ភ្នំពេញៈ ឧទ្យានុរក្ស​តំបន់​រ៉ាមសារ​បឹង​ទន្លេ​ឆ្មា​បាន​រក​ឃើញ​សម្បុក​អកត្រី​ក្បាល​ប្រផេះ​ចំនួន ១០ នៅ​ក្នុង​ខែ​តុលា។ អង្គការ​ជីវិត​ធម្មជាតិ​នៅ​កម្ពុជា​សង្ឃឹម​ថា សម្បុក​សត្វ​នេះ​នឹង​ត្រូវ​បាន​រក​ឃើញ​ច្រើន​ទៀត ព្រោះ​រដូវ​បន្ត​ពូជ​ឆ្នាំ​នេះ​មិន​ទាន់​បាន​បញ្ចប់​នៅ​ឡើយ។

អង្គការ​ជីវិត​ធម្មជាតិ​នៅ​កម្ពុជា នៅ​ថ្ងៃទី ៥ ខែ​វិច្ឆិកា បាន​ឱ្យ​ដឹង​ថា អកត្រី​ក្បាល​ប្រផេះ គឺ​ជា​ប្រភេទ​ជិត​ទទួល​រង​ការ​គំរាម​កំហែង​លើ​ពិភព​លោក។ សត្វ​នេះ​កំពុង​មាន​ការ​ថយ​ចុះ​នៅ​តំបន់​មួយ​ចំនួន​ដូចជា​តាម​ដង​ទន្លេ​សេកុង​ជាដើម។

ដោយ​ឡែក​ក្នុង​ខែ​តុលា​នេះ ឧទ្យានុរក្ស​តំបន់​រ៉ាមសារ​បឹង​ទន្លេ​ឆ្មា​បាន​រក​ឃើញ​សម្បុក​សត្វ​នេះ​ចំនួន ១០ នៅ​តំបន់​រ៉ាមសារ។

អង្គការ​នេះ​បាន​សរសេរ​នៅ​លើ​ហ្វេសប៊ុក​ថា «យើង​សង្ឃឹម​ថា សម្បុក​សត្វ​នេះ​ច្រើន​ទៀត នឹង​ត្រូវ​បាន​រក​ឃើញ​ដោយ​ហេតុ​ថា រដូវ​បន្ត​ពូជ​ឆ្នាំ​នេះ​មិន​ទាន់​បាន​បញ្ចប់​ទេ»។

អង្គការ​នេះ​បាន​ឱ្យ​ដឹង​ទៀត​ថា ការ​កត់ត្រា​នេះ​បង្ហាញ​ថា​ តំបន់​ដី​សើម​បឹង​ទន្លេ​ឆ្មា​នេះ គឺ​ជា​តំបន់​ដ៏​សំខាន់​មួយ​ដែល​បាន​និង​កំពុង​គាំទ្រ​ដល់​ការ​រស់​នៅ​របស់​អក​ត្រី​ក្បាល​ប្រផេះ​នេះ។

អង្គការ​ជីវិត​ធម្មជាតិ​នៅ​កម្ពុជា​ដោយ​មាន​ការ​គាំទ្រ​ថវិកា​ពី The European Union-Our Tonle Sap project បាន​និង​គាំទ្រ​ដល់​ការ​ល្បាត​របស់​ឧទ្យានុរក្ស​តំបន់​រ៉ាមសារ​បឹង​ទន្លេ​ឆ្មា​ក្នុង​ការ​អង្កេត​តាម​ដាន​ជីវចម្រុះ និង​ការ​អនុវត្ត​ច្បាប់៕