កំពង់ចាមៈ លោក អ៊ុន ចាន់ដា អភិបាលខេត្ត​កំពង់ចាម ប្រគល់​ផ្ទះ​មនុស្សធម៌​ទី​ ៦ របស់​សាខា​កាកបាទ​ក្រហម​កម្ពុជា​ខេត្តកំពង់ចាម ជូន​ជនពិការ​ទ័ល​លំបាក ១ ​គ្រួសារ នៅ​ឃុំ​សំពងជ័យ ស្រុក​ជើងព្រៃ នៅ​ថ្ងៃទី​ ៥ ខែវិច្ឆិកា​នេះ​។

រដ្ឋបាលខេត្ត​កំពង់ចាម​បានឱ្យ​ដឹងថា ផ្ទះ​មនុស្សធម៌​ទី​ ៦ ជា​កម្មវិធី​ផ្ទះ​មនុស្សធម៌​ខេត្តកំពង់ចាម ក្រោម​កិច្ចសហការ​រវាង​សាខា​កាកបាទ​ក្រហមកម្ពុជា​ខេត្ត និង​សាលា​គណ​ខេត្ត​ជូន​ដល់​ជន​មាន​ពិការភាព​ទីទ័លក្រ​ ១ ​គ្រួសារ ឈ្មោះ ឈុន ម៉េន អាយុ ៦៣ ​ឆ្នាំ រស់នៅ​ភូមិ​អំពិលទ្វារ ឃុំ​សំពងជ័យ ស្រុក​ជើងព្រៃ ខេត្តកំពង់ចាម​។

រដ្ឋបាលខេត្ត​នេះ​បាន​ឱ្យដឹង​ទៀតថា លោក ឈុន ម៉េន ជា​ជន​មាន​ពិការភាព (​ស្វិតជើង​ឆ្វេង​ ដោយសារ​ជំងឺលើសឈាម​) ​មាន​ប្រពន្ធ និង​ចៅ​តូចៗ​ ៤ ​នាក់​ក្នុងបន្ទុក​ដែល​កំព្រា​ ដោយសារ​ឪពុកម្តាយ​លែងលះ​គ្នា​។ ជិត​ ៥ ​ឆ្នាំ​មកនេះ​ក្រោយ​ធ្លាក់ខ្លួន​ពិការ​ហើយ​មាន​ជំងឺ​ប្រចាំកាយ​ថែមទៀត​នោះ​ជនពិការ​រូបនេះ​ពុំមាន​លទ្ធភាព​ប្រកបរបរ​កសិកម្ម​បាន​ទៀតឡើយ​ម្ល៉ោះហើយ​បន្ទុក​ត្រូវ​ធ្លាក់​ទៅលើ​ប្រពន្ធ​ ដែល​គ្មាន​ទាំង​ទុន​គ្មាន​មុខរបរ​ច្បាស់លាស់​សូម្បី​ជម្រក​ស្នាក់នៅ ក៏​រស់នៅក្នុង​កូនខ្ទម​តូច​ទាប​ផ្ទាល់​ដី​ ដែល​ជញ្ជាំង​បាំង​ដោយ​ធាងត្នោត​ និង​ដំបូល​ប្រក់​ស្លឹកត្នោត​ចាស់ៗ​នៅ​លើដី​ទំហំ​ ១៥ ​ម៉ែត្រ​គុណ​ ៣៥ ​ម៉ែត្រ​។

ក្រៅពី​ការជួយ​ឧបត្ថម្ភ​របស់​រាជរដ្ឋាភិបាល​តាមរយៈ​ប័ណ្ណ​សមធម៌​ក្រ​ ២ ​ប្រពន្ធ​លោក ឈុន ម៉េន ត្រូវ​រ៉ាប់រង​ចិញ្ចឹម​គ្រួសារ​ដោយ​ដើរ​រើស​ខ្យង​ក្តាម​លក់​ផង និង​ដើរ​ស៊ីឈ្នួល​តាម​រដូវកាល​ផង​គ្រាន់​បាន​ប្រាក់កម្រៃ​ប្រចាំថ្ងៃ​ចិញ្ចឹម​ប្តី​ និង​ចៅ​កំព្រា​តូចៗ​ទាំង​ ៤ ​នាក់​។ ដោយ​មើលឃើញ​ពី​ស្ថាន​ភាពលំបាក​នេះ ទើប​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទ​ក្រហម​កម្ពុជា​ខេត្តកំពង់ចាម បាន​សម្រេច​ផ្តល់ជូន​ផ្ទះ​ឈើ​ខ្ពស់​ផុតពី​ដី​ប្រក់​ស័ង្កសី​ជូន​ពួកគាត់​។

ក្នុង​ឱកាស​នោះ អភិបាលខេត្ត​កំពង់ចាម​ថ្លែង​ថា ពិតមែន​តែ​ស្ថានភាព​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ បាន​ធូរស្រាល​ហើយ​ប្រមុខ​រាជរដ្ឋាភិបាល​បានប្រកាស​បើក​ប្រទេស​ពេញលេញ​ឡើងវិញ​ក្តី តែ​បងប្អូន​ទាំងអស់​គ្នា​មិនត្រូវ​ធ្វេសប្រហែស ឬ​មើលស្រាល​បាន​ឡើយ​ទោះជា​បាន​ចាក់​វ៉ាក់សាំង​រួចហើយ​ក៏ដោយ​។

លោក​ថ្លែងថា៖ «​គ្រប់គ្នា​ត្រូវ​បង្កើន​ការការពារ​ខ្លួន​ថែរក្សា​អនាម័យ​ឱ្យបាន​ជាប្រចាំ​ដោយ​បុគ្គល​ម្នាក់ៗ​ក៏ដូចជា​ក្រុមគ្រួសារ​នីមួយៗ​ត្រូវ​បន្ត​រៀនរស់​ជាមួយ​ជំងឺ​កូវីដ​ ១៩ និង​ចាំបាច់​ត្រូវអនុវត្ត​ឱ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​វិធាន​សុខាភិបាល​ ”៣​ការពារ ៣​កុំ​” ដើម្បី​ចៀសឱ្យផុត​កុំឱ្យ​ឆ្លង​ជំងឺ​ដ៏កាច​សាហាវ​នេះ​» ៕