន្ថែមទៀត​នូវ​ទំនាក់ទំនង ទាំង​នៅក្នុង​ក្របខ័ណ្ឌ ទ្វេភាគី និង​ពហុភាគី ដើម្បី​ផលប្រយោជន៍​ទៅវិញទៅមក​នៃ​ប្រទេស​ទាំង​ ២»៕