ភ្នំពេញៈ ក្រសួងសុខាភិបាល​នៅ​ថ្ងៃទី ៥ ខែវិច្ឆិកា​នេះ បានប្រកាស​អនុញ្ញាតឱ្យ​ប្រើប្រាស់​វ៉ាក់សាំង​ឈ្មោះ COVAXIN ក្នុង​លក្ខខណ្ឌ​បន្ទាន់ សម្រាប់​បង្ការ​ជំងឺ​កូវីដ​ ១៩ ចំពោះ​មនុស្ស​មាន​អាយុ​ចាប់ពី ១៨ ឆ្នាំ​ឡើងទៅ។

លិខិត​ប្រកាស​អនុញ្ញាត​ចុះហត្ថលេខា​ដោយ​លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល នៅថ្ងៃនេះ បានឱ្យដឹងថា​លក្ខខណ្ឌ​នៃ​ការប្រើប្រាស់ វ៉ាក់សាំង​នេះ​គឺ ប្រើតែ​ក្នុងអំឡុងពេល​គ្រោះអាសន្ន​សុខភាព​សាធារណៈ នៃ​ជំងឺ​កូវីដ ១៩ ដែល​កំពុង​កើតមាន និង ប្រើ​ក្រោមរូបភាព​របស់​រាជរដ្ឋាភិបាល​ដូច​មានចែង​ក្នុង​ផែនការ​ដាក់ពង្រាយ​វ៉ាក់សាំង​ជាតិ​បច្ចុប្បន្ន និង​ក្រុមមនុស្ស​អាទិភាព។

ក្នុង​លិខិត​ដដែល​នោះ​លោក​រដ្ឋមន្ត្រី​បាន​ប្រាប់​ពី លក្ខខណ្ឌ​ពិសេស​សម្រាប់​រាយការណ៍​អំពី​សុវត្ថិភាព និង​គ្រប់គ្រង​ប្រតិកម្ម​រំខាន បន្ទាប់ពី​ការចាក់​វ៉ាក់សាំង (ត្រូវអនុវត្ត​ដោយ​អង្គភាព​ពាក់ព័ន្ធ​ទាំងអស់​ដែលមាន​កាតព្វកិច្ច​អនុវត្ត​ការចាក់​វ៉ាក់សាំង បង្ការ​ជំងឺ​កូវីដ ១៩)។

ចំណុច​ដំបូង​គឺ កម្មវិធី​ជាតិ​ផ្តល់​ថ្នាំបង្ការ (NIP) នឹង​ដឹកនាំ​អង្គភាព​ពាក់ព័ន្ធ​ដទៃទៀត ដើម្បី​អនុវត្ត​ផែនការ​គ្រប់គ្រង​ហានិភ័យ ដោយ​ផ្អែកលើ Risk Management Plan (RMP) ដែល​ផ្តល់​ដោយ​ក្រុមហ៊ុន ឬ​អាច​រកបាន​ពី​អង្គការ​សុខាភិបាល​ពិភពលោក។

ចំណុច​បន្ទាប់​គឺ មណ្ឌល​ព័ត៌មាន​ឱសថ​កម្ពុជា នៃ​នាយកដ្ឋាន​ឱសថ ចំណីអាហារ បរិក្ខារ​ពេទ្យ និង​គ្រឿងសំអាង កម្មវិធី​ជាតិ​ផ្តល់​ថ្នាំបង្ការ និង​អង្គភាព​ពាក់ព័ន្ធ​ដទៃទៀត ត្រូវ​រាយការណ៍​អំពី​ប្រតិកម្ម​រំខាន បន្ទាប់ពី​ចាក់​វ៉ាក់សាំង​បង្ការ (AEFI) និង​តាមដាន​វ៉ាក់សាំង រួមទាំង​កំណត់ត្រា​លេខឡូតិ៍ ដែល​បាន​ចែកចាយ​ទៅ​កន្លែង​ផ្តល់​ថ្នាំបង្ការ និង​ដែល​បាន​ចាក់​ជូន​បុគ្គល​ម្នាក់ៗ (ត្រូវ​កត់ត្រា​លេខឡូតិ៍​វ៉ាក់សាំង​ក្នុង​សៀវភៅ​ផ្តល់​ថ្នាំបង្ការ និង​ទម្រង់​របាយការណ៍​ស្តីពី​ប្រតិកម្ម​រំខាន​បន្ទាប់ពី​ចាក់​វ៉ាក់សាំង​បង្ការ)។

ចំណុច​ចុងក្រោយ​គឺ កម្មវិធី​ជាតិ​ផ្តល់​ថ្នាំបង្ការ​ត្រូវ​សហការ​ជាមួយ​អង្គភាព​ដទៃទៀត ដើម្បី​បង្កើន​សមត្ថភាព​គ្រប់គ្រង​គ្លីនិក​ក្នុងការ​ឆ្លើយតប​បន្ទាន់ និង​ទាន់ពេលវេលា ចំពោះ​ប្រតិកម្ម​រំខាន បន្ទាប់ពី​ចាក់​វ៉ាក់សាំង​បង្ការ (ដូចជា​ប្រតិកម្ម​អាណា​ហ្វីឡាក់ទិច) នៅ​កន្លែង​ចាក់​វ៉ាក់សាំង​រៀបចំ​ប្រព័ន្ធ​សម្រាប់​បញ្ជូន និង​គ្រប់គ្រង​បន្ទាន់​នៃ​ប្រតិកម្ម​រំខាន​បន្ទាប់ពី​ចាក់​វ៉ាក់សាំង​បង្ការ៕

វីដេអូ៖