ភ្នំពេញៈ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (គ.ជ.ប) ប្រកាស​នៅ​ព្រឹក​នេះ​ថា រយៈពេល ២៣ ថ្ងៃ មាន​ប្រជាពលរដ្ឋ​ទៅ​ចុះឈ្មោះ​បោះឆ្នោត​ថ្មី​សរុប​មាន​ចំនួន ២៦២ ៥៨៥ នាក់ ខណៈ​អ្នក​ដែល​នឹងត្រូវ​លុបឈ្មោះ​ចេញពី​បញ្ជី​បោះឆ្នោត​សរុប​មាន​ចំនួន ១២៩ ១៩៨ នាក់ និង​អ្នក​ដែល​បានកែតម្រូវ​ទិន្នន័យ​សរុប មាន​ចំនួន ៩១ ៨៩៣ នាក់។

សេចក្តីប្រកាស​ព័ត៌មាន​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត នៅ​ថ្ងៃទី ៥ ខែវិច្ឆិកា​នេះ បង្ហាញថា​របាយការណ៍​ពី​ឃុំ សង្កាត់ ចំនួន ១ ៣៩២ លទ្ធផល​បណ្តោះអាសន្ន​នៅ​ថ្ងៃទី ២៣ នៃ​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះឈ្មោះ​បោះឆ្នោតឆ្នាំ ២០២១ ត្រូវ​នឹង​ថ្ងៃទី ៤ ខែវិច្ឆិកា ឆ្នាំ ២០២១ នៅ​ទូទាំងប្រទេស មាន ប្រជាពលរដ្ឋ​ដែល​បាន​អញ្ជើញ​ចុះឈ្មោះ​បោះឆ្នោត​ថ្មី មាន​ចំនួន ៩ ៤២៨ នាក់ អ្នក​ដែល​នឹងត្រូវ​លុបឈ្មោះ​ចេញពី​បញ្ជី​បោះឆ្នោត​មាន​ចំនួន ៤ ៩៧៦ នាក់ អ្នក​ដែល​បានកែតម្រូវ​និ​ន្ន​ន័យ មាន​ចំនួន ៥០៥១ នាក់ និងអ្នក​ដែល​បាន​ផ្ទេរ​ទីលំនៅ​ចូលក្នុង​ឃុំ-សង្កាត់​ថ្មី មាន​ចំនួន ២ ៦៤៦ នាក់។

សេចក្តីប្រកាស​ព័ត៌មាន​របស់ គ.ជ.ប បញ្ជាក់ថា សរុប​រយៈពេល ២៣ ថ្ងៃ ប្រជាពលរដ្ឋ​ដែល​អញ្ជើញ​មក​ចុះឈ្មោះ​បោះឆ្នោត​ថ្មី សរុប មាន​ចំនួន ២៦២ ៥៨៥ នាក់ អ្នក​ដែល​នឹងត្រូវ​លុបឈ្មោះ​ចេញពី​បញ្ជី​បោះឆ្នោត​សរុប​មាន​ចំនួន ១២៩ ១៩៨ នាក់ អ្នក​ដែល​បានកែតម្រូវ​ទិន្នន័យ​សរុប មាន​ចំនួន ៩១ ៨៩៣ នាក់ និងអ្នក​ដែល​បាន​ផ្ទេរ​ទីលំនៅ​ចូលក្នុង​ឃុំ​សង្កាត់​ថ្មី​សរុប មាន​ចំនួន ៧៨ ១៥៩ នាក់។

គ.ជ.ប បានឱ្យដឹងថា ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត​ឆ្នាំ ២០២១ ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី ១២ ខែតុលា ដល់​ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២១​ គិត​ទាំង​ថ្ងៃ​សៅរ៍ និង​ថ្ងៃអាទិត្យ។ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ដែលមាន​សិទ្ធិ​បោះឆ្នោត អញ្ជើញ​ទៅពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះឈ្មោះ​បោះឆ្នោត នៅតាម​ការិយាល័យ​ចុះឈ្មោះ​បោះឆ្នោត ដែល​បច្ចុប្បន្ន មាន​ទីតាំង​នៅតាម​ភូមិ​មួយចំនួន ក្នុង​ឃុំ-សង្កាត់។

គ.ជ.ប បញ្ជាក់ថា «​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះឈ្មោះ​បោះឆ្នោត គឺ​ដើម្បី​ពិនិត្យមើល​ឈ្មោះ និង​ទិន្នន័យ របស់ខ្លួន​ក្នុង​បញ្ជី​ឈ្មោះ​បោះឆ្នោត​ចុងក្រោយ។ ប្រសិនបើ​មាន​កំហុសឆ្គង​សាមីខ្លួន​ត្រូវ​ស្នើសុំ​កែតម្រូវ​តាម​អត្តសញ្ញាណ​បណ្ណ​សញ្ជាតិ​ខ្មែរ ដែល​នឹងត្រូវ​ប្រើ​ក្នុងពេល​បោះឆ្នោត» ។

ជាមួយគ្នា​នោះ ចំពោះ​អ្នក​ដែល​ទើប​គ្រប់​អាយុ​ ១៨ (កើតមុន ឬ​កើត​ត្រឹម​ថ្ងៃទី ៦ ខែ មិថុនា ឆ្នាំ ២០០៤) និង ប្រជាពលរដ្ឋ​ខ្មែរ​ដែល​បាន​ផ្លាស់​លំនៅឋាន​ឬ​ទី​សំណាក់​ចូលក្នុង​ឃុំ-សង្កាត់​ថ្មី និង​ប្រជាពលរដ្ឋ​ដែល​មិន​ធ្លាប់​ចុះឈ្មោះ​បោះឆ្នោត​ពីមុនមក​នោះ ក៏​អាច​ទៅ​ចុះឈ្មោះ​បោះឆ្នោត​ផងដែរ​៕