ភ្នំពេញៈ មន្ទីរ​ពហុព្យាបាល​នីយ៉ា នៅ​ថ្ងៃ​ទី ៥ ខែវិច្ឆិកា បាន​ប្រកាស​ទទួល​ពិនិត្យ​ថែទាំ និង​ព្យាបាល​អ្នក​ជំងឺ​កូវីដ​១៩ ដើម្បី​ចូលរួម​ជាមួយក្រសួង​សុខាភិបាល​កម្ពុជា​ក្នុង​ការ​ទប់ស្កាត់ និង​សង្គ្រោះ​អាយុ​ជីវិត​ប្រជាជន​កម្ពុជា​ពី​ការ​ឆ្លង និង​ការ​រីករាលដាល​ជំងឺ​ដ៏​សាហាវ​នេះ។

លោក កែវ សំ ប្រធាន​គ្រប់គ្រង​ទូទៅ​មន្ទីរ​ពហុព្យាបាល​នីយ៉ា បាន​ឱ្យ​ដឹង​ថា ការ​ប្រកាស​បើក​ទទួល​ពិនិត្យ ថែទាំ និង​ព្យាបាល​អ្នក​ជំងឺ​កូវីដ១៩​នេះ ធ្វើ​ឡើង​បន្ទាប់​ពី ក្រសួង​សុខាភិបាល​បាន​ចេញ​លិខិត​អនុញ្ញាត កាល​ពី​ដើម​ខែ​វិច្ឆិកា​នេះ។

លោក​ប្រាប់​ថា មន្ទីរពហុព្យាបាល​នីយ៉ា​មាន​ទីតាំង ​នៅ​ផ្ទះ​លេខ ៣៦ ផ្លូវ​លេខ ១០៥ សង្កាត់​ទួល​សង្កែ​ទី ១ ខណ្ឌ​ឬស្សីកែវ រាជធានីភ្នំពេញ និង​អាច​ទំនាក់​ទំនង​តាម​រយៈ​ទូរស័ព្ទ​លេខ ០៨១ ៧៩៩ ៨០០។

លោក​ប្រធាន​គ្រប់គ្រង​ទូទៅ​មន្ទីរពហុព្យាបាល​ នីយ៉ា បញ្ជក់​ថា៖ «យើង​ប្រកាស​ទទួល​ពិនិត្យ​ព្យាបាល​អ្នក​ជំងឺ​កូវីដ១៩​នេះ គឺ​ដើម្បី​ចូលរួមជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា​ក្នុង​ការ​ទប់ស្កាត់ និង​សង្គ្រោះ​អាយុ​ជីវិត​ប្រជាជន​កម្ពុជា​ពី​ការ​ឆ្លង និង​ការ​រីករាលដាល​ជំងឺ​កូវីដ​១៩»។

លោក សំ បាន​អះអាង​ថា នឹង​អនុវត្ត​តាម​គោលការណ៍​ណែនាំ​របស់​ក្រសួង សុខាភិបាល ស្តីពី​ការ​អនុញ្ញាត​ឱ្យ​ម្ចាស់​សេវា​ព្យាបាល​ឯកជន និង​សម្ភព​ស្រប​ច្បាប់​ក្នុង​រាជធានី​ភ្នំពេញ​ទាំងអស់ អាច​ទទួល​ពិនិត្យ ថែទាំ និង​ព្យាបាល​អ្នក​ជំងឺ​កូវីដ​១៩ និង​សេចក្តី​ណែនាំ​ពាក់ព័ន្ធ​ផ្សេងទៀតផ​ងដែរ។

អ្នកគ្រប់គ្រង​ទូទៅ​មន្ទីរ​ពហុព្យាបាល​នីយ៉ា បាន​ឱ្យ​ដឹង​ទៀត​ថា មន្ទីរ​ពហុព្យាបាល​នីយ៉ា មាន​បន្ទប់​សម្រាក​ព្យាបាល ៣ប្រភេទ ក្នុង​នោះ​មានបន្ទប់​ព្យាបាល​ធម្មតា បន្ទប់​សម្រាក​ព្យាបាល​ពិសេស (VIP) និង​បន្ទប់​សម្រាក​ព្យាបាល​សង្គ្រោះ​បន្ទាន់។ បន្ទប់​ព្យាបាល​ធម្មតា​តម្លៃ ៣០០ដុល្លារ​ក្នុង​មួយ​ថ្ងៃ បន្ទប់ VIP ៥០០ ដុល្លារ​ក្នុង​មួយ​ថ្ងៃ និង​បន្ទប់​សម្រាក​ព្យាបាល​សង្គ្រោះ​បន្ទាន់ ៦០០ ដុល្លារ​ក្នុង​មួយ​ថ្ងៃ។

លោក​បញ្ជាក់​ថា បន្ទាប់​ទាំងអស់​សុទ្ធ​តែ​មាន​ម៉ាស៊ីន​ត្រជាក់ មាន​អាហារ​ប្រចាំ​ថ្ងៃ ៣​ពេល មាន​វេជ្ជបណ្ឌិត និង​គិលានុបដ្ឋាយិកា​ថែទាំ ២៤ម៉ោង អនុញ្ញាត​ឱ្យ​មាន​អ្នក​ថែ​កំដរ​អ្នក​ជំងឺ​មួយ​នាក់​ដោយ​មិន​គិត​ថ្លៃ ថតសួត​លើក​ដំបូង និង​ធ្វើ​តេស្ត​លើក​ដំបូង​មិន​គិត​ថ្លៃ​ឡើយ៕