ភ្នំពេញៈ តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ កំពុង​សាកសួរ​ជនសង្ស័យ​ប្រុស-ស្រី​ ២ ​នាក់​នា​ថ្ងៃទី​ ៤ វិច្ឆិកា​ បន្តទៀត ពាក់ព័ន្ធ​នឹង​ការប្លន់​យកលុយ​ក្មេងស្រី​ម្នាក់​ចំនួន​ ៦ ​ម៉ឺន​រៀល នៅ​ភូមិ​ដើម​ចាន់ សង្កាត់​ច្បារអំពៅ​ ២ ខណ្ឌ​ច្បារអំពៅ​។

លោក​ ម៉ៅ សឿត អធិការ​នគរបាល​ខណ្ឌ​ច្បារអំពៅ​ប្រាប់​នៅ​ថ្ងៃទី​ ៤ វិច្ឆិកាថា ជន​ទាំង​ ២ ​នាក់ ឈ្មោះ​ ផន ណេត ភេទ​ប្រុស អាយុ​ ២១ ​ឆ្នាំ និង​ឈ្មោះ​ គុណ ស្រីនី ភេទ​ ស្រី អាយុ​ ២៨ ​ឆ្នាំ​។ ពួកគេ​គ្មាន​មុខរបរ​អ្វី​ធ្វើ​ទេ និង​ស្នាក់នៅ​ភូមិ​ដើមចាន់​ ១ សង្កាត់​ច្បារអំពៅ​ ២ ខណ្ឌ​ច្បារអំពៅ​។

លោក​បន្តថា ជនសង្ស័យ​ទាំង​ ២ ​នាក់​ត្រូវបាន​សមត្ថកិច្ច​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃទី​ ៣ វិច្ឆិកា​។ ប៉ុន្តែ​ដោយសារ​តំណាង​អយ្យការ​សាកសួរ​មិនទាន់​គ្រប់គ្នា​ក៏​បន្ត​នីតិវិធី​ស៊ើបសួរ​ទៀត​។ លោក​ថ្លែងថា​៖ «​នៅថ្ងៃនេះ​ [​ថ្ងៃទី​ ៤ វិច្ឆិកា​] ​តុលាការ បន្ត​ស៊ើបសួរ​ពួកគេ​ទៀត​»​។

ពាក់ព័ន្ធ​នឹង​អង្គហេតុ​ដែលនាំ​ឱ្យ​មាន​ការចាប់ខ្លួន​ជនសង្ស័យ​ទាំង​ ២ ​នាក់​ខាងលើ​មិន​ត្រូវ​បាន​លោក​អធិការ ម៉ៅ សឿត បញ្ជាក់​លម្អិត​ទេ​។ ប៉ុន្តែ​បើតាម​ហ្វេសប៊ុក​របស់​នគរបាល​ប៉ុស្តិ៍​សង្កាត់​ច្បារអំពៅ​ ២ បានសរសេរថា មុនពេល​កើតហេតុ​កាលពី​ថ្ងៃទី​ ៣០ តុលា ឆ្នាំ​ ២០២១ វេលា​ម៉ោង​ប្រមាណ​ជា​ ៤ ​រសៀល កុមារី​ឈ្មោះ​ សំ អៃឧស្សា អាយុ​ ១៣ ​ឆ្នាំ​ជាមួយ​ប្អូនប្រុស​នាង​ម្នាក់ទៀត​បាន​នាំគ្នា​ដើរ​ទៅ​ផ្ទះ​នៅ​ភូមិ​ដើមចាន់​ សង្កាត់​ច្បារអំពៅ​ ២​។ ខណៈ​ក្មេង​ទាំង​ ២ ​កំពុង​ដើរ ស្រាប់តែ​ជនសង្ស័យ​ទាំង​ ២ ​នាក់​ខាងលើ​ចាប់​ក្មេងរងគ្រោះ​ប្លន់​យក​លុយ​ចំនួន​ ៦ ​ម៉ឺន​រៀល ហើយ​គំរាម​កុមារី​រងគ្រោះ​ថា​ «​បើ​ហ៊ាន​ប្រាប់​គេ​នឹង​សម្លាប់ចោល​»​។

ទំព័រ​ហ្វេសប៊ុក​របស់​នគរបាល​ប៉ុស្តិ៍​បន្តថា ក្រោយ​កើតហេតុ កុមារី​រងគ្រោះ​បាន​ប្រាប់​ម្តាយ​នាង ហើយ​ប្តឹង​នគរបាល​ប៉ុស្តិ៍​សង្កាត់​ច្បារអំពៅ​ ២​។ ​លុះ​នៅវេលា​ប្រហែល​ម៉ោង​ ១ ​រសៀល​ថ្ងៃទី​ ២ ​វិច្ឆិកា​ជនសង្ស័យ​ទាំង​ ២ ​ត្រូវបាន​ឃាត់ខ្លួន​នៅ​ទីតាំង​ខាងលើ​។ ជនសង្ស័យ​ឈ្មោះ​ ផន ណេត បាន​ប្រាប់ថា រូបគេ​ធ្លាប់​ជាប់​ពន្ធនាគារ​ព្រៃស ៨ ​ខែ​ក្នុង​ឆ្នាំ​ ២ ០០០ ​ពី​បទ​លួច​។

ភ្នំពេញ ប៉ុស្ដិ៍ បាន​សាក​សួរ​ទៅ​លោក អ៊ុ រតនា នាយ​ប៉ុស្តិ៍នគរបាល​ច្បារ​អំពៅ ២ ពាក់​ព័ន្ធ​នឹង​របាយការណ៍​ចុះផ្សាយ​ក្នុង​ផេក​ត្រង់​ជន​សង្ស័យ​ឈ្មោះ ផន ណេតបច្ចុប្បន្ន អាយុ ២១​ឆ្នាំ ហើយ​ធ្លា​ប់​ជាប់​គុក ៨​ខែ​ក្នុង​ឆ្នាំ ២០០០ អ៊ីចឹង​មាន​ន័យ​ថាកាល​នោះ​គាត់​អាយុ​បាន ១ ឆ្នាំ គាត់​ជាប់​គុក លោក​តប​វិញ​ថា ឱ្យ​មើល​តាម​របាយការណ៍​ហ្នឹង​ទៅ តែ​លោក​ថា បើ​ជាប់​គុក​ឆ្នាំ ២០២០ ទើប​ត្រូវ៕

វីដេអូ៖