ភ្នំពេញៈ ក្រសួង​អប់រំ​រំកិល​ថ្ងៃ​ប្រឡង​សញ្ញា​បត្រ​មធ្យម​សិក្សា​ទុតិយ​ភូមិ (បាក់ឌុប) ពី​ថ្ងៃ​ទី​៦ ធ្នូ មក​ថ្ងៃ​ទី​២៧ ធ្នូ វិញ ដើម្បី​ឱ្យ​សិស្ស​មានពេល​គ្រប់​គ្រាន់​ក្នុង​ការ​រៀន​ត្រៀម​ប្រឡង។

ក្រសួងអប់រំ​បាន​ជូន​ដំណឹង​តាម​រយៈ​ហ្វេសប៊ុក​កាល​ពី​យប់​ថ្ងៃទី​៥ ខែ​វិច្ឆិកា ថា៖«២៧ ធ្នូ ២០២១ (ជា) កាល​បរិច្ឆេទ​ប្រឡង​សញ្ញាបត្រមធ្យម​សិក្ស​ទុតិយភូមិ»។

ក្រសួង​អប់រំ បាន​អនុញ្ញាត​ឱ្យ​បើក​សាលារៀន​ឡើង​វិញ​នៅ​គ្រប់​កម្រិត​នៅ​ទូទាំង​រាជធានី ខេត្ត ចាប់​ពី​ថ្ងៃ​ទី១ វិច្ឆិកា។

លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និងកីឡា ប្រាប់​អ្នក​សារព័ត៌មាន កាល​ពី​ថ្ងៃទី​ ៣ ខែ​វិច្ឆិកា ថា សាលា​ដែល​បើកដំណើរការ​ឡើង​វិញ​មាន​ជាង១ ៣០០ សាលា ដែល​មាន​សិស្ស​ជាង ២ លាន​នាក់​បាន​ចូល​រៀន​ឡើង​វិញ។ គ្រូ​បង្រៀន​ជាង ៩០ ភាគរយបាន​ចាក់​វ៉ាក់សាំង​កូវីដ១៩ ដែល​អាច​បង្កើត​ភាព​ស៊ាំ​ក្នុង​សង្គម​និង​មិន​ធ្វើ​ឱ្យ​មាន​ការ​ឆ្លង​ជំងឺ​កូវីដ១៩ ធ្ងន់ធ្ងរ។

លោក​ថ្លែង​ថា៖ «ក្រសួង​នឹង​ពិនិត្យ​មើល​ពន្យារ​ពេល​ប្រឡង (បាក់ឌុប) ដើម្បី​ឱ្យ​សិស្ស​មាន​ពេល​គ្រប់គ្រាន់​ដើម្បី​រៀន។ អ៊ីចឹង​សំខាន់​គឺ​គាត់ត្រូវ​ខំរៀន...។ ការ​ប្រឡង​ទៀត​សោត​គឺ​ដើម្បី​លើក​ទឹក​ចិត្ត​ឱ្ស​សិស្ស​ខំ​ប្រឹង​រៀន។ បើ​សិន​ជា​យើង​មិន​ឱ្យ​គាត់​ប្រឡង គឺ​ច្បាស់​ជា​គាត់​ឈប់រៀន»។

លោក រស់ សុវាចា អ្នក​នាំ​ពាក្យ​ក្រសួង​អប់រំ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ នៅ​ថ្ងៃ​ទី ៦ វិច្ឆិកា​ថា៖ «ក្រសួង​អប់រំ យុវជន និង​កីឡា បាន​រំកិល​កាលបរិច្ឆេទ​ប្រឡង​បាក់​ឌុប​ទៅ​ថ្ងៃ​២៧ ធ្នូ ២០២១ ដើម្បី​ទុក​ឱកាស​ជូន​សិស្ស​ថ្នាក់​ទី​១២ មាន​ពេល​បន្ថែម​រៀន​ត្រៀម​ប្រឡង»។

លោកថ្លែងថា ការ​ប្រឡង​បាក់​ឌុប​ត្រូវ​បន្ត​អនុវត្តន៍​គោលការណ៍​ច្បាប់ យុត្តិធម៌ តម្លាភាព និង​លទ្ធផល​ទទួល​យក​បាន ស្រប​នឹង​វិធានការសុវត្ថិភាព​សុខភាព៕